អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួនពីរគឺអង្គការ Amnesty International និង អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញាឈឹម ស៊ីថរប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ពីពន្ធនាគារជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌនិងទម្លាក់ចោទរាល់ការចោទប្រកាន់ទាំងអស់ផងដែរ។ នេះបើតាមសេចក្តីអំពាវនាវដែលបានចែកចាយដល់បណ្តាញសារព័ត៌មាននានានៅថ្ងៃពុធនេះ។
សេចក្តីអំពាវនាវនោះបានបន្ថែមថា៖
«កញ្ញាកំពុងជាប់ឃុំដោយសារតែការងារការពារសិទ្ធិកម្មករ ដែលនេះជាការរំលោភនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
កញ្ញាឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំនេះ ពេលវិលត្រឡប់ពីដំណើរទៅប្រទេសអូស្ត្រាលី ពីបទរំលោភលើលក្ខខណ្ឌនៃការនៅក្រៅឃុំ។ ប៉ុន្តែក្រុមសិទ្ធិមនុស្សអះអាងថា ទាំងនាង និងមេធាវីរបស់នាងមិនត្រូវបានជូនដំណឹងពីលក្ខខណ្ឌនោះឡើយ បើទោះជាពួកគេបានស្នើសុំមុនការធ្វើដំណើរចេញក៏ដោយ។
កញ្ញាស៊ីថរ បានធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីចូលរួមសមាជសហភាពពាណិជ្ជកម្មអន្តរជាតិពិភពលោកក្នុងខែវិច្ឆិកា។
អង្គការ Amnesty International និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស សម្តែងការព្រួយបារម្ភថា ការចាប់ខ្លួនកញ្ញាស៊ីថរ ពីបទរំលោភលើលក្ខខណ្ឌនៅក្រៅឃុំ កើតចេញពីការជួបប្រជុំរបស់ប្រធានសហជីពរូបនេះជាមួយសហជីពផ្សេងទៀត និងការអនុវត្តដោយសន្តិវិធីនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសមាគម។
សេចក្តីថ្លែងការណ៍របស់អង្គការនេះបន្ថែមថា៖«ការឃុំខ្លួនរបស់នាងក៏ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់កម្មករក្នុងការរៀបចំ និងការចរចាជាសមូហភាពផងដែរ»។
កាលពីខែមេសា ឆ្នាំ ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់ការងារបុគ្គលិកមួយចំនួនធំនិងបានបង្កឱ្យមានការព្រួយបារម្ភអំពីការបណ្តេញចេញដោយអយុត្តិធម៌នៃបុគ្គលិកកាស៊ីណូចំនួន១៣២៩ នាក់។ ការបញ្ឈប់ការងារនេះបានប៉ះពាល់ដល់មេដឹកនាំ និងសមាជិកសហជីពជាច្រើន។ ពួកគេមួយចំនួនបានធ្វើកូដកម្មបន្តរហូតមកដល់បច្ចុប្បន្ន។
កញ្ញាស៊ីថរ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់លើកដំបូងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅពេលដែលនាង និងសមាជិកសហជីពផ្សេងទៀតបានធ្វើកូដកម្មជាសាធារណៈនោះ។ អាជ្ញាធរកម្ពុជាបានចោទប្រកាន់នាង ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ប៉ុន្តែក្រោយមកបានដោះលែងឲ្យនៅក្រៅឃុំ៕