ក្រុម​ការពារ​សិទ្ធិមនុស្ស​រិះគន់​រដ្ឋាភិបាល​អូស្រ្តាលី​ចំពោះ​ការ​ឃុំខ្លួន​កុមារ​ដែល​ស្វែង​រកសិទ្ធិ​ជ្រក​កោន

  • Phil Mercer

ជន​ភៀសខ្លួន​​ស្រីលង្កាត្រូវ​បាន​គេ​ឃើញ​នៅ​លើ​កប៉ាល់​ Oceanic Viking ដែល​ជា​កប៉ាល់​គយ​និង​ល្បាត​ការ​នេសាទរបស់​អូស្រ្តាលី​ ​ស្ថិត​នៅ​ចម្ងាយ​១៤​គីឡូម៉ែត្រ​ពី​សមុទ្រ​ Kijang​ នៃទីក្រុង ​Tanjung Pinang ​កោះ​ Bintan របស់​ប្រទេស​ឥណ្ឌូនេស៊ី។

គណៈកម្មការ​សិទ្ធិមនុស្ស​អូស្រ្តាលី​និយាយ​ថា​ ការ​ឃុំខ្លួនរយៈ​ពេល​យូរ​ទៅ​លើ​កុមារសុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​កុមារ​ទាំង​នោះ​និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ។ គណកម្មការ​នោះ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ផ្លូវ​ច្បាប់​មួយ​ទៅ​លើ​ការ​អនុវត្ត​បែប​នេះ។ រដ្ឋាភិបាល​អូស្រ្តាលី​មក​ពី​គណបក្ស​អភិរក្ស​ បាន​ច្រាន​ចោល​ការ​រក​ឃើញ​របស់​គណៈកម្មការ​នោះ​ដោយ​ហៅ​ការ​រកឃើញ​នោះ​ថា​ ជាព័ត៌មាន​តែ​ម្ខាង។

ដោយ​ប្រើ​រយៈ​ពេល​ដប់​ខែ​ គណៈកម្មការ​សិទ្ធិមនុស្ស​បាន​ស៊ើប​អង្កេត​លើក​រណី​ឃុំ​ខ្លួន​កុមារ​នៅ​ឯមជ្ឈ​មណ្ឌល​អន្តោប្រវេសន៍​១១​កន្លែង​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ជា​ច្រើននៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ​ការ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ មួយ​ភាគ​បី​នៃ​កុមារ​ដែល​គេ​ឃុំខ្លួន​ បាន​កើតជំងឺ​ផ្លូវ​ចិត្ត​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​ ហើយ​ចាំបាច់​ត្រូវ​ការ​ការ​ព្យាបាល​បែប​ចិត្ត​សាស្រ្ត។ របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «កុមារ​ដែល​ត្រូវ​គេ​បំភ្លេច»​ សរសេរ​ថា​ មាន​ក្មេង​ដទៃ​ទៀត​ដែលជា​ជន​រងគ្រោះ​នៃ​ការ​បៀតបៀន​ផ្លូវ​ភេទ​ ឬ​ដោយ​ការ​ធ្វើ​បាប​ខ្លួន​ឯង​ផ្ទាល់។

រយៈ​ពេល​មធ្យម​នៃ​ការ​ឃុំ​ខ្លួន​កុមារ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ​ គឺ​មាន​រយៈ​ពេល​លើស​ពី​បួន​រយ​ថ្ងៃ។ គណៈកម្មការ​នោះ​និយាយ​ថា​ គ្មាន​ការ​ពន្យល់​សម​ហេតុ​ផល​ណា​មួយ​ក្នុង​ការ​ឃុំ​ឃាំង​មនុស្ស​មិនទាន់​គ្រប់អាយុ​ក្នុង​រយៈ​ពេល​យូរ​បែប​នេះ​ទេ​ ហើយ​ថា​គួរតែ​មាន​ការ​ស៊ើប​អង្កេតផ្លូវ​ច្បាប់​មួយ​ធ្វើ​ឡើង​ចំពោះ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ «ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ទៅ​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

ក៏ប៉ុន្តែ​ មាន​សកម្មជន​ដទៃ​ទៀត​បាន​គាំ​ទ្រ​ចំពោះ​ការ​រកឃើញ​របស់​គណៈកម្មការ​នោះ។

ប្រធាន​នៃ​ក្រុម​យុទ្ធនាការ​មួយ​ គឺ​ក្រុម​សិទ្ធិ​កុមារ​អន្តរជាតិ​ លោក​ Alastair Nicholson​ ដែល​ជា​អតីត​ប្រធាន​ផ្នែក​យុត្តិធម៌​នៃ​តុលាការ​កម្រិត​គ្រួសារ​របស់​ប្រទេស​អូស្រ្តាលី​បាន​និយាយថា​ របាយ​ការណ៍​រក​ឃើញ​នោះគឺ​គួរ​ឲ្យ​តក់​ស្លុត។

លោកមាន​ប្រសាសន៍​ថា​៖​ «ខ្ញុំ​គិត​ថា​ នេះ​ជា​ឆុត​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អូស្រ្តាលី អំពី​ការ​ប្រព្រឹត្ត​ទៅ​លើ​កុមារ​នៅ​ក្នុង​ការ​ឃុំឃាំង​។ ហើយ​នេះ​ជា​ភស្តុតាងដែល​មិន​លម្អៀង​ និង​ជាក់ច្បាស់​ ដែល​គួរ​តែ​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ការ​អាម៉ាស់​ចំពោះ​អាកប្បកិរិយា​បែប​នេះ។ បើ​សិន​ជា​រដ្ឋាភិបាល​អូស្រ្តាលី​អាច​បង្ហាញ​ថា​ខ្លួន​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ណាមួយ​នោះ​ វា​ជា​អ្វី​ដែល​លើស​ពី​ការ​គិត​របស់​ខ្ញុំ។»

ចំនួន​កុមារ​ដែល​ត្រូវ​ឃុំ​ខ្លួន​ដោយ​អូស្រ្តាលី​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ក្រុម​អភិរក្ស​និយម​បាន​កាន់​អំណាច​នៅ​ខែកញ្ញា​ ឆ្នាំ២០១៣​ មក។

លោក​នាយក​រដ្ឋមន្រ្តី​ Tony Abbott​ បាន​ច្រាន​ចោល​របាយ​ការណ៍​របស់​គណកម្មការ​នោះ​ ដោយ​លោក​មាន​ប្រសាសន៍​ថា​ «វា​គួរ​តែ​ខ្មាស់​ខ្លួន​ឯង»​ ដែល​របាយការណ៍​នោះ​មាន​ជំហរ​ប្រកាន់​គណបក្ស។

អូស្រ្តាលី​ធ្វើការ​ឃុំខ្លួន​ជា​ស្វ័យប្រវត្តិ​ចំពោះ​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​អស់​នៅ​ខណៈ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ឆែក​ឆេរ​ផ្នែក​សន្តិសុខ​ ឬ​ដើម្បី​រកមើល​អត្តសញ្ញាណ​ និង​នៅ​ពេល​ពិនិត្យ​សុខភាព។

ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ដែល​មកដោយ​ខុស​ច្បាប់​តាម​ផ្លូវ​សមុទ្រ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ជំរុំ​នៅ​ឆ្នេរ​សមុទ្រក្នុង​ប្រទេស​ប៉ាពួរ​ញ៉ូ​ហ្គីណេ ​ (Papua New Guinea)​ និង​នៅ​កោះ​ Nauru ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ផ្លូវ​ការក្នុង​ការ​ទប់ស្កាត់​អ្នក​ដែល​ចង់មក​ប្រទេស​អូស្រ្តាលីតាម​ទូក។ អ្នក​ដែល​មក​ដល់​តាម​ផ្លូវ​សមុទ្រ​ ហើយ​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ​នោះ​ នឹង​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ។

នៅ​ដើម​សប្តាហ៍​នេះ​ តុលាការ​ជាន់​ខ្ពស់​អូស្រ្តាលី​ បាន​បញ្ជា​ឲ្យ​រដ្ឋ​មន្រ្តី​ផ្នែក​អន្តោ​ប្រវេសន៍​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​អចិន្រ្តៃយ៍ដល់​ជន​ភៀសខ្លួន​ប៉ាគីស្ថាន​ម្នាក់​ បន្ទាប់​ពី​ជន​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​បី​ឆ្នាំ​ ហើយ​ត្រូវ​បាន​រដ្ឋា​ភិបាល​ព្យាយាម​បដិសេធ​ផ្តល់​ជូនសិទ្ធិ​ជ្រក​កោន​ជា​បន្ត​បន្ទាប់​មក។ តុលាការ​បាន​និយាយ​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បដិសេធ​មិន​ផ្តល់​ទី​ជម្រក​សុវត្ថិភាព​ដល់​បុរស​នោះក្នុង​ប្រទេស​អូស្រ្តាលី​ គឺ​ដោយ​សារ​តែ​បុរស​នោះ​បានមក​ប្រទេស​អូស្រ្តាលី​ដោយ​ទូក​ដែល​ជា​ទង្វើ​ខុស​ច្បាប់។

រដ្ឋាភិបាល​ក្រុងកង់បេរ៉ា​ (Canberra)​ បាន​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ចំនួន​មួយ​ម៉ឺន​បួន​ពាន់​ច្បាប់​ក្នុង​មួយ​ឆ្នាំ​ក្រោម​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​អន្តរជាតិ​ផ្សេងៗ៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង