ប្រទេស​អ្នកមាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ ឲ្យ​ប្រទេស​ក្រីក្រ

រូបឯកសារ៖ ស្ត្រីវ័យចំណាស់ម្នាក់កំពុងទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិន នៅទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

នៅ​ថ្ងៃសុក្រ​នេះ​ ប្រទេស​អ្នកមាន​បំផុតនិង​ក្រុមហ៊ុន​ឱសថនៅ​លើ​ពិភពលោក ​បាន​ប្តេជ្ញា​ថា​ នឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក។ ​

ការប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ​ មុន​កិច្ច​ប្រជុំ ​G-7 ​ផ្ទាល់​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​ ដែល​នឹង​ពិភាក្សា​ពី​វិធី​ទប់ទល់​នឹងជំងឺ​រាតត្បាត​ជា​សកល​ និង​ស្តារសេដ្ឋកិច្ច​សកល​ឡើង​វិញ។​

អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា​ វិសមភាព​ការចាក់​វ៉ាក់សាំង​នឹង​បន្លាយ​ពេល​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត។​

ថ្ងៃសុក្រ​នេះ ​គឺជា​លើក​ដំបូង​ហើយ ​ដែល​លោក ​Joe Biden ​ប្រធានាធិបតី​អាមេរិក​ បង្ហាញ​ខ្លួននៅ​ឯ​កិច្ចប្រជុំ​ G-7។​ បន្ទាប់​មក​លោក​នឹង​ជិះ​យន្តហោះ​ទៅ​ទីក្រុង ​Kalamazoo​ រដ្ឋ​ Michigan ​ជាកន្លែង​ដែល​លោក​នឹង​ទៅ​ទស្សនា​កន្លែង​ផលិត​វ៉ាក់សាំង​កូវីដ​របស់​ក្រុមហ៊ុន​ Pfizer​ និង​ជួប​កម្មករ​ដែល​ផលិត​វ៉ាក់សាំង​នេះ។​

បណ្តាញ​ព័ត៌មាន​ Associated Press ​បាន​ឲ្យដឹងថា​ មាន​មនុស្ស​ចំនួន​ជាង​ ១០០.០០០ ​នាក់ ​ត្រូវបាន​បញ្ជាក់​ថា ​មាន​ជំងឺ​កូវីដ១៩​ នៅ​ទ្វីប​អាហ្រ្វិក​ដែល​ជា​កន្លែង​ដែល​ខ្វះ​វ៉ាក់សាំង​នេះ។​

កាលពី​ថ្ងៃសុក្រ ​ប្រទេស​រុស្ស៊ី​បានរាយ​ការណ៍​ពី​ករណី​ឆ្លង​វីរុសថ្មី​ចំនួន​ ១​៣.៤៣៣ ​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​មុន ​និងស្លាប់ ​៤៧០ ​នាក់។ វិទ្យាស្ថាន​ជាតិ​របស់​ជប៉ុន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​និយាយ​ថា​ សណ្តាន​ថ្មី​នៃ​ជំងឺ​កូវីដ១៩ បាន​លេច​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​ក្រុង​តូក្យូ។​

មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ Victoria ​ប្រទេស​អូស្រ្តាលី​លុបចោល​ការបិទ​សកម្មភាព​សង្គម​រយៈពេល​ ៥ ថ្ងៃ​ សមាជិក​គ្រួសារ​បីនាក់​បាន​ធ្វើ​តេស្តរក​ឃើញ​វីរុស​នេះ៕