លោក Rubio និង​លោក Romney ខ្វែង​គំនិត​​គ្នា​ចំពោះ​​ការ​កាត់ទោស​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង

រូបឯកសារ៖ អតីតប្រធានាធិបតីលោក Donald Trump កាលពេលលោកបំពេញតួនាទីជាប្រធានាធិបតី កាន់កាសែត USA Today ដែលចេញផ្សាយព័ត៌មានអំពីររូបលោក មិនត្រូវបានចោទប្រកាន់ដកតំណែងជាប្រធានាធិបតីដោយព្រឹទ្ធសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​សំខាន់ៗ​២​រូប ​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Marco Rubio និង​លោក Mitt Romney ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំងកាល​ពី​ថ្ងៃ​អាទិត្យ​ អំពីភាព​ត្រឹមត្រូវ​នៃ​ការ​កាត់ទោស​ប្តឹង​ទម្លាក់​អតីត​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ចេញ​ពី​តំណែង។

លោក Trump​ បាន​រង​ការ​ចោទប្រកាន់​ពី​ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​ក្នុងព្រឹត្តិការណ៍​ការ​វាយ​សង្គ្រប់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ដោយពួក​អ្នក​គាំទ្រ​របស់​លោក​រាប់​រយ​នាក់ ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា។

នៅ​ឯ​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ជិត​សេតវិមាន​នៅ​ថ្ងៃ​នោះ លោក Trump បាន​ជំរុញ​ឲ្យ​ពួក​អ្នក​គាំទ្រ​ដើរ​ទៅ​កាន់​វិមាន​សភា​ ដើម្បីតស៊ូឲ្យ​លោកក្នុងរារាំង​សមាជិក​សភា​នៅ​ពេល​នោះពី​ការ​ប្រកាស​អង្គបោះឆ្នោត​ដែល​បាន​បង្ហាញ​ថា លោក​បាន​ចាញ់​ឆ្នោត​លោក​ប្រធានាធិបតី Joe Biden។ លោក Biden បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​សប្តាហ៍​មុន​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៦។

លោក Rubio សមាជិក​ព្រឹទ្ធសភា​រដ្ឋ Florida បាន​ប្រាប់​កម្មវិធីមួយ​នៃទូរទស្សន៍ Fox News ថា៖ «លោក Trump មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លះ​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង»។ ក៏ប៉ុន្តែ លោក Rubio បាន​និយាយ​ទៀត​ថា លោក​ជំទាស់​នឹង​ការ​កាត់ទោស​នៅ​ព្រឹទ្ធសភា​ បន្ទាប់​ពី​រដ្ឋសភា​បាន​ប្តឹង​ចោទ​ប្រកាន់​លោក Trump ទម្លាក់​ចេញ​ពី​តំណែង​មក។

លោក Rubio បាន​និយាយ​ទៀត​ថា៖ «នេះ​មិន​មែន​ជា​ការ​កាត់ទោស​ឧក្រិដ្ឋជន​ទេ។ នេះ​ជា​ដំណើរការ​នយោបាយ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ថែម​ទៀតដែល​កន្លង​មកបាន​ធ្វើ​ប្រទេស​ជាប់​គាំង»។​

ប៉ុន្តែ​លោក Romney សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Utah ហើយ​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ចាញ់​ឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ ក្នុង​ឆ្នាំ​២០១២ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា៖ «ខ្ញុំ​ជឿជាក់​ថា ការ​ញុះញង់​ឲ្យ​មានការ​បះបោរ​ជា​ការ​រំលោភ​ ដែល​អាច​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​បាន។ បើ​អំពើនេះ​មិន​ធ្ងន់ធ្ងរ​គ្រប់គ្រាន់ អ្វី​ទៅ​ដែលធ្ងន់ធ្ងរ​អាច​ប្តឹងដក​បាន?»។

លោក Romney បាន​និយាយ​ថា លោក​ជឿ​ថា លោក Trump បាន​ «រួមគំនិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ចំពោះប្រជាធិបតេយ្យ​របស់​យើង»។

ការ​កាត់​ទោស​នៅព្រឹទ្ធសភា​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ៕