គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​កែទម្រង់​ដើម្បី​ស្តារ​លទ្ធភាព​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត

លោក ហេង សំរិន (ឆ្វេង) ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​សភា​ជាតិ​នៃ​កម្ពុជា ក្នុង​ពេល​ថ្លែង​​បើក​មហា​សន្និបាត​វិសាមញ្ញ​ និង​លោក ហុន សែន (ស្តាំ) ជា​អនុ​ប្រធាន​គណបក្ស​និង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ២០១៥។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាក់​ប្រជាប្រិយភាព​ បាន​បើក​មហា​សន្និបាត​វិសាមញ្ញ​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ប្រកាស​ធ្វើ​ការ​កែ​ទម្រង់​នយោបាយ​ជា​ដាច់​ខាត​សម្រាប់​ធានា​ដល់​ជ័យ​ជំនះក្នុង​ការ​បោះឆ្នោតលើក​ក្រោយ។

ស្របពេល​ជា​មួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រកាស​ភ្លាមៗ​ថា​ នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ប្រធាន​គណបក្សទេ​ បើ​ទោះជា​លោក​ ជា ស៊ីម ​ដែលកាន់​តំណែងនេះ​ កំពុង​មាន​ជំងឺ​ធ្ងន់​ ហើយ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ជាច្រើន​ថ្ងៃ​មក​ហើយ​ក្តី។​

លោក​ ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្សនេះ​ បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែង​បើក​មហា​សន្និបាត​វិសាមញ្ញ​នៅ​រសៀល​ថ្ងៃនេះថា​ ​កំណែ​ទម្រង់​គណបក្ស​គឺ​ជាបញ្ហា​អាយុ​ជីវិត។​

«អង្គ​មហា​សន្និបាត​របស់​យើង​លើក​នេះ​មាន​ប្រធាន​បទ​សំខាន់​គឺ​ការ​កែ​ទម្រង់​គឺ​ជា​អាយុ​ជីវិត​របស់​ជាតិ​ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

គណបក្សប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​បី​ទសវត្ស​មក​ហើយ​នោះ​ បាន​សម្តែងឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្លង​ទៅ។​ គណបក្ស​នេះ​បាន​បាត់​បង់​២២​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​ពោល​គឺ​បាន​ធ្លាក់​ចុះ​ពី​៩០​អាសនៈមក​ត្រឹម​៦៨​អាសនៈវិញ​ បន្ទាប់​ពីទទួល​រង​ការ​រិះ​គន់​ពី​ផល​អវិជ្ជមាន​ជាច្រើន​ក្នុងសង្គម។​ តួលេខ​នេះ​បង្ហាញ​ថា ​គណបក្ស​កាន់​អំណាច​បាត់​បង់​សំឡេង​គាំទ្រ​ជាង​២,៥៦​លាន​នាក់​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​ បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨។​

លោក​ហេង​ សំរិន​ បច្ចុ​ប្បន្ន​ជា​ប្រធាន​រដ្ឋ​សភា​ដែរ​នោះ​ ​បាន​ទទូច​ឲ្យ​មាន​ការ​វាយ​តម្លៃ​ឲ្យ​ប្រាកដ​ប្រជា​លើ​និន្នាការ​ស្រុត​ចុះ​នេះ។​

«ថ្វី​បើ​គណបក្ស​យើង​នៅ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ដោយ​សំឡេងភាគ​ច្រើន​ដាច់​ខាតនៅ​ទូទាំង​ប្រទេស​ក៏ដោយ​ ក៏​យើង​ទទួល​ស្គាល់​ថា​ គណបក្ស​យើង​បាន​ថយ​អាសនៈមួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​សភា ​ទន្ទឹម​នឹង​អាសនៈគណបក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង។​ ប្រការ​នេះ​តម្រូវ​ឲ្យ​យើងត្រូវ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយអំពី​មូលហេតុ​ ដែល​នាំ​ឲ្យ​កើត​មាន​ស្ថាន​ភាព​ដូច្នេះ»។​

យោងតាម​បាយ​ការណ៍​ ដែល​ដាក់​ជូន​មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ហើយ​ដែល​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ទទួល​បាន​ បាន​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​របស់​គណបក្ស​កាន់​អំណាច​នេះ​ ដែល​ថា ​ខ្លួន​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន​ ដែល​នាំឲ្យ​បាត់​បង់​ការ​គាំទ្រ​របស់​ម្ចាស់​ឆ្នោត ​ដូច​ជាការ​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​អំពើ​ពុក​រលួយ ​ភាព​បក្ខ​ពួក​និយម​ និង​ក្រុម​គ្រួសារ​និយម ​ការ​ប្រើ​អំណាច​បំពាន ​ការ​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ ភាព​មិន​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ​បញ្ហា​ដីធ្លី ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បញ្ហា​ព្រំដែន​ និង​អន្តោ​ប្រវេសន៍ជាដើម។​

សមាជិក​ជាន់​ខ្ពស់​ និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​១៣០០​នាក់មក​ពី​មន្ទីរ​ ក្រសួង​ ស្ថាប័ន​ និង​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ ​បាន​ចូលរួម​មហា​សន្និបាត​វិសាមញ្ញ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ទី​១​ខែ​កុម្ភៈ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​ដាក់​ផែន​ការ​យុទ្ធ​សាស្រ្ត​រយៈ​ពេល​ប្រាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ទៅមុខ​ និង​បោះ​ឆ្នោត​បញ្ចូល​ក្រុម​យុវជន​ក្នុង​គណៈ​កម្មាធិការ​កណ្តាលដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សំខាន់​មួយ​របស់​គណបក្ស​កាន់​អំណាច។​ ក្រុម​យុវជន​គឺ​ជា​ក្រុម​បោះឆ្នោត​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លទ្ធផល​បោះ​ឆ្នោត​យ៉ាង​ភ្ញាក់​ផ្អើលរយៈ​ពេល​ចុង​ក្រោយ​នេះ៕