លោក Biden ជារឿយៗបានដឹងថា លោកបានស្ថិតនៅក្រោមការវាយប្រហារជាច្រើនដោយគូប្រកួតប្រជែងរបស់លោក៩នាក់ទៀតនៅលើវេទិកា។ ក៏ប៉ុន្តែ លោក Biden បានធ្វើការរិះគន់តបតវិញយ៉ាងរហ័សនៅក្នុងអ្វីដែលជាការជជែកដេញដោលដោយសេរី ហើយក៏មានការលើកហេតុផលដ៏ខ្លាំងបំផុតថា លោកជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យដ៏ល្អបំផុតដើម្បីផ្តួលប្រធានាធិបតីត្រាំនៅឆ្នាំក្រោយ។
វាជារាត្រីជជែកដេញដោលដ៏ក្លៀវក្លាបំផុតនៅក្នុងទីក្រុង Detroit ដោយមានលោក Joe Biden បេក្ខជននាំមុខនៅពេលបច្ចុប្បន្ននេះ បានប្រឈមការវាយប្រហារពីគ្រប់ទិសទីមកពីគូប្រកួតប្រជែងរបស់លោកស្តីពីការថែទាំសុខភាព អន្តោប្រវេសន៍ ការប្រែប្រួលអាកាសធាតុ និងយុត្តិធម៌។

លោកស្រី Kamala Harris កំពុងស្ដាប់អតីតអនុប្រធានាធិបតី Joe Biden ថ្លែងក្នុងការជជែកដេញដោលគ្នាបឋមដែលរៀបចំដោយទូរទស្សន៍ CNN កាលពីថ្ងៃទី៣១ កក្កដា ២០១៩។
ក៏ប៉ុន្តែ លោក Biden ក៏បានវាយបកប្រឆាំងនឹងពួកអ្នករិះគន់លោក រួមមានលោកស្រី Kamala Harris សមាជិកព្រឹទ្ធសភាមកពីរដ្ឋកាលីហ្វ័រញ៉ាអំពីការប្រណាំងប្រជែងនៃផែនការថែទាំសុខភាពរបស់អស់លោក។ លោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យបានថ្លែងថា៖ «និយាយឲ្យត្រង់ទៅ លោកស្រី មិនអាចផ្តួលប្រធានាធិបតី ត្រាំ ដោយផែនការថែទាំសុខភាពជាន់គ្នាបានទេ»។
សមាជិកព្រឹទ្ធសភា Kamala Harris ជាបេក្ខជនប្រធានាធិបតីដែរនោះ បាននិយាយថា៖ «ខ្ញុំគិតថា លោក ត្រូវតែគិតឲ្យបានប្រាកដអំពីអ្វីដែលលោក កំពុងនិយាយ។ ក៏ប៉ុន្តែ លោក ត្រូវយល់ថា ពលរដ្ឋអាមេរិកាំងចង់បានការថែទាំសុខភាព ហើយគេមិនចង់បានការថែទាំសុខភាពដែលបង់ប្រាក់ច្រើនហួសនោះទេ»។
លោក Biden ក៏បានប៉ះទង្គិចពាក្យសម្តីអំពីបញ្ហាអន្តោប្រវេសន៍ជាមួយលោក Julian Castro អតីតរដ្ឋមន្រ្តីរបស់លោកអូបាម៉ាផងដែរ។ លោក Joe Biden បាននិយាយថា៖ «បើលោក អ្នក ឆ្លងកាត់ព្រំដែនខុសច្បាប់ លោក អ្នក អាចត្រូវបញ្ជូនទៅកាន់ប្រទេសលោក អ្នក វិញ។ វាជាឧក្រិដ្ឋកម្ម»។
បេក្ខជនដែលចូលរួមក្នុងការជជែកដេញដោលដើម្បីបានបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣១ កក្កដា ២០១៩។
លោក Julian Castro បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានឆ្លើយតបវិញថា៖ «លោកអនុប្រធានាធិបតី មុនដំបូង ក្នុងចំណោមគ្នាយើងខ្លះបានដឹងអំពីមេរៀនពីអតីតកាល ហើយគ្នាយើងខ្លះ មិនបានដឹង»។
លោកស្រី Kirsten Gillibrand សមាជិកព្រឹទ្ធសភាមកពីរដ្ឋញូយ៉ក បានបញ្ចេញយោបល់ប្រឆាំងនឹងលោក Biden អំពីអត្ថាធិប្បាយរបស់លោកកាលពីពេលមុនអំពីស្រ្តីនៅក្នុងទីកន្លែងធ្វើការ។ សមាជិកព្រឹទ្ធសភា Kirsten Gillibrand បានថ្លែងថា៖ «ស្រ្តីភាគច្រើន ត្រូវធ្វើការដើម្បីចិញ្ចឹមកូនរបស់ខ្លួន។ ស្រ្តីជាច្រើនចង់ធ្វើការដើម្បីជួយសហគមន៍របស់ខ្លួនដែរ។ តើលោកមិនជឿថា មានបែបនេះនៅពេលថ្ងៃនេះទេឬ? ឬ អ្វីដែលលោកចង់និយាយនោះគឺថា លោកនិយាយសម្រាប់តែនៅពេលនោះឬ?»។
លោកអនុប្រធានាធិបតី Joe Bidenឆ្លើយតបថា៖ «ខ្ញុំបានទាក់ទិនយ៉ាងខ្លាំងក្នុងការធ្វើវិសោធនកម្មប្រាក់ឈ្នួលស្មើគ្នារវាងស្រ្តីនិងបុរស។ ខ្ញុំបានទាក់ទិនយ៉ាងខ្លាំងអំពីបញ្ហាទាំងនេះ។ ខ្ញុំបានធ្វើសំណើមួយដើម្បីឲ្យមានការយកចិត្តទុកដាក់ដល់ស្រ្តីឲ្យបានសមរម្យកាន់តែខ្លាំងឡើងនៅមហាវិទ្យាល័យ។ លោកស្រីបានមកសាកលវិទ្យាល័យ Syracuse ជាមួយខ្ញុំ ហើយបាននិយាយថា វាជាការរំជួលចិត្តយ៉ាងខ្លាំងដែលស្រ្តីត្រូវបានគេយកចិត្តទុកដាក់ស្មើនឹងបុរសនោះ។ ខ្ញុំមិនដឹងថា មានអ្វីកើតមានឡើងនៅពេលដែលលោកស្រីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅពេលឥឡូវនេះទេ»។
ក៏ប៉ុន្តែ នៅពេលដែលបេក្ខជនទាំងនោះ មិនបានរិះគន់គ្នាទៅវិញទៅមក ពួកគណបក្សប្រជាធិបតេយ្យ រួមទាំងលោក Michael Bennet សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Coloradoផងដែរ បានស្វះស្វែងវាយប្រហារប្រធានាធិបតីត្រាំ ។
សមាជិកព្រឹទ្ធសភា លោក Bernie Sanders និងលោកស្រី Elizabeth Warren ថ្លែងក្នុងការជជែកដេញដោលយប់ទី១ នៃវគ្គទី២ ក្នុងការដេញដោលដើម្បីបានបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ នៅទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។
សមាជិកព្រឹទ្ធសភា Michael Bennet បានថ្លែងថា៖ យើងបានត្រូវប្រើប្រាស់ដោយប្រធានាធិបតី ត្រាំ ដែលមិនបានគិតគូអំពីកូនរបស់លោកអ្នកឬកូនរបស់ខ្ញុំទាល់តែសោះ។ លោកប្រធានាធិបតី កូនក្មេងត្រូវស្ថិតនៅក្នុងថ្នាក់រៀន មិនមែននៅក្នុងទ្រុងទេ»។
លោក Biden ក៏បានរិះគន់ប្រធានាធិបតីត្រាំអំពីអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់លោកនៅពេលថ្មីៗស្តីពីពូជសាសន៍ និងភាពចម្រុះជាតិសាសន៍។ លោកអនុប្រធានាធិបតី Biden និយាយថា៖ «លោកប្រធានាធិបតីត្រាំ ចូរយើងនិយាយឲ្យត្រង់អំពីបញ្ហានេះ។ យើងស្រឡាញ់ភាពចម្រុះខាងជាតិសាសន៍នេះ។យើង មិនទុកបញ្ហានេះទេ។យើងស្ថិតនៅទីនេះ ហើយ យើង ប្រាកដជាមិនទុកបញ្ហានេះឲ្យលោកសម្រេចតែលោកទេ»។
ការជជែកដេញដោលរបស់ពួកគណបក្សប្រជាធិបតេយ្យលើកក្រោយនៅក្នុងខែកញ្ញា ហើយនឹងអាចមានគូប្រកួតប្រជែងតិចជាងនេះនៅលើវេទិកា ពីព្រោះតែច្បាប់រឹត បណ្តឹងបេក្ខជន៕
ប្រែសម្រួលដោយជឹង ប៉ូជីន