ក្រុម​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​ចិន​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ការ​ស្លាប់​ក្នុង​ការឃុំឃាំង​របស់​ប៉ូលិស​

រូប​ថត​គ្មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់ បង្ហាញ​ពី​សកម្មជន​ចិន Ji Sizun ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់ បាន​ស្លាប់ដោយ​ជំងឺ​មហា​រីក​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​បាន​អនុវត្ត​ទោស​ចប់​សព្វ​គ្រប់ តាម​រយៈ​រូប​ថត​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ២០១៩។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​សកម្មជន​សិទ្ធិ​មនុស្ស​​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​​អំពី​ការ​ស្លាប់​របស់​លោក​ Ji Sizun ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដោយ​លើក​ឡើង​ថា​ ​បើ​មិន​ដូច្នេះ​ទេ ​​ជីវិត​របស់​សកម្ម​ជន​សិទ្ធិ​មនុស្ស​​នឹង​បាត់​បង់​ច្រើន​ទៀត។

ក្រុម​សិទ្ធិ​មនុស្ស​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យអំពី​ការ​ស្លាប់​របស់​លោក​ Ji Sizun ​សកម្មជន​ផ្នែក​ច្បាប់​នៅ​ជនបទ​ក្នុង​ប្រទេស​ចិន។ ​

លោក ​Ji ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​កាល​ពីថ្ងៃ​ពុធ​ក្នុង​មន្ទីរ​ពេទ្យ​ដែល​មាន​ប៉ូលិស​យាម​នៅ​ក្នុង​ខេត្ត​ Fujian ​ភាគ​អាគ្នេយ៍​ គឺ​រយៈ​ពេល​ពីរ​ខែ​បន្ទាប់​ពី​ការ​ដោះ​លែង​គាត់​ពី​ពន្ធនាគារ។​

សាកសព​របស់​លោក​Ji​បាន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បូជា​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​គាត់​ស្លាប់។

លោក ​Ji ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មេធាវី​គ្មាន​ស្បែក​ជើង​ពាក់ហើយ​ដែល​មិន​បាន​ចុះ​បញ្ជី​មេធាវី ​បាន​ផ្តល់​សេវា​និង​ការ​បណ្តុះ​បណ្តាល​ផ្នែក​ច្បាប់​ដល់​ក្រុម​ពល​រដ្ឋ​ដែល​ជួប​ការ​លំបាក​ខាង​សង្គម ​ដូចជា​ស្ត្រី​ដែល​ត្រូវ​បង្ខំ​ឱ្យ​រំលូត​ទារក​ ​និង​ជន​រង​គ្រោះ​នៃការ​បណ្តេញ​ចេញ​ពីផ្ទះ​សម្បែង​និង​ការ​ដក​ហូត​ដី​ធ្លី​ជាដើម។

អ្នកស្រី ​Yaqiu Wang​ អ្នក​ស្រាវជ្រាវ​ជន​ជាតិ​ចិន​នៅ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​ថា៖ «អាជ្ញាធរ​ចិន​ត្រូវតែ​ធ្វើការ​ស៊ើប​អង្កេត​អំពី​ការ​ស្នាក់នៅ​មន្ទីរ​ពេទ្យ​និង​ការ​ស្លាប់​របស់​លោក ​Ji Sizun ​ហើយ​អ្នក​ដែល​ធ្វើខុស ត្រូវ​ទទួល​ខុស​ត្រូវ»។

អ្នកស្រី​បន្ថែម​ថា៖ «សម្រាប់​អ្នក​ការ​ពារ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន ​ ​ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ក្លាយ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​ច្រើន​ទៅៗ»។​

លោក​Ji ​ជាប់​ពន្ធនាគារ​ជា​លើក​ដំបូង​កាល​ពីឆ្នាំ២០០៩​រយៈ​ពេល​៣​ ឆ្នាំ ​តាម​ការចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ត្រា​និង​ឯកសារ​ផ្លូវការ ​បន្ទាប់ពី​គាត់​បាន​ដាក់​ពាក្យ​សុំការ​អនុញ្ញាត​រៀបចំ​បាតុកម្ម ​កំឡុង​ពេល​មាន​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០០៨។​

នៅ​ឆ្នាំ​២០១៦​ គាត់​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​៤​ឆ្នាំ​កន្លះ​ពី​បទ​«ប្រមូល​ផ្តុំ​មនុស្សរំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ» ​និង​ «បង្កការ​ឈ្លោះ​ប្រកែក​និង​ការ​បំផុស​បំផុល»​បន្ទាប់​ពី​គាត់​បាន​ជួយ​ដាក់​ពាក្យ​សុំរៀប​ចំ​ការ​តវ៉ា​និង​ការ​គាំទ្រ​របស់​គាត់​ដល់​ចលនា​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង។​

ក្រុម​សិទិ្ធ​មនុស្ស​កត់​សម្គាល់​ថា ​លោក​Ji ​មិន​មែន​ជាអ្នក​ការពារ​សិទិ្ធ​មនុស្ស​ទី​មួយ​ដែលស្លាប់​នៅ​ក្នុង​ការ​ឃុំខ្លួន​ដោយ​ប៉ូលិស​នោះ​ទេ។​

ក្នុង​រយៈ​ពេល​ពីរ​បីឆ្នាំ​កន្លង​មកក្រុម​ប្រឆាំង​ជា​ច្រើន​នៅ​ប្រទេស​ចិន​បាន​ទទួល​រង​វាសនា​ស្រដៀង​គ្នា​នេះ​ដែរ​គឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្នុង​ការ​ឃុំឃាំង​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​បានការ​ថែទាំ​សុខ​ភាព​គ្រប់គ្រាន់​ ហើយ​ស្លាប់ ​ទាំង​នៅ​ក្នុង​ការ​ឃុំឃាំង ​ឬ​ស្លាប់​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពីត្រូវ​បាន​ដោះលែង។​

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​ឱ្យ​ដឹង​ថា ​ ​អ្នក​ដែល​បាន​ស្លាប់រួម​មានលោក​ Yang Tongyan អ្នក​និពន្ធ​ប្រឆាំង​ដែល​ស្លាប់​នៅ​ឆ្នាំ​២០១៧ព្រះេតជ​ព្រះគុណ​ lama Tenzin Delek Rinpochein ​ជាទី​គោរព​បូជា​ដែល​សុគត​នៅ​ឆ្នាំ​២០១៥ និង​លោក​Cao Shunliin ​សកម្ម​ជន​ដែល​ស្លាប់​នៅ​ឆ្នាំ​២០១៤។

ថ្ងៃ​ទី​១៣​ខែ​កក្កដា​គឺ​ជា​ខួប​លើក​ទី២​នៃ​មរណភាព​របស់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ​Liu Xiaobo ​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ថ្លើម​ ​ ពេលគាត់​កំពុង​ជាប់​ឃុំ​ឃាំង​រយៈ​ពេល​១១​ឆ្នាំ។ ​

លោក​ Albert Ho ​ប្រធាន​អង្គការ​ China Human Rights Concern Group ​ជាក្រុម​សិទ្ធិ​មនុស្ស​ចិន​នៅ​ហុងកុងបាន​និយាយ​ថា​ ជា​ការណ៍​ពិត ​ ការ​បូជា​សាក​សព​របស់​លោកJi ​យ៉ាង​ប្រញាប់​ប្រញាល់​នោះ​ បង្ហាញ​ពីការ​លាក់​បាំង។

លោក​ Albert Ho ​បាន​និយាយ​ថា៖ «មិន​មែន​មានតែមួយ​ករណី​នោះទេ។ មាន​ករណី​ជា​ច្រើន​ដែល​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ជាផ្លូវការ​ ហើយ​បន្ទាប់​មកសាកសព​ទាំង​នោះ​ត្រូវ​បាន​បំបាត់​ចោល​ភ្លាមៗ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​សមាជិក​គ្រួសារ។​ ហេតុ​ដូច្នេះពួក​គេ​ត្រូវ​បាន​បដិសេធ​ឱកាសក្នុង​ការ​អំពាវនាវ​ឲ្យមានការ​ពិនិត្យ​និង​ការ​ស៊ើប​អង្កេត​អំពី​បុព្វហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់»។

សកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ​បញ្ហារបស់​លោកJi​«ពោរ​ពេញទៅ​ដោយ​ចម្ងល់​ច្រើន​ជាង​ចម្លើយ»។

សកម្មជន​រូប​នេះ​បាន​និយាយ​ថា ​លោក ​Ji ត្រូវ​បាន​គេ​ដោះលែង​កាល​ពី​ចុង​ខែ​មេសា ​ប៉ុន្តែ​លោក​ត្រូវ​បាន​ហាម​មិន​ឲ្យមានទំនាក់​ទំនង​អស់​រយៈ​ពេល​១០​ថ្ងៃ ​ មុន​ពេល​គ្រួសារ​របស់​គាត់​អាច​ទៅ​ជួប​គាត់​នៅ​ទីបំផុត​ ​នៅពេល​ដែល​គាត់​សឹងតែ​មិន​ដឹងខ្លួន ​ហើយ​ត្រូវ​គេ​មើល​ថែ​ទាំង​ស្រុង។

ដោយ​សារ​សុខភាព​របស់​លោកJi​ធ្លាក់​ដុនដាប​ ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​អ្នក​យាម​នៅ​ខាង​ក្រៅ​បន្ទប់​ដើម្បី​រារាំង​មិនឲ្យ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​ចូល​សួរ​សុខ​ទុក្ខ​គាត់ឬ​តាម​ដាន​ការ​ស្លាប់​យ៉ាង​ត្រដឺត​ត្រដក​របស់​គាត់។​

កាលពី​ខែ​មិថុនា​ ​អាជ្ញាធរ​បាន​បង្ខំ​ឱ្យ​គ្រួសារ​គាត់​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​មេធាវី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​បូជា​សព​ដោយ​មិន​ចាំបាច់​មាន​ការ​យល់​ព្រម​ពី​គ្រួសារ។​

សកម្ម​ជន​រូប​នេះ​បាន​និយាយ​ថា៖ «និយាយ​រួម​ មិន​អាច​មិន​មាន​ការ​សង្ស័យ​នោះ​ទេ​ ​ព្រោះមនុស្ស​ស្លាប់​ដោយ​បង្ខំ​មាន​សភាព​អា​ក្រក់​ជាង​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​ធម្មជាតិ»។​

មាន​សេចក្តី​រាយ​ការណ៍​ថា​ ​គ្រួសារ​របស់​លោក​ Ji​ បាន​ឲ្យដឹង​ថា ​គាត់​មាន​ស្ថាន​ភាព​កាយ​សម្បទា​រឹងមាំ​ ​នៅ​ពេល​គាត់​ចូល​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៤។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ឃុំខ្លួន គាត់​មាន​ជំងឺ​លើស​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម​និង​ជំងឺ​សរសៃ​ឈាម​បេះដូង។​ សំណើ​របស់​មេធាវីសុំ​យក​គាត់​ចេញ​ពីការ​ឃុំឃាំង​ដើម្បីមក​ព្យាបាល​ជំងឺ​ ត្រូវ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត។​ ​

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ ត្រូវ​តែ​មាន​យុត្តិធម៌​សម្រាប់​ការ​ស្លាប់​របស់​លោកJi និង​មនុស្ស​ជាច្រើន​ទៀត​ ​បើ​មិនអ៊ីចឹង​ទេជីវិត​ជាច្រើន​ទៀត​នឹង​ត្រូវ​បាន​បាត់បង់។​

លោក ​Wang ​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​បន្ថែម​ថា៖ «ការ​ខក​ខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជា​សាធារណៈ​ចំពោះ​ការ​ស្លាប់​ទាំង​នេះ​មាន​ន័យ​ថា​ ​ការ​បាត់បង់​ជីវិត​ដោយ​មិន​ចាំបាច់​នៅ​ក្នុង​ពេល​អនាគតនឹង​មាន​ថែម​ទៀត»។​

លោក​ Ho ​បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ពិនិត្យ​មើល​បញ្ហា​នេះ ​ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​បង្កើត​តុលាការ​ពិសេស​មួយ​ដោយ​មាន​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំ​មើល​ជា​សាធារណៈ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​មួយអង្គការ​ការពារ​សិទិ្ធ​មនុស្ស​ចិន​បាន​បង្ហាញ​ពីការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​អំពី​ស្ថាន​ភាព​នៃ​អ្នក​ជាប់ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ។​ អ្នក​ដែល​ឋិត​នៅ​ក្នុង​បញ្ជី​តាម​ដាន​វេជ្ជ​សាស្រ្ត​របស់​អង្គការ​នេះរួមមាន ឈ្មោះHuang Qi, ​Hu Shigen និង ​Li Yuhan ​ដែល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចិន​CHRD ​និយាយ​ថា ​ កំពុង​បន្ត​មាន​ជំងឺ​ដោយ​សារ​ពួក​គេ​បាត់បង់សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវដែល​ជា​ទម្រង់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា ​ជាទារុណ​កម្ម​ឬ​ការ​ធ្វើ​បាប​បែប​អ​មនុស្ស​ធម៌៕

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ