ការកាត់ទោសប្រហារជីវិតនៅវៀតណាម និងការប្រើប្រាស់ទារុណកម្មដើម្បីបង្ខំឱ្យមានការសារភាពកំពុងមានការចាប់អារម្មណ៍ បន្ទាប់ពីតុលាការប្រជាជននៃទីក្រុង Haiphong នៅភាគខាងជើងកាលពីខែមុនបានជូនដំណឹងដល់គ្រួសារអ្នកទោសជាប់ឃុំឃាំងលោក Nguyen Van Chuong ថា ការប្រហារជីវិតរបស់លោកជិតមកដល់ហើយ។
ករណីរបស់លោក Chuong ជាឧទាហរណ៍នៃការជំទាស់របស់ក្រុមសិទ្ធិមនុស្សចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់វៀតណាម ជាពិសេសការចោទប្រកាន់ពីការធ្វើទារុណកម្ម ការសារភាពដោយបង្ខំ និងឋានៈរបស់ប្រទេសវៀតណាមដែលកាត់ទោសប្រហារជីវិតច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
ប្រទេសវៀតណាមល្បីខាងការកាត់ទោសប្រហារជីវិតស្ងាត់ៗ ប៉ុន្តែយោងតាមរបាយការណ៍ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឆ្នាំ២០១៧ មនុស្សចំនួន៤២៩ នាក់ត្រូវបានប្រហារជីវិតនៅប្រទេសវៀតណាមចន្លោះឆ្នាំ២០១៣ និង២០១៦ ដែលបានធ្វើឱ្យវៀតណាមមានចំនួនអ្នកទោសប្រហារជីវិតច្រើនជាងគេទីបីក្នុងពិភពលោក។
ក្នុងឆ្នាំ២០០៧ លោក Chuong ត្រូវបានចោទប្រកាន់ និងកាត់ទោសពីបទប្លន់ និងសម្លាប់មន្ត្រីប៉ូលិសម្នាក់ និងត្រូវបានកាត់ទោសប្រហារជីវិត។ លោកនៅតែថា លោកគ្មានកំហុសអស់រយៈពេល ១៦ ឆ្នាំមកហើយ ហើយបានចោទថា លោកត្រូវបានគេធ្វើទារុណកម្មឱ្យសារភាព។ លោក Chuong បាននិយាយនៅក្នុងសំបុត្រទៅកាន់គ្រួសាររបស់លោកថា លោកត្រូវបានគេសម្រាតឲ្យអាក្រាតកាយ ព្យួរក និងវាយដំអំឡុងពេលសួរចម្លើយរបស់ប៉ូលិស។ នេះបើយោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។
អាជ្ញាធរបានបដិសេធការចោទប្រកាន់របស់លោក Chuong អំពីការធ្វើទារុណកម្ម។
នៅថ្ងៃទី៤ ខែសីហា គ្រួសាររបស់លោក Chuong ត្រូវបានជូនដំណឹងដោយតុលាការប្រជាជននៃទីក្រុង Hai Phong ថា ការប្រហារជីវិតរបស់លោកជិតមកដល់ហើយ ទោះបីជាកាលបរិច្ឆេទកំណត់មិនត្រូវបានផ្ដល់ឱ្យក៏ដោយ។
ក្រុមគ្រួសាររបស់លោក Chuong និងក្រុមសិទ្ធិមនុស្សចំនួន ១៣ ស្ថាប័នកំពុងអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមផ្អាកការប្រហារជីវិតលោក Chuong។
នៅថ្ងៃទី៩ ខែសីហា គណៈកម្មាធិការអ្នកច្បាប់អន្តរជាតិ និងក្រុមសិទ្ធិមនុស្សចំនួន ១២ ផ្សេងទៀតបានផ្ញើលិខិតចំហជូនប្រធានាធិបតីវៀតណាម លោក Vo Van Thuong។
លិខិតនោះបានសរសេរថា «យើងដែលជាអង្គការដែលបានចុះហត្ថលេខាខាងក្រោម សរសេរលិខិតនេះដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងចំពោះការកាត់ទោសប្រហារជីវិតអ្នកទោសជាប់ឃុំឃាំងលោក Nguyen Van Chuong»។
«យើងស្នើសុំឱ្យលោក និងអាជ្ញាធរដែលមានទំនួលខុសត្រូវ ធានាថា ការប្រហារជីវិតត្រូវបានបញ្ឈប់ជាបន្ទាន់ ហើយស្នើសុំឱ្យលោកចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ មិនលម្អៀង និងមានប្រសិទ្ធភាពចំពោះការចោទប្រកាន់ដែលថា លោក [Nguyen Van Chuong] ត្រូវបានគេធ្វើទារុណកម្មដើម្បីបង្ខំគាត់ឱ្យសារភាពកំហុស»។
ម្តាយរបស់លោក Chuong គឺអ្នកស្រី Nguyen Thi Bich បានសរសេរលិខិតអង្វរដល់មន្ត្រីបក្សកុម្មុយនិស្តនៅថ្ងៃទី២៩ ខែសីហា។
អ្នកស្រី Bich បានសរសេរជាភាសាវៀតណាមនៅក្នុងសំបុត្រមួយដែលត្រូវបានចែករំលែកជាមួយ VOA ដោយអ្នកកាសែតវៀតណាមម្នាក់ដែលកំពុងទាក់ទងជាមួយគ្រួសាររបស់លោក Chuong និងសុំមិនបញ្ចេញឈ្មោះសម្រាប់ហេតុផលសុវត្ថិភាពថា «គ្រួសារខ្ញុំបានទាមទារយុត្តិធម៌អស់ជាច្រើនឆ្នាំសម្រាប់កូនប្រុសរបស់ខ្ញុំគឺលោក Nguyen Van Chuong។ អស់រយៈពេល ១៧ ឆ្នាំមកហើយ គ្មានភ្នាក់ងារណាមួយឆ្លើយតបនោះទេ»។
«ប្រសិនបើនេះជាកូនរបស់អ្នក ហើយត្រូវបានគេចោទប្រកាន់ក្លែងក្លាយបែបនេះ តើអ្នកគិតយ៉ាងណា? ខ្ញុំសង្ឃឹមថា អ្នកនឹងស៊ើបអង្កេតករណីអយុត្តិធម៌របស់កូនខ្ញុំឡើងវិញ»។
ប្រព័ន្ធយុត្តិធម៌ដែលមានបញ្ហា
អ្នកជំនាញបានថ្លែងថា ទង្វើដែលធ្វើលើលោក Chuong តាមការចោទប្រកាន់នោះឆ្លុះបញ្ចាំងពីអ្វីដែលបុគ្គលជាច្រើនប្រឈមមុខនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមគឺ កង្វះលទ្ធភាពទទួលបានសវនាការយុត្តិធម៌ និងការធ្វើទារុណកម្មដោយប៉ូលិស។
មេធាវីនៅទីក្រុងហូជីមិញ លោក Le Cong Dinh ដែលជាអតីតអ្នកទោសម្នាក់ដែរបានថ្លែងថា ការជាប់ពាក់ព័ន្ធរបស់លោក Chuong នឹងបទល្មើសផ្អែកសំខាន់លើ «ភស្តុតាងទន់ខ្សោយ» នៃការសារភាពដោយបង្ខំរបស់លោក ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ភាពស្អាតស្អំដល់លោកត្រូវបានបង្ក្រាប។
មនុស្សមួយចំនួននៅក្នុងភូមិរបស់លោក Chuong អះអាងថា បានឃើញលោកនៅពេលមានឃាតកម្មដែលមានចម្ងាយ ៤០ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ អ្នកដែលបានប្តឹងរឿងនេះទៅប៉ូលិសត្រូវបានគំរាមកំហែង និងវាយដំ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្អូនប្រុសរបស់លោក Chuong គឺលោក Nguyen Trong Doan ក៏ត្រូវបានបញ្ជូនទៅពន្ធនាគារផងដែរ ដោយចោទប្រកាន់ពីបទក្លែងបន្លំសាក្សី និងភស្តុតាង បន្ទាប់ពីព្យាយាមជួយបងប្រុសរបស់លោកឱ្យរួចខ្លួន ដូចដែលត្រូវបានរាយការណ៍ដោយសារព័ត៌មានឯករាជ្យ The Vietnamese។
លោក Dinh ដែលបានជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំចំពោះបទចោទ «ប៉ុនប៉ងផ្ដួលរំលំរដ្ឋ» បន្ទាប់ពីការពារករណីសិទ្ធិមនុស្សដ៏ល្បីល្បាញបានថ្លែងថា ក្រៅពីករណីរបស់លោក Chuong កំហុសនៅតែកើតឡើងក្នុងប្រព័ន្ធយុត្តិធម៌ ហើយការវាយដំជនសង្ស័យជារឿងធម្មតា។
លោក Dinh បានថ្លែងថា «អ្នកស៊ើបអង្កេតនៅវៀតណាមប្រើវិធីនេះគ្រប់ពេល។ ខ្ញុំមិនថា ភាគច្រើនទេគឺគ្រប់ពេល។ ពួកគេប្រើទារុណកម្មលើជនជាប់ចោទ និងជនសង្ស័យដែលកំពុងឃុំខ្លួន»។ លោកបានបន្ថែមថា ប៉ូលិសស៊ើបអង្កេតក៏ជាញឹកញាប់បង្ខំជនសង្ស័យឱ្យសារភាពទោសដោយថតរូប និងវីដេអូ ដែលក្រោយមកត្រូវបានប្រើជាភស្តុតាង។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Phil Robertson បានថ្លែងថា លោកក៏មានការព្រួយបារម្ភចំពោះការប្រើប្រាស់ទារុណកម្មផងដែរ។
លោក Robertson បានសរសេរនៅក្នុងអ៊ីមែលថា «ជារឿយៗប៉ូលិសប្រើការវាយដំ និងការធ្វើទារុណកម្មជាផ្នែកនៃបច្ចេកទេសស៊ើបអង្កេតរបស់ពួកគេ ជាពិសេសក្នុងអំឡុងពេលឃុំខ្លួនបណ្ដោះអាសន្ន នៅពេលដែលពួកគេកំពុងព្យាយាមដាក់សម្ពាធលើជនសង្ស័យឱ្យសារភាពចំពោះបទល្មើស»។
លោកបានសរសេរថា «ខណៈពេលដែលខ្ញុំមិនអាចនិយាយបានច្បាស់ថា តើនេះជាអ្វីដែលបានកើតឡើងចំពោះលោក Nguyen Van Chuong មែនឬអត់ ខ្ញុំមិនភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ពីការធ្វើទារុណកម្មឲ្យសារភាពនោះទេ»។
អ្នកស្រី Nguyen Ngoc Nhu Quynh បានឮអំពីការរំលោភបំពានរបស់ប៉ូលិសពេលកំពុងជាប់ពន្ធនាគារខ្លួនឯង។ អ្នកទោសផ្សេងទៀតបានប្រាប់អ្នកស្រី Quynh អំពីការវាយដំខណៈពេលដែលអ្នកស្រីជាប់ពន្ធនាគារចំពោះបទចោទ«ផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋ» បន្ទាប់ពីអ្នកស្រីសរសេរប្លុកយ៉ាងច្រើនលើប្រធានបទសិទ្ធិមនុស្ស។
អ្នកស្រី Quynh ដែលបាននិយាយជាមួយ VOA ពីសហរដ្ឋអាមេរិក ទីដែលអ្នកស្រីបានទទួលសិទ្ធិជ្រកកោននយោបាយក្នុងឆ្នាំ២០១៨ បានថ្លែងថា៖ «ពេលខ្ញុំកំពុងជាប់ទោស រាល់យប់ខ្ញុំបានស្ដាប់រឿងរ៉ាវពីអ្នកទោសផ្សេងទៀត»។
អ្នកស្រី Quynh ដែលឥឡូវនេះរស់នៅក្នុងរដ្ឋ Texas ក្នុងសហរដ្ឋអាមេរិកបានថ្លែងថា «ពួកគេបានប្រាប់ខ្ញុំគ្រប់យ៉ាងអំពីវិធីដែលប៉ូលិសវាយមនុស្សនៅក្នុងពន្ធនាគារ»។
ទោសប្រហារជីវិត
សេចក្ដីប្រកាសអំពីការប្រហារជីវិតរបស់លោកដែលជិតមកដល់នេះ ធ្វើឱ្យលោក Chuong និងអ្នកទោសវៀតណាមជាច្រើននាក់ទៀតប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិចំពោះការប្រហារជីវិតដែលមានចំនួនដ៏ច្រើននៅវៀតណាម។
លោក Robertson បានថ្លែងថា ការចោទប្រកាន់ដោយផ្អែកលើការសារភាពដោយបង្ខំមានន័យថា មនុស្សស្លូតត្រង់ជាច្រើនអាចត្រូវបានសម្លាប់។
លោកបានថ្លែងថា៖ «ការប្រើការធ្វើទារុណកម្មលើជនសង្ស័យនៃបទល្មើសជាប្រចាំរបស់ប៉ូលិសវៀតណាមធ្វើឱ្យមានហានិភ័យខ្លាំងសម្រាប់ភាពអយុត្តិធម៌ តាមរយៈការសារភាពរបស់មនុស្សចំពោះបទល្មើសដែលពួកគេមិនបានប្រព្រឹត្ត»។
«ការដាក់ទោសប្រហារជីវិតធ្វើឱ្យភាពទន់ខ្សោយក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ បង្កឱ្យមានភាពអយុត្តិធម៌ និងគ្រោះថ្នាក់ដល់ជីវិត»។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែសីហា បេសកជនការទូតប្រចាំនៅវៀតណាមមកពីសហភាពអឺរ៉ុប កាណាដា ន័រវែស និងចក្រភពអង់គ្លេសបានអំពាវនាវឱ្យអាជ្ញាធរវៀតណាមផ្អាកការប្រហារជីវិតលោក Chuong និងបានរិះគន់ការប្រើប្រាស់ទោសប្រហារជីវិតរបស់ប្រទេសនេះកាន់តែទូលំទូលាយ។
សេចក្ដីថ្លែងការណ៍នោះបានសរសេរថា «យើងប្រឆាំងយ៉ាងខ្លាំងចំពោះការប្រើប្រាស់ទោសប្រហារជីវិតនៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ដែលជាការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ និងថោកទាប និងមិនអាចមានហេតុផលសមរម្យនោះទេ ហើយយើងអំពាវនាវឱ្យប្រទេសវៀតណាមសម្រេចផ្អាកការប្រហារជីវិតទាំងអស់»៕