អង្គការ​សិទ្ធិមនុស្ស៖ ​​អាស៊ាន​គួរ​ដោះស្រាយ​បញ្ហា​ឃុំឃាំង​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា

  • Ron Corben

ក្រុម​ជន​រ៉ូហ៊ីងយ៉ា ជួប​ជុំ​គ្នា​ដោយ​មាន​បង្វិច​អីវ៉ាន់​របស់​ពួក​គេ​នៅ​ជាមួយ​ផង នៅ​ខណៈ​មាន​អគ្គិភ័យ​នៅ​ក្នុង​​ជំរំ​ នៅក្រុង Sittwe រដ្ឋ Rakhine ភាគខាង​លិច​ប្រទេស​ភូមា កាល​ពី​ខែ​ឧសភា។

អង្គការ​សិទ្ធិ​មនុស្ស​នានា​កំពុង​តែ​អំពាវនាវ​ឲ្យ​ប្រទេស​ជា​សមាជិក​សមាគមអាស៊ាន​ចាត់​វិធានការ​ឲ្យ​ខ្លាំង​ជាង​មុន ​ក្នុង​ការផ្តល់​ទីជម្រក​ដល់​ជនភៀស​ខ្លួន​មីយ៉ាន់ម៉ា​(ភូមា)​កាន់​សាសនា​ឥស្លាម​ចំនួន​៧០០០​នាក់។

ការ​អំពាវនាវ​នេះធ្វើឡើយ​មួយ​ឆ្នាំ ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ក្រោយត្រូវ​បាន​ពួក​ជួញដូរ​មនុស្សបោះបង់​ពួកគេ​ចោល​នៅ​ក្នុង​សមុទ្រ។​

ជន​ភៀស​ខ្លួន​ទាំង​នោះ​ភាគ​ច្រើន​ជា​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​ (Rohingya) ​ដែល​ស្ថិត​នៅ​រដ្ឋ Arakine​ ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​(ភូមា)​ និង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​មាន​ការ​បង្រ្កាប​ពី​អាជ្ញាធរ​ថៃ។​

កាល​ពី​មុន​ ជំរំ​នានា​ដែល​ពួក​ជួញដូរ​មនុស្ស​ប្រើប្រាស់ ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ែក​ខាង​ត្បូង ​ហើយ​សាកសព​រាប់​សិប​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ផ្នូរ​រាក់ៗ។​

មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ជួញដូរ​ មនុស្ស ​ដោយ​ក្នុង​នោះ​ក៏​មាន​ក្រុម​មន្ត្រី​ថៃខ្លះ​ផង​ដែរ។​

កិច្ច​ប្រជុំ​បន្ទាន់​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៥​ រវាង​ប្រទេស​ចំនួន​១៧​ ដោយ​រួម​មាន​ទាំង​សហ​រដ្ឋ​អាមេរិក ​ជប៉ុន ​ស្វីស ​អូស្ត្រាលី ​និង​ទីភ្នាក់ងារ​មនុស្សធម៌​អង្គការ​សហ​ប្រជាជាតិ​សំខាន់ៗ​មួយ​ចំនួន​ផង​នោះ ​បាន​ដាក់​សម្ពាធ​ឲ្យ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ប្រក្រតី​នេះ។​

ប៉ុន្តែ​មួយ​ឆ្នាំ ​បន្ទាប់​ពី​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​ (Rohingya) ​ត្រូវ​បាន​គេ​បោះបង់ចោល​នៅ​ក្នុង​សមុទ្រ ពួកគេ​រាប់ពាន់​នាក់នៅតែជាប់នៅ​ក្នុង​ជំរំ​ឃុំឃាំង​ដដែល។​

អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ ​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​ (Rohingya)​ជិត​២៥០០​នាក់​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ទី​ជម្រក​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ប្រទេស​ថៃ។​

លោកស្រី​ Aung San Suu Kyi ​បាន​ដឹង​អំពី​បញ្ហា​នេះ​អំឡុង​ពេល​លោកស្រី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ

ទីប្រឹក្សា​រដ្ឋ​ប្រទេស​មីយ៉ាន់ម៉ា(ភូមា)​ គឺ​លោកស្រី​ Aung San Suu Kyi ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ​នៅ​ក្នុង​សបា្តហ៍​នេះ ​និង​បាន​អំពាវនាវ​ទៅ​សមាគម​អន្តរជាតិ​ ឲ្យ​ទុក​ពេល​វេលា​គ្រប់គ្រាប់​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​(ភូមា)​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជន​ជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​ (Rohingya)។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថៃ​ថ្លែង​ថា​ ខ្លួន​សង្ឃឹម​ថា ​នឹង​អាច​លើក​ឡើង​អនុសាសន៍​មួយ

ចំនួន​ទៅ​លោកស្រី​ Suu Kyi​ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបទេស​មីយ៉ាន់ម៉ា​(ភូមា)​ផង​នោះ។ ​បញ្ហា​ដែល​គេ​គ្រោង​លើក​ឡើង​ រួម​មាន​ការ​ចូល​សញ្ជាតិ​របស់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ (Rohingya) ​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា(ភូមា)។​

Siriprapha Retcharamesree ​មក​ពី​វិទ្យាស្ថាន​ធនធាន​មនុស្ស​នៃ​សកល​វិទ្យាល័យ​ Mahidol​ និយាយ​ថា​ បញ្ហា​ស្តី​ពី​ការ​ឃុំ​ខ្លួន​ និង​ភាព​គ្មាន​ប្រទេស​របស់​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ (Rohingya)​ គឺ​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។​

Siriprapha​ បាន​ប្រាប់ ​VOA​ ថា៖​ «បញ្ហា​គឺ​នៅ​តែ​ស្ថិត​នៅ​ទី​នោះ។ ​វា​នៅ​តែ​ដូច​ពេល​មុន​អញ្ចឹង។​ អ្នក​ដែល​ត្រូវ​ជាប់​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​ នៅ​តែ​ជាប់​នៅ​ទី​នោះ។​ ក្រុម​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ (Rohingya) ​ដែល​ស្ថិត​នៅ​កន្លែង​ផ្សេង​ទៀត​ នៅ​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ដាក់​ក្នុង​មណ្ឌល​ឃុំឃាំង​ ឬ​ក៏​បញ្ជូន​ត្រឡប់​មក​វិញ។ ​ហានិភ័យ​ធំៗ​នៅ​តែ​មាន​នៅ​ទី​នោះ។​ សិទ្ធិ​របស់​ពួកគេ​មិន​ត្រូវ​បាន​ការពារ​ទេ។​ សម្រាប់​ខ្ញុំ​នេះ​គឺ​ជា​បរាជ័យ​មួយ»។​

អង្គការ​សហ​ប្រជាជាតិ​នឹង​លើក​យក​បញ្ហា​នេះ​មក​ដោះ​ស្រាយ​ពេល​ក្រោយ​នៅ​ក្នុង​ឆ្នាំ​នេះ

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​បាន​ធ្វើ​ឡើង​ដោយ​បាន​លើក​ឡើង​ពី​បញ្ហា​ ហើយ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​បញ្ហា​ជនភៀស​ខ្លួន​ ​និង​ចលនា​ចំណាក​ស្រុក​ នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ខែ​កញ្ញា​ ក្នុង​ឆ្នាំ​នេះ។​

ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ (Rohingya)​ ដែល​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង​ កំពុង​តែអស់​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើងៗ។ ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ជនជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា​ (Rohingya)​ចំនួន​២១នាក់​បាន​រត់​ចេញ​ពី​មណ្ឌល​ឃុំឃាំង​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ ហើយ​បាន​បណ្តាលឲ្យ​អ្នក​ទោស​ម្នាក់​បាន​ស្លាប់​ ដោយ​សារ​ប៉ូលិស​ថៃ​បាន​បាញ់។

ការ​រិះគន់​រដ្ឋាភិបាល​ថៃ ​និង​អាស៊ាន​

Angkhana Neelapaichit​ សមាជិក​របស់​គណៈកម្មាការ​សិទ្ធិ​មនុស្ស​ជាតិ​ ថ្លែង​ថា​ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ថៃ​មិន​មាន​បង្ហាញ​វិធាន​ការ​ទេ​ បន្ទាប់​ពី​កិច្ចប្រជុំ​បន្ទាន់​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​មុន។​ Angkhana​ បាន​និយាយ​ថា៖

«រដ្ឋាភិបាល​ថៃ​នៅ​តែ​គ្មាន​គោល​នយោបាយ​ច្បាស់លាស់​សម្រាប់​ក្រុម​មនុស្ស​ទាំង​នេះ។​ ពួក​គេ​គឺ​ជា​ជន​ចំណាក​ស្រុក​ ហើយ​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយ​មិន​អាច​ចេញ​ទៅ​ក្រៅ​ធ្វើ​ការ​បាន​ មិន​អាច​ទៅ​រៀន​ និង​មិន​អាច​ទទួល​បាន​សេវា​សុខភាព​សាធារណៈ។​ ទាំង​នេះ​ហើយ​គឺ​ជា​បញ្ហា»។​

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្រា្តលី​ ABC​ នា​ពេល​ថ្មី​នេះ​ បាន​រក​ឃើញ​ថា​ ​ជំរំ​ជន​ភៀស​ខ្លួន​អំបូរ​រ៉ូហ៊ីងយ៉ា​ (Rohingya)​ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​រដ្ឋ​ Rakhine ​មិន​មាន​ការ​គ្រប់គ្រង​សមរម្យ​ទៅ​តាម​រចនា​សម្ព័ន្ធ​ស្តង់ដារ​ទេ​ ដែល​បង្គន់​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​ដោយ​សារ​តែ​មាន​ខ្យល់​ព្យុះ​ថ្មីៗ​នេះ​ ដែល​ធ្វើ​ឲ្យ​ទាំង​បុរស​ និង​ស្រ្តី​ត្រូវ​បង្ខំ​ចិត្ត​ទៅ​បន្ទោបង់​នៅ​ទី​វាល​ក្បែរៗ​នោះ។

ការ​ផ្គត់ផ្គង់​ផ្នែក​ហរិញ្ញវត្ថុ​កំពុង​ពិភាក្សា​

សហគមន៍​អាស៊ាន​ថ្លែង​ថា​ ​ខ្លួន​បាន​យល់​ព្រម​បង្កើត​មូលនិធិ​ពិសេស​មួយ​ដើម្បី​ផ្គត់ផ្គង់​ដល់​ជន​ចំណាក​ស្រុក​ ​និង​ជនភៀស​ខ្លួន។​ ដំណើរ​ការ​នេះ​បាន​ទទួល​ការ​ស្វាគមន៍​ដោយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស។​

លោក​ Mathew Smith ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ​ Fortify Rights ​បាន​ថ្លែង​ថា​ មាន​ការ​ធ្លាក់​ចុះ​ចំនួន​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ (Rohingya)​ ដែល​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​(ភូមា)​ ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​តំបន់​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ធំ​ធេង​ជាង​នេះ។​

លោក​ Smith​ បាន​ថ្លែង​ប្រាប់​ VOA​ថា៖​ «បញ្ហា​ឥឡូវ​នេះ​ ​គឺ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ថ្នាក់​តំបន់​ ​មិន​បាន​ដាក់​ការ​ការពារ​ជន​រងគ្រោះ​ជា​បញ្ហា​អទិភាព​នោះ​ទេ។​ ដូច្នេះ​ហើយ​ អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ការ​ជួញ​ដូរ​មនុស្ស​ កាល​ពី​ឆ្នាំ​មុន​ គឺ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ»។​

លោក​បន្ត​ទៀត​ថា​ សហគមន៍​អាស៊ាន​ចាំ​បាច់​ត្រូវ​ធ្វើ​គោល​នយោបាយ​បន្ថែម​ទៀត​ ទៅ​លើ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ប្រក្រតី​ក្នុង​តំបន់​ ដែល​ភាគ​ច្រើន​ទាក់​ទិន​នឹង​ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​ប្រព័ន្ធ។ ​«នេះ​គឺ​បញ្ហា​ឆ្លងដែន​ ជា​បញ្ហា​អន្តរជាតិ​ ជា​បញ្ហា​ក្នុង​តំបន់​ ហើយ​ពិត​ណាស់​ថា​ គ្មាន​ប្រទេស​ណាអាច​ដោះស្រាយ​បញ្ហា​នេះ​តែ​ឯកឯង​បាន​ទេ»៕​

ប្រែ​សម្រួលដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា​