ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​អ.ស.ប.​បន្ត​ថ្កោល​ទោស​​​ការ​ប៉ះទង្គិច​និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ

លោក​សូរិយា ប្រាសាទ​ស៊ូបេឌី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ការ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​និយាម​សិទ្ធិមនុស្ស​​នៃ​សិទ្ធិ​​របស់​ជន​ដែល​ត្រូវ​ចាប់​ខ្លួន ​ហើយ​លោក​សង្កត់​ធ្ងន់​ថា​ «ការ​អត់ឱន​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អនាគត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

ប្រតិកម្មនានា​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះប្រឆាំង​ទៅ​នឹងការ​បង្រ្កាប​បាតុកម្ម​ និ​ង​ការ​ចាប់​ខ្លួន​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​តំណាង​រាស្ដ្រ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។​

កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​ខែ​កក្កដា ​ការ​ប៉ះទង្គិច​យ៉ាងហិង្សា​មួយ​បាន​កើត​ឡើងរវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​អាជ្ញាធរ ហើយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​យ៉ាង​តិច​៥០​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល។​ រហូត​មក​ដល់​ពេល​នេះ​មាន​តំណាង​រាស្ដ្រ​ដែល​មិន​ទាន់​មាន​អភ័យ​ឯកសិទ្ធិរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំ​ពីរ​រូប​ និង​មន្ត្រី​របស់​គណបក្ស​នេះម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ប្រាំ​រូប​ក្នុង​ចំណោម​នោះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃស​ជា​បណ្តោះ​អាសន្ន។​

ការ​ប៉ះទង្គិច​នេះ​កើត​មាន​ឡើង​ នៅពេល​ដែល​ក្រុម​បាតុករ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ប៉ុនប៉ង​ទាម​ទារ​ឲ្យបើក​របង​ទីលាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​សម្រាប់​ធ្វើ​ជា​កន្លែង​សម្តែងមតិ។​

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​លោក​សូរិយា ប្រាសាទ​ ស៊ូបេឌី​បាន​ទទូច​ឲ្យ​ភាគី​ទាំងអស់​អនុវត្ត​ជា​បន្ទាន់​«នូវ​ការ​ស្ងៀមស្ងាត់ ​និង​អត់ធ្មត់​ខ្ពស់​បំផុត»។ ​ជាមួយ​គ្នា​នោះ ​លោក​សូបេឌី​ក៏​បានអំពាវនាវ​ឲ្យ​លុប​ចោល​បម្រាមនៃ​ការ​ធ្វើ​បាតុកម្ម​ផង​ដែរ។​

លោក​បញ្ជាក់​បន្ថែម​ថា ​ព្រឹត្តិការណ៍​ហិង្សា​ខាង​លើ​នេះ​បាន​បង្ហាញ​ពី​ការ​«ធ្លាក់​ចុះ​នៃលំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា» ​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ហើយ​វា​កំពុង​តែ​ជះ​ឥទ្ធិពល​ជា​អវិជ្ជមានលើ​សិទ្ធិ​មនុស្ស។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ រដ្ឋា​ភិបាល​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូតក្នុង​ទីក្រុង​ភ្នំពេញ​ រួម​ទាំង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ និង​សហគមន៍​អឺរ៉ុបដើម្បី​ធ្វើ​ការ​ពន្យល់​អំពី​ស្ថាន​ការណ៍​នេះ។​

អង្គទូត​មួយ​ចំនួន​បាន​ចោទ​សួរ​ដោយ​សង្កត់ត្រង់ៗ​ថា​ ​តើ​ការ​បង្រ្កាប​ការ​តវ៉ា ​និង​ការ​ចាប់​ខ្លួន​តំណាង​រាស្ដ្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​អភ័យ​ឯក​សិទ្ធិ​នោះ​ ​ជា​ការ​ចាប់​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​វិល​ចូល​តុ​ចរចា​ បន្ទាប់​ពី​គណបក្ស​នេះ​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ មិន​ព្រម​ចូល​អង្គុយ​ក្នុង​រដ្ឋសភា​និង​បន្ត​ទាមទារ​ឲ្យ​ធ្វើ​ការ​កែទម្រង់​ការ​បោះឆ្នោត រួម​ទាំង​សមាសភាព​គណៈ​កម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​ឬយ៉ាងណា។​

លោក​សូរិយា ប្រាសាទ​ស៊ូបេឌី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ការ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​និយាម​សិទ្ធិមនុស្សនៃ​សិទ្ធិរបស់​ជន​ដែល​ត្រូវ​ចាប់​ខ្លួន ​ហើយ​លោក​សង្កត់​ធ្ងន់​ថា​ «ការ​អត់ឱន​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អនាគត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

ជាមួយ​គ្នា​នេះ ​អង្គការ​ Human Rights Watch ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទី​ក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក​ បាន​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​នយោបាយ​ទាំងប្រាំមួយ​រូប​របស់គណបក្ស​សង្គ្រោះ​ជាតិ​ «ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ»​ និង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​ឲ្យ​បាន​ត្រឹម​ត្រូវ។​

លោក​ប្រេដ អាដាមស៍ ​(Brad Adams) នាយក​អង្គការ​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ «ទោះជា​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​មាន​ការ​ខឹង​សម្បារ​កម្រិត​ណា​ក៏​ដោយ​ ដោយសារការ​បំបែក​ការ​តវ៉ា​របស់​ពួក​គេ ​ក៏ពួក​គេ​មិន​មាន​ហេតុ​ផល​ទៅ​វាយសំពង​កង​សន្តិសុខ​យ៉ាង​ធ្ងន់​ធ្ងរ​នោះ​ដែរ»។​

លោក​ប្រេដ អាដាមស៍​យល់​ថា ​គ្មាន​មូលដ្ឋាន​ផ្សេង​ក្នុង​ការចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​ប្រឆាំង«ក្រៅ​ពី​ឡេស​គំរាម​ដាក់គុក​មេដឹក​នាំ​គណបក្ស​នេះ​ទេ»។​

លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​អង្គ​ទូត​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ ​ការ​ចាប់​ខ្លួន​និង​ការ​បង្រ្កាប​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​កាតព្វកិច្ច​អនុវត្ត​ច្បាប់​របស់​ក្រុម​សមត្ថ​កិច្ច។​

«ខ្ញុំ​សូម​អនុញ្ញាត​បញ្ជាក់​បន្ថែម​ថា ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ដើម្បី​អនុវត្ត​ច្បាប់។ ​ហើយ​ការ​ប្រព្រឹត្តបទ​ល្មើស​ព្រហ្មទណ្ឌ​ត្រូវ​ទទួល​ការ​ឆ្លើយតប​តាម​ច្បាប់។ ​ហើយជន​ដែល​ប្រ​ព្រឹត្ត​បទ​ល្មើស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដែរ»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ក៏​បាន​ទាមទារ​ក្នុង​ញ្ញតិ្ត​របស់​ខ្លួនឲ្យ​រដ្ឋា​ភិបាល​ដោះ​លែង​មន្ត្រី​នយោបាយ​គណបក្ស​ជំទាស់​ដោយ​ចាត់​ទុក​ថា ​«ការ​គាប​សង្កត់​លើ​គណបក្ស​ជំទាស់​ជា​អំពើ​អយុត្តិធម៌»​ ហើយ​រដ្ឋា​ភិបាល​មាន​កាតព្វកិច្ច​ការពារ​ និង​លើក​ស្ទួយ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។​

លោក​យ៉ង់ គឹមអេង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លើក​ឡើង​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ផ្នែក​នយោបាយ​ជាជាង​ការ​ប្រើប្រាស់​និតិវិធី​ច្បាប់​ខុស​បែបបទ​បែប​នេះ។​

«មើល​ឃើញ​ថា ​ការ​ចាប់​ខ្លួន​មិន​ស្រប​តាម​និតិវិធី​ច្បាប់។​ បើ​ធ្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ច្បាប់។ ​យើង​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ខាង​នយោបាយ​ឲ្យ​បាន​ច្រើន​ ចរចា​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ ជាជាង​បង្កើត​ឧបសគ្គ​ដល់​ការ​ចរចា»។

ក្រុម​អង្គ​ទូត​ អង្គការ​សហ​ប្រជាជាតិ ​និង​សហគមន៍​អឺរ៉ុប​ កាល​ពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គ្នា។​ ​ហើយ​ទទូច​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​តំណាង​រាស្ដ្រ​និង​មន្ត្រី​គណបក្ស​ជំទាស់ដែល​ត្រូវ​បាន​ចាប់ខ្លួន៕