ពួកសកម្មជនសិទ្ធិមនុស្ស កំពុងអំពាវនាវឲ្យមានការកាត់ទោសពួកមន្រ្តីដែលពាក់ព័ន្ធនៅក្នុងការប្រើប្រាស់វិធីសួរចម្លើយដោយមានការធ្វើទារុណកម្មរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លើពួកជនសង្ស័យភេរវកម្ម។
លោក Ben Emmerson បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សនិងការ ប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយថា របាយការណ៍របស់ ព្រឹទ្ធសភាសហរដ្ឋអាមេរិកស្តីពីសកម្មភាពរបស់ទីភ្នាក់ងារ CIA បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ តម្រូវឲ្យមានការទទួលខុសត្រូវខាងព្រហ្មទណ្ឌ។
លោក Kenneth Roth នាយកប្រតិបត្តិរបស់អង្គការសិទ្ធិមនុស្សដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក បាននិយាយថា ការធ្វើទារុណកម្ម នឹងនៅតែជាជម្រើសខាងនយោបាយមួយសម្រាប់ប្រធានាធិបតីនៅពេលអនាគត ប្រសិនបើ ពួកមន្រ្តីទាំងនោះ មិនត្រូវបានកាត់ទោសទេនោះ។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បានចេញរបាយការណ៍យ៉ាងវែងមួយកាលពីថ្ងៃអង្គារដោយនិយាយថា ទីភ្នាក់ងារ CIA បានធ្វើបាបពួកអ្នកទោសក្នុងអំឡុងពេលនៃការសួរចម្លើយ។ គណៈកម្មាធិការនោះ ធ្វើការចោទប្រកាន់ទីភ្នាក់ងារ CIA បានបំភ័ន្តសភានិងប្រជាពលរដ្ឋអាមេរិកាំងអំពី ប្រសិទ្ធភាពនៃរបៀបសួរចម្លើយទាំងនោះដែលរួមមានការបង្ខាំងនៅក្នុងបន្ទប់ដ៏តូចមួយ ការបង្ខំឲ្យដេកមិនឲ្យគ្រប់ និងការចាក់ទឹកពីលើឲ្យឈ្លក់ទឹកជាដើម។
លោកស្រី Dianne Feinstein សមាជិកាព្រឹទ្ធសភាមកពីរដ្ឋ California ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បាននិយាយថា នៅក្នុងអត្ថន័យរួមនៃពាក្យពេជន៍នោះ ពួកអ្នកត្រូវឃុំខ្លួននៅក្រោមរបស់ទីភ្នាក់ងារ CIA ត្រូវគេធ្វើទារុណកម្ម។លោកស្រី បានហៅសកម្មភាពរបស់ទីភ្នាក់ងារ CIA ធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់អាមេរិក។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់បណ្តាញទូរទស្សន៍ Univision ផ្សាយជាភាសាអេស្ប៉ាញថា សហរដ្ឋអាមេរិក បានពាក់ព័ន្ធជាមួយនឹងសកម្មភាពព្រៃផ្សៃ។លោកប្រធានាធិបតី បានហៅសកម្មភាពទាំងនេះថាជាកំហុសដ៏ខ្លាំងមួយដែលមិនគួរកើតមានឡើងម្តងទៀត៕