ក្រសួងអប់រំបានសម្រេចលុបឈ្មោះលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលមកពីកូតាគណបក្សសង្គ្រោះជាតិចេញពីក្របខណ្ឌដើមដោយហេតុផលថា លោកមិនបានចូលធ្វើការក្នុងនាមជាមន្ត្រីរាជការមួយរូបទេ។
នៅក្នុងប្រកាសរបស់ក្រសួងដែលចុះហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកាលពីថ្ងៃទី៣០ ខែមករា បានផ្អែកលើហេតុផលថា លោក រ៉ុង ឈុន បានអវត្តមានពីការងារដោយ«គ្មានច្បាប់អនុញ្ញាត»តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨មក។
លោក រ៉ុង ឈុន ធ្លាប់បានបម្រើការងារនៅក្នុងនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡានៅមុនពេលដែលលោកបានព្យួរការងារទៅបម្រើជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០១៥។ បន្ទាប់មកលោក រ៉ុង ឈុន បានលាឈប់ពីស្ថាប័នរៀបចំការបោះឆ្នោតនេះកាលពីខែវិច្ឆិកាឆ្នាំមុនដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូលដែលរំលាយគណបក្សសង្គ្រោះជាតិ។
លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ VOA ថា លោកទើបតែទទួលបានប្រកាសសម្រេចរបស់ក្រសួងនៅថ្ងៃច័ន្ទទី៥ខែកុម្ភៈនេះហើយលោកចាត់ទុកថាការសម្រេចនេះគឺជាការរើសអើងនិងសងសឹកដោយសារតែសកម្មភាពសហជីពរបស់លោកក្នុងពេលអតីតកាល។
«ពីព្រោះកន្លងមកយើងបានធ្វើការងារសមាគមហើយយើងបានទាមទារជាច្រើនជាមួយក្រសួងអប់រំឱ្យធ្វើកំណែទម្រង់ទាក់ទងនឹងការលើកកម្ពស់គុណភាពអប់រំ ទាក់ទងនឹងលក្ខខណ្ឌការងារគ្រូបង្រៀនក៏ដូចជាអំពើពុករលួយនៅក្នុងវិស័យសិក្សាធិការជាតិ»។
បន្ទាប់ពីលាឈប់ពីគ.ជ.ប លោក រ៉ុង ឈុន បានដាក់ពាក្យសុំចូលធ្វើការងារវិញកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨ដើម្បីចូលបម្រើការងារនៅថ្ងៃទី០១ខែកុម្ភៈ។ ពាក្យសុំរបស់លោកត្រូវបានប្រធាននាយកដ្ឋានគឺបណ្ឌិត ច័ន្ទ រ័ត្ន និងលោក ម៉ក់ ងយ អគ្គនាយកទទួលយល់ព្រមមុននឹងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំសម្រេចជាចុងក្រោយ។
នៅក្នុងប្រកាសរបស់ក្រសួងអប់រំកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៥ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានតម្រូវឱ្យលោក រ៉ុង ឈុន ត្រូវដាក់ពាក្យមកធ្វើការកន្លែងដើមវិញនៅពេលចប់ភារកិច្ចហើយថែមទាំងបញ្ជាក់ថា លោក«មានសិទ្ធិទទួលការឡើងថ្នាក់ឬឋានន្តរសក្ដិនិងរក្សាអតីតភាពការងារ»សម្រាប់ការទទួលសោធននិវត្តន៍នៅក្រសួងអប់រំផងដែរ។
លោក រ៉ុង ឈុន បានបញ្ជាក់បន្ថែមថា៖
«ប៉ុន្តែដោយឡែកវាផ្ទុយពីការអនុវត្តផ្ទុយពីប្រកាសដែលឱ្យខ្ញុំទៅធ្វើនៅស្ថាប័នថ្មីហើយនៅក្នុងប្រកាសដែលឱ្យខ្ញុំឈប់ហ្នឹងក៏មិនកំណត់ថា ត្រូវតែចូលមកវិញបន្ទាប់ពីឈប់ពីការងារគ.ជ.បប៉ុណ្ណេះឬប៉ុណ្ណាទេគឺអត់មានចង្អុលបង្ហាញអ្វីទាំងអស់»។
លោក រ៉ុង ឈុន បានចាត់ទុកការសម្រេចរបស់ក្រសួងនៅពេលនេះថា ជាការរំលោភនិងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការដែលតម្រូវឱ្យមានការកោះហៅទៅក្រើនរំលឹកមួយដងឬពីរដងមុននឹងលុបឈ្មោះចេញហើយថាលោកនឹងដាក់ពាក្យបណ្តឹងទៅសមាគមគ្រូបង្រៀនឯករាជ្យដែលជាសមាគមលោកបានបង្កើតនិងធ្លាប់ដឹកនាំនិងទៅស្ថាប័នអន្តរជាតិ។
ក្រសួងអប់រំនៅមិនទាន់មានការបញ្ជាក់បន្ថែមអ្វីទេហើយ VOA មិនទាន់អាចទាក់ទងលោករដ្ឋមន្ត្រីក្រសួងអប់រំបាននៅឡើយទេ៕