ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម


រូប​ឯកសារ៖ បុរស៤នាក់ ឈរកាន់បដាពាក្យស្លោក នៅក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)
រូប​ឯកសារ៖ បុរស៤នាក់ ឈរកាន់បដាពាក្យស្លោក នៅក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)

លោក​ ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ហែ​ធម្មយាត្រា​ពី​រាជធានីភ្នំពេញ​ ឆ្លងកាត់​ខេត្ត​នានា​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ណែនាំ​ឲ្យ​សមាគមអនុវត្ត​តាម​វិធានការ​សុខាភិបាល ដែល​មាន​ជា​ធរមានដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លង​នានា។

សមាគម​គ្រូបង្រៀន​កម្ពុជា​គ្រោង​ធ្វើការ​ដង្ហែ​ធម្មយាត្រា​នេះ​ នៅថ្ងៃទី​ ១ ខែកុម្ភៈ​ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​ ដែល​សមាគម​យល់​ថា​ បាន​ធ្លាក់​ចុះគួរ​ឱ្យ​កត់​សម្គាល់​ នៅ​ពេល​មាន​ការ​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ​ពី​សំណាក់​អ្នកដឹកនាំ​ដែល​ជា​អ្នក​នយោបាយ។

លិខិត​របស់​លោក​ ស ខេង ចុះថ្ងៃ​ ២៦ ខែ​មករា ឆ្នាំ​ ២០២៣ នេះ​ ដែល​ផ្ញើជូន​ប្រធានសមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក​ ឆាយ៉ាវី បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ស្រី​ប្រធាន​ថា ក្រសួង​មហា​ផ្ទៃ អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ដង្ហែ​ធម្មយាត្រា​មាន​អ្នកចូលរួម​ប្រមាណ​ ៥០ នាក់​ នៅថ្ងៃទី​ ១ ខែកុម្ភៈ​ ឆ្នាំ​ ២០២៣​ ចាប់​ពី​វេលាម៉ោង​ ៧​និង​៣០​នាទី​ព្រឹក​ ដោយ​ចេញ​ដំណើរ​ពី​រាជធានី​ភ្នំ​ពេញ ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់​ ឆ្លងកាត់​ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​កំពង់​ឆ្នាំង»។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ដាក់​លិខិតជូន​ក្រសួង​មហាផ្ទៃ​កាលពី​ពាក់​កណ្តាល​ខែមករា ឆ្នាំ​ ២០២៣​ ដើម្បី​ស្នើ​សុំ​ធ្វើ​ការហែក្បួន​ដោយ​ថ្មើរជើង​ពី​ចំណុច​រូប​សំណាក​យាយពេញ ក្បែរ​វត្តភ្នំ​ សំដៅ​ទៅ​បូជីយដ្ឋាន​ប្រវត្តិសាស្ត្រ​លោក​ឧកញ៉ា​ឃ្លាំង​មឿង​ ក្នុង​ខេត្ត​ពោធិ៍សាត់។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ស្រី អ៊ុក​ ឆាយ៉ាវី បាន​ទេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

មេ​ដឹក​នាំ​សហជីព ​និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ លោក​ រ៉ុង ឈុន សាទរ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ​ដែល​អនុញ្ញាត​ឱ្យ​សមាគម​ដង្ហែ​ធម្មយាត្រា​ថ្មើរ​ជើង ដែល​អាច​មាន​រយៈពេល​ ១០ ថ្ងៃ។​

មេដឹកនាំ​សហជីព​រូបនោះ ក៏​អំពាវ​នាវទៅ​កាន់​ប្រជា​ពលរដ្ឋ​ឱ្យចូលរួម​ធម្មយាត្រា​នេះ​ឱ្យ​បានច្រើន ​ដើម្បី​ចូល​រួម​គ្នា​លើក​កម្ពស់​សីលធម៌សង្គម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ព្រោះ​សីលធម៌​សង្គម​បច្ចុប្បន្នបាន​ធ្លាក់ចុះ​ ដូច​ជា​តាមរយៈ​ការ​ប្រើ​ពាក្យ​អសុរោះ​របស់​ថ្នាក់​ដឹកនាំ​នយោបាយ​ ការ​ធ្វើទុក្ខបុក​ម្នេញ​និង​ចាប់​សកម្មជន​សង្គម​និងនយោបាយដាក់​ពន្ធនាគារ​ជា​ដើម៕

XS
SM
MD
LG