ព្រះ​បរម​រាជវាំង​ប្រកាស​បិទ​ការ​ចូល​ទស្សនា​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩

មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/VOA)

ក្រសួង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​សម្រេច​ផ្អាក​មិន​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ព្រះ​បរម​រាជ​វាំង​មួយ​រយ:ពេល​ ដោយ​សារ​ការ​រីករាល​ដាល​វីរុស​កូរ៉ូណា​ថ្មី។

បើ​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ទៅដល់​ទីភ្នាក់ងារ​ទសចរ​ ភ្ញៀវជាតិ ​និង​អន្តរជាតិ​បាន​ឲ្យដឹង​ថា៖

«ក្នុង​ស្ថានភាព​ជំងឺ​ផ្លូវ​ដង្ហើម​កូរ៉ូណា ​(កូវីដ១៩)​ កំពុង​រីករាល​ដាល​ជា​សកល​ នា​ពេល​បច្ចុប្បន្ន ក្រសួង​ព្រះ​បរម​រាជ​វាំង​សូម​ផ្អាក​ការ​ចូល​ទស្សនា​ព្រះ​បរម​រាជ​វាំង​ចាប់ពី​ថ្ងៃទី​១៨ ​ខែមីនា ឆ្នាំ​២០២០​តទៅ។​ ការ​បើក​អោយ​ចូល​ទស្សនា​ឡើងវិញ​ ក្រសួង​ព្រះ​បរមរាជ​វាំង​នឹង​ជូន​ដំណឹង​នៅ​ពេល​អនាគត»។

ការ​ប្រកាស​បិទ​មិន​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​នេះ​គឺ​កើត​ឡើង​ក្រោយពេល​ដែល​ក្រសួង​សុខាភិបាល​បាន​សម្រេច​បិទ​ KTV ​ក្លឹប​កំសាន្ត​ រោង​ភាពយន្ត​ និង​សារមន្ទីរ​ នៅ​ទូទាំង​ប្រទេស ​ក្នុង​គោល​បំណង​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លងរាល​ដាល​វីរុស​កូរ៉ូណា​ថ្មី។

ក្រុម​មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​និយាយ​ថា ​ចំនួន​អ្នកឆ្លង​វីរុស​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៣៥នាក់​មកដល់​ថ្ងៃពុធ​នេះ ​ក្នុង​ពេល​ដែល​ពិភពលោក​មាន​ចំនួន​មនុស្ស​ស្លាប់​ប្រមាណ​៨ពាន់​នាក់​និង​ឆ្លងជិត​២សែន​នាក់។

ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ទី១៤​ខែ​មីនា​បាន​សម្រេច​រារាំង​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៥​ ​ដែលកំពុង​មាន​ការ​រាលដាល​វីរុស​កូវីដ១៩​ខ្លាំង​ជាង​គេ​លើ​ពិភព​លោក​ មិន​ចូល​ក្នុង​ប្រទេស​កម្ពុជា។​ ក្នុង​នោះ​មាន​ដូចជា ​បារាំង ​អ៊ីតាលី ​អេស្ប៉ាញ​ អាល្លឺម៉ង់​ និង​សហរដ្ឋ​អាមេរិក៕