អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​កម្ពុជា

រូបភាពដកស្រង់ចេញពីរបាយការណ៍របស់អង្គការ Amnesty International ស្តីអំពី «សង្គ្រាមប្រឆាំងគ្រឿងញៀន» នៅកម្ពុជា បង្ហាញឲ្យឃើញអ្នកទោសផ្តុំគ្នាយ៉ាងណែនតាន់តាប់នៅក្នុងពន្ធនាគារមួយក្នុងប្រទេសកម្ពុជា។ (រូបថតដោយ Amnesty International)

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ក្រោយ​បាន​សម្ភាស​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​នៃ​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ ដោយ​ក្នុង​នោះ​រក​ឃើញ​អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​មាន​ការ​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​ផង​ដែរ។​

របាយ​ការណ៍​នេះ​ត្រូវ​បាន​ស្រាវជ្រាវ​នៅ​ចន្លោះ ​ខែ​វិច្ឆិកា​និង​ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ដែល​ចង​ក្រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធំធេង​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​គ្រឿង​ញៀន​ ដែល​បាន​ចាប់​ផ្តើម​ឡើង​ កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០១៧។ យុទ្ធនាការ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​មាន​ឈ្មោះ​ថា ​«សង្រ្គាម​ប្រឆាំង​គ្រឿង​ញៀន»។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ ​Amnesty International។​

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បាន​សម្ភាស​មនុស្ស ៥១​ នាក់ ​ដែល​ក្នុង​នោះ​ ៣៤ ​នាក់ ​ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ឬ​ក៏​ពី​មុន​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន ​បន្ថែម​លើ​ការ​ពិនិត្យ​មើល​ឯកសារ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ផង​ដែរ។​

ចំណុច​សំខាន់​នៃ​របាយ​ការណ៍​នេះ​និយាយ​អំពី​យន្តការ​នៃ​ការ​ពង្រឹង​ច្បាប់​ ដោយ​មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​ដែល​រង​ការ​ចោទ​ប្រកាន់ ​ហើយ​នាំ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ​ការ​ចោទ​ប្រកាន់​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​ការ​បំពាន​នៅ​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន ​និង​បញ្ហា​អំពើ​ពុក​រលួយ ​ដែល​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​មនុស្ស​មិន​មាន​កំហុស។​

របាយ​ការណ៍​ឲ្យ​ដឹង​ថា​ សម្រាប់​បុគ្គល​ដែល​មក​ពី​សហគមន៍​ក្រីក្រ​និង​ដែល​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់នៅ​ពេល​មាន​ការ​បង្រ្កាប​គ្រឿង​ញៀន​ គ្រាន់​តែ​អ្នក​ឈរ​នៅ​ក្បែរ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន ​និង​អាច​នាំ​ឲ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ​ហើយ​ជួន​កាល​ រង​ការ​ចោទ​ប្រកាន់​ថា​ជួញដូរ​គ្រឿង​ញៀន។​

ក្នុង​ករណី​មួយ​ចំនួន​ទៀត​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បង្ខំ​និង​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​ឲ្យ​សារភាព​ផង​ដែរ។ ​នេះ​បើ​តាម​របាយ​ការណ៍​នេះ។​

អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ម្នាក់​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ថា៖ ​«ពួក​គេ​សួរ​ខ្ញុំ​ថា​ តើ​ខ្ញុំ​លក់​គ្រឿង​ញៀន​ប៉ុន្មាន​ដង​ហើយ?​ ប៉ូលិស​និយាយ​ថា​ ប្រសិន​បើ​ខ្ញុំ​មិន​សារភាព ​គាត់​នឹង​ប្រើ​កាំភ្លើង​ [ដំបង]​ ឆក់​លើ​ខ្ញុំ​ម្តង​ទៀត»។​ នេះ​បើ​តាម​ ស្រីនាង ​អាយុ​ ៣០ ​ឆ្នាំ ​ដែល​ត្រូវ​បាន​សម្ភាស​ដោយ​អង្គការ ​Amnesty International។​

អង្គការ​បញ្ជាក់​ថា ​គិត​ត្រឹម​ខែ​មីនា ​ឆ្នាំ ​២០២០ ​ អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ដល់​ទៅ​ ៧៨ ​ភាគ​រយ ​ដែល​មាន​អ្នក​ជាប់​ឃុំ​ទៅ​ដល់​ជិត ​៤ ​ម៉ឺន​នាក់​ ក្រោយ​មាន​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​នេះ។​

បើ​តាម​របាយ​ការណ៍​នេះ ​យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ៥៥.៧៧០ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ ប្រើ​ប្រាស់ ​ឬ​លក់​គ្រឿង​ញៀន​ នៅ​ចន្លោះ​ខែ​មករា​ ឆ្នាំ ​២០១៧​ ដល់​ខែ​មីនា​ ឆ្នាំ​ ២០២០។​របាយ​ការណ៍​នេះ​បញ្ជាក់​ថា​ ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាការ​ដែល​កាល​ពី​ចុង​ឆ្នាំ ​២០១៦ ​មាន​ប្រមាណ​២២.០០០​ នាក់ ​បាន​កើន​ឡើង​ទៅ​ដល់​ជិត​ ៣៩.០០០ ​នាក់​ ក្នុង​ខែ​មីនា ​ឆ្នាំ​ ២០២០។ ​ពន្ធនាគារ​របស់​កម្ពុជា​អាច​ដាក់​មនុស្ស​បាន​ប្រមាណ​ ២៦.០០០ ​នាក់ ​តែ​ប៉ុណ្ណោះ។​

អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​ថា៖​ «វិបត្តិ​នៃ​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាការ​នេះ​កំពុង​បង្ក​ឲ្យ​មាន​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ​និង​លក្ខណៈ​ជា​ប្រព័ន្ធ។​ នេះ​ជា​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​អ្នក​ទោស​ដែល​ត្រូវ​ទទួល​បាន​សុខភាព​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ដែល​អាច​ទទួល​យក​បាន​ ហើយ​ក្នុង​ករណី​ខ្លះ​មាន​រហូត​ដល់​ការ​ធ្វើ​ទារុណកម្ម ឬ​ការ​ធ្វើ​បាប​ផ្សេង​ទៀត ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ»។​

លោក​ Nicholas Bequelin ​នាយក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​ប្រចាំ​តំបន់​អាស៊ី​ មាន​ប្រសាសន៍​ថា​ សង្រ្គាម​ប្រឆាំង​គ្រឿង​ញៀន​របស់​កម្ពុជា ​«គឺ​ជា​គ្រោះ​មហន្តរាយ​ខ្លាំង​ ដោយ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ​ហើយ​វា​បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​មន្រ្តី​ពុករលួយ​ មានប្រាក់​ខែ​តិចតួច​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា»។

បើ​តាម​របាយ​ការណ៍​នេះ ​ មាន​ការ​បង្ខំ​ឲ្យ​ផ្តល់​ប្រាក់​ដល់​ប៉ូលិស​ ដើម្បី​ផ្លាស់​ប្តូរ​របាយ​ការណ៍​ដែល​ដាក់​ទៅ​តុលាការ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ធ្ងន់​ធ្ងរ​ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លឿន ​ឬ​ការ​កាត់​ទោស​ស្រាល ​ឬ​ក៏​ដោះ​លែង​មនុស្ស​ដែល​គ្មាន​កំហុស ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។​

អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ម្នាក់​និយាយ​ថា៖ «នៅ​ពេល​បង​ប្អូន​ស្រី​របស់​ខ្ញុំ​នៅ​អធិការ​ដ្ឋាន​ស្រុក ​ប៉ូលិស​ម្នាក់​ប្រាប់​ខ្ញុំ​ថា​ ប្រសិន​បើ​ខ្ញុំ​ឲ្យ​លុយ ១០០​ ដុល្លារ​ទៅ​គាត់ ​គាត់​នឹង​ដូរ​របាយ​ការណ៍​របស់​ប៉ូលិស​ទាក់ទង​នឹង​ករណី​បងប្អូន​ស្រី​របស់​ខ្ញុំ។​ គាត់​និយាយ​ថា ​គាត់​នឹង​ធ្វើ​ឲ្យ​ករណី​នោះ​ស្រាល ​បន្ទាប់​ពី​បញ្ជូន​ទៅ​តុលាការ»។​

រដ្ឋលេខាធិការ ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន ​ចោទ​ជា​សំណួរ​ទៅ​លើ​វិធី​សាស្រ្ត​នៃ​ការ​ធ្វើ​ការ​ស្រាវជ្រាវ​នេះ​ និង​ថា ​តើ​មាន​ការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​និង​អាជ្ញាធរ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ឬ​យ៉ាង​ណា។ ​លោក​ចោទ​ជា​សំណួរ​ថា​ តើ​របាយ​ការណ៍​នេះ អាច​«យកជា​ការ​បាន»​ ឬ​ក៏​អត់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ចំណែក​ទីពីរ ​បើ​សិន​ជា​គាត់​មាន​មូលដ្ឋាន​ភស្តុតាង​ច្បាស់​លាស់​បញ្ជាក់​ថា​ ការ​អនុវត្ត​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់ ​ដូច​ជា​អ្វី​ដែល​គាត់​លើក​ឡើង​មាន​ការ​កែ​ប្រែ​បទ​ល្មើស ​កែ​ប្រែ​បទ​ចោទ​មិន​ស្រប​ទៅ​នឹង​អង្គ​ហេតុ​ ឬ​មួយ​សមត្ថ​កិច្ច​អនុវត្ត​តួនាទី​ ដោយ​បំពានរំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ អាហ្នឹង​ឲ្យ​តែ​មាន​មូលដ្ឋាន​ភស្តុតាង​ច្បាស់​លាស់ ​សូម​ធ្វើ​ការ​សហការ​ជាមួយ​នឹង​សមត្ថ​កិច្ច​ គឺ​យើង​នឹង​ធ្វើ​ការ​ដោះស្រាយ។ ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់ ​ អ្នក​ដែល​បំពាន​ច្បាប់​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ​ក៏​ប៉ុន្តែ​ បើ​គាត់​ក្រែង​ចេះ​តែ​លើក ​ហើយ​គ្មាន​មូលដ្ឋាន ​ហើយ​មិន​សហការ​ជា​មួយ​សមត្ថ​កិច្ច ​អាហ្នឹង​ក៏​យើង​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច​ដែរ»។​

VOA​ បាន​សាក​សួរ​លោក ​សំណាង​ អាយុ​ ៤០ ​ឆ្នាំ​រស់​ក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ​ដែល​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ​ លីណា ​អាយុ​ ៣០ ​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៨​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​ដំបូង​ឡើយ​ថា​ ប្អូន​របស់​លោក​ជួញ​ដូរ​គ្រឿង​ញៀន។ ​លោក​ លីណា ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាការ ​២៥ ​ឆ្នាំ ​ហើយ​សំណុំ​រឿង​របស់​លោក​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល។​

លោក​ សំណាង ​ដែល​បាន​ប្រាប់​ត្រឹម​ឈ្មោះ​ខ្លួន ​ដោយ​បារម្ភ​ខ្លាច​មាន​បញ្ហា​ក្រោយ​ផ្តល់​បទ​សម្ភាសន៍​មាន​ប្រសាសន៍​ថា​ ប្អូន​ប្រុស​របស់​លោក​ មិន​មែន​ជា​អ្នក​ញៀន​គ្រឿង​ញៀន​ ហើយ​ក៏​មិន​មែន​ជា​អ្នក​ជួញដូរ​ដែរ។​ លោក​ថា ​ប៉ូលិស​បាន​បង្ខំ​បុគ្គល​ម្នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឲ្យ​ឆ្លើយ​ដាក់​ប្អូន​ប្រុស​របស់​លោក​ ទាំង​ដែល​ពួក​គេ​មិន​ដែល​ស្គាល់​គ្នា​ទាល់​តែ​សោះ។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​ «ខ្ញុំ​មើល​តាម​ចម្លើយ​ដែល​ប្អូន​ខ្ញុំ​ ហើយនឹង​តុលាការ​សួរ ហ្នឹង ខ្ញុំ​សង្ឃឹម​ថា ​ប្អូន​ខ្ញុំ​រួច​ដែរ​ បើ​គេ​ឆ្លើយ​ថា​អា​នោះ​វា​មិន​ដែល​ស្គាល់​គ្នា​ទេ​ កុំ​ធ្វើ​បាប​គាត់​ អី។ ​មិន​ដែល​ស្គាល់​ទេ​ ហើយ​ប្អូន​ខ្ញុំ​អត់​ដែល​ស្គាល់​គ្នា​មែន ​តែ​ឈ្មោះ​មិន​ដែល​ស្គាល់​ផង»។

បើ​តាម​របាយ​ការណ៍​របស់​ប៉ូលិស​ដែល​ VOA​ ទទួល​បាន​ពី​លោក ​សំណាង ​សមត្ថ​កិច្ច​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ គឺ​លោក​ លីណា ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក ​និង​លោក​ យឹម ប៊ុនឆៃ ​ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ​២៥ ​ឆ្នាំ។​

លោក​ សំណាង​ មាន​ប្រសាសន៍​ថា ​ប្អូន​ប្រុស​របស់​លោក​មិន​ដែល​ស្គាល់​ឈ្មោះ ​ប៊ុនឆៃ​ នោះ​ទេ​ ហើយ​ ប៊ុនឆៃ ​ក៏​បាន​ប្រាប់​តុលាការ​ថា ​លោក​ត្រូវ​បានប៉ូលិស​បង្ខំ​ឲ្យ​ឆ្លើយ​ថា​ ឈ្មោះ ​លីណា ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​អា​នោះ​វា​ឆ្លើយ​ប្រាប់​ថា​កុំ​ធ្វើ​បាប​គាត់​អី ប៉ូលិស​បង្ខំ​ឲ្យ​ឆ្លើយ​ដាក់​ទេ។ ​អាហ្នឹង​ខ្ញុំ​ស្តាប់​ដោយ​ផ្ទាល់​ត្រចៀក​តែ​ម្តង។ ​សូម្បី​តែ​នៅ​ក្នុង​តុលាការ ​ដៃ​គូ​ប្អូន​ខ្ញុំ​ក៏​និយាយ​ថា ​ប៉ូលិស​បង្ខំ​ឲ្យ​ឆ្លើយ​ដាក់​គាត់​ទេ។​ កុំ​ធ្វើ​បាប​គាត់​អី»។

លោក​បន្ថែម​ថា ​ទោស​ ២៥ ​ឆ្នាំ​ទាំង​ដែល​គ្នា ​គ្មាន​កំហុស​អី​សោះ។ ​ដូច​ជា​ជ្រុល​ពេក​ហើយ។ លោក​បន្ថែម​ថា៖​ «ហើយ​គ្នា​មិន​អាច​រស់​ដល់​ ២៥ ​ឆ្នាំ​ទេ​ ព្រោះ​គ្នា​មាន​ជំងឺ​ជាប់​ខ្លួន​ផង​ហ្នឹង។ ដូច​អយុត្តិធម៌​ណាស់​បង​ មែន​តើ។ ​ខ្ញុំ​សូម្បី​តែ​និយាយ​ ក៏​ចង់​ស្រក​ទឹក​ភ្នែក​ដែរ​បង»។​

លោក ​សំណាង ​បន្ត​ថា​ នៅ​ដំណាក់​កាល​នីមួយៗ​លោក​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ​ ១២.០០០ ​ ដុល្លារ​អាមេរិក ​ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ថា ​ប្អូន​ប្រុស​របស់​លោក​អាច​ត្រូវ​ដោះ​លែង។

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​ខ្ញុំ​គិត​ថា​បើ​យុត្តិធម៌​មាន ​យើង​ប្រើ​លុយ​កាក់​តិច​តួច​អ៊ីចឹង​ទៀត​ វា​អាច​រួច​ហើយ​បែរ​ជា​អត់​រួច​ទៀត»។​

រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លោក ​ប៉ិច ពិសី ​មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​ក្នុង​វិស័យ​តុលាការ​នៅ​តែ​ខ្ពស់​នៅ​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា​ កន្លង​ទៅ​ លោក​ក៏​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ជម្រិត​ទារ​លុយ​ពី​កម្លាំង​សមត្ថ​កិច្ច ​និង​ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជ​អាជ្ញា​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«នៅ​ក្នុង​កិច្ចការ​ដែល​យើង​ធ្វើ​ទាក់ទង​វិស័យ​យុត្តិធម៌​ហ្នឹង ​យើង​ក៏​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​ការ​ជម្រិត​ទារ​ប្រាក់​អី​ជាដើម​ពី​ព្រះ​រាជ​អាជ្ញា​ក្តី ​ពី​ប៉ូលិស ​ពី​មន្រ្តី​អនុវត្ត​ច្បាប់ ​ទៅ​លើ​ក្មេងៗ ​ដែល​គាត់​អាច​ជា ​អ្នក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​លក់ ​ឬ​ក៏​អ្នក​ខ្លះ​ហ្នឹង​គឺ​អាច​គ្រាន់​តែ​ជា​អ្នក​ប្រើប្រាស់​ទេ»។​

លោក​បន្ថែម​ថា​ នេះ​ជា​ភាព​មិន​ច្បាស់​លាស់ ​ដូច្នេះ​លោក​ថា​ មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​ហើយ​យក​ទៅ​ដាក់​ពន្ធនាគារ​ភ្លាមៗ​ទេ ​គឺ​គួរ​មាន​នីតិវិធី​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ជាង​មុន។​

នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​មាន​សេចក្តី​រាយ​ការណ៍​ថា ​អ្នក​សេព​គ្រឿង​ញៀន​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជន​រង​គ្រោះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ ​នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន។

លោក​ថ្លែង​ថា៖ ​«ខ្លះ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូរ​គ្រឿង​ញៀន​ទេ ​ប៉ុន្តែ​នៅ​ពេល​ដែល​អាច​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​បាន​ ទាល់​តែ​ចោទ​ប្រកាន់​អំពី​រក្សា​ និង​ការ​ជួញដូរ​ ហើយ​អ៊ីចឹង​ត្រូវ​ជា​គាត់​ទៅ​ជាប់​ទោស​ដែរ។​អា​ទាំង​អស់​ហ្នឹង​បើ​សិន​ជា​ពិនិត្យ​ទៅ ​គាត់​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ប្រើប្រាស់​ជួញ​ដូរ​គ្រឿង​ញៀន។ ​អាហ្នឹង​ត្រូវ​គិត​គូ​ពិចារណា​ព្រោះ​គាត់​រង​គ្រោះ​ពីរ​ដង»។​

កាល​ពី​ដើម​សប្តាហ៍​នេះ ​ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី -ខេត្ត ​និង​ដើម្បី​បញ្ចៀស​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា ​យុទ្ធនាការ​នេះ​មិន​មែន​ដើម្បី​ដោះលែង​អ្នក​ជាប់​ទោស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នោះ​ទេ ​តែ​វា​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ​ដែល​ក្នុង​នោះ​មាន​បទ​ល្មើស​គ្រឿង​ញៀន​ផង​ដែរ។

បើ​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ ក្នុង​ឆ្នាំ​២០១៩​ សមត្ថ​កិច្ច​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​ ៩.៨០៦​ ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ២០.៤៩០​ នាក់៕