ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ពួក​រំលោភ​សិទ្ធិ​មនុស្ស

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ចុះ​ហត្ថលេខា​លើ​ច្បាប់​ Global Magnitsky Act នៅ​សេតវិមាន​ កាល​ពី​ឆ្នាំ​២០១២។

នៅ​ពេល​ដែល​សាកលលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​ក្រុម​គាំទ្រ​សិទ្ធិ​មនុស្ស​ចិន ​នឹង​តាម​មើលដោយ​ក្តី​សង្ឃឹម​ថា​ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​ធ្វើ​ទៅ​តាម​ការ​សន្យា​នៅ​ដើម​ឆ្នាំ​នេះដើម្បី​ប្រើ​ច្បាប់​ Magnitsky Act ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​រងការ​ចោទ​ប្រកាន់​ពីការ​រំលោភ​សិទ្ធិ​មនុស្ស។

កាល​ពី​ខែ​កញ្ញា ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ចម្រុះ​ដែល​មាន​អង្គការ​ចំនួន​២៣​ បាន​បញ្ជូន​បញ្ជី​ឈ្មោះ​របស់​ប្រធាន​ប៉ូលិស​ រដ្ឋ​អាជ្ញា​សាធារណៈ​ និង​ប្រធាន​សន្តិសុខ​ ចំនួន​១៧​នាក់​ទៅ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​សើរើ​ពិនិត្យ​មើល​ឡើង​វិញ។ បុគ្គលនានា​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ពណ៌នា​ថា​ បាន​រំលោភ​សិទ្ធិ​មនុស្ស​មក​ពី​ប្រទេស​ចំនួន​១៥​ទូទាំង​សាកល​លោក ​រួមមាន​ប្រទេស​ចិន​និង​ប្រ​ទេសមួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ី​កណ្តាល ​ហើយ​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ពាក់​ព័ន្ធ​ក្នុង​ករណី​ធ្វើ​ទារុណ​កម្ម​ សម្លាប់​ឬ​ធ្វើ​ឲ្យ​ពួក​អ្នកទោស​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង។

ប្រសិន​បើ​បាន​ទទួល​ការ​យល់​ព្រម ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹងអនុញ្ញាត​ឲ្យ​ដាក់​ទណ្ឌកម្ម ​រួម​មាន​ការហាម​ឃាត់​ទិដ្ឋាការ​ ហើយ​និង​រឹប​អូស​ទ្រព្យសម្បត្តិ​លើ​បុគ្គល​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ពណ៌នា​ថា​‍«ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស‍»។

​ច្បាប់​ Global Magnitsky Act ​ដែល​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ ​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​បាន​ពង្រីក​វិសាល​ភាព​ច្បាប់​ឆ្នាំ​២០១២​ ដែល​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកមន្រ្តី​រុស្ស៊ី​ ហើយ​បាន​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ពីព្រោះ​តែ​ការ​ជាប់​ទាក់​ទង​របស់​ពួកគេ​ទៅ​នឹង​ការ​ស្លាប់​លោក ​Sergey Magnitsky អ្នក​ទម្លាយ​ការណ៍​សម្ងាត់​នៅ​ក្នុង​គុក​កាល​ពីឆ្នាំ​២០០៩៕