លោក ខា យ៉ាង ជាបុគ្គលចុងក្រោយបង្អស់នៃក្រុមជនជាតិមង១៥៨នាក់ដែលត្រូវបានផ្តល់ការតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក ក្រោយពីត្រូវបានបញ្ជូនពីជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃនៅឆ្នាំ២០០៩ទៅកាន់ប្រទេសឡាវវិញ។ ថ្វីបើមានការអំពាវនាវកាន់តែខ្លាំងឡើងពីឥស្សរជនល្បីៗ រួមមានសមាជិកសភាសហរដ្ឋអាមេរិកក៏ដោយ ក៏ជោគវាសនារបស់លោក យ៉ាង នៅតែមានភាពមិនប្រាកដប្រជា។
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានឃ្លាំមើលយ៉ាងដិតដល់ពីករណីរបស់លោកយ៉ាង ហើយបានអំពាវនាវដល់រដ្ឋាភិបាលឡាវឲ្យផ្តល់សេចក្តីលម្អិតស្តីពីសុខមាលភាព និងទីកន្លែងរបស់លោកយ៉ាង។ លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា លោកមានការភ័យខ្លាចពីសុវត្ថិភាពរបស់លោកយ៉ាង។
លោក Robertson បានមានប្រសាសន៍ថា «យើងមានការព្រួយបារម្ភនៅពេលឥឡូវនេះ ពីព្រោះតែយើងមិនអាចរកលោកឃើញ។ មានសេចក្តីរាយការណ៍ថា លោកបានត្រូវគេដាក់ពន្ធនាគារភ្លាមៗបន្ទាប់លោកបានវិលត្រឡប់ទៅកាន់ប្រទេសឡាវវិញ។យើងដឹងការពិតថា ការឃុំឃាំងមុនពេលកាត់ទោសនៅក្នុងប្រទេសឡាវជារឿយៗមនុស្សនោះត្រូវបានគេរំលោភបំពាន ដូច្នេះយើងមានការព្រួយបារម្ភអំពីថាតើលោកត្រូវបានគេប្រព្រឹត្តទៅលើយ៉ាងដូចម្តេចទាំងការឃុំឃាំងមុនពេលកាត់ទោសហើយនិងថាតើលោកបានទទួលការកាត់ទោសដែរឬទេ»។
ក្រុមគ្រួសាររបស់លោក ខា យ៉ាង បានរត់គេចខ្លួនពីប្រទេសឡាវនៅឆ្នាំ២០០៤បន្ទាប់ពីសមាជិកម្នាក់របស់ក្រុមគ្រួសាររបស់លោកបានត្រូវសម្លាប់ដោយពួកមន្រ្តីឡាវ។ ពួកគេបានត្រូវឃុំខ្លួននៅឯមជ្ឈមណ្ឌលឃុំឃាំង Nong Khai នៅតាមបណ្តោយព្រំដែនថៃជាមួយឡាវ ហើយក្រោយមកបានត្រូវទទួលស្គាល់ជាជនភៀសខ្លួនដោយឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)។
នៅឆ្នាំ២០០៩ ប្រទេសថៃ និងឡាវបានធ្វើឲ្យសម្រេចកិច្ចព្រមព្រៀងស្តីពីមាតុភូមិនិវត្តន៍ ពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនជនជាតិមងជាង៤ពាន់នាក់នៅក្នុងជំរំនានាដោយរួមបញ្ចូលទាំងជនជាតិមង១៥៨នាក់ដែលត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ កងទ័ពថៃបានរុញជនភៀសខ្លួនចូលក្នុងរថយន្តក្រុង ហើយបានរារាំងពួកមន្រ្តីទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សមិនឲ្យជួបជនភៀសខ្លួនទាំងនោះទៀតផង។
នៅក្រោមកិច្ចព្រមព្រៀងនោះ អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ជនភៀសខ្លួនទាំងនោះត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីប្រទេសឡាវ។ ក៏ប៉ុន្តែ ការណ៍នេះមិនបានកើតមានឡើងទេ។
មាតុភូមិនិវត្តិន៍ជនជាតិភាគតិចមងទាំងនេះបានបណ្តាលឲ្យមានការរិះគន់ពីសំណាក់អន្តរជាតិ ជាពិសេសពេលដែលពួកអាជ្ញាធរថៃបានជួយឲ្យមានការតាំងទីលំនៅថ្មីរបស់ជនជាតិមង១៤.០០០នាក់នៅក្នុងសហរដ្ឋអាមេរិកកាលពី៦ឆ្នាំមុន។
លោក Joe Davy អ្នកគាំទ្រជនជាតិភាគតិចមងដែលមានទីតាំងនៅក្នុងទីក្រុងឈីកាហ្គោបានធ្វើការជាមួយសហគមន៍ជនជាតិភាគតិចមងនិងជនភៀសខ្លួនចាប់តាំងពីលោកបានធានាជនជាតិមងមួយគ្រួសារនៅក្នុងទសវត្សរ៍១៩៨០។ លោក Davy បាននិយាយថា លោកបានស្គាល់លោក ខា យ៉ាង ដែលត្រូវបានគេមើលឃើញថាជា មេដឹកនាំម្នាក់ក្នុងសហគមន៍ជនភៀសខ្លួនមង។
លោក Davy បាននិយាយថា «ខ្ញុំបានស្គាល់លោកនៅពេលដែលលោកត្រូវបានគេឃុំខ្លួននៅពន្ធនាគារ Nong Khai ហើយជនជាតិភាគតិចមងជាច្រើនបានត្រូវគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសឡាវវិញនៅឆ្នាំ២០០៩។ ក៏ប៉ុន្តែពួកគេភាគច្រើន អាចរត់គេចខ្លួនទៅកាន់ប្រទេសថៃម្តងទៀត ហើយបន្ទាប់មកបានតាំងទីលំនៅក្នុងប្រទេសទី៣ លើកលែងតែលោក ខា យ៉ាង ដែលលោកមិនអាចរត់គេចខ្លួនបាន»។
នៅឆ្នាំ២០០៩ គ្រួសាររបស់លោក ខា យ៉ាង បានត្រូវគេឃុំខ្លួនរយៈពេលខ្លីមុនពេលត្រូវបានផ្ទេរទៅកាន់ភូមិមួយដែលមានការយាមសន្តិសុខរបស់ប៉ូលិស។
លោក Davy បាននិយាយទៀតថា លោក ខា យ៉ាង បានក្លាយជាទិសដៅនៃការគំរាមកំហែងរបស់ពួកអាជ្ញាធរមូលដ្ឋានដែលបានបណ្តាលឲ្យក្រុមគ្រួសារលោករត់គេចខ្លួនម្តងទៀតនៅខែមេសាឆ្នាំ២០១១។
លោក Davy បាននិយាយបន្តទៀតថា «ប៉ូលិសមូលដ្ឋាននិងយោធានៅក្នុងភូមិរបស់ពួកគេបានគំរាមកំហែងលោកដោយបាននិយាយថា យើងដឹងថាលោកមានអាវុធនៅក្នុងផ្ទះរបស់លោក ដូច្នេះយកល្អលោកត្រូវទៅផ្ទះ ហើយយកអាវុធទាំងនោះមកការិយាល័យរបស់យើង។ តាមការពិត លោក យ៉ាង និងបងប្អូនប្រុសរបស់លោក ពួកគេមិនដឹងពីអ្វីដែលពួកគេនិយាយទេ ក៏ប៉ុន្តែពួកគេដឹងពីអ្វីដែលកើតមានឡើង លោកបានគេចខ្លួនទៅកាន់ប្រទេសថៃ។
លោក Davy បានរិះគន់ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ចំពោះការមិនបានផ្តល់ការជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោក ខា យ៉ាង នៅដើមឆ្នាំ២០១១ទេ ថ្វីបើពួកគេត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក៏ដោយ។ ការស្នើសុំអត្ថាធិប្បាយរបស់ VOA ពីស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានត្រូវបដិសេធដោយហេតុផលការសម្ងាត់។ របាយការណ៍សិទិ្ធមនុស្សសហរដ្ឋអាមេរិកឆ្នាំ២០១២ បានឲ្យដឹងថា លោក ខា យ៉ាង បានត្រូវចាប់ខ្លួនដោយពួកអាជ្ញាធរថៃនៅឆ្នាំ២០១១ បន្ទាប់ពីលោកបានចាកចេញពីការដ្ឋានសំណង់មួយ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ រដ្ឋាភិបាលថៃបាននិរទេសលោក ខា យ៉ាង តាមរយៈយន្តការក្រៅផ្លូវការមួយទៅកាន់ប្រទេសឡាវ ដែលនៅទីនេះលោកបានស្ថិតនៅក្នុងការឃុំឃាំងនៅចុងឆ្នាំ។
លោក Robertson និយាយថា លោក ខា យ៉ាង ជាសមាជិកចុងក្រោយបង្អស់របស់ជំរំឃុំឃាំង Nong Khai ដែលត្រូវបានទទួលស្គាល់ដោយស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដែលមិនតាំងទីលំនៅជាថ្មី។
លោក Robertson បាននិយាយទៀតថា «លោកជាមនុស្សតែម្នាក់គត់ដែលត្រូវបានគេបញ្ជូនទៅកាន់ប្រទេសវិញ២ដង។ ហើយការពិតរឿងក្តីរបស់លោកតំណាងឲ្យការបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការទទួលស្គាល់សិទ្ធិជនភៀសខ្លួនរបស់ជននេះ»។
របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ២០១៥ស្តីពីប្រទេសឡាវបានឲ្យដឹងថា ថ្វីបើលោក ខា យ៉ាង បានត្រូវទទួលស្គាល់ដោយស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ក៏ដោយ ក៏ពួកអាជ្ញាធរឡាវមិនបានទទួលស្គាល់សំណើរបស់ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដែលបានសុំចូលជួបលោកទេ។របាយការណ៍នោះបានរាយការណ៍ទៀតថា «ទីកន្លែងរបស់លោក ខា យ៉ាង នៅមិនទាន់ដឹងនៅឡើយទេ»។
ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មានសហរដ្ឋអាមេរិក ភរិយារបស់លោកបាននិយាយនៅក្នុងបទសន្ទនាចុងក្រោយបង្អស់ដែលលោកស្រីមានជាមួយស្វាមីរបស់លោកស្រីថា លោកនិយាយថាលោកប្រាកដថាប៉ូលិសនឹងសម្លាប់លោក។ លោកបានប្រាប់លោកស្រីឲ្យយកក្រុមគ្រួសារទៅកាន់ប្រទេសទី៣»។
អស់រយៈពេល៤ឆ្នាំដែលលោកស្រីបានស្ថិតនៅក្នុងប្រទេសថៃជាមួយកូនរបស់លោកស្រី ដោយការភ័យខ្លាចពួកអាជ្ញាធរថៃនឹងចាប់ខ្លួនហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសឡាវវិញ។
នៅខែមករា ឆ្នាំ២០១៦ លោកស្រីនិងកូនរបស់លោកស្រីបានត្រូវគេអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយបានរស់នៅជាមួយក្រុមគ្រួសារមួយនៅក្នុងទីក្រុង Madison រដ្ឋ Wisconsin។
ជនជាតិភាគតិចមងជាង២សែន៥ម៉ឺននាក់បានតាំងទីលំនៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃក្រោយពីសង្គ្រាមវៀតណាម។ ក្នុងអំឡុងពេលសង្គ្រាម សហរដ្ឋអាមេរិកបានជ្រើសរើសពួកអ្នកប្រយុទ្ធជនជាតិភាគតិចមងរាប់ពាន់នាក់ឲ្យធ្វើការវាយប្រហារកងកម្លាំងកុម្មុយនិស្តឡាវ និងវៀតណាម។
បន្ទាប់ពីសង្គ្រាមចប់ ជារឿយៗពួកគេត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តឡាវចាត់ទុកជាជនក្បត់ជាតិ ជនជាតិភាគតិចមងបានប្រឈមការរើសអើងនិងការរំលោភធ្វើបាបអស់រយៈពេលជាច្រើនឆ្នាំ៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន