សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ថា​បម្រាម​ EU ​ប៉ះពាល់​កសិករ​ខ្មែរ​រាប់​លាន​នាក់

រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​នាំចូល​អង្ករ​ទៅទីផ្សារ​សហភាព​អឺរ៉ុប​ ​ចន្លោះពី​២៥​ ទៅ៣០ម៉ឺន​តោនក្នុង​មួយឆ្នាំៗ។​ ​អង្ករ​ដែល​បាន​នាំចូល​ទៅទីផ្សារ​សហភាព​អឺរ៉ុប​ គឺ​៦០​ភាគរយ​ជា​ប្រភេទ​អង្ករ​ផ្កាម្លិះ​ ហើយ​ប្រមាណ​ជា​៤០ភាគរយ​ទៀត​ជា​ប្រភេទ​ស្រូវ​អ៊ីអ៊ែ​ ហៅជា​ភាសាអង់គ្លេស​ថា​ ​White Rice។

ក្រុម​អ្នក​ផលិត​និង​នាំអង្ករ​ចេញ​ពី​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​ពី​ការ​បារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​វិធានការ​ទប់ស្កាត់​របស់​សហភាព​អឺរ៉ុប​ ចំពោះ​អង្ករ​ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ហើយ​ថា វិធានការ​ទប់ស្កាត់​ណាមួយ​អាច​ផ្តល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​ការ​ធ្វើ​ស្រែ​របស់​កសិករ​ខ្មែររាប់​លាន​នាក់។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(Cambodia Rice Federation)​ ​ហៅកាត់ថា​ CRF។

សហភាព​អឺរ៉ុប​កំពុង​ដាក់​ការ​គាប​សង្កត់​មក​លើ​ប្រទេស​កម្ពុជា ដោយ​ការ​ព្រមាន​យក​ពន្ធ​លើ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ ដើម្បី​ឆ្លើយតប​នឹង​ការ​ធ្លាក់​ចុះ​នូវការ​គោរព​សិទ្ធិមនុស្ស​ និង​ដំណើរការ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា។​

សេច​ក្តី​ប្រកាស​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចុះថ្ងៃទី​៣០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​សវនាការ​របស់​គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ កាលពីថ្ងៃ​ទី​២៦​ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បាន​ស្នើ​រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ កុំ​គាំទ្រ​ដល់​វិធានការ​ទប់​ស្កាត់​បច្ចុប្បន្ន។​

សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ខ្លួន​ថា៖​

«សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខូចខាត​ដ៏​មាន​សក្តានុពល​ណាមួយ​ដែល​នឹង​កើត​ចេញ​ពីវិធានការ​ទប់​ស្កាត់​ អាច​នឹង​បង្ក​ផល​ប៉ះពាល់​មក​លើ​កសិករ​ចំនួន​បីលាននាក់​របស់​ប្រទេស​កម្ពុជា​ និង​ឧស្សាហកម្ម​អង្ករ​របស់​កម្ពុជា​ជារួម។ សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ ជឿ​ថា​ វិធានការ​ទប់​ស្កាត់​នានា​ នឹង​ក្លាយ​ជា​ដំណើរ​ថយក្រោយ​មួយ​ទៅ​លើ​ការ​ខិតខំ​យ៉ាង​សម្បើម​ ដែល​បាន​កសាង​ឧស្សាហកម្ម​អង្ករ​នៅ​កម្ពុជា​ និង​ជួយ​កសិករ​កម្ពុជា​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ជឿថា កសិករ​រាប់លាន​នាក់​នឹង​រងផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ដោយ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ ក្នុងការ​ដាក់​ចេញ​វិធានការ​គាំពារ​ ហើយ​វា​នឹង​បង្ក​មហន្តរាយ​ដល់​ប្រទេស​ និង​ប្រាក់​ចំណូល​ ក៏ដូច​ជា​គុណភាព​ជីវិត​របស់​កសិករ»។​

កម្ពុជា​សម្រេច​បាន​ការ​នាំចេញ​ផលិតផល​នានា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ចំនួន​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​រយៈពេល​១​ឆមាស​នៃ​ដើម​ឆ្នាំ​២០១៨។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ពេល​កន្លងមក។​ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ ១៥ភាគរយ​ បើ​ធៀប​ទៅ​នៅ​រយៈពេល​ដូច​គ្នា​ក្នុងឆ្នាំ​ ២០១៧។​

លោក​សុខ ពុទ្ធិវុធ​ ​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។​

ក៏ប៉ុន្តែ​ ​លោក​ ​សុខ ពុទ្ធិវុធ​ ​ដែល​ជាកូន​ប្រសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ត្រូវបាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តីប្រកាស​របស់​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ថា៖​

«យើង​ជឿ​ថា​ ផលវិបាក​នានា​ប្រឈម​ដោយ​កសិករ​ពី​ប្រទេស​ទាំងអស់​នេះ​គឺ​ភាគ​ច្រើន​បណ្តាលមក​ពី​កង្វះ​នៃ​កិច្ចសហការ​រវាង​កសិករ​ អ្នក​កិនស្រូវ​ និង​ពាណិជ្ជករ។ យើង​ដឹង​ថា​ តើ​វា​នឹង​ពិបាក​យ៉ាងណា​ ដើម្បី​ចងក្រង​ និង​ធ្វើ​ឲ្យ​មាន​ចីរភាព​នៃ​ឧស្សាហកម្ម​អង្ករ​ និង​ផលវិបាក​នានា​ដែល​បង្ក​ឡើង​ដោយ​កង្វះ​នៃ​ការ​ទុកចិត្ត​ ក្នុង​ចំណោម​ភាគីពាក់​ព័ន្ធ​ផ្សេង​ៗ​គ្នា​ ផ្អែកលើ​បទពិសោធន៍​យើង​ផ្ទាល់​នៅកម្ពុជា។ យើង​ក៏បាន​ដឹង​ទៀត​ផង​ អំពី​ការ​ចំណាយ​ខ្ពស់​ទៅលើ​ការ​កិន​ស្រូវនៅក្នុង​ប្រទេស​ជា​រដ្ឋ​សមាជិក​ទាំងនេះ​ ដូចជា​អ៊ីតាលី​ ហើយ​យើង​ជឿ​ទៀត​ថា​ បញ្ហា​ផ្ទៃក្នុង​គឺ​ជា​ឧបសគ្គ​ចម្បង​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឧស្សាហកម្ម​អង្ករ​ក្នុង​រដ្ឋ​ជា​សមាជិក​ទាំង​នេះ»។​

រូបឯកសារ៖ សន្និសិទ​សារ​ព័ត៌មានស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​៩ ខែ​មិនា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា​/ VOA)

បន្ថែម​លើការ​អធិប្បាយ​របស់​លោក​ ​សុខ ពុទ្ធិវុធ​ ​នោះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ពន្យល់​ថា​ ឫស​គល់​នៃ​បញ្ហាគឺ​ត្រូវបាន​លើក​ឡើង​ដោយ​ ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញ​ ហើយ​វាក៏​បណ្តាល​មក​ពី​បញ្ហា​ផ្ទៃក្នុង និង​មិនមែន​បង្ក​មកពី​ការ​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​នោះ​ទេ។​

សហព័ន្ធ​ស្រូវ​អង្ករ​ ​ក៏​បាន​ចោទ​ថា​សហភាព​អឺរ៉ុប​ ​បាន​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មួយ​ ដោយ​ការ​ច្របាច់​ តួលេខ​នាំចូល​អង្ករ​របស់​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ មក​ភា្ជប់​ជាមួយ​នឹង​ករណី​ទំនាស់​បច្ចុប្បន្ន។

សហព័ន្ធ​និយាយ​ថា​ តាម​បច្ចេកទេស​ វា​មិន​ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​ប្រទេស​ទាំងពីរ​បាន​នាំចេញ​ប្រភេទ​អង្ករ​ខុសៗ​គ្នា​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ផ្តោតលើ​ការ​នាំចេញ​អង្ករ​ក្រអូប​ធម្មតា និង​អង្ករ​ផ្កាម្លិះ​ប្រណិត​ ជាមួយ​នឹង​គន្លាត​ខុស​ឆ្ងាយ​គ្នា​នៃ​តម្លៃ​របស់​អង្ករ​នាំចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ ​បាន​ពណ៌នា​អំពី​ការ​ផលិត​ស្រូវ​ពីរ​ប្រភេទ​នៅ​សហគមន៍​អឺរ៉ុប​ ដែល​កំពុង​បង្ក​ជា​បញ្ហា​មកលើ​ការ​នាំចេញ​អង្ករ​ពី​កម្ពុជា។ សហព័ន្ធ​ឲ្យដឹងថា​ ផលិត​កម្មអង្ករ​នៅ​ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញ​ គឺ​ភាគច្រើន​ជា​ការ​ផលិត​អង្ករប្រភេទ​ Japonica ​ដែល​មាន​ច្រើន​ជាង​៨៥​ភាគរយ មិនមែន​ជា​អង្ករ​ប្រភេទ​ Indica ​នោះ​ទេ។ សហព័ន្ធ​ចាត់ទុក​ថា​ វិធានការ​ទប់ស្កាត់​របស់​សហភាព​អឺរ៉ុប​ ប្រឆាំង​នឹង​អង្ករ​ប្រភេទ​ Indica ​នេះ​ មិន​អាច​ជួយ​ឲ្យ​ប្រសើរ​ឡើង​នៃ​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​ទាំងពីរ​នេះ​ទេ ហើយ​សហព័ន្ធ​ក៏​មិន​ជឿថា​ ការនាំចូល​អង្ករ​ប្រភេទ​ Indica របស់​កម្ពុជា​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កសិករ​សហភាព​អឺរ៉ុប​ផងដែរ។​

លោក​ ​មូល សារិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ ប្រាប់ VOA ​ថា​ គណៈកម្មការ​សហភាព​អឺរ៉ុប​ មិនបាន​ផ្តល់​ការ​សន្និដ្ឋាន​ត្រឹមត្រូវ ចំពោះ​គុណភាពអង្ករ​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា​ (ភូមា) នោះ​ទេ។

«ភូមា​ គាត់​នាំ​ចេញ​អង្ករ​របស់​គាត់​ ភាគច្រើន​អង្ករ​គាត់​ ប្រភេទ​បាក់​ ឬ​អង្ករ​គ្រាប់​ខ្លី​អ៊ីចឹង​ បាទ​វាខុស​ពីកម្ពុជា​យើង។ អ៊ីចឹង​គាត់​យក​ case [ករណី​] របស់​ភូមា​ មក​បូក​លាយ​ឡំ​ជាមួយ​ខ្មែរ​យើង​ វា​ខុស​ ទៀត​អ៊ីចឹង​ ទាំង​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ហ្នឹង​គាត់​ ហាក់​បីដូច​ជា​វាយ​តម្លៃ​អត់បាន​គ្រប់​ជ្រុងជ្រោយ​ទេ​ ចំពោះ​អ្វី​ដែល​គាត់​បាន​ ចោទ​ប្រកាន់​អាហ្នឹង​ ប្រើ​ពាក្យ​ថា​ ចោទ​ប្រកាន់​ ឬក៏​ដាក់​ ទម្លាក់​មក​កម្ពុជា​យើង»។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​រូបនេះ​ សុំមិន​ធ្វើ​ការ​អធិប្បាយ​នៅ​ពេល VOA ​សួរ​លោក​ថា​ តើ​វិធានការ​របស់​សហភាព​អឺរ៉ុប​នេះ​ អាច​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឬ​យ៉ាងណា។

នៅពេល​ VOA ​សួរ​លោក​ថា​ តើ​ការ​គ្រោង​ព្យួរទុក​ EBAរបស់​សហភាព​អឺរ៉ុប ​អាច​មាន​ចំណែក ក្នុង​បញ្ហា​នាំ​ចេញ​អង្ករ​នេះ​ដែរ​ឬទេ លោក​ ​មូល សារិទ្ធ​ ​មាន​ប្រសាសន៍​ថា៖​

«​រឿង​ ​safeguard​ ​នេះ​ រឿង​ដកពន្ធ​នេះ​វា​ ខុស​ពី​អា EBA បង​!​ EBA ​វា​ជា​ការងារ​រួម​ អា safeguard ​នេះ​ វាផ្តោត​ទៅ​លើ​តែ​អង្ករ​ទេ។ ​ safeguard​ នេះ វា​ផ្តោត​លើ​អង្ករ​ទេ​ រឿង​ EBA ​វា​ នៅ​នីតិវិធី​យូរទៀត​ គឺ​រយៈពេល​ជាង​មួយឆ្នាំ​ទៀត​ ដើម្បី​គេ​សម្រេច​ថា​ យ៉ាង​ម៉េច​ណ៎ា!​ អាហ្នឹង​គឺ​ បើ​គេដក​វាពាក់​ព័ន្ធ​គ្រប់​វិស័យ​លើ​គ្រប់​វិស័យ​ទាំងអស់​ពី​កម្ពុជា​យើង​ អាហ្នឹង​ EBA ​បាទ​អ៊ីចឹង​គេ​អត់​ទាន់​ដំណើរការ​ទេ​ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយគេ​កំពុង​ចរចា​គ្នា»។

VOA​ ​មិនទាន់​ទទួល​បាន​ការ​ពន្យល់​ណាមួយ​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ទេ​ ​មកដល់​ថ្ងៃ​ពុធ​នេះ។​

កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៧​ ​សភា​សហភាព​អឺរ៉ុប​ ​បាន​បោះឆ្នោត​ទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះពន្ធ ​ដែល​មាន​ឈ្មោះ​ថា​ ​Everything but Arms​ ​មាន​ន័យថា​ ​«រាល់មុខ​ទំនិញ​លើក​លែង​អាវុធ»​ ​ហៅ​កាត់​ថា​ ​EBA​ ​ដោយ​អះអាងថា ​ជាការ​ឆ្លើយតប​ទៅ​នឹង​«ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។​ កាលពី​ដើម​ខែតុលា ឆ្នាំ​២០១៨​នេះ​ សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​ឈ្មួញ​អង្ករ​ធំៗ​មួយ​ចំនួន​នៅសប្តាហ៍នេះ តែ​មិនទាន់​អាច​ទាក់​ទង​ពួក​គេ​បាន​នៅ​ឡើយ។​ ​VOA​ ​ក៏​មិនទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​សៀង​ ថៃ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដែរ​មក​ដល់​ថ្ងៃ​ពុធនេះ។​

តាម​ការ​បញ្ជាក់​របស់​លោក​ ​មូល សារិទ្ធ​ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​នាំចូល​អង្ករ​ទៅទីផ្សារ​សហភាព​អឺរ៉ុប​ ​ចន្លោះពី​២៥​ ទៅ៣០ម៉ឺន​តោនក្នុង​មួយឆ្នាំៗ។​ ​អង្ករ​ដែល​បាន​នាំចូល​ទៅទីផ្សារ​សហភាព​អឺរ៉ុប​ គឺ​៦០​ភាគរយ​ជា​ប្រភេទ​អង្ករ​ផ្កាម្លិះ​ ហើយ​ប្រមាណ​ជា​៤០ភាគរយ​ទៀត​ជា​ប្រភេទ​ស្រូវ​អ៊ីអ៊ែ​ ហៅជា​ភាសាអង់គ្លេស​ថា​ ​White Rice។​ ​លោក​ថា​ ការ​នាំចេញ​អង្ករ​ White Rice​ របស់​កម្ពុជា​ ​នេះ​បាន​ថយចុះ​ព្រោះ​សហភាព​អឺរ៉ុប​លើក​ទឹក​ចិត្តកម្ពុជា​ឲ្យ​នាំចូល​អង្ករ​ក្រអូប​ឲ្យ​បាន​ច្រើន៕