«ខ្ញុំសូមប្រកាសបើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោត ចាប់ពីពេលនេះតទៅ»។
នេះគឺជាសំលេងស្រែកជ័យឃោស និងជាព្រះបន្ធូលរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចក្នុងពិធីបើកយុទ្ធនាការដំបូងនៃការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំរបស់គណបក្សហ៊្វុនស៊ិនប៉ិចនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២២នេះ។
ការបើកយុទ្ធនាការឃោសនាបោះឆ្នោតនោះមានការចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យ ប្រមាណជាង៣០០នាក់ ដែលប្រមូលផ្តុំគ្នានៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។អ្នកចូលរួមទាំងនោះពាក់អាវ និងមួកពណ៌លឿងដែលមានរូបសញ្ញាសម្គាល់របស់គណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានមានព្រះបន្ធូលយ៉ាងខ្លីអំពីគោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិចគឺនឹងយកមាគ៌ាសម្តេចតាជាគំរូ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះរាជបន្ធូលបន្ថែមថាសូមអោយប្រជាពលរដ្ឋរម្លឹកឡើងវិញចំពោះការអវត្តមានរបបរាជានិយមកាលពីឆ្នាំ១៩៧០ និងសមិទ្ធិផលជោគជ័យនៅឆ្នាំ១៩៩៣របស់គណបក្សហ៊្វុនស៊ិនប៉ិច។
«ខ្ញុំចង់ធ្វើគោលនយោបាយដូចសម្តេចតា។ខ្ញុំមានតែ២ម៉ាត់ទេឆ្នាំ១៩៧០មានអ្វីខ្លះ? ឆ្នាំ១៩៩៣តែប៉ុណ្ណឹងទេ !គិតមើលទៅ! ខ្ញុំចង់ឱ្យបងប្អូនទៅបោះឆ្នោតឱ្យគណបក្សហ៊្វុនស៊ិនប៉ិច»។
គួរបញ្ជាក់ផងដែរថាប្រទេសកម្ពុជាក្រោយរដ្ឋប្រហាររបររាជានិយមថ្ងៃ១៨ខែមិនាឆ្នាំ១៩៧០ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិចមានក្តីសង្ឃឹមច្រើនក្នុងការប្រកួតប្រជែងយកតំណែងមេឃុំនិងចៅសង្កាត់អាណត្តិទី៥នេះ ពីព្រោះពេលនេះគណបក្សហ៊្វុនស៊ិនប៉ិចមានធនធានមនុស្សគ្រប់វ័យទាំងអស់។
«ទាក់ទងទៅនឹងសេចក្តីសង្ឃឹមរបស់គណបក្សតាមរយៈកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធយើងមានសង្ឃឹមច្រើនហើយជាពិសេសយើងដឹងហើយថាគណបក្សហ៊្វុនស៊ិនប៉ិចជាគណបក្សមួយមានភាពចាស់ទុំផ្នែកនយោបាយហើយអ៊ីចឹងបេក្ខភាពនៅតាមឃុំភូមិមួយចំនួនដែលយើងបានរៀបចំសុទ្ធតែជាមនុស្សដែលមានសក្តានុពល ជាពិសេសយើងបានបញ្ចូលនូវយុវជនច្រើន ហើយទាំងនេះជាសេចក្តីសង្ឃឹមរបស់គណបក្សហ៊្វុនស៊ិនប៉ិច»។
ការជួបជុំដង្ហែក្បួនឃោសនានេះមិនសូវមានការស្រែកជ័យឃោសខ្លាំងក្លា ឬមានការចាក់ផ្សាយផុលផុសគគ្រឹកគគ្រេងអំពីគោលនយោបាយរបស់បក្សនោះទេ។
យុវតី ចាន់ កែវ អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី២ រស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចូលរួមដង្ហែក្បួនឃោសនានេះបានឱ្យដឹងថា ក្រុមគ្រួសារឪពុកម្តាយរបស់នាងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចតាំងពីយូរណាស់មកហើយ។
«ដោយសារឃើញភាពស្មោះត្រង់របស់ព្រះអង្គ ហើយព្រះអង្គអត់ដែលចោលប្រជាជន ...ឃើញយុទ្ធសាស្រ្តនយោបាយរបស់ព្រះអង្គល្អហើយណាមួយដោយសារតាំងពីដើមមកគ្រួសារគាត់ស្រឡាញ់ខាងហ្នឹងអ៊ីចឹង»។
គណបក្សហ៊្វុនស៊ិនប៉ិចមានគោលនយោបាយ៩ចំណុចដូចជា ធានាផ្តល់សេវាសាធារណៈមិនប្រកាន់និន្នាការនយោបាយ ជំរុញឱ្យមានការផ្តល់សេវាថែទាំសុខភាពដោយមិនបង់ប្រាក់ បង្កើតឱ្យមានក្រុមជំនួយសម្រាប់ពិគ្រោះនិងផ្តល់យោបល់ក្នុងការប្រើដើមទុនប្រកបរបរអាជីវកម្មធ្វើឱ្យប្រសើរឡើងវិញនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ពង្រឹងលើវិស័យអប់រំ ទប់ស្តាត់បញ្ហាគ្រឿងញៀន ចោរកម្ម ដោះស្រាយបញ្ហាដីធ្លីនៅថ្នាក់មូលដ្ឋានឱ្យមានតម្លាភាព ជំរុញឱ្យមានការអភិវឌ្ឍ ក្នុងភូមិ ឃុំតាមបណ្តោយព្រំដែន យកចិត្តទុកដាក់លើកុមារកំព្រា ចាស់ជរា និងបំបាត់អំពើពុករលួយ។
ជាមួយគ្នានេះដែរ យុវតី ពៅ លីដា មានអាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេររស់នៅសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល បានឱ្យដឹងដែរថាគោលនយោបាយគណបក្សហ៊្វុនស៊ិនប៉ិចជាកត្តាដែលធ្វើឱ្យនាងគាំទ្រគណបក្សនេះ។
«មកពីស្រឡាញ់ហើយនឹងចូលចិត្ត ដោយសារគោលនយោបាយគាត់ល្អ ដោយសារគាត់ពេលឃើញប្រជារាស្រ្តមានទុក្ខលំបាកអ្វីគាត់ជួយប្រជារាស្រ្ត»។
គណបក្សហ៊្វុនស៊ិនប៉ិចចូលប្រឡូកក្នុងនយោបាយកម្ពុជាជាង៤០ឆ្នាំ ហើយ។គណបក្សនេះឈ្នះការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យរៀបចំដោយអ.ស.ប.កាលពីឆ្នាំ១៩៩៣ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុន្តែគណបក្សនេះបានបែកបាក់និងចុះខ្សោយប្រជាប្រិយភាពរហូតដល់មិនមានអាសនៈក្នុងសភា និងព្រឹទ្ធសភា។
កាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន នៅឆ្នាំ២០១៧ គណបក្សនេះពុំឈ្នះបានកៅអីមេឃុំឬចៅសង្កាត់នោះទេ ក៏ប៉ុន្តែទទួលបានកៅអីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨អាសនៈក្នុងចំណោម១១៥៧២ អាសនៈទូទាំងប្រទេស។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះគណបក្សហ៊្វុនស៊ិនប៉ិចបានចុះឈ្មោះបេក្ខជនឈរឈ្មោះនៅឃុំសង្កាត់ចំនួន ៦៨០ក្នុងចំណោមឃុំសង្កាត់ចំនួន១៦៥២៕