អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានសម្រេចដកឈ្មោះរបស់លោកចេញពីបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្ត ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សម្រេចមិនចុះឈ្មោះរបស់លោកតាមការស្នើសុំរបស់គណបក្សជំទាស់។
ក្រោយពិនិត្យមើលសំណុំឯកសារចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនដែលគណបក្សភ្លើងទៀនដាក់ទៅកាន់ស្ថាប័ន គ.ជ.ប កាលពីសប្តាហ៍មុន គ.ជ.ប នៅថ្ងៃទី ៩ ខែឧសភា បានចេញលិខិតមួយជូនដំណឹងទៅប្រធានគណបក្សភ្លើងទៀនថា ឯកសាររបស់គណបក្សមិនទាន់គ្រប់គ្រាន់ ហើយតម្រូវឲ្យដកឈ្មោះរបស់លោក រ៉ុង ឈុន ដែលឈរឈ្មោះតំណាងរាស្រ្តសម្រាប់មណ្ឌលខេត្តកណ្តាល ប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិត គ.ជ.ប បញ្ជាក់ថា សំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ «ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់» ដូចជាខ្វះលិខិតបញ្ជាក់ចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌចំនួនមួយច្បាប់។
បន្ថែមពីនេះ គ.ជ.ប បញ្ជាក់ថា បេក្ខជនពេញសិទ្ធិឈរលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ។ គ.ជ.ប បញ្ជាក់ថា៖ «ដូចនេះ គណបក្សភ្លើងទៀនត្រូវប្តូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល»។
ស្ថាប័នរៀបចំការបោះឆ្នោត ក៏ត្រូវតម្រូវឲ្យគណបក្សភ្លើងទៀនផ្តល់បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥ លានរៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់វីអូអេថា ការទាមទារឯកសារខាងលើជាការអនុវត្តតាមច្បាប់ដែលមានចែង។
លោកថ្លែងថា៖ «យើងពិនិត្យទៅលើផ្លូវច្បាប់ ខ្ញុំមិនថា វាខុសឬមិនខុសអីទេ»។
លោកបន្ថែមថា គណបក្សភ្លើងទៀនមានពេល ៥ ថ្ងៃក្នុងការផ្តល់ឯកសារពេញលេញ ដើម្បីអាចចុះឈ្មោះគណបក្សចូលរួមប្រកួតប្រជែងបាន។
គេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បាន កាលពីខែមិថុនា ឆ្នាំ ២០២២ ដោយមិនមានឧបសគ្គអ្វី ប៉ុន្តែទើបតែពេលនេះ ស្ថាប័នរៀបចំការបោះឆ្នោតតម្រូវឲ្យគណបក្សមួយនេះប្រគល់ឯកសារមួយចំនួនទៀត។
លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងរឿងរិះគន់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកមិនភ្ញាក់ផ្អើលទេចំពោះការសម្រេចរបស់ គ.ជ.ប ហើយលោកនឹងដកខ្លួនចេញ ដើម្បីធានាថា គណបក្សអាចចូលរួមការបោះឆ្នោត នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បាន។
លោកថ្លែងថា៖ «យើងមិនគិតអំពីផលប្រយោជន៍របស់បុគ្គលខ្លួនម្នាក់ យើងធ្វើឲ្យខូចផលប្រយោជន៍បក្ស ផលប្រយោជន៍ជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលគាត់ចង់ផ្លាស់ប្តូរ គាត់គាំទ្រគណបក្សភ្លើងទៀន។ ដូច្នេះយើងនឹងដកថយមួយជំហាន ដើម្បីរក្សាធ្វើម៉េចឲ្យបញ្ជីបោះឆ្នោតហ្នឹងទៅរលូន ហើយមានវត្តមានគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ»។
បើតាមលោក រ៉ុង ឈុន បើបុគ្គលម្នាក់មានសិទ្ធិបោះឆ្នោតបាន បុគ្គលនោះក៏មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដូចគ្នា។ លោកបញ្ជាក់ថា ករណីរបស់លោកជារឿងនយោបាយច្រើនជាង។
ពាក់ព័ន្ធនឹងកង្វះឯកសារដែលតម្រូវដោយ គ.ជ.ប លោក រ៉ុង ឈុន បញ្ជាក់ថាគណបក្សនឹងបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ហើយសង្ឃឹមថា គ.ជ.ប នឹងទទួលយកលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៥ ខែឧសភា ដែលបញ្ជាក់ថា គណបក្សភ្លើងទៀនពិតជាបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ លោកបន្ថែមថា បើស្ថាប័ន គ.ជ.ប មិនចុះឈ្មោះគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាខាងមុខ ដូច្នេះនឹងមានចរន្តនៃការប្រមូលផ្តុំតស៊ូមតិ។
លោកថ្លែងថា៖ «យើងនឹងធ្វើការស្នើសុំបន្ត បើសិនជា គ.ជ.ប មិនព្រមទទួលយកការប្រថាប់ត្រារបស់ក្រសួងមហាផ្ទៃ ដែលចេញឲ្យថ្ងៃ[ទី] ៥ ហ្នឹង ហើយវានឹងមានចរន្ត នឹងធ្វើការប្រមូលផ្តុំនៅពេលខាងមុខហ្នឹង បើសិនជា គ.ជ.ប បដិសេធមិនទទួលយក»។
លោក រ៉ុង ឈុន ធ្លាប់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅឆ្នាំ ២០២០ ពីបទញុះញង់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។ ប៉ុន្តែលោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅឆ្នាំ ២០២១ តាមការសម្រេចរបស់សាលាឧទ្ធរណ៍ដែលសម្រេចព្យួរទោសសេសសល់របស់លោក៕