ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ខណៈ​ខួប​៧​ឆ្នាំ​ខិត​ជិត​មក​ដល់

រូប​ឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

ខណៈ​ខួប​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយដ៏​ល្បី គឺ​លោកបណ្ឌិត កែម ឡី ជិត​ចូល​មក​ដល់ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រារព្ធ​ខួប ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ និង​វីរភាព​របស់​លោក។

កម្ម​វិធី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នេះ ​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​មក​ពី​ស្ថាប័ន​ផ្សេងៗ ដូច​ជា​អង្គការតម្លាភាព​កម្ពុជា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​លីកាដូ​ជា​ដើម។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អ្នកស្រី ចក់ សុភាព ប្រាប់​វីអូអេ​ថា ​រឿង​ក្តី​ក្តាំ​លើ​លោក​បណ្ឌិត​ កែម ឡី មាន​ចំណុច​សង្ស័យ​ជា​ច្រើន បើ​ទោះ​ជា​មាន​ការ​ចាប់​ខ្លួន​បុគ្គល​ដែល​អះអាង​ថា​ ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ក៏​ដោយ។ អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ស៊ើប​អង្កេត​ ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ពិត​ប្រាកដ​នៃ​ឃាត​កម្ម​នេះ។

អ្នកស្រី​បញ្ជាក់​ថា៖ «ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​យ៉ាងម៉េច​លុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌភាព​ដែរ។ អ៊ីចឹង​ដូច​ករណី​លោក​បណ្ឌិត​ដែល​បាន​ទាញ​នូវ​ចំណាប់​អារម្មណ៍​មហា​ជន​ជា​ច្រើន​ វា​រឹត​តែ​ចាំ​បាច់​ដែល​រដ្ឋាភិបាល​គួរ​តែ​ប្រឹង​ប្រែង​ បង្ហាញ​នូវ​ពន្លឺ​យុត្តិធម៌ ដើម្បី​ឱ្យ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌ ដែល​ធ្លាប់​តែ​រង​ការ​រិះ​គន់​កន្លង​មកជា​ហូរ​ហែ​ដែរ»។

បើ​តាម​នាយិកា​រូប​នេះ បើ​កាល​ណា​រដ្ឋាភិបាល​អាច​បើក​បង្ហាញ​អ្នក​នៅ​ពី​ក្រោយ​នៃ​រឿង​ក្តី​មួយ​នេះ វា​នឹង​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ លោក​ Dominic Williams ដែល​ចូល​រួម​កម្មវិធី​រំឭកខួប​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី​ ប្រាប់​វីអូអេ​ថា​លោក​បណ្ឌិត កែម ឡី​ គឺជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​សម្រាប់​សង្គម​ស៊ីវិល​ ក៏ដូច​ជា​សកម្មជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។លោក​បន្ត​ថា​លោក​មក​ចូល​រួម​បុណ្យ​រំឭក​ខួប​នេះ​ គឺ​ដើម្បី​បង្ហាញ​សាមគ្គី​ភាព​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ព្រម​ទាំង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ សិទ្ធិ​មនុ​ស្ស​និង​សេ​រីភាព​នៃ​ការ​បញ្ចេ​ញ​មតិ។

លោក​ថ្លែង​ជា​ភាសា​អ​ង់គ្លេស​ហើយ​ត្រូ​វ​បាន​បក​ប្រែ​ជា​ភាសាខ្មែរ​ថា៖ «យើ​ង​សង្ឃឹម​ថា​វា​នឹង​មាន​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​ កែម ឡី ហើយ​រក​ឃើញ​អ្នក​ប្រព្រឹត្ត​មក​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​គិត​ថា​វា​ជា​ការ​និយាយ​ពី​អនុស្សាវរីយ៍ និង​ការ​រួម​ចំណែក​របស់​លោក​ក្នុង​សង្គម​កម្ពុជា»។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams ចូលរួមប្រារព្ធវិញាណខន្ធនៃខួបគម្រប់៧ឆ្នាំរបស់លោក កែម ឡី នៅការិយាល័យរបស់អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)

លោក កែម ឡី ដែល​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ចំណុច​ភ្លើង​ស្តុប​បូកគោ ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦។ ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី អាជ្ញាធរ​ចាប់​បាន​បុគ្គល​ម្នាក់ ឈ្មោះ​ អឿត អាង ហៅ​ក្រៅ​ថា​ជួប​ សម្លាប់។

បុរស​នោះ​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​មួយ​ជីវិត។ តុលាការ​បាន​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ​ គឺ​ការ​ដាក់​ទោស​លោក ​ជួប​ សម្លាប់ ឱ្យជាប់​ពន្ធនា​គារ​មួយ​ជីវិត និង​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​ទៀត​ចំពោះ​ឃាត​កម្ម​លើ​លោក កែម ឡី ហើយ​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​នេះ ​មិន​ទាន់​មាន​តម្រុយ​អ្វី​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស។

ព័ត៌មាន​ទាក់ទង៖ ​មន្រ្តី​សិទ្ធិ​មនុស្ស​បន្ត​ជំរុញ​​អាជ្ញាធរ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ឃាត​កម្ម​លោក កែម ឡី

លោក អ៊ុល វ៉ាន់ ប្រធាន​សមាគម​បណ្តាញ​យុវជនកម្ពុជា​(CYN)​លើក​ឡើង​ថា​ ករណី​ឃាត​កម្ម​នេះ​មិន​ទាន់​មាន​យុត្តិធម៌​ដល់​ក្រុមគ្រួ​សារ និង​ជនរង​គ្រោះ​នៅ​ឡើយ​ទេ និង​ថា​ ដំណើរ​ការ​រឿងក្តី​មាន​ភាព​ប្រញាប់​ប្រញាល់ ព្រម​ទាំង​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់។

លោក​នៅ​តែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​ ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ដល់​លោក កែម ឡី។

លោក​ថ្លែង​ថា៖ «ពួក​យើង​ដែល​ជា​អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី​ រួម​ជា​មួយ​ក្រុម​គ្រួសារ​ ក៏​នៅ​តែ​បន្ត​ទាម​ទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ ជាពិសេស​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ស្វែង​រកនូវ​ជន​ប្រព្រឹត្ត​បទ​ល្មើស​មក​ផ្តន្ទា​ទោស​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រឹមត្រូវ ហើយ​ផ្តល់​នូវ​យុត្តិធម៌​ទៅ​ដល់​សាធារណជន​»។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ​ រូប​លោក​ព្រម​ទាំង​សហ​ការី​ផ្សេង​ទៀត​នៅ​តែ​ប្រារព្ធ​ខួប ដើម្បី​រំឭក​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី​ និង​ជា​ការ​ស្វែង​រក​យុត្តិធម៌​មួយ​សម្រាប់​រូប​លោក។
រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ​ សុភ័គ​ ប្រាប់​វីអូអេ​ថា ​រឿង​ក្តី​មួយ​នេះ​មិន​មាន​អ្វី​ជឿន​លឿន​ឡើយ​ និង​ថា​វា​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ​ទៀត​ឡើយ គឺ​សំណុំ​រឿង​មួយ​នេះ​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ។

ព្រះសង្ឃគង់សូត្រមន្តក្នុងពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធជូនលោក កែម ឡី ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ពិធីនេះធ្វើឡើងនៅការិយាល័យរបស់អង្គការនេះ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ /វីអូអេ)

លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​ខាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​ជុំវិញ​ករណី​នេះ។ វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ី រិន្ទ​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​អាដហុក លោក ស៊ឹង​ សែនករុណា​ លើក​ឡើង​ថា​ សាធារណជន​មិន​អាច​ទទួល​យក​បាន​ឡើយ​ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​កន្លង​ទៅ មាន​មន្ទិល​សង្ស័យ​ជា​ច្រើន។ លោក​បន្ថែម​ថា​បើ​ទោះ​មាន​ការ​បំបែក​សំណុំ​រឿង ដើម្បី​ស៊ើប​អង្កេត​បន្ត​ទៀត ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ការ​វិវឌ្ឍ​អ្វី​បន្តិច​ឡើយ។

លោក​ថ្លែង​ថា៖ «យើ​ង​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ ជាពិសេស​សមត្ថកិច្ច​ដែល​មាន​តួនាទី ហើយ​និង​គណៈកម្មការ​ដែល​បាន​បង្កើត​ឡើ​ងហ្នឹង គប្បី​មាន​ការប​ង្ហាញ​នូវ​ព័ត៌មាន​ខ្លះ​ថា​ តើ​យើង​បង្កើត​គណៈ​កម្មការ​ឬ​ក៏​បំបែក​នូវ​សំណុំ​រឿង​នេះ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ? ប៉ុន្តែ​មក​ទល់​ពេល​នេះ ព័ត៌មាន​អ្វី​បន្តិច​ក៏​យើង​មិន​ទាន់​ទទួល​បាន​ដែរ។ អ៊ីចឹង​សួរ​ថា​ឱ្យ​សាធារណ​ជន ក៏ដូច​ជា​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរ​ជាតិ គេ​ជឿ​ជាក់​ដោយ​របៀប​ម៉េច?»។

ភរិយា​របស់​លោក​បណ្ឌិត​ កែម ឡី​ ដែល​កំពុងរ​ស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​អូស្ត្រា​លី​ អ្នកស្រី ប៊ូ រចនា និង​លោក កែម រិទ្ធិសិត ប្អូន​ប្រុស​របស់​លោក កែម ឡី បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ។

នៅ​ថ្ងៃទី​១០ ខែ​កក្កដា​ខាង​មុខ​នេះ ក៏​នឹង​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅ​ប្រារព្ធ​ខួប​នៅ​ម៉ាត​លក់​អីវ៉ាន់ ជា​កន្លែង​ដែល​លោក​បណ្ឌិត កែម ឡី ត្រូ​វបាន​បាញ់​សម្លាប់​កាល​ពី​៧​ឆ្នាំ​មុន៕