គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា លោក​ហ៊ុន សែន​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ (ស្តាំ) អង្គុយ​ក្នុងកិច្ចប្រជុំ​​​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​មហាអនុតំបន់​ទន្លេ​មេគង្គនៅ​វិមាន​សន្តិភាព​ក្រុង​​ភ្នំពេញ​ថ្ងៃ​ទី​២៨កក្កដា។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ហ៊ុន ​សែន ​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៀតស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​យ៉ាង​យូរ​នេះ​បាន​បាត់​បង់​អាសនៈក្នុង​រដ្ឋ​សភា​យ៉ាង​តិច​ចំនួន​២២​ក្រោយ​ពី​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។

កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រសម្រាប់​បង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ទី​៥​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។ លទ្ធផល​បណ្តោះ​អាសន្ន​ក្រៅ​ផ្លូវការ​ដែល​ប្រកាស​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹងថា គណបក្ស​កាន់​អំណាច​នេះ​បាន​ធ្លាក់ពី​៩០​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​នីតិ​កាល​ទី​៤​មក​ត្រឹម​៦៨ ​អាសនៈ​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​កើន​ពី​២៩​អាសនៈ​ដែល​ជា​អាសនៈ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ កើន​ដល់​៥៥​អសនៈ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា មាន​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​ហ៊ុន​ សែន ​លាឈប់​ពី​ដំណែង។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ពាក្យ​ចចាម​អារ៉ាម​នោះ​ថា​គឺ​ជា​សង្គ្រាម​ចិត្តសាស្ត្រ​ដើម្បី​បំពុល​បរិយាកាស​សង្គម។ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក​ផៃ ​ស៊ីផាន ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ពន្យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា ពាក្យ​ចចាម​អារ៉ាម​ខាង​លើ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សង្គម។

«ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ​ដូច្នេះ​បាន​ជា​គណបក្ស​ប្រជាជន​ជម្រាប​ជូន​មហាជន​ឲ្យ​លោក​ជ្រាប ពី​ព្រោះ​យើង​ដឹង​ហើយ​ក្នុង​យុទ្ធនាការ​នេះ​គណបក្ស​ប្រឆាំង​តែងតែ​វាយ​ប្រហារ តែង​តែ​ចង់ប្កូរ​នាយក​រដ្ឋ​មន្ត្រី»។

លោក​ហ៊ុន​ សែន ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ម្ល៉េះ។ អ្នក​នយោបាយ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​ដ៏​កម្រ​បំផុត​ម្នាក់​ក្នុង​ពិភពលោក។ លោក​ហ៊ុន ​សែន ​ដែល​ត្រូវ​គេ​ហៅ​ថា ជា​បុរស​ខ្លាំង​ឬ ​Strong Man ​បាន​ប្រកាស​កាល​ពី​មុន​ការ​បើក​យុទ្ធនាការ​បោះឆ្នោត​ថា លោក​នឹង​នៅតែ​ធ្វើជា​នាយករ​ដ្ឋមន្ត្រី​ដប់​ឆ្នាំ​ទៅ​មុខ​ទៀត។

លោក​អ៊ូ ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​គិត​ថា ​ដោយសារ​គណបក្ស​ជំទាស់​មាន​ឥទ្ធិពល​ក្រោយ​ពី​ការ​បោះឆ្នោត​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តោត​អារម្មណ៍​លើ​ពាក្យ​ចចាម​អារ៉ាម​ទាក់ទង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។

«ដោយសារ​សន្ទុះ​នៃ​គណបក្ស​ប្រឆាំង ពី​ដើម​មក ទោះ​បី​មាន​ពាក្យ​ចចាម​អារ៉ាម​ម៉េច​ក៏ ដោយ​ក៏​គណបក្ស​ប្រជាជន​មិន​ខ្វល់​ដែរ។ មិន​ខ្វល់​ពី​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ប៉ុន្មាន​ព្រោះ​គាត់​ដឹង​ថា​អ្វីក៏​មិន​ដូរ ​ពួក​គាត់​នៅ​តែ​ធ្វើ​អ្វី​បាន​ស្រេច​ចិត្ត។ តែ​បច្ចុប្បន្ន​នេះ​ខុស​គ្នា។ អញ្ចឹង​ហើយ​គាត់​យក​ចិត្ត​ទុក​ដាក់​និង​ចាប់​អារម្មណ៍​ពាក្យ​ចចាម​អារ៉ាម​ដែរ»។

បេក្ខភាព​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន​ សែន​ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​ជា​ច្រើន​នា​ពេល​កន្លង​មកក្នុង​ផ្ទៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយ​ពី​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ មាន​ការ​លេច​ឮ​មួ​យ​ចំនួន​ដែល​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស។ហើយ​នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​បន្ថែម​យ៉ាង​ខ្លាំង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដោយ​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញផ្ទុះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន៕