អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ៥៦ផ្សេងទៀតនៅថ្ងៃចន្ទនេះ បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យ និងផ្តល់សេរីភាពពេញលេញដល់ពួកគេ។
ពួកគេលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីអបអរទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។ អង្គការសមាគមចំនួន៥៧ ក្នុងនោះមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) សមាគមអាដហុក និងសមាគមតំណាងពលរដ្ឋរងគ្រោះដោយការរំលោភសិទ្ធិដីធ្លីជាដើម។
ពួកគេបានស្នើឲ្យរដ្ឋាភិបាល ទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មានដែលពួកគេថា «គ្មានមូលដ្ឋាន និងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។ បើតាមសេចក្តីថ្លែងការណ៍ អ្នកសារព័ត៌មានយ៉ាងហោចណាស់១៣នាក់ បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ក្នុងនោះ មានមួយចំនួនត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងអំពើចារកម្មចំពោះសកម្មភាពរបស់ពួកគេក្នុងការផ្សព្វផ្សាយដំណឹងដែលមានលក្ខណៈរិះគន់តាមបណ្តាញអ៊ីនធឺណេត កាសែត និងការបញ្ចេញមតិលើបណ្តាញសង្គម។
នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោមចំណងជើងថា «រដ្ឋាភិបាលកម្ពុជាគួរឈប់បំបិទសំឡេងអ្នកកាសែតនិងអង្គភាពសារព័ត៌មាន» ពួកគេបានទាមទារឲ្យដោះលែងអ្នកកាសែតដែលត្រូវបានឃុំខ្លួនដោយគ្មានហេតុផល និងផ្តល់មកវិញនូវអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មាន។
សេចក្តីថ្លែងការណ៍រួមបន្ថែមថា៖«រដ្ឋាភិបាលគួរតែលុបចោល ឬជាពិសេសធ្វើវិសោធនកម្មច្បាប់រឹតត្បិតដែលបានធ្វើឲ្យរាំងស្ទះសេរីភាពប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពសម្តែងមតិ...រដ្ឋាភិបាលគួរតែផ្តល់អាជ្ញាបណ្ណនៃអង្គភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ហើយបញ្ឈប់ការលុបចោលអាជ្ញាបណ្ណរបៀបនេះ នៅពេលអនាគត»។
ពួកគេ បានពណ៌នាពីការចាប់ខ្លួនអ្នកសារព័ត៌មាន លោក រស់ សុឃិត បន្ទាប់ពីចាងហ្វាងកាសែតឈ្មោះ«ជាតិខ្មែរ» រូបនេះ បានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក ពាក់ព័ន្ធនឹងផែនការរៀបចំការបន្តវេនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងវិបត្តិបំណុលមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងការចាប់ខ្លួនលោក សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័រ ឬទ្ធីសែន ក្នុងខេត្តកំពង់ឆ្នាំង ចំពោះការផ្សព្វផ្សាយជម្លោះដីធ្លីរ៉ាំរ៉ៃរវាងសហគមន៍កសិកម្ម និងមន្ត្រីមានអំណាច។ អ្នកទាំងពីររងការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
បើមិនមានការផ្លាស់ប្តូរ តុលាការខេត្តកំពង់ឆ្នាំង នឹងបើកសវនាការជំនុំជម្រះលើលោក សុខ ឧត្តម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកសាលក្រមលើលោក រស់ សុឃិត នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
អង្គការទាំងនោះក៏បានបង្ហាញក្តីបារម្ភអំពីការចាប់ខ្លួននិងកាត់ទោសលោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែឲ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Russia Today និងលោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយករបស់សារព័ត៌មានអនឡាញ TVFB និងសំណុំរឿងចារកម្មរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី ក៏ដូចជាការកាត់ទោសកំបាំងមុខអតីតអ្នកកាសែតរបស់ The Cambodia Daily ពីរនាក់។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានដែលមិនមាននិន្នាការគាំទ្ររដ្ឋាភិបាល ជារឿយៗសិទ្ធិរបស់ពួកគេត្រូវបានរឹតត្បិត និងមិនត្រូវបានស្វាគមន៍ ឬក៏ផ្តល់កិច្ចសហការគ្រប់គ្រាន់ពីអាជ្ញាធរក្នុងការបំពេញវិជ្ជាជីវៈប្រចាំថ្ងៃ។ បន្ថែមលើនោះ លោកនិយាយថា អ្នកកាសែតមួយចំនួនត្រូវបានគេសម្លាប់ និងវាយដំ ហើយជនសង្ស័យមិនត្រូវបានចាប់ខ្លួននោះទេ។
«យើងក៏បានពិនិត្យឃើញថា អ្នកដែលប្រព្រឹត្តការវាយដំ ឬក៏ជនល្មើសដែលធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានទាំងអស់ហ្នឹង មិនត្រូវបានគេយកមក ចាប់ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ។ អីចឹងហើយ អាទាំងអស់នេះ គឺជាអ្វីដែលយើងមានការព្រួយបារម្ភ ទាក់ទងជាមួយនឹងរឿងការឈានទៅរឹតត្បិតសេរីភាពហើយនឹងកិច្ចការងាររបស់អ្នកសារព័ត៌មានយើងផង ហើយមួយវិញទៀត វាអាចនឹងបន្តឲ្យមានវប្បធម៌និទណ្ឌភាពបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើងផង»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតដែលចេញផ្សាយនៅថ្ងៃចន្ទនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) (Cambodian Journalists Alliance) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (Overseas Press Club of Cambodia) និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (International Federation of Journalists) បានលើកឡើងថាចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងតិចណាស់អ្នកសារព័ត៌មានចំនួន១៥នាក់ ត្រូវបានសម្លាប់នៅកម្ពុជា។ ក្នុងករណីស្ទើរតែទាំងអស់ ជនរងគ្រោះត្រូវបានសម្លាប់ ដោយសារតែការងាររបស់ពួកគេ ហើយភាគច្រើននៃករណីនេះ កើតឡើងក្នុងខណៈពួកគេធ្វើសកម្មភាពរាយការណ៍ព័ត៌មានទាក់ទងនឹងបុគ្គលមានអំណាច។ ក្នុងចំណោមករណីទាំង១៥ មាន១២ករណី ដែលពុំមានជនណាម្នាក់ត្រូវបានកាត់ទោសពីបទឃាតកម្មលើអ្នកសារព័ត៌មានទាំងអស់នោះទេ។
ក្រុមអង្គការសារព័ត៌មានទាំងនេះ បានកត់សម្គាល់បន្ថែមថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន ហាក់នៅតែកើតឡើងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនេះ។
លោក យាង សុធារិន្ទ អតីតការីនិពន្ធរបស់វិទ្យុអាស៊ីសេរី ដែលកំពុងជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿងប្រមូលព័ត៌មានឲ្យរដ្ឋបរទេសនោះ បាននិយាយថា លោកចង់ឲ្យបទចោទប្រកាន់លើរូបលោកត្រូវបានទម្លាក់ចោល ដោយហេតុថា ការបន្តរងបទចោទប្រកាន់របស់តុលាការនោះ បង្កការរំខានដល់ជីវិតប្រចាំថ្ងៃរបស់លោក និងជាសម្ពាធដែលមិនអាចឲ្យលោកប្រើប្រាស់សិទ្ធិបញ្ចេញមតិដោយគ្មានការភ័យខ្លាច។
«សូម្បីតែគ្រប់ពេលវេលាដែលបញ្ចេញមតិនៅលើហ្វេសប៊ុកហ្នឹង ក៏មានការប្រុងប្រយ័ត្ន គ្រប់ម៉ាត់គ្រប់ពាក្យដែរដែលយើងប្រើប្រាស់ខ្លាច អាចធ្វើឲ្យភាគីណាមួយមិនសប្បាយចិត្ត ហើយគេចោទប្រកាន់យើងបន្ថែមទៀត ហើយគេ គេធ្វើទុក្ខបុកម្នេញលើយើងខ្ញុំបន្ថែមទៀត។ អ៊ីចឹងពួកខ្ញុំមានការប្រុងប្រយ័ត្ន»។
លោកបន្ថែមថា ក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មាន លោកនៅអាចធ្វើបាន ប៉ុន្តែក្នុងស្ថានភាពរឹតត្បិតខ្លួនឯង ដោយត្រូវប្រយ័ត្នប្រយែងចំពោះប្រធានបទដែលត្រូវរាយការណ៍និងសរសេរ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី វាយតម្លៃថា រដ្ឋាភិបាលកម្ពុជា បានបំផ្លាញចោលស្ទើរតែទាំងស្រុងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ដោយការវាយប្រហារលើទាំងអ្នកកាសែត និងអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះហើយច្បាស់ណាស់ដែលស្ថានភាពសារព័ត៌មាន«កាន់តែអាក្រក់ទៅ»គិតចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រែក្លាយប្រជាធិបតេយ្យកម្ពុជាទៅជា«រដ្ឋឯកបក្សផ្តាច់ការ»។
លោកបានអធិប្បាយតាមសារអ៊ីមែលថា៖ «វាគ្មានអីត្រូវឆ្ងល់ទេដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដាក់សម្ពាធដើម្បីបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា ដែលហ៊ានសួរដេញដោលពីពាក្សសម្តីរបស់លោក ឬក៏គោលនយោបាយរបស់លោក»។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានទេនៅថ្ងៃចន្ទនេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ថា ការអំពាវនាវរបស់អង្គការសមាគមខាងលើ គឺជាសាររិះគន់ និងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាដដែលៗដោយផ្អែកតាម«របៀបវារៈនយោបាយរបស់ពួកគេ និងគ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់»។
លោកមានប្រសាសន៍ថា៖ «ហើយប្រសិនបើ...ពួកគាត់ចង់ជួយដល់ក្រុមអ្នកសារព័ត៌មានដែលកំពុងតែរងនូវការអនុវត្តច្បាប់ក៏ដូចរងការចោទប្រកាន់ ឬក៏ទោសទណ្ឌតាមផ្លូវច្បាប់ហ្នឹង គឺថាគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការហើយបង្ហាញភស្តុតាងសក្ខីកម្មឲ្យបានរឹងមាំ ដើម្បីធ្វើការការពារខ្លួតាមផ្លូវច្បាប់»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្សដែលធ្វើការងារលើការការពារសិទ្ធិអ្នកសារព័ត៌មាន ក្នុងរយៈពេល១០ខែចុងក្រោយនេះ ពោលគឺគិតចាប់តាំងពីខែមករាដល់ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានសរុប៥៩នាក់បានទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន ការបាត់បង់ជីវិត និងការរងបណ្តឹងពីតុលាការ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ ត្រូវបានចាប់ខ្លួន ៧នាក់ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់៕