គណបក្ស​កាន់​អំណាច​ប្តឹង​មេធាវី​គាំទ្រ​គណបក្ស​ប្រឆាំង​ពី​បទ​បាន​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

រូបឯកសារ៖ លោក​មេធាវី​ ជួង ជូងី និយាយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាននៅ​ក្រៅសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ច្រើន​ដង​ប្រឆាំង​ជន​ណា​ ដែល​ធ្វើ​សកម្មភាព​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​​ ខែ​កក្កដា​នោះ​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្តឹង​លោក​ជូង ជូងី​ដោយ​ចោទ​ថា លោក​​បំពាន​បម្រាម​ ​ដែល​ហាម​ការ​រារាំង​មិនឲ្យ​​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត។

គណបក្ស​ប្រជាជ​នកម្ពុជា​ ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស ​បាន​ប្តឹង​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប.)​ ​ឲ្យ​ចាត់​វិធានការ​ចំពោះ​លោក​ ​ជូង ជូងី​ ​ចំពោះ​សកម្មភាព​របស់​លោក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ក្នុង​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។​ ​នេះបើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ និង​សេចក្តី​ប្រកាស​របស់​គ.ជ.ប.។​

បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​លោកមេធាវី​ ​ជូង ជូងី​ ​ដែល​គេ​ដឹង​ថា​ ជា​អ្នក​ការពារ​ក្តីដល់​មេ​ដឹកនាំ​នយោបាយ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ បាន​ធ្វើឡើង​ បន្ទាប់ពី​លោក​បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​លើក​ឡើង​ថា​ អ្នក​ដែល​មិនបាន​បោះឆ្នោត​នោះ​គឺ​មិន​មាន​ទោស​នោះ​ទេ​ ​ហើយ​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​ពីខាង​ក្រៅ​ប្រទេស​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ​ ​ក៏​មិន​មាន​ការ​ខុស​ទាស់​អីនោះ​ដែរ។​

សេចក្តី​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ចុះ​ថ្ងៃ​ទី២៤ ខែ​កក្ដដា​ បាន​លើក​ឡើង​អំពី​បរិយាកាស​នៃ​ការ​ឃោសនា​បោះឆ្នោតថា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ គ្មាន​អំពើ​ហិង្សា​ នៅ​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។

សេចក្តី​ប្រកាស​ក៏បាន​បញ្ជាក់​ថា៖

«មាន​ករណី​មួយ​ដោយ​ឡែក​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើសុំ​គ.ជ.ប. ចាត់​វិធាន​ការ​ចំពោះ​លោក​ជូង ជូងី​ ដែល​បាន​ប្រើប្រាស់​មធ្យោបាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​(Facebook) ​ប្រព្រឹត្ត​អំពើទុច្ចរិត​ បំពាន​ច្បាប់​ ក្នុង​គោល​បំណង​រារាំង​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិបោះ​ឆ្នោត​ មិន​ឲ្យទៅ​បោះ​ឆ្នោត»។​

VOA ​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​គ.ជ.ប.​ ដើម្បី​សុំ​សេចក្តី​អធិប្បាយ​បន្ថែម​លើ​ចំណាត់ការ​របស់​គ.ជ.ប.បាន​នោះ​ទេ។

លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិទៅ​ ​ឬ​មិន​ទៅ​បោះឆ្នោត​ ហើយ​បើ​មាន​អ្នក​ដែលរារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​នោះ ​នោះ​គ.ជ.ប.​នឹង​ត្រូវ​ចាត់​វិធានការ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ លោក​ ​ជូង ជូងី​ ​បាន​បំពាន​បម្រាម​របស់​តុលាការ​កំពូល​ដែល​បាន​ហាម​មិនឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ធ្វើ​នយោបាយ។​ ​លោក​បាន​បញ្ជាក់​ថា​ លោក​ជូង ជូងី​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីមន្ត្រី​ទាំង​១១៨​នាក់​នោះ។​

«ខ្ញុំ​យល់​ថា​ លោក​ជូង ជូងី​នេះ​ក៏​មាន​ឈ្មោះ​មួយ​នៅ​ក្នុង​ចំណោម​១១៨​នាក់ ដែល​ហាម​ឃាត់​ដោយ​តុលាការ​កំពូល​ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ ​ឥឡូវ​នេះ​ បើ​សិន​ណា​ជា​គាត់​និយាយ​អីចឹង​បាន​សេចក្តី​ថា​ គាត់​នៅតែ​ធ្វើ​នយោបាយ ​បំពាន​លើ​បម្រាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។ ​អា​ហ្នឹង​ក៏នៅ​តែ​ជាប់​ ពិរុទ្ធ​ភាព​ផ្លូវ​ច្បាប់​ដែល​ត្រូវ​ប្រឈម​មុខ​តុលាការ​ហើយ​ បាទ»។

VOA​ ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពីលោក​ជូង ជូងី​ បានភ្លាមៗនៅឡើយ​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។ ​ប៉ុន្តែការ​អធិប្បាយ​ និង​ការ​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជូង ជូងី​ ​បាន​ឲ្យ​ដឹង​ថា ​មេ​ធាវីរូប​នេះ​បាន​ពន្យល់​ថា​ ការ​មិន​ទៅ​បោះឆ្នោត​មិនអាច​ទទួល​បាន​ការ​ដាក់​ទោស​នោះ​ឡើយ ​ហើយ​ថាសកម្ម​ភាព​អំពាវ​នាវ​របស់​អ្នក​គាំទ្រគណបក្ស​ប្រឆាំង​ពីក្រៅស្រុក មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ​ ក៏​មិន​អាច​ទទួល​រង​ការ​ដាក់​ទោស​នោះ​ដែរ។ ​លោក​ត្រូវ​បាន​គេ​ឃើញ​ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង​១០​នាទី ​បង្ហោះ​នៅ​ថ្ងៃទី​១៧​ ខែ​កក្កដា​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា៖

«អ្នក​ខ្លះ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ គាត់​នៅក្រៅ​ប្រទេស​ គាត់​ស្រែក​មក​ថា​ កុំ​ឲ្យ​ទៅ​បោះឆ្នោត។ ​អាហ្នឹង​ម៉េច​ហៅ​ថា​ រារាំង?​ អាហ្នឹង​គេ​ហៅ​ថា​ បញ្ចុះបញ្ចូល​កុំ​ឲ្យ​ទៅបោះឆ្នោត។​ អាហ្នឹង​មិនមែន​រារាំង​ទេ​ ពីព្រោះ​អ្នក​ដែល​នៅ​ក្នុងស្រុក​ គាត់​ចង់​ទៅ​បោះឆ្នោត​ ទៅ​បាន​តើ?​ ហើយ​អ្នក​ដែលនៅ​ក្រៅស្រុក​ គាត់​មាន​អាច​មក​ ចាប់​ចង​ជើង​ ចង​ដៃ​មិន​ឲ្យ​បោះឆ្នោត​បាន​ណា?​ អីចឹង​ បើបងប្អូន​ចង់​ទៅបោះ​ឆ្នោត​ តើអ្នក​នៅ​ក្រៅ​ប្រទេស​រារាំង​បងប្អូនរបៀប​ម៉េច​បាន? អីចឹង​ យើង​កុំ​យក​អា​ពាក្យ​បញ្ចុះ​បញ្ចូល​ហ្នឹង​មក​បន្លំ​ថា​ រារាំង។ ​អានេះ​គឺ​ជា​គំនិត​ទុច្ចរិត​ ឬ​មួយ​ជា​អំពើ​ទុច្ចរិត​របស់​បុគ្គល​ពាល​មួយ​ចំនួន»។​

អត្ថបទរបស់​អង្គភាព​ព័ត៌មាន​ Freshnews ដែល​ស្និទ្ធ​នឹងរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ លិខិតរបស់​គណបក្ស​ប្រជាជន​កម្ពុជានោះ​ស្នើ​សុំឲ្យ​គ.ជ.ប.ចាត់​វិធានការ​ចំពោះ​លោក​ជូង​ ជូងី។​

លិខិត​ស្នើ​សុំ​នោះ​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​នេះ​ដក​ស្រង់​ខ្លឹមសារ​តាម​ន័យ​ដើម​ថា៖​

«កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៨ ​និង​បន្ដ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ឈ្មោះ ​ជូង ជូងី​ ដែល​មាន​អាស័យដ្ឋាន​ស្នាក់នៅ​ផ្ទះ​លេខ​១២​បេ ​ផ្លូវ​១៩៧​ សង្កាត់​ទំបន់ទឹក​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​ផ្សព្វផ្សាយ​ តាម​បណ្ដាញ​សង្គម​ Facebook ​របស់​ខ្លួន ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ រំលោភ​បំពាន​លើ​បញ្ញត្តិ​មាត្រា​១៤២​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ។ ​សកម្ម​ភាព​របស់​ឈ្មោះ​ជូង ជូងី​នេះ​គឺ​ពិត​ជា​មាន​ចេតនា ​និង​គោល​បំណង​ច្បាស់លាស់ ក្នុង​ការ​បំផុស​គំនិត​ទប់ស្កាត់ ​និង​រារាំង​ប្រជា​ពលរដ្ឋ ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ មិន​ឲ្យ​ទៅ​បោះឆ្នោត ​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ដោយ​មាន​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​នយោបាយ​ចំនួន​១៩​ផ្សេង​ទៀត​ចូលរួម​ តែមិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំ​មុន​ ក្នុង​សំណុំ​រឿង​ក្បត់ជាតិ។ ​អវត្ត​មាន​របស់គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នេះ​បាន​បង្ក​ការ​រិះគន់ជា​ច្រើន​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ៕​