អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​បិទ​ជំរំ​«ឃុំខ្លួន»​ជនជាតិ​រូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

រូបឯកសារ៖ ជំរំមាតុភូមិនិវត្តន៍សម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានសាងសង់សម្រាប់ការវិលត្រឡប់របស់ពួកគេពីប្រទេសបង់ក្លាដែស នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

មីយ៉ាន់ម៉ា​ត្រូវតែ​បញ្ចប់ ​«របប​អាផាថេត»​ ដែលជារបបប្រកាន់ពូជសាសន៍ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​រាប់​ពាន់​នាក់ ​ស្ថិត​នៅ​ក្នុងជំរំ​សម្រាប់​មនុស្ស​គ្មាន​ទីលំនៅ ​អស់រយៈ​ពេល​ ៨ ឆ្នាំ​។

ការរស់នៅដោយគ្មានទីលំនៅរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានកើតឡើង បន្ទាប់ពី​ការប៉ះ​ទង្គិច​ដ៏ប្រល័យ​ក្នុង​សហគមន៍​នានា​នៅ​ទូទាំង​តំបន់​ភាគ​ខាង​លិច​ជាយ​ប្រទេសមីយ៉ាន់ម៉ា ​ដែល​មាន​ពលរដ្ឋដែលជាអ្នកកាន់​ព្រះ​ពុទ្ធ​សាសនា​ភាគ​ច្រើនរស់នៅទីនោះ។ ​នេះ​តាម​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស ​Human Rights Watch ដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍មួយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ការចាប់​អារម្មណ៍​របស់​អន្តរជាតិ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ផ្តោតភាគ​ច្រើន​លើជំរំ​ជនភៀស​ខ្លួន ​ដែល​បាន​លាត​សន្ធឹង​យ៉ាង​វែង​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​ដែលជា​ប្រទេស​ជិត​ខាង​ ចាប់​តាំង​ពី​ការបង្ក្រាប​ឆ្នាំ​ ២០១៧​ ដោយ​ប៉ូលិសនិង​យោធា​មីយ៉ាន់ម៉ា ​នៅ​ក្នុង​រដ្ឋ Rakhine។ ​

ការ​បង្ក្រាប​ទាំង​នោះ​បាន​ធ្វើ​ឲ្យជនជាតិ​រ៉ូហ៊ីងយ៉ា​ចំនួន​ ៧ ​សែន​នាក់ ​រត់គេច​ខ្លួន​ឆ្លងកាត់​ព្រំដែន។​អង្គការ​សហប្រជាជាតិ​បាន​ហៅ​យុទ្ធនាការ​លួចដុត​ផ្ទះ ចាប់​រំលោភ​ និង​ឃាតកម្ម​នេះ ​ថាជា​ការលុបបំបាត់​ខាង​ជាតិសាសន៍។​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ហៅយុទ្ធនាការ​នេះ​ថា ជា​អំពើ​ប្រល័យ​ពូជសាសន៍។​ រដ្ឋាភិ​បាល​មីយ៉ាន់ម៉ា​បាន​បដិសេធ​ការ​អះអាងទាំង​នេះ។

​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង ​១ សែន​ ៣ ម៉ឺននាក់​ត្រូវ​បាន​គេ​មិន​អើពើ ខណៈ​ស្ថិត​នៅ​ក្នុង​ការបង្ខាំង​នៅ​ក្នុង​ជំរំ​ដែល​បិទជិត ​និង​មាន​ឆ្មាំ​ការពារ​ នៅ​ក្នុង​រដ្ឋ Rakhine​ ចាប់តាំង​ពីឆ្នាំ​ ២០១២ ​មក​ នៅពេល​ដែលការប្រព្រឹត្តអំពើ​ហិង្សាជាបន្តបន្ទាប់​រវាងសហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម ​និង​អ្នក​កាន់​ព្រះពុទ្ធសាសនា​នៅ​ក្នុង​តំបន់​នោះ​ បាន​បណ្តេញ​ពួកគេ​ចេញពី​ផ្ទះ​សម្បែង​។ ប្រហែល​ពាក់​កណ្តាល​នៃ​ជនជាតិ​ភាគតិច​រូហ៊ីងយ៉ា​នៅ​ក្នុង​ជំរំ​នោះ​ ជា​កូន​ក្មេង។

អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​បាន​បញ្ជាក់​ថា ​ស្ថានភាព​នៅ​ក្នុង​ជំរំ​ទាំង​នោះ កំពុង​កាន់តែ​អាក្រក់​ឡើង​ៗ ​ហើយ​ថា ​ការខំប្រឹងប្រែង​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល ​ដើម្បី​បិទ​ជំរំ​ទាំង​នោះ​ ធ្វើ​ឲ្យ​មានហានិភ័យ​ដោយ​ការ​ធ្វើ​ឲ្យ​ឋានៈភាព​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ក្លាយ​ជាជន​មាន​វណ្ណៈទាប​ដែល​នៅ​ដាច់ពីគេ។

​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​សម្ភាសន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង ​៣០ នាក់​ដែល​រស់នៅ​ក្នុង​ជំរំ​ទាំង​នោះ ​ឬ​ដែលបាន​រត់គេច​ខ្លួន​ចេញ​ពី​ជំរំ​ទាំង​នោះ​ នៅពេល​ដែល​បុគ្គលិក​ផ្តល់​ជំនួយ​និងអ្នក​តស៊ូមតិ​ជា​ច្រើន បាន​ផ្តល់​របាយការណ៍​នោះ។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ច្រានចោល​ការអះអាង​របស់​ជនជាតិភាគ​តិច​រ៉ូហ៊ីងយ៉ា ​ហើយ​ចាត់ទុក​ពួកគេ​ជា​ជន​ចំណាក​ស្រុក​ខុសច្បាប់​ មក​ពី​ប្រទេស​បង់ក្លាដែស ​ថ្វីបើ​ពួកគេ​មាន​ឫស​គល់​នៅ​ក្នុង​រដ្ឋ Rakhine ​រាប់​ជំនាន់​មក​ហើយ​ក៏ដោយ។​ ហើយ​រដ្ឋាភិបាល​មីយ៉ាន់​ម៉ា​បាន​បដិសេធ​មិនផ្តល់​សញ្ជាតិ​ដល់​ពួកគេ ​ប្រសិន​បើ​ពួកគេ​មិនបោះបង់​ចោល​ការអះអាងនោះ៕