អតិថិជនបាននាំគ្នាមកទិញទំនិញដើម្បីស្តុកទុកយ៉ាងច្រើនកុះករ។
អ្នកស្រី Stannard ថ្លែងថា៖ «យើងដឹងថា វានឹងមានហានិភ័យខ្ពស់បន្តិចហើយ ដែលមានមនុស្សជាច្រើននៅក្នុងផ្សារ។ យើងចង់ឲ្យអ្នកខ្លះនៅខាងក្រៅហាង»។
ប៉ុន្តែអ្នកស្រីក៏ចង់បន្តលក់គ្រឿងទេសផងដែរ។
ដូច្នេះអ្នកស្រីបានងាកទៅប្រើប្រាស់បច្ចេកវិទ្យា Starship ដែលប្រើប្រាស់រូបយន្ត ឬរ៉ូបតដឹកទំនិញ។
អ្នកស្រីថ្លែងថា៖ «រ៉ូបតទំនងជាជម្រើសដ៏ល្អ»។
នៅពេលដែលការប្រាស្រ័យទាក់ទងរវាងមនុស្សនិងមនុស្សត្រូវបានគេចាត់ទុកថាបង្កគ្រោះថ្នាក់ដល់សុខភាព រូបយន្តប្រហែលជាមានប្រយោជន៍ជាងពេលណាៗទាំងអស់។ បើទោះបីជាសក្តានុពលរបស់រូបយន្តធំធេងក៏ដោយ ក៏រូបយន្តមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលយកតួនាទីនេះនៅឡើយទេ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកជំនាញ។
អ្នកល្បីក្នុងស្រុក
នៅក្នុងតំបន់រស់នៅក្បែរផ្សារ Broad Branch រ៉ូបតបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Starship បានក្លាយជាតារាល្បី។ គ្រប់ទីកន្លែងដែលវាទៅដល់ មនុស្សម្នានាំគ្នាឈប់ ដើម្បីថតរូបនិងវីដេអូជាមួយនឹងរ៉ូបតដែលមានកង់៦ ពណ៌ស និងមានធុងទឹកកកនៅតាមផ្លូវ។
រ៉ូបតទាំងនោះជួយផ្សាយពាណិជ្ជកម្មបានល្អ ប៉ុន្តែមិនបានជួយស្រោចស្រង់អាជីវកម្មរបស់អ្នកស្រីនោះទេ។ អ្នកស្រីថ្លែងថា៖ «ប្រាក់ចំណូលមិនគ្រាន់អាចទ្រទ្រង់អាជីវកម្មបាននោះទេ ក្នុងគ្រានេះ»។
ប៉ុន្តែអ្នកស្រីថ្លែងថា ពួកគេបានជួយច្រើន។ បើមិនមានរ៉ូបតទាំងនេះទេ វានឹងកាន់តែពិបាកជាងនេះ គឺត្រូវប្រើប្រាស់ឡានច្រើនដើម្បីដឹកទំនិញ»។
ហើយអតិថិជនសប្បាយចិត្តដែលរ៉ូបតអាចឲ្យពួកគេរក្សាគម្លាតពីមនុស្ស។
លោកRob Okum ដែលជាអតិថិជនមួយរូបថ្លែងថា៖ «ខ្ញុំចូលចិត្តត្រង់ថា រ៉ូបតនោះនឹងយកទំនិញឲ្យខ្ញុំដល់ផ្ទះ ហើយខ្ញុំមិនចាំបាច់ចេញទៅផ្សារនោះទេ។ វាងាយស្រួលណាស់ ហើយធ្វើឲ្យខ្ញុំមានសុវត្ថិភាពជាងមុនច្រើនព្រោះខ្ញុំអាចរក្សាគម្លាតពីអ្នកដទៃបាន»។
នៅកន្លែងផ្សេងទៀត រ៉ូបតរបស់ក្រុមហ៊ុន Starship កំពុងដឹកម្ហូបអាហារចេញពីភោជនីយដ្ឋានដល់ផ្ទះ។ ក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុន Kiwibot ក្រុមហ៊ុន Postmates និងក្រុមហ៊ុន Amazon ជាដើម ក៏កំពុងប្រើប្រាស់រ៉ូបតដើម្បីដឹកទំនិញដល់ផ្ទះអតិថិជនផងដែរ។
ទោះបីពេលនេះ ហាក់ដូចជាឱកាសល្អសម្រាប់អាជីកម្មបែបនេះក្តីក៏អាជីវកម្មដឹកជញ្ជូនដោយស្វ័យប្រវត្តិបែបនេះមិនរីកចម្រើនដែរ។
លោក Jeff Burnstein ប្រធានសមាគមជំរុញពាណិជ្ជកម្មវិស័យស្វ័យប្រវត្តិកម្មថ្លែងថា៖ «មានការប្រើប្រាស់រ៉ូបតច្រើននាពេលបច្ចុប្បន្ននេះ ប៉ុន្តែខ្ញុំមិនឃើញមានការរីកលូតលាស់ក្នុងការប្រើប្រាស់រ៉ូបតខ្លាំង [សម្រាប់ការដឹកជញ្ជូនបែប] នេះទេ»។
ការដឹកទំនិញដល់ផ្ទះដោយប្រើប្រាស់រ៉ូបតមានប្រើប្រាស់តែនៅក្នុងតំបន់តូចៗមួយចំនួនដែលផ្លូវដើរនិងដងផ្លូវរាបស្មើ ហើយក្រុមអាជ្ញាធរមូលដ្ឋានមិនប្រកាន់ឲ្យពួកគេដើរលើផ្លូវដើរជាមួយមនុស្ស។ លោក Burnstein ថ្លែងថា មានវិធីជាច្រើនដើម្បីដឹកទំនិញដល់ផ្ទះអតិថិជន។
ភាពកខ្វក់ និងគ្រោះថ្នាក់
លោក Burnstein ថ្លែងថា រ៉ូបតតតែងតែសក្តិសមនឹងការងារណាដែលភាពកខ្វក់និងគ្រោះថ្នាក់ ហើយការរាលត្បាតនៃជំងឺកូវីដ១៩កំពុងផ្តល់ឱកាសថ្មីមួយចំនួន។
រ៉ូបតបាញ់ថ្នាំសម្លាប់មេរោគកំពុងកម្ចាត់មេរោគនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសប៊ែលហ្ស៊ិកនិងកំពុងកម្ចាត់មេរោគនៅតាមស្ថានីយរថភ្លើងក្រោមដីនៅទីក្រុងហុងកុង។
លោក Burnstein បានថ្លែងថា៖ «ប្រសិនបើអ្នកនៅក្នុងមន្ទីរពេទ្យ ការិយាល័យ ឬឃ្លាំងទំនិញ អ្នកប្រហែលចង់ឲ្យរ៉ូបតធ្វើការងារកម្ចាត់មេរោគ។ ការធ្វើដូច្នេះជួយឲ្យមនុស្សមិនចាំបាច់ចូលទៅទីនោះដើម្បីកម្ចាត់មេរោគទេ។ រ៉ូបតជួយធ្វើឲ្យវាមានសុវត្ថិភាព មុននឹងមនុស្សចូលទៅធ្វើការ»។
រ៉ូបតកំពុងជួយដល់បុគ្គលិកពេទ្យឲ្យនៅមានសុខភាពល្អ ដោយរ៉ូបតជួយដាក់កម្រិតលើការប្រាស្រ័យទាក់ទងរវាងពេទ្យនិងអ្នកជំងឺដែលឈឺ។
ពួកគេអាចយកម្ហូបនិងថ្នាំពេទ្យដល់អ្នកជំងឺនៅក្នុងប្រទេសឥណ្ឌានិងថៃ។
នៅក្នុងប្រទេសអ៊ីតាលី រ៉ូបតដែលមានបំពាក់ម៉ាស៊ីនថតរូប និងអេក្រង់ touchscreen ស្ថិតនៅក្បែរគ្រែអ្នកជំងឺ ដោយមើលអ្នកជំងឺ ដូច្នេះគ្រូពេទ្យអាចរក្សាគម្លាតពីអ្នកជំងឺ។
ការប្រើប្រាស់នៅមានកម្រិត
ប៉ុន្តែ នេះនៅគ្រាន់តែជាឧទាហរណ៍តិចតួចតែប៉ុណ្ណោះ។ ក្រុមអ្នកជំនាញថ្លែងថា រ៉ូបតអាចធ្វើបានច្រើនជាងនេះឆ្ងាយណាស់។
លោក Howie Choset សាស្ត្រាចារ្យផ្នែកការសិក្សារ៉ូបតនៅឯសាកលវិទ្យាល័យ Carnegie Mellon ថ្លែងថា៖ «រ៉ូបតមានសក្តានុពលជាច្រើន។ ប៉ុន្តែជាអកុសល យើងមិនមានធនធានគ្រប់គ្រាន់ដើម្បីបង្កើតនូវរ៉ូបតដែលយើងត្រូវការសម្រាប់ការរាលត្បាតនៃជំងឺកូវីដ១៩ក្នុងពេលឥឡូវនេះទេ»។
លោក Choset ថ្លែងថា ចំណាប់អារម្មណ៍ក្នុងការបង្កើតរ៉ូបតនេះមិនទៀងទាត់ក្នុងគ្រាវិបត្តិចុងក្រោយនេះ។ លោកថ្លែងថា ឧទាហរណ៍ ក្រុមស្រាវជ្រាវរបស់លោកបានបង្កើតរ៉ូបតរាងដូចពស់ ដែលអាចចូលទៅកន្លែងចង្អៀត ដើម្បីស្វែងរកជនរងគ្រោះពីការបាក់អគារ។ វាបានជួយដល់ក្រុមកាកបាទក្រហមនៅទីក្រុង Mexico City ក្រោយមានគ្រោះរញ្ជួយដីឆ្នាំ២០១៧។
លោកបានថ្លែងថា៖ «ប៉ុន្តែយើងពេលនោះផលិតវាពេលមានថវិកាតិចតួច។ រ៉ូបតមិនមានគេប្រើប្រាស់រហូតដល់មានគ្រោះរញ្ជួយដី ទើបម្នាក់ៗចង់បានរ៉ូបតនោះ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមកម្នាក់ៗភ្លេចរ៉ូបតនោះបាត់»។
លោក Choset បានថ្លែងថា គេត្រូវអភិវឌ្ឍរ៉ូបតបន្ថែមទៀត ប៉ុន្តែពិបាករកថវិកាមកផលិតវាណាស់។
មិនមែនតែក្នុងវិស័យសិក្សាទេដែល រ៉ូបតមានការខ្វះខាត គឺឧស្សាហកម្មរ៉ូបតទាំងមូលតែម្តងដែលកំពុងខ្វះខាតថវិកា។
អ្នកស្រី Andra Keay នាយកគ្រប់គ្រងក្រុមហ៊ុនរ៉ូបតSilicon Valley Roboticsថ្លែងថា៖ «យើងឃើញក្រុមហ៊ុនរ៉ូបតនានាបិទទ្វារ ជាពិសេសកាលពីឆ្នាំមុន ដោយសារតែពួកគេឆាប់ចូលទីផ្សារពេក»។
ក្រុមអ្នកវិនិយោគកំពុងស្វែងរកចំណូលមកវិញឲ្យឆាប់ ប៉ុន្តែក្រុមហ៊ុនជាច្រើនមិនទាន់ចំណេញមកវិញនោះទេ។ វាត្រូវការពេលប្រហែល១០ទៅ១៥ឆ្នាំ មុននឹងពួកគេអាចធ្វើឲ្យបច្ចេកវិទ្យានិងម៉ូឌែលពាណិជ្ជកម្មរបស់ពួកគេល្អឥតខ្ចោះ។
អ្នកស្រីថ្លែងថា៖ «យើងត្រូវការភាពអត់ធ្មត់ ក្នុងគ្រាដែលមានរ៉ូបតជំនាន់ថ្មីនេះ»។
ទោះជាយ៉ាងនេះក្តី សម្រាប់ពេលឥឡូវនេះ អ្នកធ្វើការជាមនុស្សយន្ត ឬរ៉ូបតទាំងនេះមានតែនៅពេលអនាគតទេ។
អ្នកស្រីថ្លែងថា៖ «នេះជាឱកាសមាសសម្រាប់វិស័យរ៉ូបតមែន។ ប៉ុន្តែយើងអាចប្រើបានតែរ៉ូបតណាដែលយើងមានស្រាប់»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា