អ្នក​បកប្រែ​ឲ្យ​ទូរទស្សន៍​រុស្ស៊ី​ RT ​សម្រេច​ប្តឹង​ឧទ្ធរណ៍

លោករ៉ាត់ រត្នមុនី សកម្មជន​សហជីព បាន​មក​ដល់​សាលាដំបូងលោករ៉ាត់ រត្នមុនី សកម្មជន​សហជីព បាន​មក​ដល់​សាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូបលោក ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​ក្នុងការ​ផលិត​ភាពយន្តឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ដែល​ដឹកនាំ​ដោយ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី RT កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

លោក​សំ ទិត្យ​សីហា​ មេធាវី​មួយ​រូប​របស់​លោករ៉ាត់ រត្នមុនី​ ​មាន​ប្រសាសន៍​ថា​ កូនក្តី​លោក​ទទួល​យក​មិន​បាន​ចំពោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ឲ្យ​លោក​មាន​ទោស​យ៉ាង​អយុត្តិធម៌។

លោក​រ៉ាត់​ រត្នមុនី​ អ្នក​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ ​RT​ (ឬហៅថា​ Russia Today) បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍​ ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ក្នុង​ពន្ធនាគារ​ពីរឆ្នាំ​ កាលពី​សប្តាហ៍​មុន។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មេធាវី​ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្សនៅ​ថ្ងៃព្រហស្បតិ៍​នេះ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ វ័យ​៤៧​ឆ្នាំ​ ​ចំពោះ​ការចោទ​ប្រកាន់​ពី​បទ​ ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចេញផ្សាយ​ខ្សែភាព​យន្ត​ឯកសារ​រឿង​ ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី RT។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​រូប​លោក​បង់ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ៧០លានរៀល​ ឬស្មើ​នឹង​ប្រមាណ​ ១៧,៥០០​ដុល្លារ​អាមេរិក​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ពីរនាក់​ ដែល​ជា​តួសម្តែង​ក្នុង​ភាព​យន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» នេះ។

រឿង «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» គឺជា​ភាព​យន្ត​ឯកសារនិយាយ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ស្ត្រី​ និង​កុមារ​នៅ​កម្ពុជា​ដឹកនាំ​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RT។

លោក​សំ ទិត្យ​សីហា​ មេធាវី​មួយ​រូប​របស់​លោករ៉ាត់ រត្នមុនី​ ​មាន​ប្រសាសន៍​ថា​ កូនក្តី​លោក​ទទួល​យក​មិន​បាន​ចំពោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ឲ្យ​លោក​មាន​ទោស​យ៉ាង​អយុត្តិធម៌។

«កូន​ក្តីរបស់​ខ្ញុំ​ហ្នឹង​គាត់​អត់​សុខចិត្ត​ទៅនឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​យល់​ឃើញ​ថា​ ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហ្នឹង​ ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​ដល់​គាត់​ ហើយ​ដូច​ជា​អយុត្តិធម៌​សម្រាប់​គាត់​ ដោយ​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់»។

លោក​មេធាវីសំ ទិត្យ​សីហា​ បញ្ជាក់​បន្ថែម​ថា​ លោក​បាន​ដាក់ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាល​ក្រុម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ពុធ​ ហើយ​លោក​រំពឹង​ថា​ តុលាការ​សាលា​ឧទ្ធរណ៍​នឹង​ពិចារណា​ផ្តល់​យុត្តិធម៌​ជូន​កូនក្តី​លោក​ ដែល​មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​បកប្រែ​។

លោក​ថា​ ខាង​ភាគី​ទូរទស្សន៍ ​RT ​ក៏​ធ្លាប់​ជូន​ដំណឹង​ទៅ​ប្រធាន​បេសកកម្ម​ការទូត​កម្ពុជា​ប្រចាំ​ប្រទេស​រុស្ស៊ីថា​ លោក​ មុនី​ ពិតជា​មាន​តួនាទីត្រឹម​តែ​ជាអ្នក​បកប្រែសម្រាប់​ការ​ផលិត​ព័ត៌មាន​ជា​ភាពយន្ត​ឯកសារ​រឿង «ម្តាយខ្ញុំលក់ខ្ញុំ»​ តែប៉ុណ្ណោះ​ ពោល​គឺ​លោក​គ្មាន​តួនាទី​សម្រេច​ចិត្ត​ដើម្បី​ដឹកនាំ​សាច់​រឿង ឬ​ផលិត​រឿងនេះ​ឡើយ​។

មុន​ពេល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឲ្យ​លោករ៉ាត់​ រត្នមុនី​ មាន​ទោសនោះ​ អ្នកស្រី​ Ekaterina Yakovleva ប្រធាន​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​របស់​បណ្តាញ​ព័ត៌មាន ​RT បាន​សរសេរ​លិខិត​មួយ​ទៅ​លោក កែ​ វិចិត្រ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ក្រុងម៉ូស្គូ​ ប្រទេសរុស្ស៊ី​ ដោយ​បាន​បញ្ជាក់​ជាថ្មី​ថា​លោក មុនី ពិត​ជា​អ្នក​បក​ប្រែ និង​សម្រប​សម្រួល​ការ​ទំនាក់​ទំនង​ឲ្យ​បណ្តាញ​ព័ត៌មាន RT​ ប្រាកដមែន។ នេះ​បើយោង​តាម​លិខិត​របស់​បណ្តាញ​ព័ត៌មាន ​RT ​ដែល​ VOA​ បាន​ទទួល​កាលពី​ពេល​កន្លងមក។

លោក​យី សុខសាន្ត​ មន្ត្រី​ឃ្លាំ​មើល​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​មាន​ប្រសាសន៍​ថា តុលាការ​សាលាឧទ្ធរណ៍​គួរ​ពិចារណា​ពិនិត្យ​លើកលែង​ការ​កាត់​ទោស​ប្រឆាំង​នឹង​លោក​ មុនី​ ដោយ​សារតែ​គាត់​បាន​បំពេញ​ការងារ​ក្នុងនាម​ត្រឹម​ជា​អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​ RT តែ​ប៉ុណ្ណោះ។

«មិន​គួរណា​ដែល​គាត់​ គ្រាន់​តែ​បក​ប្រែ​ ឲ្យ​គេ​មាន​ទោស​ អាហ្នឹង​ហើយ​ដែល​គាត់​ វា​អយុត្តិធម៌​ សម្រាប់​គាត់​ ហើយ​ខ្ញុំ​គិត​ថា​ សាលា​ឧទ្ធរណ៍​អាច​នឹង​ពិចារណា​លើទោស​របស់​គាត់​ និង​សំណងរបស់​គាត់នៅ​ថ្ងៃ​ខាង​មុខនេះ​បាទ»។

VOA​ មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ទូច ថារិទ្ធ​ មន្ត្រី​នាំ​ពាក្យ​សាលាឧទ្ធរណ៍​បាន​ទេ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

ការ​កាត់​ទោស​លោក ​រ៉ាត់ រត្នមុនី​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស។​ ហើយ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​រូប​លោក​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្នុង​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ដែល​ ​VOA បាន​ទទួល​កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន ស្ថានទូត​បាន​បញ្ជាក់​ថា៖ ​

«សហរដ្ឋ​អាមេរិក​គាំទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ទូទាំង​ពិភព​លោក​ ដោយ​ចាត់​ទុក​វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​អភិបាល​កិច្ច​តាម​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់រូប​អនុវត្ត​ដោយ​សេរី​នូវ​សិទ្ធិ​នេះ​ ​ដែល​ត្រូវ​បាន​ការ​ពារ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ដោយ​គ្មាន​រង​ការ​គំរាម​កំហែង​សង​សឹក»៕