មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា​ ការ​ធ្វើ​ច្បាប់​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​អាច​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​

រូបឯកសារ៖ ទិដ្ឋភាព​នៃ​សន្និសីទ​សន្ដិភាព​កម្ពុជា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ (AFP PHOTO ERIC FEFERBERG)

នៅ​គ្រា​ដែល​សភា​កម្ពុជា​ដឹកនាំ​ដោយ​តំណាងរាស្រ្ត​ទាំង​អស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ មន្រ្តី​ក្រសួង​មហាផ្ទៃ​មួយ​រូប​បាន​ឲ្យ​ដឹង​ពី​បំណង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​ជ្រែត​ជ្រែក​របស់​បរទេស ​ដែល​មន្ត្រី​អះអាង​ថា​វាអាច​ស្រដៀង​គ្នា​នឹង​ច្បាប់​របស់​ប្រទេស​សិង្ហបុរី។​

ការ​ត្រៀម​បង្កើត​ច្បាប់​ថ្មី​នេះ​បញ្ជាក់​ដោយ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ​ដែល​ផ្សាយ​ជា​ខេមរ​ភាសា និង​ភាសា​អង់គ្លេស​កាលពី​ថ្ងៃអង្គារ​ ទី២៥​ខែ​មករា ​ឆ្នាំ​២០២២។​

ក្នុង​ការ​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​ (VOD) ​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ បាន​អះអាងថា​ច្បាប់​ស្រដៀង​គ្នា​នឹង​ច្បាប់​នៅ​ប្រទេស​សិង្ហបុរី​អាច​នឹង​ត្រូវ​កម្ពុជា​យក​មក​សិក្សា​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​នេះ ​ដែល​មាន​បំណង​ធ្វើ​ឱ្យ​កម្ពុជា​លែង​ស្ថិត​ក្នុង​ស្ថានភាព​មាន​ការ​ជៀតជ្រែក​ពី​បរទេស​ និង​គេច​ផុត​ពី​ការ​ឈ្លាន​ពាន​ដូច​ដែល​អតីត​នគរចាម​ធ្លាប់​ធ្វើ​មក​លើ​កម្ពុជា។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ស៊ឹង សែនករុណា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ បើ​ច្បាប់​ថ្មី​នេះ​ពិត​ជា​មាន​បំណង​តតាំង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​បរទេស​មែន​នោះ​ វា​ជា​ការ​ប្រសើរ​មួយ​សម្រាប់​កម្ពុជា ​ដែល​ធ្លាប់​ត្រូវ​បាន​ជន​បរទេស​កកូរ​កកាយ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​កាលពី​អតីត​កាល។​

ប៉ុន្តែ​លោក​ថា ​ដំណាក់​កាល​ដែល​ប្រទេស​កំពុង​បាត់​ការ​រួប​រួម​ជាតិ​នោះ​ លោក​បារម្ភ​ថា​ ច្បាប់​នេះ​អាច​នឹង​នាំ​ផល​វិបាក​មក​កម្ពុជា​ច្រើន​ជាង​រុញច្រាន​កម្ពុជា​ឱ្យ​ដើរ​ទៅមុខ​ដោយ​ខ្លួន​ឯង​ជា​ម្ចាស់​ការ។​

«ក៏ប៉ុន្តែ​យើង​ក៏​ព្រួយ​បារម្ភ​ថា​ ការ​បង្កើត​ច្បាប់​ហ្នឹង​ ម្ខាង​ថា​ ទុក​ម្ខាង​បើក​ម្ខាង​ឱ្យ​ចូល​ឱ្យលូក​ដៃ​បាន​ ម្ខាង​មិន​អាច​ធ្វើ​បាន។ ​ វា​ធ្វើ​ឱ្យ​បញ្ហា​ហ្នឹង​ វា​កាន់​តែជួប​ប្រទះ​វិបត្តិ​មក​លើ​សេដ្ឋកិច្ច​សង្គម​នយោបាយ​នៅ​ប្រទេស​កម្ពុជា។​ យើង​កាន់​តែ​[មាន]​សភាព​វឹកវរ​ទៅ​វិញ។​ អាហ្នឹង​វាជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ»។​

រូបឯកសារ៖ លោក ​ស៊ឹង​ សែនករុណា ​មន្ត្រី​អង្គការ​អាដហុក ​ចេញ​មក​អង្កេត​ការណ៍​នៅ​ឯ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ​កាលពីល្ងាច​ថ្ងៃទី០៧​ ខែឧសភា ​ឆ្នាំ២០១៨ ​ពេល​ដែល​លោក​និពន្ធ​នាយក​ កៃ ​គឹមសុង ​ត្រូវ​បាន​បណ្ដេញ​ចេញ។

ដំណាល​គ្នា​នឹង​ពេល​ដែល​កម្ពុជា​បង្ហាញ​បំណង​ចង់​បាន​ច្បាប់​មួយ​ដើម្បី​ការពារ​ឯករាជ្យ​ភាព​របស់​ខ្លួន​នោះ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ​ក៏​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា​ ហាក់​ដូចជា​ មាន​ការ​ទោរ​ទន់​បន្ទន់​ជំហរ​ទៅ​រក​ប្រទេស​ចិន​ ហើយ​មិន​សូវខ្វល់​ខ្វាយ​នឹង​មតិ​រិះគន់​ពី​លោក​សេរី​ចំពោះ​ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ផ្ចាញ់​ផ្ចាល​នយោបាយ​ក្នុង​ស្រុក​ ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ចុះ​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​១៩៩១។​

បើ​តាម​លោក​ ស៊ឹង សែនករុណា​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​មិន​អំណោយ​ផល​ឱ្យ​បង្កើត​ច្បាប់​ ដែល​មាន​គោល​ដៅ​ទប់​ស្កាត់​ការ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ​ហើយ​កម្ពុជា​ក៏​មិន​អាច​ធ្វើ​បាន​ដូច​ប្រទេស​សិង្ហបុរី​ ដែល​មាន​ឯកភាព​ជាតិ​ និង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​នោះ​ឡើយ។​

លោក​យល់​ថា​ កម្ពុជា​គួរ​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​កិច្ច​ការ​មួយ​ចំនួន​ ដូច​ជា​ធ្វើ​ឱ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ឯករាជ្យ​សម្រាប់​គូ​ប្រជែង​យក​អំណាច ប្រព័ន្ធ​យុត្តិធម៌​កាត់ក្តី​ដោយ​ផ្អែក​តាម​ច្បាប់​បើក​លម្ហ​សិទ្ធិ​សេរី​ភាព ​និង​ការ​បើក​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​និន្នាការ​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​មាន​ភាព​ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌។ ​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព​ ថ្លែង​ថា​ កម្ពុជា​មាន​ច្បាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​រួច​ទៅ​ហើយ​ ដើម្បី​រក្សា​អធិប​តេយ្យ​ភាព​ជាតិ​ខ្លួន ក្នុង​នោះ​គឺ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ និង​ច្បាប់​ស្តីពី​ការ​លាង​លុយ​ និង​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម​ ហើយ​សមាគម​អាស៊ាន​ទៀត​សោត​ ក៏​មាន​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​សមាជិក​នីមួយៗ។​

មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា​ ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ជ្រែតជ្រែក​ពីខាង​ក្រៅ ​ដូច​អ្វី​ដែល​ប្រទេស​សិង្ហបុរី​បាន​ធ្វើ​នោះ​ អាច​នឹង​បង្ក​ជា​ឧបសគ្គ​ដល់​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ដែល​នឹង​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​ដែរ។​

«យើង​ដឹង​ហើយ​ប្រទេស​សិង្ហបុរី​គឺ​មិន​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទទួល​នូវ​ថវិកា​ពី​បរទេស​ទៅ​ទៀត​ ដែល​នេះ​ គឺ​ជា​ឧបសគ្គ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។​អ៊ីចឹង​បើ​សិន​ជា​ចេតនា​នៃ​ច្បាប់​នេះ​ យក​គំរូ​តាម​សិង្ហបុរី​នោះ​ វា​អាច​ជា​ការ​រឹតបន្តឹង​បន្ថែម​ទៅ​លើ​អ្វី​ដែល​យើង​បាន​ឃើញ​រួច​មក​ហើយ»។​

រូបឯកសារ៖ អ្នកស្រី​ ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ​ នា​ថ្ងៃសវនាការលោក​កឹម​ សុខា​ នៅ​ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

ច្បាប់​ចម្រូង​ចម្រាស​ដែល​កម្ពុជា​បាន​បង្កើត​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ហើយ​ដែល​ទទួល​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ថា​ មាន​ភាព​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​នោះ​ រួម​មាន​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ច្បាប់​ស្តីពី​សហជីព​ ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​និង​សេចក្តី​ព្រាង​ច្បាប់ ​ក៏​ដូច​ជា​បទ​បញ្ញត្តិ​ខ្លះ​ទៀត​ ដែល​មាន​គោល​ដៅ​ពង្រឹង​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធើណិត។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ ថ្លែង​ថា​កម្ពុជា​ដែល​មិន​ទាន់​មាន​ការ​សាមគ្គី ​និង​ឯកភាព​ជាតិ​នោះ​ មិន​គួរ​គិត​គូរ​លើ​ការ​ធ្វើ​ច្បាប់​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ទេ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ កត់​សម្គាល់​ថា​ សេដ្ឋកិច្ច​កម្ពុជា​ដែល​មិន​ទាន់​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​ផង​នោះ​ មិន​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​មាន​ច្បាប់​ដែល​អាច​បង្អាក់​ការ​ចូលរួម​ចំណែក​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ទេ។​

«យើង​លើក​តែ​កត្តា​សេដ្ឋកិច្ច​រវាង​ប្រទេស​សិង្ហបុរី​ហើយ​នឹង​កម្ពុជា​យើង ​យើង​ឃើញ​ហើយ។ ​ អ៊ីចឹង​ បញ្ហា​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​ពី​បណ្តា​បរទេស​ វា​សំខាន់​តែ​អ៊ីចេះ​ទេ​ សំខាន់​ត្រង់​កម្ពុជា​យើង​ត្រូវ​តែ​រឹងមំា​ ដោយ​ខ្លួន​ឯង។ ​ ការ​រឹង​មាំ​ទៅ​បាន​ ភាព​ខ្លាំង​នៃ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទៅ​បាន​ ទាល់​តែ​វា​មាន​ការ​ឯកភាព​ជាតិ​ សាមគ្គី​ភាព​ជាតិ​ខ្មែរ​តែ​មួយ​ជាតិ​តែ​មួយ»។​

លោក​ អំ សំអាត​ បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​ទំនង​ជា​នៅ​មាន​ការ​ព្រួយ​បារម្ភ​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ អាច​មាន​វិភាគទាន​ជំរុញ​ឱ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ដូច​ដែល​រដ្ឋាភិបាល​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ស​របស់​ខ្លួន​ និង​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​កន្លង​មក​នោះ។​

យ៉ាង​ណាក៏​ដោយ​ ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ដំណើរការ​ធ្វើ​ច្បាប់​ថ្មី​នេះ​នៅ​ត្រឹម​ដំណាក់​កាល​គិត​ និង​សិក្សា​ពី​អត្ថបទ​ច្បាប់​ពាក់​ព័ន្ធ​ ដែល​លោក​ថា ​មាន​ដល់​៥០០​ទំព័រ​ ហើយ​ត្រូវប្រែ​សម្រួល​ជា​ភាសា​ខ្មែរ។​

លោក​បន្ថែម​ថា​ បើ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ ច្បាប់​នោះ​ មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ រដ្ឋាភិបាល​នឹង​ពិចារណា​តាក់​តែង​ឡើង​ តែ​បើ​ខាត​ប្រយោជន៍​នោះ​ ​រដ្ឋាភិបាល​ក៏​នឹង​បោះ​បង់​ចោល។​

«ចេះ​តែ​រៀន​សិក្សា​រៀន​សូត្រ​ពី​បណ្តា​ប្រទេស​គេ​អភិវឌ្ឍ​ទៅ។​គេ​មាន​ស្អី​ យើង​រៀន​តាម​គេ​ទៅ!​ បើ​យើង​យ៉ាង​ណាក៏​ដោយ​ប្រទេស​យើង​ក៏​វា​មាន​ប្រវត្តិ​អ៊ីចឹង។​យើង​មាន​ប្រវត្តិ​អ៊ីចឹង​ហើយ​បើ​យើង​អត់​មាន​ច្បាប់​អ៊ីចឹង​ យើង​មាន​ទៅ​ក្រែង​លោក​វា​ធូរ​ជាង​មុន​យ៉ាង​ម៉េច។ ​ ប៉ុន្តែ​ យើង​មិនមែន​ថា​គិត​ថ្ងៃ​ហ្នឹង​ ហើយ​ឆ្នាំ​ក្រោយ​ហ្នឹង​មាន​ទេ។​ឥឡូវ​យើង​កំពុង​តែ​រៀប​ចំ​ទេ។ ​រៀបចំ​មើល​សិន ​មិន​ទាន់​បាន​សរសេរ​ក៏​មិន​ទាន់​ផង»។​

លោក​បន្ថែម​ថា៖​ «មើល​ច្បាប់​គេ​ហ្នឹង​សិន​ មើល!តើ​មើល​ទៅ​ វា​មាន​ប្រយោជន៍​ដល់​ជាតិ​អត់? បើ​មាន​ប្រយោជន៍​ យើង​សរសេរ​វា។​ មិន​មាន​ប្រយោជន៍​យើង​ចោល​វា​ទៅ។ យើង​ទើប​តែ​មើល​ច្បាប់​ហ្នុង​ទេតើ!»​

ក្រៅ​ពីការ​ធ្វើ​ច្បាប់​ដែល​សង្គម​ស៊ីវិល​ថា​ មាន​លក្ខណៈ​កំហិត​សិទ្ធិ​ប្រជា​ពលរដ្ឋ​នោះ​ប្រទេស​កម្ពុជា​ក៏បាន​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​អះអាង​ថា​ ដើម្បី​លើក​កម្ពស់​ស្មារតី​ជាតិ​និយម​ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ផង​ដែរ៕​