ការសម្រេចដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រឈ្មោះ K01 បានញ៉ាំងឲ្យមានប្រតិកម្មពីក្រុមសិទ្ធិមនុស្សថា អាជ្ញាបណ្ណធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ងាយនឹងបាត់បង់ ប្រសិនបើម្ចាស់ស្ថាប័ននិយាយប៉ះពាល់រដ្ឋាភិបាលលើចំណាត់ការប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ឃឿន សុឡា ដែលគេស្គាល់ភាគច្រើនថា K01 ត្រូវបានក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណព័ត៌មានរបស់លោក កាលពីថ្ងៃសៅរ៍ ក្រោមហេតុផលថាផ្សព្វផ្សាយមាន «ចរិតញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាននិងកិច្ចសន្យាអាជីវកម្ម» ក្រោយលោកបានអត្ថាធិប្បាយពាក់ព័ន្ធនឹងគោលនយោបាយរបស់រដ្ឋ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាមានការរាតត្បាតជំងឺកូវីដ១៩ ក្នុងប្រទេស។
ការសម្រេចរបស់ក្រសួងព័ត៌មានកើតមានភ្លាមៗ ក្រោយប្រតិកម្មខ្លាំងៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ ដែលថា លោក K01 បានមើលស្រាលវិធានការរបស់រដ្ឋាភិបាលក្នុងការស្រោចស្រង់ពលរដ្ឋពីការលំបាកផ្សេងៗ ក្នុងពេលប្រឈមការឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានការជំពាក់បំណុលនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេ នៅថ្ងៃច័ន្ទថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានលោក ឃឿន សុឡា ទាក់ទងនឹងការបញ្ចេញមតិរបស់លោកលើបំណុល ដែលប្រជាពលរដ្ឋពិបាកបង់សងស្ថាប័នហិរញ្ញវត្ថុ ដោយសារពួកគេបាត់បង់ការងារ និងមិនអាចប្រកបអាជីវកម្មបាន។
«បើនិយាយអំពីយើងការតាមដាន អង្គហេតុហ្នឹងវាមានជាបន្តបន្ទាប់ជាប់គ្នាហ្នឹង គឺសម្តេចមានការព្រមានអីចឹងបានឃើញក្រសួងព័ត៌មានលោកចាត់វិធានការ។ អីចឹង ណាហ្នឹងវា វាមានភាពផុយស្រួយខ្លាំងណាស់ ពីព្រោះនិយាយឲ្យមែនទែនទៅទាក់ទងនឹងអាជ្ញាបណ្ណទាក់ទងអីហ្នឹង វាឲ្យតែប្រមុខរដ្ឋាភិបាល ឬក៏មន្ត្រីមានអំណាចលោកប្រតិកម្មទៅលើស្ថាប័ន media [ប្រព័ន្ធផ្សព្វផ្សាយ] ណាមួយជានិច្ចកាលស្ថាប័ន ឬក៏អាជ្ញាបណ្ណពួកគាត់ហ្នឹងតែងតែត្រូវបានដកហូត»។
លោកបន្ថែមថា ឥទ្ធិពលរបស់អ្នកមានអំណាចនេះបានក្លាយជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។ អ្នកជំនាញប្រព័ន្វផ្សព្វផ្សាយរូបនេះយល់ថា អ្នកកាសែតអនឡាញ លោក K01 គ្រាន់តែបង្ហាញមតិរបស់លោក ប៉ុន្តែអ្វីដែលឆ្គាំឆ្គងនោះគឺនៅត្រង់ការប្រើកាយវិការខុសទំនង។
«ករណី K01 ខ្ញុំឃើញដែលគាត់និយាយអ្វីដែលជាចេតនារបស់គាត់ ក៏ដូចជាមិនអាក្រក់អីដែរ រឿងទាក់ទងការស្នើឲ្យរដ្ឋាភិបាលពិចារណាបញ្ហាដែលកំពុងកើតមានប្រឈមជាមួយនឹងអ្នក ដែលងាយរងគ្រោះដោយសាររឿងកូវីដហ្នឹង។ គ្រាន់តែថា ឥរិយាបថនិងកាយវិការរាងមានការជ្រុលជ្រោះ ខ្ញុំគិតថា ចំណុចហ្នឹងក៏វាមិនគួរឈានទៅដល់ការដកអាជ្ញាបណ្ណគាត់ដែរ»។
ក្នុងសារវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គម តែក្រោយមកលុបចោលវិញ បន្ទាប់ពីមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី លោក ឃឿន សុឡា ហៅ K01 បានលើកឡើងការចង់បានរបស់ពលរដ្ឋចំនួន ៣ ចំណុច ដែលពាក់ព័ន្ធនឹងការសម្រួលថ្លៃទឹកភ្លើង ថ្លៃបន្ទប់ជួល និងប្រាក់បង់ធនាគារ រយៈពេល ៣ ខែ។
ក្នុងវីដេអូនោះ លោក K01 មានកាយវិការមិនហ្នឹងហ្ន៎ ដោយមានការចង្អុលទៅអ្នកទស្សនា និងការសុំអ្នកមើលលោកជួយចែករំលែកវីដេអូ។ លោកនិយាយថា បើមានការសម្រួលទាំង ៣ ចំណុចខាងលើតួយ៉ាងធនាគារ មិនទារលុយ ៣ ខែនោះ ពលរដ្ឋនឹងមិនចេញក្រៅផ្ទះ។
តាមរយៈការថ្លែងសារពិសេសមួយមានរយៈពេលជិត ៣ ម៉ោងជុំវិញស្ថានការណ៍ជំងឺឆ្លងកូវីដ១៩ កាលពីថ្ងៃសៅរ៍ លោក ហ៊ុនសែន បានចាត់ទុកការអធិប្បាយរបស់លោក ឃឿន សុឡា ថា ផ្ទុយពីវិធានការរបស់រដ្ឋាភិបាលដែលនៅបន្តផ្តល់ដង្ហើមសេដ្ឋកិច្ចដល់ពលរដ្ឋ តាមរយៈការមិនបិទការធ្វើដំណើរទាំងស្រុងក្នុងប្រទេស ហើយឲ្យពលរដ្ឋនៅតែក្នុងផ្ទះនោះ។
លោកបញ្ជាក់ថា៖ «អីចឹងបើសិនថាកុំយកថ្លៃឈ្នួលផ្ទះអាចដេកផ្ទះបាន ដោយសារហេតុផលហ្នឹងហើយបានគេមិនបិទជិតឈឹងនោះ គេអនុញ្ញាតឲ្យចេញនៅក្រោយម៉ោង ៥ ភ្លឺតើ! ប៉ុន្តែសម្តីនិយាយសុំប្រយ័ត្នប្រយែង។ ពេលវេលានេះ មិនមែនពេលវេលាលោកឯង ព្រោះសម្តីអា K01 គឺធ្ងន់ណាស់តែមិនដឹងថា វាដកចេញហើយ ឬនៅហើយអារដ្ឋមន្ត្រីក្រសួងព័ត៌មាន វាដឹងអត់»។
បន្ទាប់ពីប្រតិកម្មរបស់លោក ហ៊ុន សែន លោក ឃឿន សុឡា បានចេញសារវីដេអូលើបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់លោកតាមហ្វេសប៊ុកដោយសុំទោសលោក ហ៊ុន សែន ថា លោកនិយាយដោយភ្លេចគិតថាត្រូវឬខុស។
ករណីស្រដៀងគ្នាផងដែរ លោក សុវណ្ណ រិទ្ធី ដែលជាម្ចាស់សារព័ត៌មាន TVFB ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំមុន ហើយត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ តែត្រូវព្យួរទោសដែលនៅសេសសល់។ ការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ដែលតែងតែផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍លើបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកបានដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្រ្តី ទាក់ទងនឹងវិធានការជួយសង្រ្គោះពលរដ្ឋ ពេលមានវិបត្តិជំងឺកូវីដ១៩ កាលនោះថា៖
«បើអ្នករត់ម៉ូតូឌុបក្ស័យធនលក់ម៉ូតូចាយសិនទៅ! រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ យល់ថា លោក ឃឿន សុឡាបានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩។ យ៉ាងណាក៏ដោយ លោកថា កាយវិការរបស់អ្នកសារព័ត៌មានអនឡាញរូបនោះទំនងមានបញ្ហាជាមួយក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ លោកបន្ថែមថា ក្រសួងព័ត៌មានគួរមានការបែងចែកឲ្យដាច់ពីក្រមសីលធម៌អ្នកសារព័ត៌មាន និងការបញ្ចេញមតិមុនពេលឈានដល់ការដកអាជ្ញាបណ្ណ។
លោកមានប្រសាសន៍ថា៖ «មិនមែនតែ K01 ទេយើងឃើញថា មានសារព័ត៌មានដែលគេហៅថាតាមអនឡាញច្រើនដែរ ដែលត្រូវបញ្ចប់ សារព័ត៌មានដូចជាច្រើនណាស់មកដែរហើយ។ អីចឹងខ្ញុំគិតថា វាអត់មានអីដែលចម្លែកទេទាក់ទងរឿងហ្នឹង អីចឹងគ្រាន់តែថាធ្វើយ៉ាងម៉េច គឺយើងគិតថា អាណាជាសេរីភាពរបស់អ្នកសារព័ត៌មាន អាណាទាក់ទងក្រមសីលធម៌និងវិជ្ជាជីវៈ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ការបញ្ចេញមតិរបស់លោក ឃឿន សុឡា មានចរិតញុះញង់ប្រាសចាកក្រមសីលធម៌ ហើយលោកក៏ធ្លាប់ត្រូវបានទទួលការព្រមានពីក្រសួងផងដែរ។
«ខ្ញុំសូមបញ្ជាក់ថាបុគ្គល ឃឿន សុឡា នេះ គាត់បានប្រព្រឹត្តកំហុស ហើយធ្លាប់បានធ្វើកិច្ចសន្យាដើម្បីកែប្រែកំហុសរបស់គាត់នៅក្រសួងព័ត៌មានហ្នឹងមួយជាពីរលើករួចហើយ។ អីចឹងហើយនៅពេលនេះពុំមានភាពចាំបាច់អី ដើម្បីត្រូវអប់រំឬពិភាក្សាជាមួយបុគ្គលនេះបានទេ»។
លោកបន្ថែមថា មតិរិះគន់ផ្សេងៗរបស់ក្រុមអង្គការសង្គមស៊ីវិលមកលើវិធានការរបស់ក្រសួងព័ត៌មានមានចេតនាត្រឹមតែការពារជនខិលខូច និងជនដែលល្មើសច្បាប់តែប៉ុណ្ណោះ៕