មនុស្សយន្ត​ធ្វើ​ការ​ជំនួស​មនុស្ស​មិនមែន​ជារឿង​ថ្មីទេ

នេះ​ជា​មនុស្សយន្ត​ដែល​គេ​ប្រើប្រាស់​នៅ​ក្នុង​រដ្ឋ California។ មនុស្សយន្ត​នេះ​មាន​អាវ​ក្រោះ​អាកាសធាតុ និង​អាច​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់ កសិកម្ម និង​រុករក​រ៉ែ។

រាប់ចាប់​ពី​ការងារ​កាត់ស្មៅ ​និង ​ជូតកញ្ចក់​ ដល់​ការងារ​នាំ​ឥវ៉ាន់​ចែក​ចាយ​នៅ​ឯ​មន្ទីរពេទ្យ​និងសណ្ឋាគារ ​ឬ​ក៏មើល​ថែ​កូន​ក្មេង ​ហើយនឹង​មនុស្ស​ចាស់ ​មនុស្ស យន្ត​គ្រប់​ទំហំ​និង​បែប​សណ្ឋាន​អាចធ្វើ​កិច្ចការ​ដែល​មនុស្ស​ធ្វើ​ជា​ច្រើន​ឆ្នាំ​ទាំង នោះ​បាន។​ ម៉ាស៊ីន​ទាំង​នេះ​អាចធ្វើ​កិច្ចការ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ផង​ក៏​មាន។

លោក ​ស៊ីម៉ូន វ៉ាង ​(Simon Wang) ​នៃ​ក្រុមហ៊ុន ​Beijing Canny ​Unisboro Technology ​Co. Ltd បាន​ថ្លែងថា៖

«មនុស្សយន្ត​អាច​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​គ្មាន​អារម្មណ៍ ធុញទ្រាន់​ទេ។​ ជានិច្ច​ជា​កាល ​វា​ស្វាគមន៍​ដោយ​ភាព​ញញឹម‍»។

លោក​បន្ត​ថា​សមត្ថភាព​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់​គ្មាន​សម្រាក​របស់​ម៉ាស៊ីន​ ឬ​មនុស្ស​យន្ត​នេះ​ធ្វើឲ្យ​គេ​ចំណាយ​តិចជាង​ការ​ជួល​បុគ្គលិក​ជា​មនុស្ស​មក​ធ្វើការ។

លោក ​Steve Cousins​ នៃ​ក្រុមហ៊ុន ​Savioke ​ដែល​ធ្វើ​មនុស្សយន្ត ​សម្រាប់​ចែក ចាយ​ឥវ៉ាន់​ក្នុង​សណ្ឋាគារ​ និង​មន្ទីរពេទ្យ ​ហើយ​ជួល​ទៅ​ដល់​ទីផ្សារ​ពិភពលោក នោះ​ បានថ្លែង​ថា៖

«មនុស្សយន្ត​ជា​សមាជិក​ដ៏​មាន​តម្លែថោក​នៃ​ក្រុម​របស់​លោក​អ្នក​យ៉ាង​ពិត ប្រាកដ‍»។

មនុស្សយន្ត​ដែល​ផលិត​ដោយ​ប្រទេស​ចិន ហើយ​ចេះ​និយាយ​ភាសាចិន ​កុកងឺ ឈ្មោះ ​យូយូ ​ត្រូវ​គេ​ដាក់ឲ្យ​ធ្វើ​ការ​ក្នុង​ផ្នែក​សេវាកម្ម ​ឧស្សាហកម្ម​ហើយ។ ​វាចេះ រាំ ​ចេះ​និយាយ​រឿងកប្លែង ​ហើយ​និង​ផ្តល់​ព័ត៌មាន​ផង។

មនុស្សយន្ត​ចេះ​តែ​ឆ្លាត​ទៅហើយ​ សម​ដូចការ​ដែល​គេ​ដាក់សម្តែង​ នៅ​ឯ​ការ បង្ហាញ​អំពី​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិច​មួយ​កាល​ពីខែមុន។ ​កម្មវិធី​នោះ បានបង្ហាញ​អំពី​មនុស្ស​យន្តលេង​ល្បែង​រក​ពាក្យ​អង់គ្លេស ​តទល់​នឹង​មនុស្ស ហើយ​មនុស្ស​យន្ត​បាន​ឈ្នះ។

អ្នក​ខ្លះ​ថា​មនុស្សយន្ត​មិនមែន​មក​ជំនួស​ការងារ​មនុស្ស​ទេ ​តែ​ជួយ​ធ្វើការ​ដែល​ស្មុគស្មាញ​ ការងារ​ដែល​គ្មាន​អនាម័យ ​ការងារ​គ្រោះថ្នាក់ ​និង​ គ្មាន​ការ​ចាប់ អារម្មណ៍៕