បណ្តាញសហគមន៍ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាង១០០ស្ថាប័ន នៅថ្ងៃអង្គារនេះ បានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ដល់ការផ្អាកបង់ប្រាក់សងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ យ៉ាងតិចរយៈពេល៣ខែ។
ការលើកឡើងនេះ ខណៈសង្គមស៊ីវិលទាំងនោះ ដែលរួមមានអង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការតម្លាភាពកម្ពុជាជាដើម មើលឃើញថាការឆ្លងរាលដាលជំងឺកូវីដ១៩ដែលផ្ទុះកាលពីថ្ងៃទី២០ ខែកុម្ភៈ បានប៉ះពាល់ធ្ងន់ធ្ងរដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលបានរឹតត្បិតការធ្វើដំណើរនិងការរកស៊ីជាបន្តបន្ទាប់។
បើតាមសេចក្តីថ្លែងការណ៍ អ្វីដែលពួកគេស្នើសុំគឺការផ្អាកការបង់សងប្រាក់កម្ចី ដែលមានប្រាក់ដើមនិងការប្រាក់ទាំងស្រុងនិងកុំឲ្យមានការគិតការប្រាក់ នៅពេលចាប់ផ្តើមឲ្យប្រជាពលរដ្ឋបង់ឡើងវិញ។
ពួកគេស្នើឲ្យរដ្ឋាភិបាលដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងអស់ ដើម្បីផ្អាកការបង់សងប្រាក់កម្ចីសម្រាប់រយៈពេលយ៉ាងតិច៣ខែ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់នូវឱកាសក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ១៩។
ពួកគេលើកឡើងថា៖ «មានមនុស្សតិចតួចណាស់ដែលមិនទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះ»។
អង្គការទាំងនោះលើកឡើងថារដ្ឋាភិបាលមិនទាន់មានគោលការណ៍ណែនាំច្បាស់លាស់ថាតើអ្នកខ្ចីប្រាក់ណាខ្លះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការសម្រាលនៃការបង់កម្ចី។
កន្លងទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានអនុវត្តការរៀបចំឥណទានឡើងវិញសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩។ ប៉ុន្តែក្រុមសិទ្ធិមនុស្សលើកឡើងថាស្ទើរតែគ្រប់ករណីដែលពួកគេទទួលបាន គឺធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងតែផ្អាកការបង់ប្រាក់ដើម ប៉ុន្តែនៅតែបន្តប្រមូលយកការបង់ថ្លៃការប្រាក់ ព្រមទាំងគណនាការប្រាក់លើឥណទានទាំងនេះ។
ពួកគេបញ្ជាក់ថា៖ «ការអនុវត្តបែបនេះមិនមែនជាការសម្រាលបន្ទុកពិតប្រាកដនោះទេ»។
ពួកគេបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «អ្នកខ្ចីប្រាក់មួយចំនួនកំពុងត្រូវបាត់បង់ដីធ្លីរបស់ពួកគេ មិនទទួលបានការថែទាំសុខភាព និងប្រឈមនឹងហានិភ័យនៃសុខភាពនិងសុវត្ថិភាពរបស់ពួកគេ អំឡុងពេលមានវិបត្តិជំងឺនេះ ដើម្បីទុកលទ្ធភាពបង់សងបំណុលទាំងនេះ។ ការផ្អាកការបង់សងប្រាក់រយៈពេល៣ខែ ជាមួយលក្ខខណ្ឌដែលអាចបន្តការផ្អាកនេះបន្តទៀត នឹងជួយអ្នកខ្ចីប្រាក់ឲ្យស្នាក់នៅផ្ទះ រក្សាសុវត្ថិភាពនិងពង្រឹងស្ថានភាពទូទៅនៅក្នុងប្រទេសវិញ»។
ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងប្រាប់ VOAថាការសម្រេចមិនឲ្យអតិថិជនរបស់មីក្រូហិរញ្ញវត្ថុទាំងអស់ដែលមានប្រមាណ២លាននាក់ មិនឲ្យបង់ប្រាក់ទាំងអស់ គឺមិនអាចទៅរួចនោះទេ។ លោកថាជម្រើសល្អ គឺការរៀបចំឥណទានឡើងវិញ ដែលអនុញ្ញាតឲ្យមានការបង់តែការប្រាក់សិន និងការពិនិត្យលើករណីជាក់ស្តែងរបស់អ្នករងគ្រោះ។
លោកមានប្រសាសន៍ថា៖ «វិស័យមីក្រូហិរញ្ញវត្ថុ យើងមានអតិថិជន២លាននាក់ អញ្ចឹងជាធម្មតាយើងមិនអាចដាក់ចេញនូវដំណោះស្រាយមួយដូចគ្នាសម្រាប់មនុស្ស២លាននាក់បានទេ។ វាអត់ត្រូវ។ វិធីសាស្រ្តហ្នឹង វាអត់មានប្រសិទ្ធភាពទេ»។
លោកបន្តថាការផ្អាកមិនបង់ប្រាក់ទាំងអស់ នឹងប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសារពួកគេក៏ត្រូវការចំណូល ដើម្បីផ្គត់ផ្គង់បុគ្គលិកនិងផ្តល់ការប្រាក់ទៅដល់អ្នកដែលបានដាក់ប្រាក់សន្សំក្នុងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ពួកគេ។
បើតាមលោក កាំង តុងងី អតិថិជនប្រមាណ៣០ម៉ឺននាក់ ត្រូវបានរៀបចំឥណទានឡើងវិញកាលពីកន្លងទៅ ហើយភាគច្រើន ជាការស្នើសុំបង់តែការប្រាក់រយៈពេល៣ទៅ៦ខែ ការស្នើសុំបង់ប្រាក់តិចជាងមុន ដោយដាក់រយៈពេលបង់យូរជាងមុន និងអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចផ្អាកការបង់ទាំងដើមនិងការប្រាក់ ក្នុងរយៈពេល៣ទៅ៦ខែ។ លោកបន្ថែមថាតាមគម្រោង ការរៀបចំឥណទានឡើងវិញនេះ នឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែលោកថាអាចនឹងពន្យារពេលបន្តទៀត ដោយសារស្ថានភាពជំងឺកូវីដ១៩ មិនទាន់ប្រសើរឡើង។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថាក្រសួងសេដ្ឋកិច្ចមិនអាចឆ្លើយលើបញ្ហានេះបានទេ ដោយស្នើឲ្យសួរខាងធនាគារជាតិនៃកម្ពុជាវិញ។
លោកមានប្រសាសន៍ថា៖ «អរគុណហើយដែលបានសួរមកខាងយើងខ្ញុំ។ ប៉ុន្តែសមត្ថកិច្ចខ្ញុំអត់ឆ្លើយរឿងហ្នឹងកើតទេ ដោយសារតែជាកិច្ចការក្រោមការសម្របសម្រួលរបស់ធនាគារជាតិនៃកម្ពុជា»។
VOAមិនអាចសុំការឆ្លើយតបពីលោកស្រី ជា សិរី អគ្គនាយិកានៃធនាគារជាតិនៃកម្ពុជាបានទេនៅថ្ងៃអង្គារនេះ។
ដោយសារជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា បានអំពាវនាវនិងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់«សូមពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន និងលើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរីនិងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់» រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២៕