«យុត្តិធម៌ត្រូវតែមាន យុត្តិធម៌ត្រូវតែមាន យុត្តិធម៌ត្រូវតែមាន... » នេះជាសម្រែកដែលលាន់ឮចេញពីធម្មយាត្រាថ្មើរជើងស្តីពី«សីលធម៌សង្គម» របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានចាប់ផ្តើមចេញដំណើរនៅថ្ងៃពុធនេះពីរូបសំណាកលោកយាយពេញ ក្បែរវត្តភ្នំ ឆ្ពោះទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់។
ធម្មយាត្រានេះមានអ្នកចូលរួមដំណើរប្រមាណ៥០នាក់ ដែលនាំមុខដោយទីប្រឹក្សាគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន ហើយអ្នកហែខ្លះបានកាន់បដារំលេចពាក្យ«ធម្មយាត្រាស្តីពីការលើកកម្ពស់សីលធម៌សង្កម»។ អ្នកដង្ហែធម្មយាត្រាខ្លះទៀតបានស្រែកទាមទារឲ្យមានការផ្តល់នូវយុត្តិធម៌សង្គម និងទាមទារឲ្យដោះលែងសកម្មជនសង្គម និងអ្នកនយោបាយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារជាដើម។ ព្រឹត្តិការណ៍ដែលកម្រកើតមាននេះត្រូវបានឃ្លាំមើលដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរផងដែរ។
មុនពេលរៀបចេញដំណើរធម្មយាត្រានេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងថា ធម្មយាត្រានេះមានបំណងជំរុញឲ្យប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាលយកចិត្តទុកដាក់លើសីលធម៌សង្គមឲ្យបានខ្ពស់ ចំពោះការប្រើប្រាស់ពាក្យសម្តី។ អ្នកស្រីបន្ថែមថា បើថ្នាក់ដឹកនាំ និងពលរដ្ឋសាមញ្ញនៅបន្តការប្រើប្រាស់ពាក្យសម្តីអសុរោះក្នុងសង្គមទៀតនោះ វាអាចធ្វើឲ្យសង្គមជាតិធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកស្រីថ្លែងថា៖ «ក្នុងនាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យើងចង់ឃើញប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ចេះរួបរួមសាមគ្គី ហើយប្រើភាសាពិរោះ គាប់ប្រសើរជាមួយគ្នាដើម្បីជាការមួយដែលធ្វើឲ្យយុវជនបន្តវេន គាត់ធ្វើតាមយើង។ បើយើងជាចាស់ទុំប្រើភាសាមិនពិរោះ ធ្វើឲ្យសង្គមជាតិយើងធ្លាក់នៅគ្រោះមហន្តរាយ»។
បើតាមសេចក្តីប្រកាសចុះថ្ងៃទី២០ ខែមករារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សីលធម៌សង្គមកម្ពុជាបានធ្លាក់ចុះដុនដាប ដែលមួយផ្នែកបណ្តាលមកពីការថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំនយោបាយដែលប្រើពាក្យមិនសមរម្យ និងមួយផ្នែកទៀតតាមការធ្វើទុក្ខបុកម្នេញ ការចាប់សកម្មជនសង្គម និងនយោបាយដាក់ពន្ធនាគារតាមតែអំពើចិត្ត។
អ្នកស្រី ង៉ែត ឃុន អាយុ៨៣ឆ្នាំអតីតសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលបានចូលរួមដង្ហែធម្មយាត្រាថ្មើរជើងនោះដែរ ប្រាប់អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិកវីអូអេថា បើទោះបីជាអ្នកស្រីមានវ័យចំណាស់ក៏ដោយ ក៏ប៉ុន្តែមិនអាចហាមចិត្តរបស់អ្នកស្រីមិនឲ្យចូលរួមធម្មយាត្រានេះបានទេ។
អ្នកស្រីថ្លែងថា៖ «ចិត្តខ្ញុំសព្វថ្ងៃ ខ្ញុំចង់ដើរដើម្បី ខ្ញុំខំតស៊ូដើម្បីឲ្យក្មេងជំនាន់ក្រោយយកគំរូតាមខ្ញុំដើម្បីជួយដល់ប្រទេសជាតិ ឲ្យបានសេរីភាព ឲ្យបានសន្តិភាពពិតប្រាកដ»។
ចំណែកលោក នី ណាក់ ម្ចាស់ទំព័រហ្វេសប៊ុក IMan KH ដែលធ្លាប់ជាប់ពន្ធនាគារចំពោះការបញ្ចេញមតិរឿងពាក់ម៉ាស់ឲ្យកូនមាន់ អំឡុងពេលមានការរីករាលដាលជំងឺកូវីដជំងឺ១៩កាលពីខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ធម្មយាត្រាថ្មើរជើងនេះនឹងរួមចំណែកដល់ការលើកកម្ពស់សីលធម៌ដែលលោកយល់ថា បានធ្លាក់ចុះដោយសារការនិយាយស្តីពីរឿងអវិជ្ជមានដែលកើតឡើងក្នុងសង្គម តែបែរជាត្រូវប្រឈមនឹងផ្លូវច្បាប់។
អ្នកចូលរួមដង្ហែធម្មយាត្រាម្នាក់ទៀតគឺសកម្មជនបរិស្ថាន លោក ថុន រដ្ឋា ដែលធ្លាប់ជាប់ពន្ធនាគារនិងកំពុងមានក្តីក្តាំនៅតុលាការពីបទញុះញង់ផងនោះ ចង់ឃើញប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងអាជ្ញាធរពោរពេញដោយក្រមសីលធម៌ខ្ពស់ចំពោះការប្រើពាក្យពេចន៍ និងកាយវិការដែលជាផ្នែកមួយនៃការរក្សាអរិយធម៌ និងការរីកចម្រើនរបស់ប្រទេសជាតិ។
លោកថ្លែងថា៖ «គោលបំណងរបស់យើងចង់បានគឺពលរដ្ឋមានសីលធម៌ក្នុងការនិយាយស្តី។ សីលធម៌ប្រទេសកម្ពុជានឹងកើនប្រសិទ្ធភាពឡើង និងចាប់ផ្តើមវិវឌ្ឍទៅជាជាតិសាសន៍មួយ ដែលមានអរិយធម៌ខ្ពស់ ជាតិសាសន៍មួយដែលមានពាក្យសម្តីផ្អែមល្ហែមប្រកបដោយក្រមសីលធម៌ហ្នឹង»។
លោកបន្ថែមថា៖ «អ៊ីចឹងនៅពេលដែលយើងមានការជជែកមានក្រមសីលធម៌ខ្ពស់ យើងនឹងទទួលបានដំណោះស្រាយដែលល្អប្រសើរជាជាងយើងប្រើពាក្យសម្តីអសុរោះ គឺលទ្ធផលដែលទទួលបាន យើងដឹងហើយថា មានតែភាពឈឺចាប់ ហើយនឹងការគុំកួនស្អប់គ្នាទៅវិញទៅមក»។
អំឡុងពេលនៃការធ្វើធម្មយាត្រាថ្មើរជើងនេះ លោក ថុន រដ្ឋា ជឿថា លោកអាចដើរក្នុងរយៈពេលប្រមាណ១០ថ្ងៃនេះ ពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដោយសារតែថាមពលដែលបានមកពីកម្លាំងចិត្ត និងភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ។
យ៉ាងណាក៏ដោយ មុនពេលចាប់ផ្តើមធ្វើធម្មយាត្រានេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយព្រមានចាត់វិធានការច្បាប់លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន និងការដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំទៅក្រសួង។
ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងមហាផ្ទៃអះអាងថា សមាគមធ្លាប់បានដឹកនាំបាតុកម្មមួយដែលខុសច្បាប់កាលពីខែធ្នូ ឆ្នាំមុន នៅតំបន់ទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ។ នៅពេលនោះ ក្រសួងមហាផ្ទៃថា សមាគមបានហែក្បួនដោយគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញដើម្បីនាំញត្តិទៅតុលាការក្រុងភ្នំពេញ និងសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការឃុំខ្លួនសកម្មជនសហជីព និងអ្នកមានទស្សនៈផ្ទុយពីរដ្ឋាភិបាល ហើយនឹងការបើកលម្ហសេរីភាពឡើងវិញ មុនការបោះឆ្នោតជាតិឆ្នាំ២០២៣។
ត្រឡប់មកការធ្វើធម្មយាត្រាដែលមានរយៈពេល១០ថ្ងៃនោះ លោករ៉ុង ឈុនថា មូលហេតុដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសម្រេចចិត្តធ្វើធម្មយាត្រាពីរូបសំណាក់លោកយាយពេញទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំងមឿងនោះ គឺដោយសារលោកឧកញ៉ា ឃ្លាំងមឿងជាគំរូមួយ ដែលហ៊ានលះបង់ខ្ពស់ដើម្បីជាតិ និងបុព្វហេតុជាតិ ហើយការដើរថ្មើរជើងនេះគឺចង់បង្ហាញពីការលះបង់ដើម្បីស្វែងរកសេចក្តីសុខជូនជនរួមជាតិ និងប្រជាពលរដ្ឋទូទៅ។
លោកថ្លែងថា៖ «យើងជ្រើសរើសយកកន្លែងរូបសំណាកលោកឧកញ៉ាលោកតាឃ្លាំងមឿង។ កន្លែងហ្នឹងឥស្សជនជាច្រើនហាក់បីមើលរំលង។ ដូច្នេះបើយើងមើលប្រវត្តិសាស្ត្រលោកតាឃ្លាំងមឿង គាត់មានស្នាដៃ ហើយលះបង់ខ្ពង់ដើម្បីជាតិ ដើម្បីបុព្វហេតុជាតិ ដូច្នេះហើយបានជាយើងកំណត់យកកន្លែងហ្នឹង ជាទីសក្ការៈដើម្បីធ្វើពិធីសាសនាពេលដែលយើងទៅដល់ទីនោះ»។
លោកបន្ថែមថា៖ «ការណ៍ដែលយើងដើរថ្មើរជើង យើងចង់បង្ហាញពីការលះបង់ ចង់បង្ហាញអំពីការលះបង់សេចក្តីសុខរបស់យើង ដើម្បីស្វែងរកសីលធម៌សង្គម ដើម្បីស្វែងរកសេចក្តីសុខ[ជូន] ជនរួមជាតិទាំងអស់គ្នា»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងមហាផ្ទៃបានណែនាំទៅអាជ្ញាធរតាមខេត្ត ដែលមានការដង្ហែធម្មយាត្រាឆ្លងកាត់នោះ ឲ្យជួយសម្រួល និងរៀបចំសណ្តាប់ធ្នាប់ទៅតាមអ្វីដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំនោះរួចហើយ។ ដោយឡែកលោកស្នើឲ្យសមាគមអនុវត្តទៅតាមការស្នើសុំរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទាក់ទងសកម្មភាព និងចំនួនអ្នកចូលរួម។
លោកថ្លែងថា៖ «សុំផ្តាំផ្ញើថា គាត់សុំហែតែ៥០នាក់ទេ តាមពិតវាត្រូវមានកំណត់ហេតុដែរ ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន។ ចំនួនប៉ុណ្ណឹងដូចការណែនាំរបស់ក្រសួងមហាផ្ទៃអ៊ីចឹង។ ហើយសូមឲ្យអាជ្ញាធរខេត្តអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ តាមលិខិតរបស់ក្រសួង»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត កត់សម្គាល់ថា ការធ្វើធម្មយាត្រានេះជាសារមួយដែលមានប្រសិទ្ធភាព ដើម្បីផ្សព្វផ្សាយទៅប្រជាពលរដ្ឋឲ្យយល់ដឹងពីក្រមសីលធម៌សង្គម ជាពិសេសដាស់តឿនទៅអ្នកនយោបាយឲ្យមានភាពចាស់ទុំខាងផ្នែកនយោបាយ ឈប់ប្រើប្រាស់ពាក្យអសុរោះ ដោយងាកមកគោរពក្រមសីលធម៌សង្គម ដើម្បីឈានទៅប្រកួតប្រជែងនយោបាយដោយស្មើមុខស្មើមាត់គ្នាក្នុងពេលបោះឆ្នោតខាងមុខ។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានជាក្រុមគ្រូបង្រៀនសុខចិត្តធ្វើធម្មយាត្រានេះ ដើម្បីបង្ហាញថា ឲ្យអ្នកនយោបាយមានភាពចាស់ទុំ ហើយងាកមករកក្រមសីលធម៌ និងតាមវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះមុខច្បាប់។ អ្នកឈ្នះគឺឈ្នះអ្នកចាញ់គឺដោយអហិង្សា»។
គួររំឭកថា កាលពីឆ្នាំ២០១៣ ជនរងគ្រោះដោយសារជម្លោះដីធ្លី មន្ត្រីសហជីព សកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់បានធ្វើធម្មយាត្រានិងសិទ្ធិយាត្រាពីបណ្តាខេត្តនានាឆ្ពោះមករាជធានីភ្នំពេញដើម្បីបុព្វហេតុនៃការលើកកម្ពស់សិទ្ធិមនុស្ស។ ធម្មយាត្រាកាលពីពេលនោះបានគ្រោងហែកាត់ខេត្តយ៉ាងតិចចំនួន១២ ក្នុងនោះមានខេត្តកំពង់ធំ ពោធិ៍សាត់ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាលកំពង់ស្ពឺ តាកែវ និងខេត្តកំពង់ឆ្នាំងជាដើម៕