ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦ កាន់តែមានបេក្ខជនច្រើនឡើងៗយ៉ាងឆាប់រហ័ស ដោយមានការគ្រោងប្រកាសជាបេក្ខជនរបស់សមាជិកព្រឹទ្ធសភា Marco Rubio នៅថ្ងៃច័ន្ទនេះ គឺមួយថ្ងៃបន្ទាប់ពីលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា Hillary Clinton បានប្រកាសអំពីការចាប់ផ្តើមយុទ្ធនាការរបស់លោកស្រីរួចមក។
លោក Rubio ដែលមានអាយុ៤៣ ជាកូនរបស់ជនអន្តោប្រវេសន្តដើមកំណើតគុយបា ។ គេរំពឹងថាលោកនឹងប្រកាសជាផ្លូវការអំពីការចូលរួមក្នុងការប្រណាំងប្រជែងនេះនៅក្នុងពិធីមួយ នៅល្ងាចថ្ងៃច័ន្ទ នៅទីក្រុង Miami នៅកន្លែងដែលអាជ្ញាធរចុះឈ្មោះជនជាតិគុយបាទីមួយ ដែលបានរត់ចេញពីរដ្ឋាភិបាលរបស់លោក Fidel Castro កាលពីអំឡុងឆ្នាំ១៩៦០។
ខ្សែវីដេអូមួយដែលប្រកាសអំពីគោលបំណងរបស់លោក Rubio បង្ហាញយុទ្ធនាការរបស់លោកដែលមានឈ្មោះថា «មាគាថ្មីមួយសម្រាប់អាមេរិក»។ វីដេអូនោះបង្ហាញនូវវគ្គខ្លីៗនៃសុន្ទរកថារបស់លោក លើកស្ទួយសេចក្តីត្រូវការឲ្យស.រ.អា.ស្ថិតជាមេដឹកនាំពិភពលោករឹងមាំមួយ ហើយរិះគន់គោលនយោបាយទាំងឡាយរបស់លោកប្រធានាធិបតី Barack Obama ។
លោក Rubio នឹងក្លាយជាសមាជិកគណបក្សសាធារណរដ្ឋទី៣ហើយ ដែលប្រកាសចូលប្រកួតប្រជែងយកការតែងតាំងរបស់គណបក្ស សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០១៦ ។ បេក្ខជនពីរនាក់ទៀត គឺសមាជិកព្រិទ្ធសភា Rand Paul និង Ted Cruz។ គេរំពឹងថាអភិបាលរដ្ឋ Wisconsin លោក Scott Walker និង អតីតអភិបាលរដ្ឋ Florida លោក Jeb Bush នឹងឈរឈ្មោះដែរ៕