ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្រ្តាលី​ប្រើ​អ៊ីនធឺណិត​ដើម្បី​ទប់​​អ្នក​​​សុំ​សិទ្ធិ​ជ្រក​កោន


អ្នក​ជាប់​ឃុំឃាំង​កាន់​ក្រណាត់​ប្រកាស​​មួយ​នៅ​លើ​ដំបូល​អគារ​មួយ​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​វីឡាវុដ​ដើម្បី​តវ៉ា​នៅទី​ក្រុង​ស៊ីដនី​ នៅ​ថ្ងៃ​ទី​២១​​កក្កដា​ឆ្នាំ​២០១១។​
អ្នក​ជាប់​ឃុំឃាំង​កាន់​ក្រណាត់​ប្រកាស​​មួយ​នៅ​លើ​ដំបូល​អគារ​មួយ​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​វីឡាវុដ​ដើម្បី​តវ៉ា​នៅទី​ក្រុង​ស៊ីដនី​ នៅ​ថ្ងៃ​ទី​២១​​កក្កដា​ឆ្នាំ​២០១១។​

មន្រ្តី​ក្រសួង​អន្តោប្រវេសន៍​ប្រទេស​អូស្រ្តាលី​ (Australia)​ និយាយ​ថា​ អស់​លោក​មាន​ផែនការ​ថ្មី​មួយ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ញញើត​មិន​ហាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​តាម​សមុទ្រ។​ ក្រសួង​អន្តោ​ប្រវេសន៍​និយាយ​ថា​ គេ​នឹង​ថត​វីដេអូ​ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទី​មួយ​ដែល​គេ​បាន​បំពេញ​ពាក្យសុំ​ក្រោម​ច្បាប់​ប្តូរ​អ្នក​ភៀស​ខ្លួន​ថ្មី​ជា​មួយ​ប្រទេស​ ម៉ាឡេស៊ី​ (Malaysia) ហើយ​ដាក់​រូប​វីឌីយោ​នោះ​នៅ​ក្នុង​គេហទំព័រ យូធូប​ (Youtube)។

កង​នាវា​ប្រទេស​ អូស្រ្តាលី​ បាន​ស្ទាក់​ចាប់​មនុស្ស​ ៥៤​ នាក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​មុន។​ ជន​ទាំង​នេះ​ជា​មនុស្ស​ធ្វើ​ដំណើរ​តាម​សមុទ្រដំបូង​ ដែល​ត្រូវ​ចាប់​ឃុំ​ ចាប់​តាំង​ពី​ក្រុង​ កង់បេរ៉ា​ (Canberra)​ បាន​យល់​ព្រមបញ្ជូន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ៨០០​ នាក់​ ទៅ​ប្រទេស​ ម៉ាឡេស៊ី។

ដើម្បី​ជា​ថ្នូរ​ ក្រុង​ គូឡាឡាំពួ (Kuala Lumpur)​ នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​ ៤ពាន់​នាក់​ដែល​ក្រុង​ កាន់បេរ៉ា​ បាន​យល់​ព្រម​ទទួលយកពាក្យ​សុំ​សិទ្ធិជ្រក​កោន​របស់​ពួក​គេ​ ទៅ​ឲ្យ​ប្រទេស​ អូស្រ្តាលី។ អាជ្ញាធរ​នៅ​ក្រុង​ កាន់បេរ៉ា​ និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ទប់ស្កាត់អ្នក​ស្វែ​រក​សិទ្ធិ​ជ្រក​កោន​ កុំ​ឲ្យ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ដែល​មាន​គ្រោះ​ថ្នាក់​ ទៅ​កាន់​ដែន​ទឹក​ភាគ​ខាង​ជើង​របស់​ប្រទេស​ អូស្រ្តាលី​ ហើយ​បង្អាក់​សកម្មភាព​របស់​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​ផង​ដែរ។

មនុស្ស​ ៥៤​ នាក់​ដែល​ទើប​និង​ទៅ​ដល់​ ត្រូវ​នាំ​យក​ទៅ​ដាក់​នៅ​កន្លែង​ឃុំឃាំង​ក្នុង​សមុទ្រ​មួយ​នៅ​លើ​កោះ​ គ្រិះម៉ាស់​ (Christmas)​ ដែល​ជា​ដែន​ដី​ដាច់​ស្រយាល​របស់​ អូស្រ្តាលី​ នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា។​ គេ​នឹង​ថត​វីដេអូ​ជន​ទាំង​នេះ​ នៅ​ពេល​ដែល​គេ​បញ្ជូន​ជន​ទាំង​នេះ​តាម​យន្ត​ហោះ​ពី​កោះ​គ្រិះម៉ាស់​ទៅ​ប្រទេស​ ម៉ាឡេស៊ី​ នៅ​ក្នុង​ផែនការ​ដែល​គេ​រំពឹង​ថា​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នេះ។

រូប​ថត​វីឌីអូ​នៃ​ដំណើរ​របស់​ជន​ទាំង​នេះ​នឹង​មាន​ដាក់​នៅ​លើ​គេហទំព័រ​ យូធូប។​ មន្រ្តី​អន្តោប្រវេសន៍​សង្ឃឹម​ថា​សហគមន៍​អ្នក​ផ្លាស់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី​ មាន​រូម​ជន​ជាតិ​អ៊ីរ៉ង់​ អ៊ីរ៉ាក់​ អាហ្វហ្កានីស្ថាន​ និង​ សិរីលង្កា​ នឹង​មើល​ខ្សែ​វីដេអូ​នេះ​ ហើយជូយ​ធ្វើ​ឲ្យ​រា​ទឹក​ចិត្ត​ដល់​សាច់​ញាតិ​និង​មិត្ត​ភ័ក្ត​ណា​ដែល​ពិចារណា​អំពី​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រទៅប្រទេសអូស្រ្តាលី។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​អន្តោប្រវេសន៍​និយាយ​ថា រូប​ថត​វីឌីអូនៅ​ក្នុង​អ៊ីនធឺណែតនឹងជា​«សារ​ដ៏​ខ្លាំង»​មួយ​ ដែល​បង្ហាញនូវ​«ការ​មិន​បាន​ជោគ​ជ័យ»​នៃ​ការ​សាក​ល្បង​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទៅ​ ​ អូស្រ្តាលី​ រួច​ទៅ​ដល់​នោះ​ហើយត្រូវ​គេ​បញ្ជូន​មក ម៉ាឡេស៊ី​ វិញ​តាម​យន្តហោះ។

សម្រាប់​ហេតុផល​សន្តិសុខ​ មុខ​មាត់​របស់​ជន​ទាំង​នោះនឹង​មិន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ទេ។

រដ្ឋាភិបាល​និយាយ​ថា​ រូប​ថត​វីដេអូ ១០​ខ្សែ​ដែល​ដាក់​ក្នុង​អ៊ីនធឺណែតនឹង​មាន​ផ្សាយ​ជា​ ៨​ ភាសា​ (អង់គ្លេស​ តាម៉ីល​(Tamil)​ អារ៉ាប់​(Arabic)​ ដារ៉ី​(Dari)​ ហ្វាស៊ី​(Farsi) ប៉ាស់ទូ(Pashto) ស៊ិនហាលិស​(Sinhalese)​ និង​ បាហាសា ​(Bahasa)។

លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ ជូល្យ៉ា​ ហ្គិលឡាដ​ (Julia Gillard)​ មាន​ប្រសាសន៍​ថា​ ជន​ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ ម៉ាឡេស៊ី​វិញ​ប្រហែល​ត្រូវ​ធ្វើ​ដោយ​បង្ខំ។

«ធ្វើ​តាម​បញ្ជា​នៅ​ទី​នេះ​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​មួយ​ទេ។​ យើង​បាន​ប្តេជ្ញា​ថា​និង​ធ្វើ​កិច្ច​ការ​នេះ​ឲ្យ​បាន​សម្រេច។​ នគរបាល​សហព័ន្ធ​អូស្រ្តាលី​អាច​និយាយ​អំពី​រឿង​ប្រតិបត្តិការ​ ក៏​ប៉ុន្តែ​យើង​នឹង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ធានា​ថា​ មនុស្ស​ដែល​គួរ​នាំ​យក​ទៅប្រទេស​ម៉ាឡេស៊ី​វិញ​ក្រោម​កិច្ច​ព្រម​ព្រៀង​គ្នា​ នឹង​ពិត​ជា​នាំ​យក​ទៅ​មែន។​ នេះ​មាន​ន័យ​ថា​ ចាត់​វិធានការ​ត្រឹម​ត្រូវ​ដើម្បី​នាំ​មនុស្ស​ទាំង​នោះ​ឡើង​យន្ត​ហោះ​នៅ​អូស្រ្តាលី ហើយ​នាំ​ពួក​គេ​ចុះ​ពី​យន្ត​ហោះ​នៅចុង​ម្ខាង​ទៀត​ គឺម៉ាឡេស៊ី»។

អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះ​គន់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ ម៉ាឡេស៊ី​ ដោយ​ទទូច​ថា​ប្រទេស​អូស្រ្តាលី​ប្រហែល​ជា​អាច​រំលោភ​លើ​កិច្ច​សន្យា​អន្តរជាតិ​របស់​ខ្លួន។​ ហើយ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​អំពីការ​ថែ​រក្សា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ​មិន​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី​ ដែល​មិន​មែន​ជាហត្ថលេខី​មួយ​នៃ​សន្និបាត​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ជន​ភៀស​ខ្លួន​ ហើយ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់​លើ​ការ​ចូលប្រទេស​ដោយ​ខុស​ច្បាប់​ មាន​រួម​ការ​វាយរំពាត់។

កិច្ច​ការពារ​ព្រំដែន​ជា​អាទិភាព​ខ្ពស់​សម្រាប់​ក្រុម​អ្នក​បោះឆ្នោត​អូស្រ្តាលី​ ទោះ​បី​ជា​តួរលេខ​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា​ ប្រទេស​នេះ​ទទួល​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​តិច​ជាង​កន្លះ​ភាគ​រយ​នៃ​ចំនួន​ក្នុង​ពិភពលោក​ទាំង​មូល​ក៏​ដោយ។

ប្រទេស​ អូស្រ្តាលី​ ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ចំនួន​ ១​ម៉ឺន​ ៣​ពាន់​ ក្នុង​មួយ​ឆ្នាំៗ។​ ក្នុង​ចំណោម​អ្នក​ទទួល​ទិដ្ឋាការ​ទាំង​នោះ​ មាន​ជន​ភៀស​ខ្លួន​ភូមា​ អៀរ៉ាក់​ និង​ ប៊ុយតង់ (Bhutan)។

ប្រជាពលរដ្ឋ​អូស្រ្តាលី​មួយ​ភាគ​បួន​ មាន​ដើម​កំណើតនៅ​បរទេស។​ ប្រទេស​នេះ​ទាក់​ទាញ​អ្នក​ផ្លាស់​ប្តូរ​ទី​កន្លែង​ចំនួន​ច្រើន​ មក​ពី​ប្រទេស​ជិត​ខាង​ នូវ៉ែល​ ហ្សេឡង់​(New Zealand)​ និង​ចក្រភព​អង់គ្លេស​(United Kingdom)​ ដែល​ជា​អតីត​ម្ចាស់​អាណានិគម​របស់​អូស្រ្តាលី។​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ អ្នក​ផ្លាស់​ទី​កន្លែង​មក​ពី​ទ្វីប​អាស៊ី​បាន​កើន​ចំនួន​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ភស្ស

XS
SM
MD
LG