មេដឹកនាំកម្ពុជា ទទួលបានការសរសើរដោយកម្រពីសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ានិងខ្មែរអាមេរិកាំង បន្ទាប់ពីបានសម្រេចចិត្តមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅពាក់កណ្តាលខែកុម្ភៈនេះ។
កម្ពុជា និងសមាជិកអាស៊ានដទៃទៀត អនុញ្ញាតឲ្យតែតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ាអាចចូលរួមប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងរៀបចំពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ នេះ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
ការសម្រេចនេះ ធ្វើឡើងក្រោយពីមានការជំទាស់ពីសមាជិកអាស៊ានខ្លះ ដោយពួកគេ បានលើកហេតុផលថា វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងចំនួន៥ចំណុចដែលរបបយោធាមីយ៉ាន់ម៉ាយល់ព្រមយកទៅអនុវត្ត គឺមិនបានច្រើនទេក្នុងរយៈពេលជាង ៩ខែ មកនេះ។ ទន្ទឹមនឹងនោះ ក៏មានសម្ពាធជាខ្លាំងពីអ្នកជំនាញការបរទេស និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិផងដែរ។
អ្នកស្រី Wai Wai Nu ស្ថាបនិកនិងជាប្រធានបណ្តាញស្ត្រីសន្តិភាព បានបញ្ជាក់ប្រាប់វីអូអេខេមរភាសាកាលពីថ្ងៃពុធថា៖
«យើងស្វាគមន៍ចំពោះការសម្រេចរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ហើយយើងគិតថា វាជារឿងសំខាន់ដែលរដ្ឋសមាជិកអាស៊ានមករួមគ្នាជាឯកច្ឆន្ទ ឯកភាព ដើម្បីបដិសេធអាកប្បកិរិយារបស់របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការផ្តាច់ខ្លួនពីរបបយោធានៅក្នុងកិច្ចប្រជុំផ្លូវការណាមួយរបស់អាស៊ាន ហើយការមិនអញ្ជើញពួកគេ គឺជារឿងសំខាន់សម្រាប់ពួកយើង ពីព្រោះរបបយោធាមិនតំណាងឱ្យប្រជាជនមីយ៉ាន់ម៉ាទេ ហើយពួកគេ មិនគួរមានកៅអីនៅក្នុងអាស៊ាននោះឡើយ»។
Your browser doesn’t support HTML5
ក្រុមសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ា និងកម្ពុជា បានរួមគ្នាធ្វើការតវ៉ានៅមុខស្ថានកុងស៊ុលកម្ពុជានៅសហរដ្ឋអាមេរិកនៅមុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧និង៨ខែមករា។ ពួកគេយល់ថា វា គឺជាការទទួលស្គាល់របបសឹកដែលឡើងកាន់អំណាចដោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់អ្នកស្រី អោង សានស៊ូជី ដែលជាមេដឹកនាំប្រជាធិបតេយ្យ។ សមាជិកអាស៊ានជាច្រើន ក៏បានរិះគន់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលសម្រេចចិត្តជាឯកតោភាគីទៅចាប់ដៃមេដឹកនាំរបបយោធា លោក Min Aung Hlaing (មីន អោងឡាំង)។ ប្រទេសមួយចំនួន បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប កាលពីចុងខែមករា។ ក្រុមយោធាមីយ៉ាន់ម៉ា ក៏មិនបានគោរពតាមការសន្យាដែលពួកគេបានធ្វើឡើងជាមួយនឹងលោក ហ៊ុន សែន ទេ ដោយបានបន្តការវាយប្រហារតាមអាកាសលើក្រុមប្រឆាំងតែក្នុងប៉ុន្មានម៉ោងក្រោយពីប្រតិភូកម្ពុជា បានចាកចេញ និងប៉ុន្មានថ្ងៃក្រោយមកបានកាត់ទោសអ្នកស្រី អោង សានស៊ូជី បន្ថែមទៀត។
អ្នកស្រី Khin Ohmar ប្រធាននៃក្រុមប្រឹក្សាភិបាលអង្គការ Progressive Voice បានសរសើរជំហរថ្មីរបស់ប្រធានអាស៊ាននៅពេលនេះ៖
«ខ្ញុំគិតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់ជាបានរៀនមេរៀនដ៏ធំមួយពីដំណើរទស្សនកិច្ចរបស់គាត់ ហើយមេដឹកនាំអាស៊ីផ្សេងទៀតដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ប្រាកដជាបានដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរនេះ។ ខ្ញុំគិតថា រួមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក្នុងការដោះស្រាយជាមួយយោធានេះ គាត់ថយក្រោយមួយជំហានដើម្បីឆ្លុះបញ្ចាំង និងទទួលយកជំហរបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសរបស់របបយោធាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ ខ្ញុំគិតថា នេះ ជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ ហើយក៏ជាការបង្ហាញពីភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់ ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា»។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានបញ្ជាក់ប្រាប់វីអូអេខេមរភាសាដែរថា៖
«ជាការល្អដែលស្របទៅតាមមតិរបស់អាស៊ាន បើមិនដូច្នេះទេ គាត់នឹងជួបប្រទះឧបសគ្គទៅថ្ងៃក្រោយពីសមាជិកអាស៊ានមិនខាន»។
សកម្មជនសិទ្ធិមនុស្ស ទទូចឲ្យបេសកជនពិសេសរបស់ប្រធានអាស៊ាន បើកការចរចាជាមួយនឹងគ្រប់ភាគីទាំងអស់ ក្នុងនោះមានរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលគាំទ្រអ្នកស្រី អោង សានស៊ូជី និងក្រុមប្រដាប់អាវុធនានាដើម្បីដោះស្រាយជម្លោះ។
អ្នកស្រី Khin Ohmar បានបន្ថែមថា៖ «ដូច្នេះ ពេលនេះដល់ពេលដែលអាស៊ានពិភាក្សាជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិជាផ្លូវការហើយ ហើយជំហានដំបូង គឺត្រូវពិភាក្សាយ៉ាងពិតប្រាកដនូវអ្វីដែលជាជំហានបន្ទាប់ដើម្បីដោះស្រាយបញ្ហា វិបត្តិដោយឈរលើមូលដ្ឋានដែលរួមមានវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅថែមទៀត និងពិភាក្សាជាមួយនឹងរដ្ឋាភិបាលបង្រួបបង្រួមជាតិក៏ដូចជាសម្ព័ន្ធមិត្តរបស់ពួកគេផងដែរ គឺអង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលខ្លួនគេជារដ្ឋាភិបាលមូលដ្ឋាននៅក្នុងតំបន់ជនជាតិរបស់ខ្លួន។ ពួកគេ គឺជាថ្នាក់ដឹកនាំដែលអាស៊ានចាំបាច់ត្រូវចូលរួម និងសហការជាផ្លូវការ»។
គណបក្សប្រឆាំងនៃប្រទេសកម្ពុជាយល់ថា កម្ពុជា ត្រូវថ្លឹងថ្លែងផលប្រយោជន៍រួមរបស់សមាជិកអាស៊ានជាពិសេសសំឡេងភាគច្រើននៃពលរដ្ឋនៅក្នុងប្រទេសសមាជិក។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «តួនាទីជាប្រធានអាស៊ាន គឺជាអ្នកសម្របសម្រួលធ្វើយ៉ាងដូចម្តេចឲ្យមានការស្របគ្នានៃសមាជិកទាំងអស់ អត់មានខ្វះអ្នកណាមួយទេ មិនមែនប្រធានមានញញួរហ្នឹងស្រេចតែដំទេ។ ខុសស្រឡះហើយ។ ដូច្នេះ ជំហរនៃពលរដ្ឋភូមា ត្រូវអាស៊ានស្តាប់ទាំងប្រធានហ្នឹង ស្តាប់ជំហរ និងការស្រែកឃ្លាននៃពលរដ្ឋភូមា»។
អ្នកស្រី មូរ សុខហួរ យល់ស្របនឹងការស្នើសុំរបស់សកម្មជនសិទ្ធិមនុស្ស៖ «អាស៊ានត្រូវតែទទួលយកតំណាងស្របច្បាប់នៃពលរដ្ឋភូមានៅក្នុងកិច្ចប្រជុំនៃអាស៊ានទាំងអស់ មិនត្រូវឲ្យមានយោធាភូមា ឬអ្នកតំណាងយោធាភូមា គឺអត់មានជាដាច់ខាត គឺត្រូវយកតំណាងនៃពលរដ្ឋភូមា។ នៅក្នុងការចរចាជជែក យើងមិនអាចផ្តល់ភាពស្របច្បាប់ដល់យោធាភូមាជាដាច់ខាត។ យោធាភូមា មិនមែនជារដ្ឋាភិបាលភូមាទេ គឺជារបបយោធាផ្តាច់ការ កំពុងតែសម្លាប់ពលរដ្ឋ»។
មានពលរដ្ឋមីយ៉ាន់ម៉ាចំនួនជាង១.៥០០នាក់ ក្នុងនោះមានកុមារផងដែរ ត្រូវបានក្រុមយោធាសម្លាប់ និងបានចាប់ដាក់ពន្ធនាគារជិត១២.០០០នាក់ ចាប់តាំងពីរបបយោធាបានឡើងកាន់អំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក។ នេះ បើតាមតួលេខចងក្រងដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយរបស់មីយ៉ាន់ម៉ា។
អ្នកស្រី Wai Wai Nu បានបញ្ជាក់បន្ថែមថា៖ «ឥឡូវនេះ យើងមានវិបត្តិសិទ្ធិមនុស្ស ក៏ដូចជាពេលនេះ យើងកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ហើយប្រទេសទាំងមូល កំពុងស្ថិតនៅក្រោមសង្រ្គាមស៊ីវិលពេញលេញ ក្រៅពីទីក្រុងធំៗមួយចំនួន ហើយស្ថានភាព គឺធ្ងន់ធ្ងរខ្លាំង ហើយអាស៊ាន និងអង្គការសហប្រជាជាតិ ចាំបាច់ត្រូវតែបង្កើនល្បឿន ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ ដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ា»៕