គណបក្ស​កាន់​អំណាច​គ្មាន​សិទ្ធិ​ដេញ​សមាជិក​សភា​គណបក្ស​ជំទាស់​ទេ

វិមាន​​រដ្ឋសភា​​ខ្មែរ​​​ ​ដែល​​មាន​​សំឡេង​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ភាគច្រើន ​ពេល​មាន​​បាតុកម្ម​​ប្រឆាំងអំពើ​ហិង្សា។​

អ្នកវិភាគ​និងមន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​គ្មាន​សិទ្ធិ​បណ្តេញ​សមាជិក​សភា​គណបក្ស​ជំទាស់​ចេញ​ពី​សភា​នោះ​ទេ។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ពី​រដ្ឋធានី​វ៉ាស៊ីន​តោន ​បាន​រាយ​ការណ៍​ថា​ មាន​ការ​ចោទ​ប្រកាន់​ថា ​គណបក្ស​គ្រប់ គ្រង​ប្រទេស​បកស្រាយ​ច្បាប់​តាម​ការ​ចង់​បាន​របស់​ខ្លួន។​ រឿង​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះចំពោះ​ដំណើរការ​ប្រជាធិប​តេយ្យ​កម្ពុជា។​

មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ជំទាស់​ខ្លះ​បន្ត​ប្រតិកម្ម​ដូច​ស.រ.អា.​ដែរ​ចំពោះ ចំណាត់​ការ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ទាក់​ទង​នឹង​ការ​បណ្តេញ​សមាជិក​គណបក្ស​ជំទាស់​យ៉ាងតិច​២៩​រូប​ចេញ​ ពី​រដ្ឋ​សភា​ និង​ការ​កាត់​ប្រាក់ខែ​ ដោយ​ចាត់​ទុក​ថា ​វា​ជា​ការ​ធ្វើ​ខុសច្បាប់​ និង​ផ្ទុយ​ពី​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

ក្រុម​មន្ត្រី​ទាំងនោះ​បាន​អះអាង​ថា ​សភា ​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​កាន់​ កាប់​ចំនួន​៩០​លើ​១២៣​អាសនៈ​នេះ ​គួរមាន​ការ​ជជែក​គ្នា​អំពី​ផល​ប៉ះពាល់​ អំពី​បញ្ហា​ដោះស្រាយ​សមរម្យ ​និង​ស្រប​តាម​របប​សេរី​និយម​ពហុបក្ស ​និង​ ប្រជា​ធិបតេយ្យ ​ហើយ​នឹងឆន្ទៈ​ប្រជា​ពលរដ្ឋ ​មុន​ធ្វើ​ដូច្នេះ។​

លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ហៅ​ថាខុម​ហ្វ្រែល អះអាង​ថា ​រយៈ​ពេល​៦​ខែ​មុន​ការ​បោះឆ្នោត ​គេ​មិន​អាច​ដកអ្នក​ តំណាង​រាស្ត្រ​បាន​ទេ ​ព្រោះ​វា​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​សេរីពហុ បក្ស។​

លោក​និយាយ​ថា៖​ «វា​ប៉ះពាល់​ធ្ងន់ណាស់​នៅ​មុន​ពេល​បោះឆ្នោត។​ ស្ថាប័ន​សភា​ហ្នឹង​ជា​ស្ថាប័ន​តំណាង​ឲ្យ​ប្រជា​ធិបតេយ្យ​ពហុបក្ស​ ហើយ​បើយើង​ដក​អញ្ចឹង​ទៅ​វា​បាត់​នូវ​ស្ថាប័ន​រដ្ឋធំៗ​ហើយ។​ នៅ​មុន​ពេល​បោះឆ្នោត​ហ្នឹង​ វា​អត់​មាន​គណបក្ស​ជំទាស់​គឺ​មាន​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ដែលគ្រប់​គ្រង​អង្គការ​នីតិ​ប្រតិបត្តិ​ គ្រប់គ្រង​អង្គការ​នីតិ​បញ្ញត្តិ ​ហើយ​អត់​មាន​គណបក្ស​ប្រឆាំង​ជា​ពហុបក្ស​នៅ​ក្នុង​រដ្ឋ​សភា»។​

លោក​និយាយ​ថា​ ការ​បកស្រាយ​ច្បាប់​នេះ​គឺធ្វើ​មិន​ស្រប​តាម​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញទេ​តែ​ស្របតាម​ផលប្រយោជន៍​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស។​

លោក​និយាយ​ថា៖ «នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ គេ​មិន​អាច​មាន​មួយ​ក្រុម​ណា​មួយ​ឈ្នះ​ដាច់ ​ហើយ​ក្រុម​ខ្លួន​ហ្នឹង​បក​ស្រាយ​ច្បាប់ហ្នឹង​ អនុវត្តន៍​ច្បាប់​ហ្នឹង​ថា​ ខ្លួន​ធ្វើ​តាម​ច្បាប់​ហ្នឹង​ទេ។​ ហើយ​ថា​ «អ្ហេ! ​ខ្ញុំធ្វើតាម​ច្បាប់ហ្នឹង»។ ​ស្រាប់តែ​បកស្រាយខ្លួនឯង ​យក​ខ្លួន​ឯង​អញ្ចឹង​ទៅ​ ហើយ​បង្ខំ​ឲ្យ​មួយ​ក្រុម​ទៀត​ជា​គណ​បក្ស​ប្រឆាំង​ហ្នឹង​ ចេញ​ពី​សភា​ផង​ទៅ​ អា​ហ្នឹង​វាអត់​ត្រូវ​ក្នុង​ដំណើរការ​ប្រជា​ធិតេយ្យ​ទេ។​ នេះ​ជា​បញ្ហា​មួយ​ដែល​កម្ពុជា​អត់​បាន​យក​ចិត្ត​ទុកដាក់​ទៅលើ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស»។​

លោក​សុន ឆ័យ​ អ្នក​តំណាង​រាស្ត្រ​មួយ​រូប​នៃ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សម រង្ស៉ី​ ហើយ​ពេលនេះ​ក្លាយ​ជា​គណបក្ស​សង្រ្គោះជាតិ​ បាន​អះអាង​ថា ​ទាំង​ទម្លាប់​ ទាំង​ច្បាប់​និង​ការ​បកស្រាយ​របស់​គ.ជ.ប.​កន្លង​មក​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​ បណ្តេញ​ចេញ​នេះ​ជា​រឿង​មិនត្រឹម​ត្រូវ។​

លោក​និយាយ​ថា៖​ «ពុំមាន​ចំណុច​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ដឹកនាំ​គណ​បក្ស​ប្រជាជន​ក្នុង​រដ្ឋសភា​យក​មក​ប្រើ​ដើម្បី​ដក​អ្នក​តំណាង​រាស្ត្រ​ចេញពី​តួនាទី​របស់​ខ្លួន​ ផ្ទុយ​ពីឆន្ទៈ​ពលរដ្ឋទេ​ ព្រោះ​អ្នក​តំណាង​រាស្ត្រ​គឺរើស​ដោយ​ប្រជា​ពលរដ្ឋ ​មិន​មែន​រើស​ដោយ​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។​ នេះ​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់​ធ្ងរ​ណាស់»។​

លោក​សុន ឆ័យ​អះអាងថា ​សភា​កម្ពុជា​មាន​សមាជិក​១២០​រូប​យ៉ាងតិច​ ហើយ បើ​ដក​អ្នក​តំណាង​រាស្ត្រ​២៦​រូប​មកពី​គណបក្ស​សម រង្ស៉ី​ មាន​៣រូប​មកពី​ គណ​បក្ស​សិទ្ធិ​មនុស្ស​និង​មាន​២រូប​មក​ពី​គណបក្ស​នរោត្តម​ រណឫទ្ធិ​ នោះ​កម្ពុជា នឹង​គ្មាន​សភា​ទៀត​ទេ ​ដោយសារ​ខ្វះ​សមាជិក​យ៉ាង​តិច​១២០​រូប​តាម​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ។​ មួយវិញ​ទៀត​ វា​ធ្វើ​ឲ្យ​ស្ថាប័ន​សភា​មាន​គណបក្ស​តែមួយ ​គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គ្រប់គ្រាន់​ទេ​ពេលនេះ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​អាច​ធ្វើ​អ្វី​ស្រេច​ចិត្ត​ខ្លួន។​

លោក​បាន​អះអាង​ថា​ មាន​សមាជិក​សភា​ ព្រឹទ្ធ​សភា​មួយ​ចំនួន​ដែល​ចេញ​ពី​គណបក្ស​សម រង្ស៉ី​ទៅចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​២០០៣​ និង​២០០៨​ តិចជាង​៦ខែ​មុន​ការ​បោះឆ្នោត​ ដូច​គ្នា​នេះដែរ​ តែ​មិនត្រូវ​បាន​គេ​បណ្តេញ​ចេញ​ ឬ​កាត់ប្រាក់​ខែ​ទេ​ ដោយសារ​ថា​ ច្បាប់​គណបក្ស​នយោបាយ​មិន​អាច​ឲ្យ​មាន​ការ​រុះរើ​ រយៈ​ពេល​៦ខែ ​មុនការ​បោះឆ្នោត​។ ហើយ​គ.ជ.ប.​ធ្លាប់​បាន​បដិសេធ​រួច​ហើយ​ដែរ ​ពេល​គណបក្ស​សម រង្ស៉ី​ស្នើ​សុំ​ដក​សមាជិក​សភា​ ព្រឹទ្ធសភា​ ដែល​បាន​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ។​

ក្រុម​អ្នក​តំណាង​រាស្ត្រ​គ្មាន​ការ​ទទួល​លិខិត​បញ្ជាក់​ពី​ការ​បណ្តេញ​នេះ​ទេ​គឺគ្រាន់​តែ​បានឮ​ថា ​មាន​តែ​សេចក្តី​សម្រេច​របស់​លោក​ហេង សំរិន​ ប្រធាន​សភា​តែ ប៉ុណ្ណោះ។​

ក៏​ប៉ុន្តែ ​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្មីៗនេះ លោក​ឈាង វុន ​អ្នក​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បានលើក​យក​អំណះអំណាង​ច្បាប់​ជា​ ច្រើន​មក​បញ្ជាក់​ ដូចជា ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ច្បាប់​បោះឆ្នោត​ ច្បាប់​សម្រាប់​គណ​បក្ស​នយោបាយ​ បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា ​ហើយ​នឹង​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​និយាយ​ពី​ការ​បាត់​សុពលភាព​សមាជិកភាព​គណបក្ស​ ​នោះ​វា​នឹង​នាំឲ្យ​សមាជិក​សភា​បាត់បង់​សមាជិក​ភាព ​ឬ​តួនាទី​ជា​ស្វ័យ​ប្រវត្តិ។

លោក​និយាយ​ថា៖​ «នែ! ​ចំណុច​ហ្នឹង​សំខាន់​ណាស់។​ ចំណុច​ហ្នឹង​សំខាន់​ណាស់​ ការ​បាត់​សមាជិក​ភាព​គណបក្ស​គាត់​នេះ​គឺ​គាត់​បាត់ទាំង​ស្រុង​តែ​ម្តង​នូវ​សមាជិក​ភាព​ជា​អ្នក​តំណាង​រាស្ត្រ​ ដោយសារ​រឿង​អី?​ ដោយសារ​ប្រព័ន្ធ​បោះឆ្នោត​របស់​យើង​ហ្នឹង​ជា​ប្រព័ន្ធ​សមាមាត្រ​ (បោះឆ្នោតជូន)​បេក្ខជន​និង​គណបក្ស»។​

សមាជិក​សភា​២៦​រូប​មក​ពី​គណបក្ស​សម រង្ស៉ី​និង​៣​រូបមក​ពី​គណបក្ស​សិទ្ធិមនុស្ស​បាន​ចូលរួម​គ្នាជា​គណបក្ស​សង្គ្រោះជាតិ ​ក្រោយពី​គណបក្ស​ទាំង​ពីរ​ បាន​បង្រួប​បង្រួម​គ្នា​ដើម្បី​ប្រមូល​កម្លាំង​ផ្តុំគ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៨ខែ​កក្កដា​ឆ្នាំ​២០១៣​ ដើម្បី​ប្រកួត​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ។​

ក្រុម​អ្នក​វិភាគ​និង​អ្នក​ច្បាប់​ខ្លះ​បាន​និយាយ​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ចង់​រិត បន្តឹង​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​គណបក្ស​ជំទាស់​ មុនការ​បោះឆ្នោត​និង​មិន​ចង់​ទុក​ សម្លេង​សភា​ដល់​គណបក្ស​ជំទាស់ ​ដែល​ធ្លាប់​ទាមទារ​ចង់​ធ្វើ​ពហិការ​ មិន​ចូលរួម​ការ​បោះឆ្នោត​នោះ។​ តែ​តាម​ពិត​ គេ​មិន​អាច​ធ្វើការ​រុះរើ​ ឬ​ប៉ះពាល់​ដល់​អ្នក​តំណាង​រាស្ត្រ​បាន​ទេ ​បើ​តាមច្បាប់​បោះឆ្នោត​ ដែល​កំណត់​ពេល​មិនឲ្យ​ធ្វើ​ការ​រុះរើ​ប្រសិន​បើ​នៅ​មាន​រយៈពេល​៦ខែ​យ៉ាងយូរ​មុន​ការ​ចប់​អាណត្តិ​របស់​សមាជិក​សភា​នោះ។​ ពេលនេះ​ នៅ​សល់តែ​ជិត​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​នឹង​មក​ដល់​ ហើយ​បើ​រាប់​តាំងពី​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ចូល​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​មេសា​នោះ​គឺមាន​រយៈ​ពេល​តែ​ជាង​៥​ខែ​ប៉ុណ្ណោះ​ មុនពេល​ចប់​អាណ្ណតិ​សភា​ នៅខែ​កញ្ញា​ខាង​មុខ។​

លោក​សុន ឆ័យ​បាន​បន្ទរ​តាម​ថា ​គ្មាន​មាត្រា​ច្បាប់​ណា​មួយ​ដែល​គណបក្ស​ ប្រជាជន​លើក​ឡើង​នោះ​ ផ្តល់សិទ្ធិ​ឲ្យ​ថ្នាក់​ដឹកនាំ​សភា​គណបក្ស​ប្រជាជន​ បណ្តេញ​សមាជិក​សភា​គណបក្ស​ជំទាស់​ចេញពី​តំណែង​ទេ​ ទោះជា​មានការ​បាត់ បង់​បេក្ខភាព​គណបក្ស​ក៏​ដោយ។​

លោក​និយាយ​ថា៖​ «បើ​ទោះ​បីជា​បាត់បង់​នូវ​សមាជិក​ភាពបក្ស​ក៏​ដោយ​ នៅពេល​ដែល​គេ​បាត់បង់​តិច​ជាង​៦​ខែ​ សូម​បញ្ជាក់​ថា​ ច្បាប់​បាន​ចែង​ថា​ អាចនឹង​មានការ​ផ្លាស់ប្តូរ​ បើអ្នក​តំណាង​រាស្ត្រនោះ​បាត់បង់​សមាជិកភាព​ច្រើន​ជាង​៦ខែ​មុនការ​បោះ​ឆ្នោត»។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ ​បាន​អះអាង​ថា​ រឿងនេះ​ជា​រឿង​រដ្ឋ បាល​ តែ​បញ្ហា​កើតឡើង​ ដោយសារ​តែ​ការ​បកស្រាយ​តាម​របៀប​នយោបាយ​ ហើយ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​នៅ​ក្នុង​ពេល​ដែល​គណបក្ស​ទាំងពីរ​កំពុង​មាន​ បរិយាកាស​តានតឹង​មុន​ការ​បោះឆ្នោត។​ ការ​ប្រើ​ពាក្យ​បញ្ឈប់​ ឬបង្កក​ប្រាក់​ខែ​ហ្នឹង​ ដូចជា​អត់ត្រឹម​ត្រូវ​ ក៏ជា​បញ្ហា​មួយ​ដែរ។​

លោក​និយាយ​ថា៖​ «តាម​ពិត​ទៅ​គឺ​ប្រធាន​រដ្ឋសភា​ហ្នឹង​អាច​ចេញ​លិខិត​មួយ​ជូន​ដំណឹង​ទៅ​ដល់​គ្រប់​សមាជិក​ហ្នឹង​ថា ​ដោយសារ​មាន​ការ​លាលែង​ ហើយ​យោង​តាម​ច្បាប់​នេះ​ ច្បាប់​នោះ​ទៅ​ គឺ​បាត់បង់​សមាជិក​ភាព​ចាប់​តាំង​ពី​ថ្ងៃ​ណាទៅ​ អញ្ចឹង​ទៅ។​ ហើយ​កាល​ណា​មាន​លិខិត​អញ្ចឹង​ទៅ​ គេ​ធ្វើ​សេចក្តី​ចម្លង​មួយ​ជូន​ទៅ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ គេ​បញ្ចប់​ប្រាក់​ខែ​នេះ​ទៅ ​អត់មាន​រឿង​បង្កក​ទេ»។​

សហ​រដ្ឋ​អាមេរិក​ ដែល​មាន​កង្វល់​ជា​ខ្លាំង​ចំពោះ​ការ​បណ្តេញ​ចេញនេះ ​បានចាត់ ទុកថា​ នេះ​ជា​ទង្វើ​ផ្ទុយ​នឹង​ស្មារតី​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​រឹងមាំ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា. ​លោកស្រី​ Jen Psaki ​អះអាង​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាលពី​ចុង​សប្តាហ៍​មុន​ថា៖​ «យើង​គាំទ្រ​យ៉ាង​ខ្លាំងក្លា​នូវ​ដំណើរ​ការ​នយោបាយដែល​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​របស់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​ប្រកួត​ប្រជែង​ ដោយ​ស្មើភាព​គ្នា។​ ការ​បញ្ឈប់​ប្រាក់​ខែ​និង​ឋានៈ​ក្នុង​សភាជាតិ​របស់​សមាជិក​គណបក្ស​ប្រឆាំង ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​របស់​គេ​ ហើយ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការ​ចូលរួម​ដ៏​ពេញ​លេញ​របស់​តំណាង​ជាប់ឆ្នោត​ទាំងអស់​មាន​សារៈ​សំខាន់​ចំពោះ​ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

លោកស្រី​បានបន្ថែម​ថា​ ស.រ.អា.​ស្នើឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​ជាតិ​ អនុញ្ញាត​ឲ្យ​សមាជិក​ជាប់ឆ្នោត​ទាំងអស់​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់គេ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស.រ.អា.​បាន​ធ្វើ​ឲ្យមាន​ប្រតិកម្ម​ពីមន្ត្រី​កម្ពុជា​ ដោយ​ចាត់​ទុក​ថាវាជា​ការ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​និង​ជា​រឿង​ទទួល​យកមិន​បាន៕