គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ប្តេជ្ញា​បម្រើ​រាស្ត្រ​ខ្មែរ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ​ក្រោយ​ទទួល​យក​អាសនៈ​សភា​បក្ស​សង្គ្រោះ​ជាតិ

ព្រះអង្គ​ម្ចាស់​ ​នរោត្តម រណឫទ្ធិ​ ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ទទួល​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​របស់​ព្រះអង្គ​ក្នុង​ខេត្ត​កំពង់ចាម​ អំឡុង​ពេលឃោសនា​ បោះឆ្នោតឃុំ-សង្កាត់កាពីថ្ងៃ​ថ្ងៃសៅរ៍ទី​២០ខែ​ឧសភាឆ្នាំ​២០១៧។។​ (រូបភាព​អ្នកសារព័ត៌មាន​ក្នុងស្រុក)

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​​យល់​ថា​ វត្តមាន​នៃ​តំណាងរាស្ត្រ​​ជំនួស​កៅអី​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សភា​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ ដោយ​មិន​​​តំណាង​ឲ្យ​រាស្រ្ត​តាម​សន្លឹក​ឆ្នោត​នោះ​ទេ។​

​ការ​យាង​ចូល​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច​ក្នុង​នាម​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ និង​តំណាងរាស្ត្រ​៤០​រូប​ផ្សេង​ទៀត​នៃ​គណបក្ស​នេះ​ ទៅ​អង្គុយ​កៅអី​សភា​ គឺ​បញ្ជាក់​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ទាន់​ស្លាប់​នៅ​ឡើយ​ ​ហើយ​ជា​ឱកាស​មួយ​សម្រាប់​គណបក្ស​រាជានិយម​មួយ​នេះ​ ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​ដូចជា​ វិបត្តិ​ដីធ្លី​ជាដើម។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាងរាស្ត្រ​នឹង​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ ​ដែល​សាធារណជន​ខ្មែរ​ទូទៅ​ដឹង​ថា​ មិន​បាន​ទទួល​អាសនៈ​សូម្បី​តែ​មួយ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ និង​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​របស់​ព្រះអង្គ​ ព្រម​ទាំង​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ ដើម្បី​បញ្ជាក់​ពី​សុពលភាព​នៃ​ភាព​ជា​តំណាងរាស្ត្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់។​

លោក​ ញ៉េប​ ប៊ុនជិន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់​ដំបង​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ ក្រោយ​កិច្ច​ប្រជុំ​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ព្រះ​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ គឺ​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ​ មាន​ទឹក​ព្រះទ័យ​ពេញ​ចិត្ត​នឹង​ការណ៍​ដែល​ព្រះអង្គ​ទទួល​បាន​ឱកាស​ក្នុង​ការ​ស្តារ​ស្ថានការណ៍​នយោបាយ​យ៉ាប់យ៉ឺន​ឡើង​វិញ​ ​ហើយ​ការណ៍​នេះ​បញ្ជាក់​ថា​ ហ៊្វុនស៊ីនប៉ិច​តែង​តែ​មាន​វត្តមាន​ជានិច្ច​ ​នៅ​គ្រា​ដែល​កម្ពុជា​ជួប​កលិយុគ​នយោបាយ។​

«ជំហាន​ដំបូង​នា​ថ្ងៃ​នេះ​ ដែល​លោក​សប្បាយ​ព្រះទ័យ​មែន​ទែន ​គឺ​បាន​ស្តារ​ឡើងវិញ​ បាន​ខិត​ខំ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ ហើយ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​បច្ចុប្បន្ន​នេះ​ឲ្យ​មាន​ដំណើរការ​ល្អ​ បាន​ឆ្លៀត​ឱកាស​ទៅ​អភិវឌ្ឍន៍​បាន​ ហើយ​ប្រជាពលរដ្ឋ​ លោក​អាច​រក​ទទួលទាន​បាន​សេរីភាព​នៃ​ មាន​ទាំង​អស់។​ អីចឹង​បាន​យើង​សង្កេត​ឃើញ​ថា​ រាល់​ពេល​មាន​វិបត្តិ​នយោបាយ​ធំៗ​ហ្នឹង​ គឺ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​តែង​តែ​មាន​វត្តមាន។​ ផ្ទុយ​ពី​ការណ៍​ដែល​បងប្អូន​យល់​ឃើញ​ថា​ ហ៊្វុនស៊ីនប៉ិច​ហ្នឹង​មក​ឆ្លៀត​ឱកាស​ មិន​មែន​ជា​ឆ្លៀត​ជា​ឱកាស​ទេ​ អានេះ​ជា​គោលការណ៍​នីតិរដ្ឋ។​ បើ​យើង​មាន​ឱកាស​ហើយ​ យើង​យក​ឱកាស​ហ្នឹង​ ប្រែ​ក្លាយ​អា​ស្ថានភាព​ហ្នឹង​ឲ្យ​ទៅ​ជា​ស្ថានភាព​ល្អ​មួយ​ជូន​ប្រជាពលរដ្ឋ​ ជូន​ប្រជាកសិករ​ ជូន​ជាតិ​យើង អា​ហ្នឹង​ខ្ញុំ​ថា​ ល្អ​ ហើយ​សម្តេច​ក្រុមព្រះ​លោក​សប្បាយ​ព្រះទ័យ​ណាស់​ ព្រឹក​មិញ​ឃើញ​យើង​ចូល​ទៅ​បង្ហាញ​នូវ​សុពលភាព ប្រកាស​សុពលភាព នៅ​រដ្ឋសភា​ជាតិ​ហ្នឹង​ អីចឹង​លោក​សង្ឃឹម​ថា​ យើង​មាន​ឱកាស​នឹង​ទៅ​បម្រើ​ជាតិ​បាទ»។​

អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិចរូប​នេះបាន​លើក​ឡើង​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ចាប់​ផ្តើម​ដំណើរការ​ឡើងវិញ​ដោយ​រលូន​ ខុស​ពី​ការ​រិះគន់​នានា​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ស្លាប់​ ក្រោយ​តុលាការ​កំពូល​ចេញ​សេចក្តី​សម្រេច​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពាក់​កណ្តាល ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។​ លោក ញ៉េប​ ប៊ុនជិន​ អះអាង​ប្រាប់ VOA ​ថា៖

«ប្រជាពលរដ្ឋ​លោក​មាន​ប្រសាសន៍​ស្អី​ អាហ្នឹង​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ មិន​ទាន់​បាន​សាប​សូន្យ​ដូច​មាន​អ្នក​ដែល​មាន​ប្រសាសន៍​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​អស់​ហើយ​នោះ​ គឺ​អ្នក​ដែល​និយាយ​នេះ​ខុស​ហើយ​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​ចាប់​ដំណើរការ​ទៅ​យ៉ាង​រលូន»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ថា​ អវត្តមាន​របស់​ព្រះអង្គម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ នៅ​សភា​ជាតិ​ខ្មែរ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​ជា​ច្រើន។ លោក​ថា​ វត្តមាន​របស់​ព្រះ​អង្គ​នៅ​ពេល​នេះ​ នឹង​រួមចំណែក​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។

ព្រះអង្គ​ម្ចាស់​ ​នរោត្តម រណឫទ្ធិ​ ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ទទួល​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​របស់​ព្រះអង្គ​ក្នុង​ខេត្ត​កំពង់ចាម​ អំឡុង​ពេលឃោសនា​ បោះឆ្នោតឃុំ-សង្កាត់កាពីថ្ងៃ​ថ្ងៃសៅរ៍ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។។​ (រូបភាព​អ្នកសារព័ត៌មាន​ក្នុងស្រុក)

លោក ​ញ៉េប ប៊ុនជិន​ ថ្លែង​យ៉ាង​ដូច្នេះ៖​

«ការណ៍​ដែល​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ បងប្អូន​មួយ​ចំនួន​ជាពិសេស​ ដែល​គាំទ្រ​គណបក្ស​ផ្សេងៗ​ ចេះតែ​ចោទ​ថា​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ជា​គណបក្ស​មួយ​រណេបរណប​ទៅ​នឹង​គណបក្ស​ដឹកនាំ​ប្រទេស។​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ យើង​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ គេ​ដោះ​បញ្ហា​ជាតិ​ធំៗ​ច្រើន​ណាស់។​ បើ​នៅ​ភ្នំពេញ​នេះ​ អត់​ដែល​មាន​បញ្ហា​ទេ​ អា​បឹង​កក់​ អត់​ដែល​មាន​បញ្ហា​ទេ​ អា​ដីក្រហម អត់​ដែល​មាន​បញ្ហា​ទេ​ អា​សម្បុក​ចាប​នែ៎​ បុរី​កីឡា​ អត់​មាន​បញ្ហា​ទាំង​អស់​ ក៏ប៉ុន្តែ​អ្នក​ឆ្លៀត​ឱកាស​និយម​ គេ​តែង​តែ​បំភ្លៃ​ថា​ ហ៊្វុនស៊ីនប៉ិច​ទន់​ជ្រាយ​ ហ៊្វុនស៊ីនប៉ិច​ធ្វើ​អី​អត់​បាន​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ​អត់​ហ៊្វុនស៊ីនប៉ិច​ មាន​បញ្ហា​កើត​មិន​ឈប់​ឈរ»។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​រួស​រាន់​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​របស់​គណបក្ស​នេះ​ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេងទៀត​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​សាកលឆ្នាំ​២០១៣។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៣​ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ​២០១៧​ ស្តី​ពី​ការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​បាន​ឲ្យ​ដឹង​ថា​ ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ទទួល​បាន​ ៤១​អាសនៈ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន​ ៦​អាសនៈ​ ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ​ទទួល​បាន ៥​អាសនៈ​ ​គណ​បក្ស​សញ្ជាតិ​កម្ពុជា​ ​ទទួល​បាន ២​អាសនៈ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទទួល​បាន​ ១​អាសនៈ​ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ពុំ​ទទួល​បាន​អាសនៈ។​ ​ក្នុង​ចំណោម​គណបក្ស​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ទទួល​យក​អាសនៈ​ពី​គណបក្ស​សង្គ្រោះជាតិ​ ​មាន​គណបក្ស​ពីរ​មិន​ព្រម​ទទួលយក​ ​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ​ដែល​បូក​បញ្ចូល​គ្នា​មាន​កៅអី​ចំនួន​១១។

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គជប)​ ​បាន​សម្រេច​បែងចែក​កៅអី​សភា​ដែល​នៅ​សេស​សល់​ចំនួន​១១​នោះ​ ​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ​គ.ជ.បដែល​ចេញ​ផ្សាយ​នា​ល្ងាច​ថ្ងៃ​អង្គារ។​

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូកដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គ​ការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៣។​ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជានិយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះឆ្នោតនា​ឆ្នាំ​២០១៣​ ដោយ​សារ​គណបក្ស​នេះ​បាន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ។​ ​ជាង​នេះ​ទៅ​ទៀត ​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ ក៏​ធ្លាប់​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្វើ​បក្ស​ប្រហារ​បណ្តេញ​ព្រះ​អង្គ​ចេញ​ពី​ប្រធាន​គណ​បក្ស​កាល​ពី​ឆ្នាំ​២០០៦​ផង​ដែរ។​

យ៉ាង​ណា​មិញ​ ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ម្តង​ទៀត​ ហើយ​ដែល​បាន​ចួល​រួម​ការ​ប្រកាស​សុពលភាព​ជា​តំណាងរាស្ត្រ​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ប្រកាស​ដល់​តំណាងរាស្ត្រ​គណបក្ស​រាជានិយម​ឲ្យ​ប្រឹងប្រែង​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាមមណ្ឌល​ដែល​ខ្លួន​ជា​តំណាង ប្រយោជន៍​ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ មាន​ព្រះ​បន្ទូលយ៉ាង​ដូច្នេះ៖​

«ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​នៃ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច​ ខ្ញុំ​ថា​ សុំ​ឲ្យ​ទាំង​អស់​គ្នា​ខំប្រឹង​ប្រែង​ទៀត​ តែ​ប៉ុណ្ណឹង​ទេណ៎ា លោក​ណ៎ា​ ខំប្រឹង​ប្រែង​ក្នុង​មណ្ឌល​នីមួយៗ​របស់​ខ្លួន​ ដើម្បី​នឹង​បាន​ជាប់​ឆ្នោត​តែ​ប៉ុណ្ណឹង»។

រូបឯកសារ៖ ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ម្តង​ទៀត

VOA ​មិន​ទាន់​អាច​ទាក់ទង​ទៅ​តំណាង​នៃ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ ​តំណាង​នៃ​គណបក្ស​នយោបាយ​ ដែល​មិន​ព្រម​ទទួល​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ធ្លាប់​លើក​ឡើង​ថា​ ការ​ទទួល​យក​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ប្រយោជន៍​អ្វី​ ​ព្រោះ​វា​មិន​បានបញ្ជាក់​ពី​ឆន្ទៈ​ម្ចាស់​ឆ្នោត​ឡើយ។​

លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល​ ​បាន​ប្រាប់​ VOA ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ វត្តមាន​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​ផ្សេង​នៅ​សភា​ជាមួយ​គណបក្ស​កាន់​អំណាច​ មិន​បាន​បញ្ជាក់​ពី​ភាព​ជា​តំណាង​នៃ​ម្ចាស់​ឆ្នោត​ឡើយ​ ហើយ​ថា​ ការ​កាន់កាប់​កៅអី​សភា​គណបក្ស​ប្រឆាំង​ដោយ​គណបក្ស​នយោបាយ​ទាំង​នោះ​ គ្រាន់​តែ​ជា​ការ​បង្ហាញ​ថា​ សភា​មិន​មែន​ជា​សភា​ឯកបក្ស​តែប៉ុណ្ណោះ។​

អ្នក​តាមដាន​ស្ថានការណ៍​រូប​នេះ​បញ្ជាក់​ថា៖

«មែន​ទែន​ទៅ​រូបភាព​នេះ​ រដ្ឋសភា​គ្រាន់​តែ​បំពេញ​ដើម្បី​ឲ្យ​ពេញលេញ​ទៅ​តាម​ផ្នែក​ខ្លះ​ បញ្ញត្តិ​ខ្លះ​នៃ​ស្មារតី​រដ្ឋធម្មនុញ្ញ​ទេ​ ដើម្បី​ឲ្យ​សភា​ហ្នឹង​ជា​សភា​ពហុបក្ស​ ដើម្បី​ឲ្យ​សភា​ហ្នឹង​គ្រប់​១២៣​នាក់​ ១២០​នាក់​យ៉ាងតិច​ ដើម្បី​ធ្វើ​ដំណើរការ​អីផ្សេងៗ​ ដើម្បី​ឲ្យ​សភា​ហ្នឹង​ជា​សភា​ អា​ហ្នឹង​បើ​យើង​ អា​ហ្នឹង​ដើម្បី​ឲ្យៗ​វា​មាន​ភាព​ពេញលេញ​ខ្លះ​តាម​ផ្លូវ​ច្បាប់​ កុំ​ឲ្យ​វា​មើល​មក​វា​ជ្រុល​ខុស​ ជ្រុល​ហួស​ហេតុ​ពេក វា​នៅ​ទោល​តែម្នាក់​ឯង»។​

បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បានរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​បាន​ប្រតិកម្ម​ដោយ​ការ​ប្រកាស​ពី​លទ្ធភាព​នៃ​ការ​គាបសង្កត់​ខាង​សេដ្ឋកិច្ច ​និង​ការទូត។​

សហរដ្ឋ​អាមេរិក​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃ​ប្រទេស​ ​គឺ​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​សំអាង​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ពុំ​សម​ហេតុ​សម​ផល​ និង​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ ​ដែល​ថា គណបក្ស​ប្រឆាំង​នេះ​បាន​ចូលរួម​ក្នុង​ការ​ឃុបឃិត​មួយ​ ​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

រដ្ឋាភិបាល​ស៊ុយអែត​ក៏​បាន​ ​ប្រកាស​ថា​ ខ្លួន​ចាត់​ទុក​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ថា​ ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មួយ​ ​ដោយ​បាន​ហៅ​វិធានការ​ថ្មីៗ​នេះ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ឡាយ​ថា​ ​ជា​ដំណើរ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​នៃ​កិច្ច​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​ប្រទេស​ស៊ុយអែត​ ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ទី​បួន​របស់​កម្ពុជា​ ក៏​បាន​សម្រេច​ផ្តាច់​ជំនួយ​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ​ ​ហើយ​នឹង​មិន​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាលនិង​រដ្ឋាភិបាល​ផង​ដែរ។​

ក៏​ប៉ុន្តែ​សភា​ ​និង​ព្រឹទ្ធសភា​កម្ពុជា​ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ការពារ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​កិច្ច​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។​ ​ស្ថាប័ន​ទាំង​ពីរ​បាន​អះអាង​ពី​ភាព​ស្រប​ច្បាប់​នៃ​ចំណាត់​ការ​អាជ្ញាធរ​ និង​តុលាការ​ប្រឆាំង​នឹង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​ និង​បញ្ហា​ដទៃ​ទៀត​រួម​មាន​ការ​បិទ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ​ NDI ​ការ​បញ្ឈប់​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក​ និង​ការ​បិទ​ទ្វារ​របស់​កាសែត​ The Cambodia Daily។​

ស្ថាប័ន​សភា​ ​និង​ព្រឹទ្ធសភា​កម្ពុជា​ក៏​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ នឹង​រក្សា​ជំហរ​ឥត​ងាក​រេ​ក្នុង​ការ​បន្ត​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​បន្ត​រួមចំណែក​ថែរក្សា​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​នៅ​កម្ពុជា​ ហើយ​ជាពិសេស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​គោល​នយោបាយ​ការ​បរទេស«មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ»​ របស់​លោក​ប្រធានាធិបតី​លោក​ ដូណាល់​ ត្រាំ​ (Donald Trump) ​ក្នុង​ពេល​ថ្មីៗ​នេះ៕