អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិអំពាវនាវឲ្យដកតំណែងលោក សៅ សុខា ពីតួនាតីជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបន្ទាប់ពីលោកបាននិយាយជាសាធារណៈថា លោកបានរៀនអំពី អាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler)។
លោក សៅ សុខា បញ្ជាកងរាជអាវុធហត្ថ ដែលមានកម្លាំង១០.០០០នាក់ បាននិយាយនៅក្នុងសុន្ទរកថា ជាសាធារណៈថ្មីៗនេះថា លោករៀនសូត្រអំពីហ៊ីត្លែរ។ លោកថ្លែងដូច្នេះបន្ទាប់ពីកងកម្លាំងរបស់លោកនៅក្រោយការបង្ក្រាបដ៏ឃោរឃៅមួយចំនួន ដែលភាគច្រើនទៅលើបាតុករ និងក្រុមអ្នកប្រឆាំងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍របស់លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ហ៊ីត្លែរបន្ទាប់ពីអឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ សហគមន៍អន្តរជាតិ នៅពេលនោះមិនទាន់មានការអង្គការសហប្រជាជាតិនៅឡើយទេ បានដាក់កំណត់ឲ្យមានចំនួនកងទ័ពសរុបតែ១០០.០០០នាក់។ ដូច្នេះតើហ៊ីត្លែរនិងណាស៊ីពេលនោះអាចដឹកនាំកងទ័ពដើម្បីធ្វើសង្រ្គាមលោកលើកទី២យ៉ាងម៉េច?»
ប្រតិកម្មទៅនឹងសុន្ទរកថារបស់លោកនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍ថា លោកគួរតែត្រូវបានគេដកចេញពីតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនេះលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថា៖ «ម្ចាស់ជំនួយរបស់ប្រទេសកម្ពុជាគួរតែអំពាវនាវដកតំណែងលោកនាយឧត្តមសេនីយ៍ សៅ សុខា ពីតួនាទីជាមេបញ្ជាការនៃកងរាជអាវុធហត្ថ ដែលជាកងកម្លាំងសន្តិសុខរបស់ជាតិ មានកម្លាំង១០.០០០នាក់ និងជាសមាជិកដ៏ស្មោះត្រង់របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច»។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ លោក សៅ សុខាបានបដិសេធថា លោកមិនបាននិយាយថា លោករៀនតាមហ៊ីត្លែរទេ ដោយលោកបកស្រាយថា អ្វីដែលលោកបានរៀនអំពីហ៊ីត្លែរគឺដើម្បីបង្រៀនដល់កងកម្លាំងរបស់លោកឲ្យដឹង «អ្វីដែលអាក្រក់ និងអ្វីដែលល្អ»។
ទោះបីជាយ៉ាងនេះក៏ដោយ លោក Brad Adams នាយករបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំអាស៊ី បាននិយាយថា លោកសៅ សុខាគឺជាប្រភេទនៃមេបញ្ជាការដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជ្រើសមកធ្វើការដើម្បីប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្រ្តី។
លោក Brad Adams បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការបើកប្រទូសរ៉ាយរបស់លោកឧត្តមសេនីយ៍ សៅ សុខា ចំពោះគណបក្សប្រឆាំងគឺជាការរំខានមួយ ហើយអ្វីដែលនាំឲ្យកាន់តែរំខានទៀតនោះគឺគាត់បានរៀនមេរៀនពីអាដុលហ៊ីត្លែរ»។
លោក Brad Adams បានមានប្រសាសន៍ថា៖ «មនុស្សដូចលោក សៅ សុខា ដែលមានកំណត់ត្រាដ៏វែងនៃការរំលោភសិទិ្ធមនុស្ស ដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានពឹងផ្អែកលើ ដើម្បីរក្សានូវការគ្រប់គ្រងបែបរំលោភបំពានរបស់លោកនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៣០ឆ្នាំ»។
កាលពីថ្ងៃអង្គារ លោក សៅ សុខា បានថ្លែងប្រាប់ VOA ថា លោកនៅតែប្រកាន់ខ្ជាប់តាមការបកស្រាយរបស់លោកដែលបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ នៅពេលសួរថា តើលោកនឹងលាលែងពីតំណែងឬទេ? លោកបាននិយាយថា៖ «លោក Brads Adams អាចនិយាយអ្វីដែលគាត់ចង់និយាយ» ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា យោបល់របស់លោក សៅ សុខា ត្រូវគេយកចិត្តទុកដាក់នៅក្នុងបរិបទអំពីឥរិយាបទរបស់មន្ត្រីកងរាជអាវុធហត្ថ។
កងរាជអាវុធហត្ថជាក្រុមមួយនៃក្រុមដែលធ្វើការបង្ក្រាបដ៏ឃោរឃៅទៅលើក្រុមអ្នកតវ៉ាទាមទារឡើងប្រាក់ខែគោល និងក្រុមប្រឆាំងនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែលយ៉ាងហោចណាស់មានមនុស្សប្រាំនាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ មនុស្សជាច្រើនទៀត ដែលត្រូវបានគេវាយដំយ៉ាងដំណំនោះ កំពុងតែប្រឈមនឹងបញ្ហាសុខភាព។
លោក អ៊ូ វីរៈ ជាប្រធាន និងជាស្ថាបនិករបស់វេទិកាអនាគត ថ្លែងថា លោក សៅ សុខាគួរតែស្វែងរកគំរូល្អប្រសើរជាងនេះ។
លោកអ៊ូ វីរៈបាននិយាយថា៖ «នៅពេលដែលគាត់រៀនអំពីមនុស្សប្រព្រឹត្តអំពើឃោរឃៅគាត់ក៏ប្រព្រឹត្ដអាក្រក់ និងព្រៃដូចគ្នាចំពោះប្រជាជនកម្ពុជា»។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ បាននិយាយថា មេបញ្ជាកងកម្លាំងប្រដាប់អាវុធមិនគួររៀនសូត្រពីមនុស្សមិនល្អដូចហ៊ីត្លែរទេ។
នៅក្នុងសុន្ទរកថារបស់លោក លោក ហ៊ុន សែន បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកសៅ សុខាត្រូវបានគេបំផ្លើស។ លោក ហ៊ុន សែន បានថ្លែងប្រាប់ក្រុមនិស្សិតនៅខេត្តស្វាយរៀងថា លោក សៅ សុខា មិនបានធ្វើតាមគំរូរបស់ហ៊ីត្លែរទេ។
ទោះជាយ៉ាងណាក៏ដោយហេតុការណ៍នេះមិនបានបង្ហាញការស្អប់ខ្ពើមទៅរកគណបក្សប្រឆាំងទេ។
កាលពីសប្តាហ៍មុន លោក ប៉ា សុជាតិវង្ស បានថ្លែងថា ពាក្យដែលលោកសៅ សុខាបាននិយាយត្រូវបានគេបកស្រាយខុស។ លោកបាននិយាយថា អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀនអំពីខ្មែរក្រហម «ប៉ុន្តែយើងមិនធ្វើតាមខ្មែរក្រហម»។
លោកក៏បានប្រាប់មិនឲ្យអ្នកយកព័ត៌មានប្រើពាក្យ«ការបង្រ្កាប»ទេក្នុងការពិពណ៌នាអំពីសកម្មភាពរបស់ប៉ូលិសប្រឆាំងនឹងក្រុមអ្នកតវ៉ាកាលពីឆ្នាំមុននោះ។ លោកថ្លែងថា៖ «វាជាពាក្យធ្ងន់»។ លោកបាននិយាយថា៖ «ការធានានូវសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម»ជាពាក្យត្រឹមត្រូវ។ បើមិនដូច្នេះទេ «តើគេបង្កើតឲ្យមានប៉ូលិសនិងប៉ូលិសយោធាធ្វើអ្វី?»
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងថា កងរាជអាវុធហត្ថក្រោមការគ្រប់គ្រងរបស់លោក សៅ សុខា មានការរំលោភបំពានជាលក្ខណៈប្រព័ន្ធ។ ក្រុមសិទ្ធិមនុស្សនេះអះអាងថា មិនមែនមានតែការសម្លាប់កម្មករ ដែលធ្វើការតវ៉ានោះទេ តែក៏មានការសម្លាប់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី និងការបាញ់ប្រហារស្ត្រីវ័យក្មេងម្នាក់នៅខេត្តក្រចេះឲ្យស្លាប់ក្នុងអំឡុងពេលនៃការបង្ក្រាបប្រឆាំងនឹងអ្នកតវ៉ាដីធ្លីនៅទីនោះ។
លោក Brad Adams បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កំណត់ត្រា និងគោលនយោបាយលោកលោក សៅ សុខា បានបង្ហាញច្បាស់ថា គាត់គឺជាមនុស្សដែលមិនមានសមត្ថភាពនៅក្នុងការដឹកនាំកងរាជអាវុធហត្ថតាមនយោបាយអព្យាក្រឹត្យទេ ប៉ុន្តែដឹកនាំកងកម្លាំងបង្ក្រាបរបស់គណបក្សប្រជាជនកម្ពុជា»។
លោកបានបន្តថា អ្នកផ្តល់ជំនួយចង់ឃើញការធ្វើកំណែទម្រង់ពិតប្រាកដរបស់កងកម្លាំងសន្តិសុខរបស់ប្រទេសកម្ពុជា ដែលគួរតែធ្វើឱ្យមានការគោរពសិទ្ធិមនុស្ស និងមិនប្រកាន់បក្ខពួក ដែលជាកត្តាចាំបាច់សម្រាប់មេបញ្ជាការកងរាជអាវុធហត្ថនិងកងរាជអាវុធហត្ថទាំងអស់៕