ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​ជ្រើស​រើស​កូនប្រុស​ច្បង​លោក ​ហ៊ុន​ សែន​ ជា​បេក្ខជន​ដឹកនាំ​ប្រទេស​«សម្រាប់ពេល​អនាគត»

រូប​ឯកសារ៖ លោក ហ៊ុន ម៉ាណែត ​ថ្លែង​​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧។

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ត្រូវ​បាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​សម្រាប់​ពេល​អនាគត។

ការ​បោះឆ្នោត​ចាត់​តាំង​លោក​ហ៊ុន ម៉ាណែត​ ជាបេក្ខភាព​នាយករដ្ឋមន្រ្តី​នេះធ្វើ​ឡើង​អំឡុង​ពេល​សន្និបាត​របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ឲ្យ​មានតែបេក្ខភាព​នាយក​រដ្ឋមន្រ្តីទោល ពោល​គឺ​មានតែ​លោក​ ហ៊ុន ម៉ាណែត​ នោះ​គឺ​ជា​ការ​សម្រេចផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​បើ​មាន​ការអាក់​អន់ចិត្ត​ពី​ភាគីខាង​ក្រៅបក្ស​នោះ​គឺ​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​នោះ​ទេ។​

លោក​បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​សិទ្ធិ​សម្រេច​ស្រប​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស គឺ​គណៈកម្មាការ​អចិន្រ្តៃយ៍​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន្ទ​នៅ​ក្នុង​ការ​ដាក់​មុខ​សញ្ញា​បេក្ខភាព​នាយករដ្ឋមន្រ្តី​ដែល​មាន​ឯកឧត្តម​ ហ៊ុន ម៉ាណែត គឺ​ថា ត្រូវ​បាន​គណៈកម្មាការ​អចិន្រ្តៃយ៍​ជា​អ្នក​លើកឡើង។ នេះ​អ្នកក្រៅ​គឺ​គ្មាន​សិទ្ធិ​អី​មក​ជំទាស់។ នេះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកក្រៅ​ អ្នក​វិភាគ​ក៏​ដោយ ឬ​មួយ​ក៏​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ឬ​គណបក្ស​ផ្សេង​គ្មាន​សិទ្ធិ​ទាល់តែ​សោះ»។

លោក​ សុខ ឥសាន​ ប្រាប់​វីអូអេ​បន្ថែម​ថា​ការ​បោះឆ្នោត​ចាត់តាំង​លោក​ហ៊ុន ម៉ាណែត ដែល​ជា​នាយទាហាន​ជាន់​ខ្ពស់​មួយរូបជាបេក្ខភាព​នាយករដ្ឋមន្រ្តី​សម្រាប់​ពេល​អនាគតគឺ​ជា​ «ការ​ត្រៀម​លក្ខណៈ​ម្ចាស់​ការ​ទុក​ជា​មុន» ហើយ​លោក​ហ៊ុន​ ម៉ាណែត​អាច​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នៅពេល​ណានោះ​អាស្រ័យ​ទៅ​លើ​សភាពការណ៍​ពិត​ជាក់ស្តែង​នៅ​ពេល​ខាង​មុខ។

ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

លោក ​ហ៊ុន ម៉ាណែត ​ដែល​មាន​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ឯក​ទទួលបាន​សំឡេង​គាំទ្រ​ពីសមាជិក​ចំនួន ៧៧៥​រូប​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​សរុប​ចំនួន ៨៦៥​រូប​ដើម្បី​បាន​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​របស់​គណបក្ស​កាន់​អំណាច​នៅថ្ងៃ​អនាគត។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​វិភាគ​នយោបាយ​លោក សេង សារី បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បោះឆ្នោត​ជ្រើស​តាំង​លោក​ហ៊ុន ម៉ាណែតជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារ​លោក​ហ៊ុន សែន​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើកគាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក​ធ្វើ​ជា​បេក្ខភាព​ដើម្បី​ឡើង​កាន់​អំណាចដឹកនាំ​ប្រទេស។

លោក​បាន​បន្ត​ថា លោក​ ហ៊ុន ម៉ាណែត ​អាច​ធ្វើ​ជា​នាយករដ្ឋមន្រ្តីដោយ​រលូន​ប្រសិន​បើ​មាន​ការ​យល់ព្រម​ពី​សភា​ក្នុង​ករណី​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​នា​ពេល​អនាគត និង​ថា មាន​លទ្ធភាព​ខ្ពស់ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​អាច​ទទួល​បានជ័យជម្នះ​លើ​គណបក្ស​ដទៃ​ទៀត។​

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មើល​ទៅ​វា​ហាក់​ដូច​ជា អត់​មាន​អី​ប្រទាំងប្រទើស​ទេ ដោយសារ​សភា​អនុម័ត​លើ​គោលការណ៍​៥០​ភាគរយ​បូក១។ អញ្ចឹង​ហើយ​ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​តែ​មួយ​សំឡេង​ក៏​គណបក្ស​ប្រជាជន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ដែរ។ មិន​ចាំបាច់​ត្រូវការ​គណបក្ស​ណា ដើម្បី​បង្កើត​រដ្ឋាភិបាល​ទ្វេ​ភាគី​ទេ។ ក៏​ប៉ុន្តែ​ជា​ធម្មតា​ជា​ទូទៅ យើង​ឃើញ​ថា គណបក្ស​ប្រជាជន​តែងតែ​រក្សា​គណបក្ស​ផ្សេងៗ​ឲ្យ​ចូល​រដ្ឋាភិបាល​ចូល​អី ដើម្បី​លម្អ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

ចំណែក​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកលវិទ្យា​ល័យ Arizona State សហរដ្ឋ​អាមេរិក​ លោក​បណ្ឌិត​ អ៊ា សុផល បានប្រាប់វីអូអេ​តាម​សារអ៊ីម៉ែល​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរភាសា​ថា៖

«ការ​បោះឆ្នោត​ជ្រើសតាំង​បេក្ខភាព​នាយករដ្ឋមន្រ្តី​គឺ​ដើម្បី​កេងចំណេញ​ឲ្យ​បាន​ពេញលេញ​លើ​គំនិត​ដែល​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី​នៅ​ទី​បំផុត។ ការណ៍​នេះ​អាច​បន្ទាប​សម្ពាធ​មក​លើ​លោក​ហ៊ុន សែន ពី​ព្រោះ​លោក​អាច​និយាយ​ថា លោក​កំពុង​រៀប​ចំ​ចាកចេញ ហើយ​ការណ៍​នេះ​ក៏​អាច​ឲ្យ​លោក​រៀបចំ​ផែនការ​សម្រាប់​ពេល​អនាគត​ផងដែរ»។

បើតាម​លោក ​អ៊ា សុផល​ ក្នុង​ករណី​ដែល​លោក​ហ៊ុន ម៉ាណែត​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​នា​ពេល​អនាគត​នោះ​នឹង​ជា​អនាគត​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បន្ត​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​រូបនេះ​យល់​ថា​នៅ​ប្រទេស​កម្ពុជា​ដែល​មានប្រព័ន្ធ​នយោបាយ​បន្ត​វេន​ចាក់ស្រេះ​នោះ​មាន​ន័យ​ថា ការ​ប្រជែង​សម្រាប់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​បង្អាក់​ឲ្យ​គ្រាន់​តែ​ល្អមើល​ប៉ុណ្ណោះ​ហើយ​គូ​ប្រជែង​មិន​អាច​ចូលរួម​ប្រកួត​បាន​នោះ​ទេ​តាម​ប្រព័ន្ធ​នយោបាយ​បែប​នេះ។

ដោយឡែក​នៅ​ក្នុង​សារ​ផ្ញើ​កូន​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៦៥​នាក់ ដែល​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ លោក​សម រង្ស៊ី​បាន​បង្ហាញ​ការ​មិនពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​លើកឡើង​ក្នុង​ន័យ​ដើម​ថា​ជា «ផែនការ​របស់​លោក​ហ៊ុន សែន ដែល​មាន​បំណង​ប្រមូល​ផ្តុំ​អំណាច​ឲ្យ​ទៅ​គ្រួសារ​បក្ខពួក​គាត់» ដែល​លោក​ចាត់​ទុក​ថា «ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៧​លាន​នាក់»។

កាល​ពី​ដើម​ខែ​ធ្នូ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បាន​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក​ហ៊ុន ម៉ាណែត​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​បន្ត​ប៉ុន្តែ​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង​តាម​ការ​បោះ​ឆ្នោត។

ក្រោយ​មក​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​១១ កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូលោក​ ហ៊ុន សែន​ បាន​លើកឡើងថា​មន្ត្រី​ធំៗ​របស់​គណបក្ស​អាច​ត្រៀម​ដាក់​កូន​របស់​ពួក​គេ​សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ដើម្បី​ប្រកួត​ប្រជែង។ លោក​បានបន្ថែម​ថា​ក្រៅ​ពី​កូន​របស់​លោក​លោក​មើល​ឃើញ​បេក្ខជន​ពី​គណបក្ស​យ៉ាង​តិច​៣​នាក់​ទៀត​សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។​ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំ​នោះ​ឡើយ។​លោក​ក៏​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហ៊ុន សែន​លម្អៀង​ទៅ​កូន​ប្រុស​របស់​លោក​ដោយ​លោក​ថា«ឪពុក​គ្រប់គ្នា​តែង​តែ​ចង់​ឲ្យ​កូន​ធ្វើ​ធំ»។​

គួរ​រំឭក​ផង​ដែរ លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point និង​មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ ក្រៅ​ពី មាន​តួនាទី​ជាមន្ត្រីជាន់​ខ្ពស់​យោធា​លោក​ហ៊ុន ម៉ាណែតក៏ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០៕​