អង្គការសង្គមស៊ីវិលមួយចំនួនបានស្នើប្រទេសជាសមាជិកអង្គការសហប្រជាជាតិផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ដោយពួកគេអះអាងថាមានការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ការស្នើសុំរបស់អង្គការសិទ្ធិមនុស្សលីកាដូ សមធម៌កម្ពុជា សមាគមធាងត្នោត និងអង្គការ FIAN អាល្លឺម៉ង់ ធ្វើឡើងនៅពេលដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានឹងត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាសិទិ្ធមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
សេចក្តីស្នើរួមរបស់ក្រុមអង្គការទាំងនោះ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បញ្ជាក់ថា៖ «យើងខ្ញុំស្នើសុំប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ សូមលើកអនុសាសន៍ដល់ប្រទេសកម្ពុជា ឱ្យផ្តល់ការអនុគ្រោះលើបំណុល និងផ្តល់សេវាសុខាភិបាលនិងអប់រំ ដោយឥតគិតថ្លៃនិងពេញលេញ ដើម្បីកាត់បន្ថយបំណុល និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានតាមរយៈកម្ចីមីក្រូហិរញ្ញវត្ថុ»។ សេចក្តីថ្លែងការណ៍បន្ថែមថា៖«រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការដោះស្រាយការផ្តល់ប្រាក់កម្ចីដ៏សាហាវយង់ឃ្នងនិងការបង្ខិតបង្ខំការអនុវត្តការប្រមូលក្នុងវិស័យមីក្រូប្រាក់កម្ចីរបស់ប្រទេស។ នេះបានជំរុញឱ្យមានវិបត្តិបំណុលឯកជននៅទូទាំងប្រទេស»។
បើតាមអង្គការលីកាដូ ការសិក្សាបែបបរិមាណចំនួនបីដែលត្រូវបានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរកឃើញថាប្រមាណជា៦%នៃអ្នកខ្ចីប្រាក់បានលក់ដី ដើម្បីសងបំណុលខ្នាតតូច។ ការរកឃើញរបស់ការសិក្សាមួយបានបង្ហាញថានៅចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាប្រមាណជា១៦៧.០០០នាក់បានលក់ដី ដើម្បីសងកម្ចីមីក្រូហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ។
បើតាមអង្គការលីកាដូ ការស្ទង់មតិនៅក្នុងឆ្នាំ២០២២ កុមារច្រើនជាង៣%នៅក្នុងគ្រួសារដែលផ្តល់បទសម្ភាសន៍បានឈប់រៀន ជាពិសេសដោយសារតែបញ្ហាមីក្រូហិរញ្ញវត្ថុ ហើយបន្ថែមពីនេះទៅទៀត កុមារច្រើនជាង៤%(រួមទាំងកុមារដែលមានអាយុក្មេងត្រឹម១០ឆ្នាំ) បានចេញទៅធ្វើការ ដើម្បីសងបំណុលទៅកាន់មីក្រូហិរញ្ញវត្ថុ។
នៅក្នុងការស្ទង់មតិដែលមានលក្ខណៈតំណាង ១៨,៣%នៃក្រុមគ្រួសារដែលមានកម្ចី បាននិយាយថាពួកគេកាត់បន្ថយការហូបចុកបន្ទាប់ពីពួកគេបានខ្ចីប្រាក់ ហើយប្រជាពលរដ្ឋប្រមាណ៨,៥% បានរាយការណ៍ថាគ្រួសារពួកគេមិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ នេះបើតាមអង្គការលីកាដូ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជាសូមចាត់វិធានការជាបន្ទាន់ ដើម្បីធានាឱ្យមានការបញ្ឈប់នូវការរំលោភបំពានទាំងនេះ។ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស យើងខ្ញុំក៏សូមអំពាវនាវដល់រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ សូមសួរទៅកាន់អ្នកតំណាងប្រទេសកម្ពុជាអំពីកំណត់ត្រារបស់ខ្លួនស្តីពីការការពារអ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុ»។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយអ្នកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិកម្ពុជាបាននៅឡើយទេ។
ចំណែកអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៊ុនណ្ណារ៉ាដា ប្រាប់វីអូអេថាការពិនិត្យជាសាកលតាមការកំណត់(Universal Periodic Review ឬ UPR)របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ មិនមែនជា«កន្លែងវាយប្រហារគ្នា»នោះទេ តែជាកន្លែងស្ថាបនាគ្នារវាងរដ្ឋនិងរដ្ឋ។
លោកបញ្ជាក់ថា៖ «ទោះបីជាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ និងវិបត្តិសកលផ្សេងៗក៏ដោយ ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចបានខិតខំអនុវត្តនូវយុទ្ធសាស្ត្រទាំង១៧៣ ដែលកម្ពុជាទទួលយក កាលជុំទី៣នោះ បានយ៉ាងខ្ជាប់ខ្ជួន ហើយជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក៏ដូចជាឆន្ទៈរបស់កម្ពុជាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សផងដែរ»។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថាវិស័យមីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោកបន្ថែមថាការគោរពសិទ្ធិមនុស្សគឺជាកាតព្វកិច្ចរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បីធានាភាពរីកចម្រើន។
អ្នកនាំពាក្យរូបនេះបានច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិល។
លោកបញ្ជាក់ថា ៖ «ដោយឡែកខាងអង្គការសង្គមស៊ីវិល គាត់លើកឡើងនៅក្នុងការតស៊ូមតិរបស់គាត់ហ្នឹង វាមិនមែនជាអ្វីដែលថ្មីទេ គ្រាន់តែថាអ្វីដែលគាត់លើកឡើងហ្នឹង វាមិនមានមូលដ្ឋានស្របទៅនឹងអ្វីដែលវិស័យកំពុងតែធ្វើក៏ដូចជាឆ្លុះបញ្ចាំងពីតថភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»។
ការសិក្សាថ្មីមួយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចេញផ្សាយកាលពីដើមខែមករា រកឃើញថាវិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។ ប៉ុន្តែកូនបំណុលមួយចំនួនតូចបានលក់ដីរបស់ពួកគេ ដើម្បីសងបំណុលដែលពួកគេបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីដើមខែមករា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាមានជាង៨០។ អ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសមានប្រមាណ១,៦លានគណនី ខណៈអ្នកជំពាក់បំណុលធនាគារ មានប្រមាណ២,១លានគណនី។
បើតាមសេចក្តីថ្លែងការណ៍ អង្គការលីកាដូ និងអង្គការផ្សេងទៀតក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតយន្តការអនុគ្រោះលើបំណុល សម្រាប់គ្រួសារដែលជំពាក់បំណុលច្រើសលើសលប់ និងផ្តល់អាទិភាពនៃការអនុគ្រោះបំណុលនោះ ដល់ជនជាតិដើមភាគតិច និងគ្រួសារដែលមានបណ្ណក្រីក្រ។
អង្គការសិទ្ធិមនុស្សក៏ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិទទួលបានសុខភាព សិទ្ធិទទួលបានអាហារ និងសិទ្ធិទទួលបានការអប់រំ ហើយចាត់វិធានការជាក់ស្តែង ក្នុងការផ្តល់សេវាថែទាំសុខភាព និងការអប់រំកម្រិតបឋមសិក្សានិងមធ្យមសិក្សា ដោយឥតគិតថ្លៃពេញលេញសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីកាត់បន្ថយការជាប់បំណុលដែលកើតចេញពីការចំណាយទាំងនេះ៕