សេរីភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផង បន្តធ្លាក់ចុះនៅឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុន ដោយសារប្រព័ន្ធដឹកនាំនៅក្នុងតំបន់ទាំងមូលមិនស្របតាមលំនាំប្រជាធិបតេយ្យ។ នេះបើយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ដែលបានចេញផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border ឬហៅកាត់ជាភាសាបារាំងថា RSF) នៅថ្ងៃអង្គារទី២១ ខែមេសា។
របាយការណ៍របស់អង្គការដែលមានទីស្នាក់ការធំនៅក្នុងប្រទេសបារាំងនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១៤៤ លើ១៨០ ដោយធ្លាក់ចុះមួយពិន្ទុ ធៀបនឹងពិន្ទុឆ្នាំមុន។
កម្ពុជាស្ថិតនៅលើតែប្រទេស៤ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសប៊ុយណេ សិង្ហបុរី ឡាវ និងវៀតណាមប៉ុណ្ណោះ។ នេះបើផ្អែកតាមសន្ទស្សន៍ស្តីពីសេរីភាពសារព័ត៌មានដដែលនេះ។
សន្ទស្សន៍ដែលពិនិត្យមើលប្រទេសចំនួនសរុប១៨០ ទូទាំងពិភពលោក បានបង្ហាញថារបបដឹកនាំក្នុងប្រទេសកម្ពុជានិងប្រទេសថៃ បានបង្កើនប្រព័ន្ធបង្ក្រាបទៅលើក្រុមដែលមានមតិប្រឆាំងនឹងខ្លួន៕