បក្ស​ធំ​ហែរ​ក្បួន​ឃោសនា​ខណៈ​ដែល​បក្ស​តូចៗ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សាយ​គោល​នយោបាយ

ថ្វី​ត្បិត​តែ​នេះ​ជា​ឱកាស​នៃ​ការ​ឃោសនា​បោះឆ្នោត ​ប៉ុន្តែ​គណបក្ស​ទាំង​ប្រាំបី​នេះ​មិន​បាន​ធ្វើ​សកម្មភាព​ព្រម​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។

ថ្វី​ត្បិត​តែ​គណបក្ស​នយោបាយ​មាន​រហូតដល់​ចំនួន​ប្រាំបី​ប៉ុន្តែ​គណបក្ស​ដែលមាន​សកម្មភាព​ពិតប្រាកដ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​ដូចជា​មាន​ចំនួន​តិចតួច​បំផុត។

លោក ស៊ឹម វុទ្ធី ​អ្នកបើកបរ​រ៉ឺម៉ក​កង់​បី ឬ​ទុក​ទុក ​កំពុង​សំចត​នៅលើ​ផ្លូវ​សុធារស​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន។

លោក​បាន​និយាយ​ថា៖ «ឃើញតែ​គណបក្ស​ប្រជាជន​ច្រើន​ជាងគេ​និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​វុទ្ធី ​ធ្លាប់​ឆ្លង​កាត់​ការ​ឃោសនា​បោះឆ្នោត​ចាប់​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។ ទោះ​បី​ស្ងប់ស្ងាត់​នៅ​ក្នុង​ក្រុង ​ប៉ុន្តែ​លោក​មើល​ឃើញ​ថា​សកម្មភាព​ឃោសនា​បើក​ឆាក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ការ​ឃោសនា​នាពេល​កន្លង​មក»។

ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ពី​កោះ​ពេជ្រ​ក្នុង​ថ្ងៃ​ទី​១។

នៅ​លើ​សន្លឹកឆ្នោត ​គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី១ ​បន្ទាប់​មក​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​លំដាប់​ទី២ ​រីឯ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នៅ​លេខ​រៀង​ទី៣ ​តាម​ពី​ក្រោយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​លំដាប់​លេខ​៤ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​លេខ​រៀង​ទី៥។

រីឯ​លេខ​រៀង​ទី៦​គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ឈរ​នៅ​លេខ​រៀង​ទី៧ក្នុង​សន្លឹក​ឆ្នោត។ គណបក្ស​ដែលមាន​លេខ​រៀង​ចុង​ក្រោយ​គេ​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​លេខ​រៀង​ទី​៨។

ថ្វី​ត្បិត​តែ​នេះ​ជា​ឱកាស​នៃ​ការ​ឃោសនា​បោះឆ្នោត ​ប៉ុន្តែ​គណបក្ស​ទាំង​ប្រាំបី​នេះ​មិន​បាន​ធ្វើ​សកម្មភាព​ព្រម​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។

នៅ​ជ្រុង​មួយ​កែង​ជាមួយ​នឹង​វិថី​សុធារស​ ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះ​ទីតាំង​នៅ​ទីនេះ។

ពួកគេ​ស្រែក​ហ៊ោ​កញ្ជៀវ​ទៅ​កាន់​អ្នក​ដំណើរ​និង​ថ្លែង​សារ​អំពី​គុណ​សម្បតិ្ត​នៃ​គណបក្ស​កាន់អំណាច​និង​សារ​ដែល​ថា​គាំទ្រ​ឲ្យ​លោក​ហ៊ុន សែន ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អស់​មួយ​ជីវិត​ជាដើម។

អ៊ីន ដារ៉ូ ​ជា​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម។ យុវជន​រូបនេះ​បាន​ចូលរួម​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​អាណ​ត្តិ​មកហើយ។
ដារ៉ូ​បាន​បញ្ជាក់​ថា៖ «មក​អបអរ​រាំ​កម្សាន្ត​ហ្នឹង។ មាន​សង្គ្រោះ​ជាតិ ​មាន​ហ៊្វុន​ស៊ិនប៉ិច ​ប្រជាជន»។

ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

នៅ​តាម​ដងផ្លូវ​និង​តាម​ទីសាធារណៈ​ភាគ​ច្រើន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បិត​និមិត្ត​សញ្ញា​របស់​ខ្លួន​ឬ​បោះ​ទី​តាំង​សម្រាប់​បន្លឺ​ឧឃ្ឃោសនស័ព្ទ​ឃោសនា ​ជា​ពិសេស​នៅ​តាម​សួនច្បារ​មាត់ទន្លេ​ក្នុង​ខណ្ឌ​ឫស្សី​កែវ ​នៅ​វត្តភ្នំ ​សួនច្បារ​ជិត​ផ្សារ​ដើម​គរ ​នៅ​មុខ​វត្ត​ព្រះពុទ្ធសាសនា ​និង​នៅតាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ទៀត។

លោក ហូ វ៉ាន់ ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​តំណាងរាស្ដ្រ​ដែល​ត្រូវ​ដកហូត​តួនាទី​ជាមួយ​នឹង​អ្នក​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​ជាង​២០​រូប​ទៀត​បាន​ថ្លែង​ថា​ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​អាជ្ញាធរ​ដែនដី​បាន​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ដោយសារតែ​គណបក្ស​របស់​លោក​បាន​ស្នើសុំ​ទីតាំង​ទាំង​នោះ​ដែរ​ ប៉ុន្តែ​បែរជា​មិនបាន​ដោយ​ទទួលបាន​ហេតុផល​ថា​ទីតាំង​ទាំង​នោះ​មិនត្រូវ​អនុញ្ញាត។

ប៉ុន្តែ​លោក​លន់ ឆេង​កៃ ​ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា​គណបក្ស​ជំទាស់​បាន​ដាក់​សំណើ​ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​គណបក្ស​ជំទាស់​មិន​បាន​ចេញ​មុខ​មក​ជជែក​ទល់​មុខ​ដើម្បី​ប្តូរ​យោបល់​និង​តវ៉ា​ដើម្បី​បោះ​ទី​តាំង​នៅ​តាម​ទី​សាធារណៈ​ទាំង​នោះ​ទេ។

រថយន្ត​ធុន​ធ្ងន់​និង​រថយន្ត​សណ្តោង​កុងទីន័រ​បាន​ឆ្លងកាត់​ទៅ​មក​មិន​ដាច់​ដែល​ធ្វើ​ឲ្យ​ផ្លូវ​វ៉េងស្រេង​ក្នុង​ខណ្ឌ​មាន​ជ័យ​មមាញឹក​យ៉ាងខ្លាំង។ ផ្លូវ​ដ៏​តូច​ចង្អៀត​ជាយក្រុង​ភ្នំពេញ​នេះ​ត្រូវ​រួម​តូច​ដោយ​សកម្មភាព​អាជីវកម្ម​តាម​ចិញ្ចើមផ្លូវ។

អ្នកស្រី​តាំង ស្រីអូន ​ជា​អ្នកលក់​បន្លែ​លើ​ចិញ្ចើម​ផ្លូវ​នេះ។ បើ​ទោះ​ជា​ដី​ហុយ​ក្តី​អ្នកស្រី​និយាយ​ដោយ​មិន​បាន​យក​ដៃ​បិទ​ច្រមុះ​នោះ​ទេ។

អ្នកស្រី​ពោល​ថា​ពីរ​ថ្ងៃ​មក​នេះ​អ្នកស្រី​មិន​បាន​ឃើញ​គណបក្ស​នយោបាយ​ណាមួយ​ចុះ​ឃោសនា​នៅ​ទីនេះ​ទេ។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «ឥត​មាន​ផង។ ខ្ញុំ​នៅតែ​កន្លែង​ហ្នឹង ឥតមាន​ឃើញ»។

លោក​យ៉ន វឿន ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ដែល​សំបូរ​ដោយ​រោងចក្រ​កាត់ដេរ​នេះ។ គាត់​និយាយ​បណ្តើរ ​ឈរ​ក្បែរ​ម៉ូតូ​និង​យក​ឧបករណ៍​ស្តាប់​សំឡេង​ញាត់​ចូល​ត្រចៀក​បណ្តើរ។ យ៉ន វឿន ​ពោល​ថា​គាត់​បាន​ត្រៀម​ខ្លួន​សម្រាប់​ទៅ​បោះឆ្នោត​រួចរាល់។ គាត់​បាន​តាម​ដាន​ព័ត៌មាន​ពី​គណបក្ស​នយោបាយ​តាម​វិទ្យុ។ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ព័ត៌មាន​ច្រើន​ទេ​នៅ​ពេល​ដែល​មិនមាន​គណបក្ស​នយោបាយ​ចេញ​ឃោសនា​មកកាន់​តំបន់​របស់​លោក។

លោក​ទើបនឹង​ឃើញ​ក្បួន​ដង្ហែរ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បី​ឡាន​ដោយ​ចៃដន្យ​កាលពី​ព្រឹក​មិញ​នេះ។ លោកថា៖ «ដូចជា​មិនឃើញ​នៅ​ថ្ងៃ​ហ្នឹង​ អាច​មិនបាន​ជិះ​ចំ​ផ្លូវ​មិនដឹង​ នៅ​ស្ពានដែក ​ឃើញ​បី​បួន​ឡាន»។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពលរដ្ឋ​ខាងលើ​និយាយ​ចប់ ​ក្បួន​ដង្ហែរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បានមក​ដល់។ នោះ​គឺជា​ក្បួន​ដង្ហែរ​ទីមួយ​ចាប់តាំងពី​ថ្ងៃ​បើក​យុទ្ធនាការ​បោះឆ្នោត​មក។

គណបក្ស​នេះ​ប្រើប្រាស់​រ៉ឺម៉ក​កង់​បី ​ឬ​ទុក​ទុក​ចំនួន​ពីរ​គ្រឿង​ចាក់​សារ​របស់​លោក​ខឹម វាសនា ​ប្រធាន​គណបក្ស​នេះ​តាម​ឧឃ្ឃោសនស័ព្ទ។

លោក ផន សុជាតិ អ្នក​ស្ម័គ្រ​ចិត្ត​របស់​គណបក្ស​នេះ​បាន​ប្រាប់​វីអូអេ​ថា៖ «ថ្ងៃនេះ​ ពួកក្រុម​ខ្ញុំ​ដើរ​ផ្សព្វផ្សាយ ​ចេញពី​ទីស្នាក់ការ​មក​គឺ​តាមផ្លូវ​សហព័ន្ធ​រុស្ស៊ី ​មក​ផ្សារ​ដី​ហុយ ឥឡូវ​មក​ដល់​រោងចក្រ​កាណាឌីយ៉ា ​ហើយ​បក​ត្រឡប់​ទៅ​ស្ពាន​ស្ទឹងមានជ័យ។ ក្រុម​ខ្ញុំ​គឺ​គោលបំណង​ផ្សព្វផ្សាយ​គំនិត ​ហើយ​ចែក​ខិត្ត​ប័ណ្ណ​នៃ​គោលការណ៍​របស់​ពួក​យើង​ហ្នឹង ​ហើយ​ផ្សព្វផ្សាយ​ជា​សារ​សំឡេង ​ដើម្បី​ឲ្យ​ប្រជាជនមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​តាមដាន»។

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​ក្នុងការ​ប្រជែង​សំឡេង​ឆ្នោត​បាន​យក​គោលដៅ​ឃោសនា​តែ​ក្នុង​ខណ្ឌ​ចំនួន​ពីរ​តែប៉ុណ្ណោះ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​ប្រាំបួន​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​លោក​ហូ វ៉ាន់ ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

«ជាគោលការណ៍​ត្រូវ​បិត​ខិត្ត​ប័ណ្ណ ​ហើយ​ចែក​ខិត្ត​ប័ណ្ណ​ហ្នឹង​គ្រប់​សង្កាត់​ទាំងអស់ ​ហើយ​មាន​ហែរ​តែ​ពីរ​ខណ្ឌ​ទេ ​ខណ្ឌ៧មករា ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ គេ​ហែរ​ល្មម​របស់​គេ ​ក្រៅពី​ហ្នឹង​គេ​ឲ្យ​បិទ ​និង​ចែក​ខិត្តប័ណ្ណ​ហ្នឹង»។

ជាមួយ​គ្នា​នេះ​ដោយសារ​តែ​បញ្ហា​ថវិកា​គណបក្ស​ប្រជែង​តូចៗ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​ក្បួន​ដង្ហែរ​ច្រើន​នោះ​ទេ ​ហើយ​នឹង​ជ្រើស​រើស​យក​ការ​ចែក​ចាយ​ខិត្ត​ប័ណ្ណ​អំពី​គោលនយោបាយ​របស់​គណបក្ស​នៅ​តាម​បណ្តា​ខេត្ត​និង​រាជធានី​វិញ៕