គណបក្សប្រជាជនកម្ពុជានឹងកោះប្រជុំគណៈកម្មាធិការកណ្តាលគណបក្សនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ការកោះប្រជុំនេះគឺនឹងត្រូវធ្វើឡើងមួយថ្ងៃ ក្រោយការកាន់ទុក្ខសពរបស់លោក ជា ស៊ីម អតីតប្រធានគណបក្ស និងជាអតីតប្រធានព្រឹទ្ធសភា។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បា្រប់ VOA នៅថ្ងៃសុក្រនេះថា គណបក្សនឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៨ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណបក្ស ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបេក្ខភាព តែលោកមិនទាន់អាចបញ្ជាក់ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាទើបជាប់ឆ្នោតថ្មីជាបេក្ខេជនអនុប្រធាននោះទេ។
«ខ្ញុំមិនទាន់បានដឹងព័ត៌មាននេះទេ ក៏ប៉ុន្តែសម្តេចតេជោ ក្នុងនាមជាបេក្ខជន សម្រាប់ប្រធានគណបក្សអាហ្នឹងច្បាស់ហើយ ព្រោះសម្តេចបានប្រកាសយូរហើយ»។
កាលពីខែមេសាកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅឯពិធីដាក់ឲ្យដំណើរការរោងចម្រាញ់ដូងប្រេងមួយក្នុងខេត្តព្រះសីហនុថា លោកនឹងឡើងធ្វើជាប្រធានគណបក្ស ប្រសិនបើលោក ជា ស៊ីម ទទួលមរណភាព។
«ក្នុងករណីដែលគាត់មរណកាល អ្នកដែលធ្វើប្រធានគណបក្សគឺ ហ៊ុន សែន»។
បេក្ខជនមានស្រាប់ហើយ គ្រាន់តែចាំបោះឆ្នោតតែប៉ុណ្ណឹងទេ។ បើទោះ ហ៊ុន សែន មិនធ្វើប្រធានថ្ងៃនេះក៏ដឹកនាំបក្សតែរហូតទៅហើយ»។លោក កែម ឡី អ្នកស្រាវជ្រាវកិច្ចការអភិវឌ្ឍន៍សង្គម មើលឃើញថា គណបក្សប្រជាជនកម្ពុជាអាចនឹងជួបផលវិបាកក្នុងការស្តារប្រជាប្រិយភាពគណបក្ស ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចង់ក្តោបអំណាចទាំងប្រធានគណបក្សផង និងជានាយករដ្ឋមន្ត្រីផង ហើយថាលោក ស ខេង គួរទទួលបានបេក្ខភាពនាយករដ្ឋមន្រ្តី។
«គណបក្សប្រជាជនកម្ពុជា បើល្អ បើសិនជានាយករដ្ឋមន្ត្រីបានក្លាយជាប្រធានគណបក្ស គួរតែបេក្ខភាពនាយករដ្ឋមន្រ្តីឲ្យឯកឧត្តម ស ខេង។អាហ្នឹងអាចជួយស្រោចស្រង់បាន ព្រោះអីឯកឧត្តម ស ខេង នៅមានប្រជាប្រិយភាពចំពោះសាធារណជន ចំពោះNGO ចំពោះអីណាស់។ អាហ្នឹងខ្ញុំមើលឃើញ។ ប៉ុន្តែបើសិនជាឱបម្នាក់ឯង វាអត់ខុសពីឱបភ្នំពីរម្នាក់ឯងទេ។ វាអាចមានបញ្ហា»។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខ ឦសាន ដែលជាអ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាផងនោះ បានបញ្ជាក់ថា ការជ្រើសរើសយកលោកនាយករដ្ឋមន្ត្រីជាប្រធានគណបក្សនឹងមិនបង្កឲ្យមានការរកាំរកូសនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សទេ ដោយសារតែមានឯកភាពផ្ទៃក្នុងគណបក្ស ហើយថា ការបោះឆ្នោតយកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដើម្បីពង្រឹងគណបក្សស្រោចស្រង់ប្រជាប្រិយភាព។
«គោលបំណងហ្នឹងសំណូមពររបស់យើងគឺដើម្បីពង្រឹងគណបក្សហ្នឹងហើយ»។
លោក ហ៊ុន សែន អង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះពោលគឺមានរយៈពេល៣០ឆ្នាំមកហើយ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុតដ៏កម្រនៅក្នុងពិភពលោក។
គណបក្សប្រជាជនកម្ពុជារបស់លោកបានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣ ដោយទទួលបានតែ៦៨អាសនៈ ខណៈពេលដែលអាសនៈរបស់គណបក្សប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ដណ្តើមបាន៥៥អាសនៈនៅក្នុងសភាជាតិ។
លទ្ធផលឆ្នោតនេះត្រូវបានអ្នកវិភាគសង្គម និងនយោបាយយល់ថា ជាលទ្ធផលដ៏ចម្រូងចម្រាស ពីព្រោះមានភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្រោយការបោះឆ្នោត៕