មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គ្រប់គ្រងលើរដ្ឋាភិបាលផ្ដាច់ការមួយដែលគេស្គាល់ជាទូទៅថាជារបបដឹកនាំរំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុតមួយនៅលើពិភពលោក។
ប៉ុន្តែ ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងវ័យក្មេងរូបនេះលេខមុខមាត់នៅលើឆាកអន្តរជាតិនៅមុនជំនួបជាប្រវត្តិសាស្ត្ររបស់លោកជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump ចូលមកដល់នៅថ្ងៃអង្គារស្អែកនេះ គេឃើញមានការពិភាក្សាតិចតួចប៉ុណ្ណោះអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុនពេលកិច្ចប្រជុំនៅក្នុងប្រទេសសិង្ហបុរីចូលមកដល់ លោក Trumpបានសរសើរលោក Kim Jong Un ថាជាមនុស្ស «ពោរពេញដោយកិត្តិយស» និង «មានការបើកចំហ» ដែលនេះមានលក្ខណៈផ្ទុយស្រឡះពីការណ៍ដែលលោក Trump ហៅលោក Kim Jong Un ថា «អាល្អិតរ៉ុក្កែត» កាលពីប៉ុន្មានខែមុន។
គេនៅមិនទាន់ច្បាស់ទេថាតើជំនួបរវាងលោក Trump និងលោក Kim Jong Un នឹងផ្ដោតលើបញ្ហាសិទ្ធិមនុស្សដែរឬក៏យ៉ាងណានោះ។ មុនពេលចាកចេញទៅកាន់ប្រទេសសិង្ហបុរី លោក Trump ត្រូវបានគេចោទសួរថាតើលោកនឹងលើកឡើងពីបញ្ហាជំរំគុកដ៏ឃោរឃៅនៅក្នុងប្រទេសកូរ៉េខាងជើងឬក៏អត់នៅក្នុងជំនួបនោះ។
គេជឿថា មន្ត្រីការទូតអាមេរិកនឹងផ្ដោតជាចម្បងលើកិច្ចព្រមព្រៀងមួយដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ប៉ុន្តែ សកម្មជនភាគច្រើនបាននិយាយថា បញ្ហានុយក្លេអ៊ែរមិនគួរលើកឡើងដោយមិនគិតអំពីបញ្ហាសិទ្ធិមនុស្សនោះទេ៕