សកម្មជន​សិទ្ធិ​មនុស្ស​និង​ក្រុមហ៊ុន​ស្របតាម​ទណ្ឌកម្ម​ EU​ តែ​រដ្ឋាភិបាល​ថា​«អយុត្តិធម៌‍»

រូបឯកសារ៖ កម្មការនីកំពុងដេរសម្លៀកបំពាក់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចនៅរោងចក្រមួយកន្លែង នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

ក្រុមឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ហៅ​ការ​ព្យួរ​ឋានៈ​អនុគ្រោះពន្ធ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ​ហៅ​ថា “Everything But Arms” (EBA) មួយ​ផ្នែក​តូចថា​ជា​ការ«ស្តីបន្ទោស​»លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ចំពោះ​ការ​មិន​គោរពសិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ ​ហើយ​ស្នើ​ឱ្យ​កែប្រែ​ស្ថានការណ៍។​

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បញ្ចេញ​ប្រតិកម្ម​នេះ​ បន្ទាប់ពី​គណៈកម្មការអឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធEBAចំនួន២០ភាគរយ​លើ​ផលិតផល​នាំចេញ​មួយ​ចំនួន​របស់​កម្ពុជា​ ដែល​មាន​ដូច​ជា​សម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​ធ្វើ​ដំណើរ និង​ស្ករស។

លោក​ ហ្វីល រ៉ូប៊ឺតសុន​ (Phil Robertson) អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «សកម្មភាព​របស់​សហភាព​អឺរ៉ុប​លើ​ឋានៈអនុគ្រោះពន្ធ​ EBA ​គឺជា​ការ​ស្តីបន្ទោសលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ចំពោះ​ការ​មិន​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​កម្មករ​យ៉ាងច្បាស់​ក្រឡែត»។

លោក​ ហ្វីល រ៉ូប៊ឺតសុន យល់​ថា ​វិធានការ​របស់​សហភាពអឺរ៉ុប​គឺ​ជា​ការ​បន្ទន់​ឥរិយាបទ​មួយ​ ដើម្បី​ទុក​ឱកាស​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បញ្ឈប់​ការ​បង្ក្រាប​«ដ៏ឃោរឃៅ‍»​លើ​គណបក្ស​ប្រឆាំង​ សកម្មជន​សង្គម​ស៊ីវិល សហជីព​និង​អ្នកសារព័ត៌មាន​ឯករាជ្យ ​ក្នុង​រយៈ​ពេល​ជាង​៣​ឆ្នាំ​មកនេះ។

ការ​សម្រេច​របស់​គណៈកម្មការអឺរ៉ុប ​ក្រោយពី​មាន​ការស៊ើបអង្កេត​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ក្រុម​ការងារ​គណៈកម្មការអឺរ៉ុប​ ​ដោយ​រួម​មាន​ការពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ការងារក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក ដើម្បី​ឱ្យ​កម្ពុជា​ស្តារលទ្ធិ​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​នយោបាយ ​សិទ្ធិ​មនុស្ស​ សិទ្ធិ​សហជីព​ និង​សិទ្ធិសេរីភាព​សារព័ត៌មាន។

របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មការ​អឺរ៉ុប​បាន​រក​ឃើញ​ថា ​កម្ពុជា​បាន​«រំលោភបំពាន​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជាប្រព័ន្ធ‍» លើសិទ្ធិ​ទាំងនេះ ជាពិសេស​ការចាប់​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​និង​ហាមឃាត់​សកម្មភាព​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ខ្លះ​នៅ​បន្ត​រស់នៅ​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសចោលក្រុម​គ្រួសារ​នៅ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ខ្លួន​បាន​ខិតខំ​កែលម្អ។ ទន្ទឹមគ្នា​នោះដែរ ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ជាបន្តបន្ទាប់​ថា ​លោក​សុខចិត្ត​បាត់​បង់​ឋានៈអនុគ្រោះពន្ធ​ តែ​មិនព្រម​បាត់​បង់​អធិបតេយ្យ​ភាព​កម្ពុជា​ទេ។

រូបឯកសារ៖ លោក​ ចូសេហ្វ បូរែល (Josep Borrell) តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​របស់​គណៈកម្មការ​អឺរ៉ុប ថ្លែងនៅប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

លោក​ ចូសេហ្វ បូរែល (Josep Borrell) តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​របស់​គណៈកម្មការ​អឺរ៉ុប​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា៖ «រយៈពេល​ ទំហំ និង​ផលប៉ះពាល់​នៃ​ការរំលោភ​បំពាន​របស់​កម្ពុជា​លើ​សិទ្ធិ​ចូលរួម​នយោបាយ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​រហូតដល់​សិទ្ធិ​សមាគម​ គឺ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វីផ្សេង​ ក្រៅពី​ដកហូត​ឋានៈអនុគ្រោះពន្ធ​មួយ​ចំណែក‍»។

លោក​ ចូសេហ្វ បូរែល ដែល​មាន​ឋានៈជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ផងដែរ ​បាន​បញ្ជាក់​បន្ថែម​ថា សហភាពអឺរ៉ុប​មិន​ឈរ​ស្ងៀម​មើល​លទ្ធិប្រជាធិបតេយ្យ​ខូចខាត សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​ឱ្យ​រួមតូច​ និង​បំបាត់​សំឡេង​ការពិភាក្សា​ដេញដោល​គ្នា​ទេ។

លោក​បាន​បន្ថែម​ថា៖ «ការ​សម្រេចចិត្ត​នៅថ្ងៃនេះ​ឆ្លុះបញ្ចាំង​ការ​ប្តេជ្ញាចិត្ត​ដ៏ខ្លាំង​របស់​យើង​ចំពោះ​ពលរដ្ឋ​កម្ពុជា​ សិទ្ធិ​សេរីភាព​របស់​ពួកគេ​ និង​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​នេះ‍»។

យ៉ាងណាក៏ដោយ​ សហភាព​អឺរ៉ុប​នៅតែ​បើក​ច្រកចំហរ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ចាត់​វិធានការ​ចាំបាច់នានា​ស្តារ​ឡើងវិញ​នូវ​ចំណុច​ខ្វះខាត​ ដែល​បាន​ស្នើឡើង​ក្នុងពេលកន្លង​ដើម្បី​អាច​ទទួល​បាន​ឋានៈ​អនុ​គ្រោះពន្ធ​នេះ​ឡើងវិញ។ ​

លោក​ ហ្វីល ហូហ្គឹន (Phil Hogan) ស្នងការ​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប ​បាន​បញ្ជាក់​ថា​សម្រាប់​សហភាព​អឺរ៉ុប​ ការ​គោរព​សិទ្ធិ​មនុស្ស​គឺជា​បញ្ហា​មួយ​ដែល​មិន​អាច​ចរចា​តថ្លៃបាន​ទេ។

លោក​បន្ថែម​ថា៖ «យើង​ទទួលស្គាល់​ការ​រីកចម្រើន​របស់​កម្ពុជា ​ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តែ​មាន។ គោលបំណង​របស់​យើង​គឺ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​នោះ‍»។​

សហភាព​អឺរ៉ុប​គឺជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​កម្ពុជា​ដែល​ទទួល​ទិញ​ទំនិញនាំចេញ​ចំនួន​៤៥ភាគរយ ​ដែល​មានទំហំ​ទឹកប្រាក់​ចំនួន​៥,៨​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​២០១៨។ ក្នុង​នោះ​ទំនិញ​ដែល​រួចពន្ធ​មាន​ចំនួន​៥,៦ពាន់លានដុល្លារ ​ដែលធ្វើ​ឱ្យ​រួចពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​បាន​គំាទ្រ​ការសម្រេច​ចិត្ត​របស់​សហភាពអឺរ៉ុប។

លោកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​បញ្ជាក់​ថា៖ «នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ សហភាពអឺរ៉ុប​គេ​យល់​យោគ​ខ្លាំង​ណាស់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ទៅលើ​កម្មករ​កសិករ​ខ្មែរ​យើង​ មិនមែន​គេ​យល់​យោគ​ទៅលើ​លោក ហ៊ុន សែន ​ទេ។ ផ្ទុយទៅវិញ​ សេចក្តី​សម្រេច​ដែល​ជា​ច្បាប់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ អ្វី​ដែល​ជា​ការ​បំពាន​ទៅលើ​សិទ្ធិ​មនុស្ស​ទាំងឡាយ អ្វី​ដែល​ជា​ការបំពាន​ទៅលើ​សិទ្ធិ​ប្រជាពលរដ្ឋ ​ជាពិសេស​វិធានការ​ដ៏​តឹងរ៉ឹងមក​លើ​គណបក្ស​សង្គ្រោះជាតិ​នេះ​ គឺជា​ការពិត‍»។​

លោកស្រី មូរ សុខហួរ ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការសម្រេច​របស់គណៈកម្មការ​អឺរ៉ុប​ដើម្បី​ជៀសវាង​ការដាក់​ទណ្ឌកម្មច្រើន​ជាងនេះ។

«ទោះបី​ជា​២០ភាគរយ ​នៅពេល​នេះ​ក៏ដោយ​ គឺ​មិនមែន​ថា​ គេ​ចង់​ត្រឹម២០ភាគរយ​ហ្នឹងទេ។ ក្នុង​៦ខែ​នេះ​ គេទុក​ឱ្យ​យើង​ដោះស្រាយ​បញ្ហា​ដែល​មាន​ ផ្សះផ្សារ​រវាង​ខ្មែរ​និង​ខ្មែរ។ ផ្ទុយ​ទៅវិញ​ បើ​សិន​ជា​ស្ថានការណ៍​សិទ្ធិមនុស្ស ការ​រំលោភ​លើ​គណបក្ស​សង្គ្រោះជាតិ​ និង​ការ​កាត់​ទោស​លោក​ កឹម សុខា​ ដែលគេ​កំពុង​តាមដាន​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​មាន​តទៅ​ទៀត​ គឺ​មិន​មែន​២០ភាគរយ​ទេ។ ២០ភាគរយ​គ្រាន់តែ​ចាប់ផ្តើម‍»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការសម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ថា «អយុត្តិធម៌‍» ​ដែល​ផ្តើមចេញ​ពី​«ការភាន់​ច្រឡំ និង​យល់ខុស» ​ពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ​ហើយ​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា​បាន​ធ្វើ​ឡើង​ «ដោយ​ហេតុផល​នយោបាយ ​ដោយគ្មាន​ការពិចារណា​ប្រកប​ដោយ​កត្តា​សត្យានុម័ត​និង​ភាព​មិន​លម្អៀង‍»។​

ក្រសួង​ការបរទេស​បាន​បញ្ជាក់បន្ថែមនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «សេចក្តីសម្រេច​នេះ​មិន​មាន​អ្វី​ក្រៅពី​ការអនុវត្ត​ស្តង់ដារ​ទ្វេ នៅ​ពេល​ដែល​យើង​ប្រៀបធៀប​ប្រព្រឹត្តកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត‍»។

ក្រសួងការបរទេស​ថា​ ទោះបីជា​សេចក្តីសម្រេច​នេះ​ទទួលស្គាល់​«វឌ្ឍនភាព​ជាក់ស្តែង»​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នៅក្នុងវិស័យ​ជាច្រើន​ ក្នុងការឆ្លើយតប​ទៅនឹង​ក្តី​កង្វល់​របស់​គណៈកម្មការ​អឺរ៉ុប​ក៏ដោយ ​ក៏​មិន​ទទួល​ស្គាល់និង​គោរព​បញ្ហា​ជា​មូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា។

ក្រសួងការបរទេស​បាន​បន្ថែម​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុងការ​បដិសេធ​រាល់ការ​ប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ​ ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម ​ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេសក្នុងការ​ជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា‍»។

ក្រុមហ៊ុន​សម្លៀកបំពាក់​ H&M ដែល​បញ្ជាទិញ​ទំនិញ​កម្ពុជា​ជាង​២០ឆ្នាំ​មក​ហើយ​ ​បាន​យល់​ស្របនឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ដែល​មាន​គោលបំណង​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលរដ្ឋ។

ក្រុមហ៊ុន​មើលឃើញ​ថា ការ​ដាក់ទណ្ឌកម្ម​នេះ​នឹង​មាន​ផល​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​កម្មការិនី​កម្ពុជា​ចំនួន​១លាន​នាក់ ​ដោយសារតែ​អ្នក​វិនិយោគទុន​ក្នុង​ពេល​អនាគត​ត្រូវ​ការ​ស្ថានភាព​ដែល​អាច​ដាក់​ផែនការ​ជាមុន​បាន​និង​ទំនុក​ចិត្ត។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃពុធ​នោះ ក្រុមហ៊ុន​ H&M ​នៅ​មិនទាន់​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​ដកចេញ​ពី​កម្ពុជា​ ឬយ៉ាងណា​នោះ​ទេ។

«ទោះបី​ជា​យ៉ាងណាក៏ដោយ​ ដោយសារតែ​កង្វះ​គំនិត​ផ្តួចផ្តើម​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភណ្ឌ​កម្ពុជា និង​ការ​ដក​ហូត​ឋានៈអនុគ្រោះពន្ធ​មួយ​ផ្នែក យើង​នឹង​បន្ត​វាយ​តម្លៃ​បន្ថែម​ទៀត​លើ​ផលប៉ះពាល់​ពី​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​និង​យុទ្ធសាស្រ្ត​ផលិត​កម្ម​នៅ​កម្ពុជា‍»។​

ប៉ុន្តែ​ បើ​មិន​មាន​ការ​ផ្លាស់ប្តូរ​ស្ថានការណ៍​អ្វី​ទេ​ ក្រុម​សកម្មជន​សិទ្ធិ​កម្មករ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ ដែល​នឹង​មាន​ផលប៉ះពាល់​ធំដុំ​ក្នុង​រយៈ​ពេល​យូរ។

លោក​ មឿន តុលា នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា​សង់ត្រាល់​ បាន​សម្តែង​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អូស​បន្លាយ​សភាព​ការណ៍​រហូត​ដល់​បាត់​បង់​ផ្នែកខ្លះ​នៃ​ឋានៈអនុគ្រោះពន្ធ​ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មានឈ្មោះ​មិន​ល្អ​ដល់​កម្ពុជា។

លោក ​មឿន តុលា​ បាន​បន្ថែម​ថា ការ​ឆ្លើយតប​កន្លងមក​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​លោក​ព្រួយ​បារម្ភ​ថា ​អាច​នឹង​បាត់​បង់​ច្រើន។

«ប៉ុន្តែ ការ​ដែល​បាត់​២០ភាគរយ​នេះ​ ខ្ញុំ​មើលទៅ​ហាក់ដូច​ជា​សហភាព​អឺរ៉ុប​នៅ​ផ្តល់​ជំហរ​មួយ​គឺ​ការ​ព្រមាន​លើកទី២​ បន្ទាប់​ពី​ការ​យក​ពន្ធ​លើ​ស្រូវ​អង្ករ។ នេះគឺជា​ការព្រមាន​លើក​ទី២​ហើយ​ ក៏​ជាការ​បង្ហាញ​នូវ​សុឆន្ទៈ​របស់​សហភាព​អឺរ៉ុប​ដែរ​ ក្នុងការ​ខ្វល់ខ្វាយ​អំពី​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ស៊ីវិល‍»។​

ប្រសិន​បើ​មិន​មាន​សំឡេងជំទាស់​គ្រប់​គ្រាន់​ពីសភាសហភាព​អឺរ៉ុប​និង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុបទេ ​នោះ​ការ​ដាក់​ទណ្ឌកម្ម​នេះ​នឹង​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០​នេះ៕