ប្រទេសអ៊ីតាលីបានស្នើឲ្យមានការវាយប្រហារដែលមានគោលដៅមួយទៅលើពួកអ្នករត់ពន្ធមនុស្សក្នុងប្រទេសលីប៊ីដើម្បីជាការឆ្លើយតបទៅនឹងការហូរចូលជនអន្តោប្រវេសន៍មកកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់់ខ្លួន។ ក្រុមអ្នកជួយសង្រ្គោះនៅតែស្វែងរកអ្នកដែលនៅមានជីវិត និងសាកសព បន្ទាប់ពីការក្រឡាប់កប៉ាល់ដែលដឹកជនអន្តោប្រវេសន៍ចំនួន៩រយនាក់ កាលពីថ្ងៃអាទិត្យ។ គ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយនេះដែលមិនធ្លាប់មាននៅក្នុងកំណត់ត្រា បានធ្វើឲ្យសហភាពអឺរ៉ុបបើកការប្រជុំបន្ទាន់មួយនៅក្នុងសប្តាហ៍នេះដើម្បីដោះស្រាយបញ្ហានេះ។
កប៉ាល់សង្រ្គោះបានត្រឡប់ទៅដល់កំពង់ផែដែលពោរពេញទៅដោយនាវាដឹកទំនិញម្តងមួយៗ។ នៅឯចំណតក្នុងកំពង់ផែនៃក្រុងវ៉ាឡែត (Valleta) ប្រទេសម៉ាល់ត៍ (Malta) មានឡានសម្រាប់ដឹកសាកសពតម្រៀបគ្នាជាជួររង់ចាំ និងត្រៀមខ្លួនទទួលសាកសពទាំង២៤នាក់ដែលស្ថិតនៅលើនាវានោះ។ នេះគ្រាន់តែជាចំនួនតូចមួយនៃមនុស្សទាំងអស់ដែលគេប៉ាន់ស្មានថាមានចំនួន៧៥០នាក់ដែលបានលង់ទឹកស្លាប់ក្នុងប្រទេសលីប៊ីកាលពីថ្ងៃអាទិត្យ។ នៅលើនាវានោះ អ្នករស់រានមានជីវិតសម្លឹងមើលសាកសពដែលត្រូវបានគេសែងចេញ។
នៅខណៈលោកធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍សមភាគីម៉ាល់ត៍ក្នុងទីក្រុងរ៉ូម (Rome) នាយករដ្ឋមន្រ្តីអ៊ីតាលី Matteo Renzi បានប្រៀបធៀបការរត់ពន្ធជនអន្តោប្រវេសន៍ទៅនឹងការជួញដូរទាសករនៅអាហ្រ្វិកដែលកើតឡើងជាប្រវត្តិសាស្រ្ត ហើយបានស្នើឡើងវិធានការមិនជាក់លាក់ដើម្បីប្រឆាំងនឹងក្រុមអ្នកជួញដូរទាំងនោះនៅក្នុងប្រទេសលីប៊ី។
លោកនិយាយថា លក្ខខណ្ឌដើម្បីទទួលបានសន្តិភាពតាមរយៈអន្តរាគមន៍យោធាក្នុងប្រទេសលីប៊ីនៅពេលនេះ មិនអាចសម្រេចបានទេ។ ក៏ប៉ុន្តែលោកបានបន្ថែមថា ពួកគេបានពិភាក្សាអំពីអន្តរាគមន៍មួយមានគោលដៅបំផ្លាញសកម្មភាពឧក្រិដ្ឋដែលកំពុងកើតមានហួសពីការគ្រងរបស់ពួកគេ។
នៅចម្ងាយ២រយគីឡូម៉ែត្រភាគខាងត្បូងកោះ Lampedusa របស់ប្រទេសអ៊ីតាលី ការរុករកនៅតែបន្តនៅឡើយ ក៏ប៉ុន្តេ ក្តីសង្ឃឹមថាពួកគេអាចរកឃើញអ្នកនៅមានជីវិតបន្ថែមទៀតនោះ មានកាន់តែតិចទៅៗ។ អ្នករួចជីវិតពីឧប្បទ្វហេតុនោះនិយាយថា មនុស្សរាប់រយនាក់ត្រូវជាប់នៅផ្នែកខាងក្រោមនៃនាវានោះ។
នៅក្នុងឆ្នាំនេះ ជនអន្តោប្រវេសន៍ច្រើនជាង២ម៉ឺន១ពាន់នាក់ បានទៅដល់ឆ្នេរសមុទ្រនៃប្រទេសក្នុងសហភាពអឺរ៉ុបរួចទៅហើយ។ មនុស្សច្រើនជាង១ពាន់៦រយនាក់ត្រូវគេគិតថាបានស្លាប់បាត់បង់ជីវិត។ លោក Andrej Maheric បេសកជនជាន់ខ្ពស់សម្រាប់ជនភៀសខ្លួនរបស់អ.ស.បនិយាយថា ចំនួននេះបានបង្ហាញថា មនុស្សនឹងប្រថុយជីវិតរបស់ពួកគេទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។
សោកនាដកម្មជាច្រើនមិនមែនកើតឡើងតែទៅលើប្រទេសអ៊ីតាលីនោះទេ។ នៅក្នុងប្រទេសក្រិកឯណោះវិញ មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ រួមមានក្មេងម្នាក់ផងដែរ បន្ទាប់ពីកប៉ាល់ដឹកអ្នកចំណាក់ស្រុកមួយបានបុកថ្មក្នុងឆ្នេរសមុទ្រ Rhodes។ ក្រុមអ្នកស្រុកក្នុងមូលដ្ឋានបានប្រជ្រៀតគ្នាជួយយកអ្នកដំណើរទាំងនោះទៅទីមានសុវត្ថិភាព។ ក្រុមអ្នកចំណាកស្រុកនិយាយថា នៅពេលទឹកសមុទ្រមានភាពស្ងប់ស្ងាត់នៅក្នុងរដូវក្តៅនេះ នឹងមានកប៉ាល់ជាច្រើនធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ