ខណៈលោក ចូ បៃឌិន (Joe Biden) ត្រូវបានព្យាករ ព្យាករណ៍ថាឈ្នះការបោះឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៦ សង្គមស៊ីវិលនៅកម្ពុជា សង្ឃឹមថាលោក ចូ បៃឌិន នឹងយកចិត្តទុកដាក់បន្ថែមលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជា។ ប៉ុន្តែមន្ត្រីកម្ពុជាលើកឡើងថា សង្ឃឹមថាអាមេរិកនឹងមើលការពិតជាក់ស្តែងនៅកម្ពុជា មិនមានតាមសារព័ត៌មាននោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ មិនបានយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយមិនមែនតែនៅកម្ពុជានោះទេ គឺទូទាំងពិភពលោក។ លោកបន្តថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានយកចិត្តទុកដាក់ច្រើនលើប្រជាធិបតេយ្យនៅកម្ពុជា ហើយកាលនោះ លោក ចូ បៃឌិន ជាអនុប្រធានាធិបតីរបស់លោកផងដែរ។
លោកថ្លែងប្រាប់VOAថា៖ «អញ្ចឹងនៅពេលនេះ នៅពេលដែលលោក ចូ បៃឌិន ក្លាយជាប្រធានាធិបតី យើងសង្ឃឹមថានឹងយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានភាពល្អប្រសើរឡើងវិញ»។
លោក អំ សំអាត បន្ថែមថាអាមេរិក ជាទីផ្សារធំរបស់កម្ពុជា ដូច្នេះកម្ពុជាត្រូវតែមានការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ហៅថាGSP ដែលតោងភ្ជាប់ជាមួយការគោរពសិទ្ធិមនុស្ស។
លោកមានប្រសាសន៍ថា៖ «លោក [ចូ បៃឌិន] នឹងអាចនិយាយអំពីបញ្ហាGSP និងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
អាមេរិកបានផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ ឬ Generalized System of Preferences (GSP) ដែលជាការធ្វើឲ្យកម្ពុជាអាចនាំចេញទៅកាន់អាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញជាង៥ ពាន់មុខ។ នៅក្រោម GSP នេះ កម្ពុជាបាននាំទំនិញសម្រាប់ការធ្វើដំណើរដែលមានតម្លៃជិត១ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា លោក ដូណាល់ ត្រាំ មិនបានយកចិត្តទុកដាក់អំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងពិភពលោកនោះទេ គឺលោកគិតតែអំពីសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា ការមិនអើពើនេះនាំឲ្យមានការងើបឡើងនៃរបបផ្តាច់ការក្នុងពិភពលោក។
លោកមានប្រសាសន៍ថា៖«ចំណុចមួយគឺសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ត្រាំ ហ្នឹង គាត់មិនសូវយកចិត្តទុកដាក់រឿងការលើកកម្ពស់ ដំណើរការប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់នៅក្នុងពិភពលោក ដូចអតីតប្រធានាធិបតីអាមេរិកមុនៗទេបាទ»។ លោកសង្ឃឹមថាលោក ចូ បៃឌិន នឹងយកចិត្តទុកដាក់បន្ថែមលើប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូបមានប្រសាសន៍ថា នេះជាការសម្តែងឆន្ទៈរបស់ប្រជាជនរបស់អាមេរិកក្នុងការជ្រើសរើសលោក ចូ បៃឌិន ជាប្រធានាធិបតីថ្មីរបស់អាមេរិក។ លោកថាការបោះឆ្នោតនៅអាមេរិកលើកនេះ «មានភាពរញ៉េរញ៉ៃ មិនសមជាបិតាប្រជាធិបតេយ្យ»។
លោកបញ្ជាក់ថា៖ «បិតាប្រជាធិបតេយ្យ ឥឡូវវាទៅរញ៉េរញ៉ៃ វាលែងប្រជាធិបតេយ្យ។ អាហ្នឹងយើងឃើញហើយ អញ្ចឹងវាមានមតិមួយចំនួន ហាក់ដូចជាប្រជាធិបតេយ្យនៅអាមេរិក វាលែងជាគំរូគេហើយ។ វាថយចុះ»។
លោក សុខ ឥសាន មិនបានបញ្ជាក់ថា អំណះអំណាងនោះទេ ក្នុងពេលមេដឹកនាំកម្ពុជាមិនទាន់ឃើញមានការបញ្ជូនលិខិតឬបញ្ចេញសារដើម្បីអបអរសាទរបេក្ខជនប្រធានាធិបតី ចូ បៃឌិន ដែលគេព្យាករណ៍ថាឈ្នះការបោះឆ្នោត ក្នុងពេលដែលកម្ពុជាទទួលបានលិខិតអបអរសាទរខួបឯករាជ្យឆ្នាំនេះ ពីរដ្ឋបាលលោក ដូណាល់ ត្រាំ។ តែមេដឹកនាំពិភពជាច្រើនបានចាប់ផ្តើមអបអរសាទរលោកបៃឌិនក្នុងពេលដំណើរការបោះឆ្នោតមិនទាន់ចាប់ជាស្ថាពរនោះ។
លោកសុខ ឥសានថាលោកមិនទាន់អាចវាយតម្លៃបានទេនៅពេលនេះ ចំពោះការអនុវត្តគោលនយោបាយរបស់លោក បៃឌិន ប៉ុន្តែលោកថានយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនោះ «ធូរស្រាល»ជាងលោក ដូណាល់ ត្រាំ ដោយលោក ត្រាំ ប្រកាន់យកនយោបាយ«ជាតិនិយមជ្រុល» គឺ«American First» ដែលលោក សុខ ឥសាន លើកឡើងថា គិតផលប្រយោជន៍អាមេរិកធំជាងផលប្រយោជន៍ពិភពលោក និងសម្ព័ន្ធមិត្ត។
លោក សុខ ឥសាន ក៏បានច្រានចោលការចោទប្រកាន់កម្ពុជាថាមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយមិនមើលអំពីការពិតជាក់ស្តែងនៅកម្ពុជា និងស្តាប់តាម«បណ្តាញឃោសនាប្រតិកិរិយា»។
លោកបញ្ជាក់បន្ថែមថា៖«អញ្ចឹងខ្ញុំយល់ថាអ្វីៗត្រូវផ្សាភ្ជាប់នឹងការពិតជាក់ស្តែង មិនត្រូវផ្អែកទៅលើព័ត៌មានលម្អៀងខាងនយោបាយ យកមកគាបសង្កត់លើប្រទេសណាមួយទេ។ ខ្ញុំមិននិយាយចំពោះតែកម្ពុជាទេ។ ក៏ប៉ុន្តែយើងដឹងថាកម្ពុជា បើសិនជាមានការរំលោភសិទ្ធិមនុស្ស រំលោភលទ្ធិប្រជាធិបតេយ្យ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ខ្ញុំយល់ថាសង្គមកម្ពុជាហ្នឹង មិនអាចមានសន្តិភាពរឹងមាំ មានស្ថិរភាពនយោបាយល្អ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនានៅក្នុងប្រទេសកម្ពុជាទេ»។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បដិសេធមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗលើលទ្ធផលបោះឆ្នោតអាមេរិក ដែលត្រូវបានព្យាករណ៍នេះ ដោយរង់ចាំថ្នាក់លើរបស់កម្ពុជាជាមុនសិន។
ចំណែកនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ក្តីក្តាំនៅតុលាការ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា លោកតែងតែគាំទ្រ និងអបអរសាទរនូវលទ្ធផលនៃការបោះឆ្នោត «ដោយឆន្ទៈប្រជាពលរដ្ឋ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងពិភពលោក មិនថាឡើយនៅសហរដ្ឋអាមេរិក ឬនៅប្រទេសណាឡើយ ជាពិសេសនៅកម្ពុជាយើង»។
លោកបន្តថា៖ «អ្នកណាឈ្នះក៏ដោយ ឲ្យតែជាមិត្តល្អនឹងខ្មែរ ហើយជួយខ្មែរ»។
នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កម្ពុជារងការចោទប្រកាន់ថ្មីមួយគឺ «ការចុះកិច្ចព្រមព្រៀងសម្ងាត់មួយឲ្យមានវត្តមានកងទ័ពចិន» ក្នុងប្រទេសកម្ពុជានៅពេលខាងមុខ ដែលការណ៍នេះត្រូវបានបញ្ជាក់ដោយមន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិកផងដែរ។
នៅក្នុងការដឹកនាំក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កម្ពុជាបានចោទសហរដ្ឋអាមេរិកថា ស្ថិតនៅពីក្រោយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ ២០១៧ ក្នុងការចោទប្រកាន់ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។ សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតទៅវិញទៅមក ដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសជាច្រើនឆ្នាំ។
នៅក្នុងលិខិតឆ្លើយឆ្លងនោះ លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឲ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែលោក ត្រាំ បានប្រាប់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ប្រទេសកម្ពុជាលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកនឹងឲ្យក្រុមការងារកិច្ចការបរទេសរបស់កម្ពុជា ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានបង្ហាញការយល់ឃើញថា បើលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលកាលនោះជាដៃគូប្រជែងជាមួយលោក ដូណាល់ ត្រាំ ត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីអាមេរិក នោះពិភពលោក «អាចនឹងមានសង្គ្រាម»។
លោកបង្ហាញថា លោកចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។ ក្រោយមក លោក ហ៊ុន សែន លើកឡើងថា នេះជាការវិភាគរបស់លោកផ្ទាល់ក្នុងនាមជាមេដឹកនាំម្នាក់ និងជាអ្នកនយោបាយមួយរូប មិនមែនជាការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិកនោះទេ៕