ប៉ាន់ រិទ្ធី៖ ការ​គាំទ្រ​តាម​បណ្តាញ​សង្គម​អាច​ជួយ​ភាពយន្ត​«កង្វះ​រូបភាព»​នៅ​អូស្ការ

ទំព័រ​ហ្វេសប៊ុក​របស់​រឿង«​កង្វះ​រូបភាព»។

Your browser doesn’t support HTML5

«កង្វះ​រូបភាព»​និង​ការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា


ភ្នំពេញ៖ នៅ​ថ្ងៃ​អាទិត្យ​ទី​២​ខែ​មិនា​ខាង​មុខ​នេះ​គណកម្មការ​ពាន​រង្វាន់​ភាពយន្ត​អូស្ការ​ (Academy Awards ឬ the Oscars) នឹង​ត្រូវ​ប្រកាស​ជ័យលាភី​ពានរង្វាន់​សម្រាប់​ខ្សែ​ភាពយន្ត​ជា​ភាសា​បរទេស​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក។

នៅ​ពេល​នេះ​ខ្សែ​ភាពយន្ត​រឿង​«កង្វះ​រូបភាព»ឬ​ The Missing Picture ​របស់​ផលិតករ​កម្ពុជា​គឺ​លោក​ ប៉ាន់ រិទ្ធី កំពុង​ចាក់​បញ្ចាំង​នៅ​បរទេស​និង​បង្ហាញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ លោក​គឺ​ជា​នាយក​មជ្ឈមណ្ឌល​បុប្ផាណា​ដែល​ជា​មជ្ឈមណ្ឌល​ឯកសារ​និង​សោតទស្សន៍។

លោក​ ប៉ាន់ រិទ្ធី នាយក​មជ្ឈមណ្ឌល​បុប្ផាណា​ដែល​ជា​មជ្ឈមណ្ឌល​ឯកសារ​និង​សោតទស្សន៍

លោក​រិទ្ធី​បាន​និយាយ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ​ ទី​២៤​ខែ​កុម្ភៈ​ថា ក្រុម​យុវជន​ដែល​ជា​បុគ្គលិក​ជួយ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ ហើយ​ការ​គាំទ្រច្រើន​របស់​មហាជន​«អាច​នាំ​ឲ្យ​គណៈកម្មការ​អូស្ការ​ចាប់​អារម្មណ៍​ដែរ។»

ភាពយន្ត​កង្វះ​រូបភាព​គឺ​ជា​ភាព​ខ្មែរ​ដំបូង​គេ​ដែល​បាន​ឈាន​ដល់​ការ​ប្រកួត​ក្នុង​ទឹក​ចុង​ក្រោយ​សម្រាប់​រង្វាន់​អូស្ការ។​ មាន​ភាពយន្ត​បរទេស​ប្រមាណ​ជា​៦០​បាន​ចូល​រួម​ប្រកួត។ ​ហើយ​ជា​ចុង​ក្រោយ​នៅ​សល់​តែ​ភាពយន្ត​ចំនួន​ប្រាំ​រឿង​តែ​ប៉ុណ្ណោះ។ គឺ​បួន​រឿង​ទៀត​មក​ពី​ដែនដី​ប៉ាឡេស្ទីន​ អ៊ីតាលី ​ដាណឺម៉ាក មក​ពី​ប្រទេស​បែលហ្ស៊ីក។

លោក​ប៉ាន់ រិទ្ធី ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ពេល​នេះ​លោក​កំពុង​ស្វែង​យល់​ពី​ភាព​យន្ត​គូ​ប្រកួត​របស់​ខ្លួន​ផង​ដែរ​ហើយ​លោក​ក៏​បាន​ជួប​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​ជា​ច្រើន​ផង​ដែរ​ដែលកត្តា​នេះ​អាច​ជា​ជំនួយ​ដល់​ជោគជ័យ​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា«ពិភពលោក​កំពុង​តែ​ចោល​ខ្សែ​ភ្នែក​មក​លើ​កម្ពុជា។ ហើយ​វា​ក៏​ជា​ការ​បើក​ផ្លូវ​ទៅ​រក​ទី​ផ្សារ​សម្រាប់​អ្នក​ដឹកនាំ​ខ្សែ​ភាព​យន្ត​ខ្មែរជំនាន់​ក្រោយ​ដែរ។»
លោក​ប៉ាន់ រិទ្ធី និយាយ​ថា​ការ​ជួយ​គាំទ្រ​ពី​សាធារណជន​ក្នុង​បណ្តាញ​សង្គម​នឹង​ជួយ​រួម​ចំណែក​ក្នុង​ការ​ប្រកួត​របស់​លោក។ យើង​លោក​ពោល​ថា​លោក​ចង់​ឲ្យ​គណៈកម្មការ​អូស្ការ​«មើល​កុន​របស់​យើង​ចប់​ចុង​ចប់​ដើម​មុន​នឹង​គេ​បោះឆ្នោត។»