អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានផ្តល់អាទិភាពលើបញ្ហាក្តីក្តាំរបស់អ្នកការពារសិទ្ធិមនុស្ស និងការឃុំខ្លួនអ្នកស្រី ទេព វន្នី ក្នុងបេសកកម្មរបស់អ្នកស្រីរយៈពេល ១០ថ្ងៃនៅកម្ពុជា។ នេះបើតាមការអះអាង របស់មន្ត្រីសិទ្ធិមនុស្ស។
អ្នកស្រី វ៉ាន់ ហេលី (Wan-Hea Lee) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)បានបញ្ជាក់ ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email កាលពីយប់ថ្ងៃចន្ទថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានទទួលញត្តិពីក្រុមសកម្មជន និងប្រជាពលរដ្ឋនៅតំបន់បឹងកក់កាលពីព្រឹកថ្ងៃចន្ទ និងកាលពីប៉ុន្មានថ្ងៃមុន ដោយបានស្នើឲ្យ អ្នកស្រី ស្មីត យករឿងក្តីប្រឆាំងនឹងអ្នកស្រី ទេព វន្នី និងអ្នកការពារសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ជាបញ្ហាអាទិភាព។
អ្នកស្រីលី បានសរសេរតាមសាអេឡិចត្រូនិក ឬ email ក្នុងន័យដើមថា៖
«បញ្ហាអ្នកស្រី ទេព វន្នី និងរាល់ករណីផ្សេងទៀត ដែលធ្វើឡើងប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សសម្រាប់កិច្ចការពារដោយស្របច្បាប់ និងការអនុវត្តសិទ្ធិមនុស្ស គឺជាចំណុចអាទិភាពសម្រាប់អ្នករាយការណ៍ពិសេស និងការិយាល័យឧត្តមស្នការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហើយដែលត្រូវបានយកចិត្តទុកដាក់ជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធនានា»។
អធិប្បាយរបស់អ្នកស្រី វ៉ាន់ ហេលី កើតមានមុនមួយថ្ងៃនៃការបន្តដាក់ញត្តិរបស់សកម្មជនដីធ្លី និងប្រជាពលរដ្ឋនៅតំបន់បឹងកក់ ទៅកាន់បណ្តាស្ថានទូតនៃប្រទេសមហាអំណាចចំនួន ៨ ប្រចាំនៅកម្ពុជា។ ការដាក់ញត្តិនេះ មានគោលបំណងជាចម្បង ក្នុងការសុំកិច្ចអន្តរាគមន៍ ឲ្យពិនិត្យលើដំណើរការកាត់ទោសយ៉ាងអយុត្តិធម៌ មកលើអ្នកស្រី ទេព វន្នី និងការបន្តយាយីរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋក្នុងការសំដែងមតិ។
កញ្ញា សុង ស្រីលាភ សកម្មជនសិទ្ធិដីធ្លីនៅក្នុងសហគមន៍បឹងកក់ បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖
«នៅក្នុងការដាក់ញត្តិទៅកាន់ ទូតធំៗនៅក្នុងប្រទេសកម្ពុជា គឺជូនដំណឹងទៅគាត់រម្លឹកនៃការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំរបស់អ្នកស្រី ទេព វន្នី និងសុំឲ្យគាត់ជួយស្វែងរកយុត្តិធម៌សម្រាប់គាត់ ដើម្បីឲ្យមានសេរីភាពមកវិញ ហើយនិងការពិនិត្យនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។
កាលពីសប្តាហ៍មុនសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមតុលាការរាជធានីភ្នំពេញ ដែលបានកាត់ទោសអ្នកស្រី ទេព វន្នី ជាសកម្មជនការពារសិទ្ធិលំនៅដ្ឋាននៅសហគមន៍បឹងកក់ និងជាម្ចាស់ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices រយៈពេល ៣០ខែ ពីបទប្រព្រឹត្តអំពើហិង្សា ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំ ២០១៣។
មុនមួយថ្ងៃនៃខួបមួយឆ្នាំនៃការឃុំខ្លួនយ៉ាងអយុត្តិធម៌លើអ្នកស្រី ទេព វន្នី ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦៤ បានចេញសេចក្តីថ្លែងការណ៍រួម សំដែងការខកចិត្តចំពោះការបន្តឃុំខ្លួនរបស់អ្នកស្រី ទេព វន្នី និងស្នើឲ្យដោះលែងសកម្មជនការពារសិទ្ធិលំនៅដ្ឋានរូបនេះឲ្យមានសេរីភាពវិញ។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ១៤ ខែសីហា បានសរសេរក្នុងន័យដើមថា៖
«យើងខ្ញុំសូមស្នើឲ្យអាជ្ញាធរបដិសេធសេចក្តីសម្រេចផ្តន្ទាទោសលើអ្នកស្រី ព្រមទាំងទម្លាក់ចោលរាល់បទចោទដែលមានចរិតលក្ខណៈនយោបាយ និងពុំមានភស្តុតាងជាក់លាក់ណាមួយ ដែលកើតមានជាបន្តបន្ទាប់មកលើអ្នកស្រី និងស្នើឲ្យដោះលែងអ្នកស្រីឲ្យមានសេរីភាពវិញ»។
ក្នុងថ្ងៃប្រារព្វខួបមួយឆ្នាំនៃការឃុំខ្លួនអ្នកស្រី ទេព វន្នី ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានរៀបចំធ្វើពិធីសាសនា បន់ស្រន់ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី នៅក្នុងទឹកដីដែលសកម្មជនការពារសិទ្ធិលំនៅដ្ឋានរូបនេះបានផ្តើមការតស៊ូ ប្រឆាំងនឹងការរំលោភបំពានសិទ្ធិលំនៅដ្ឋាន។
អ្នកស្រី ស្មីត អ្នកជំនាញការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានចូលរួមនៅក្នុងពិធីនោះផងដែរ។ អ្នកស្រី ស្មីត បានបញ្ជាក់ប្រាប់កូនស្រីអ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីនៅតំបន់បឹងកក់ថា អ្នកស្រីកំពុងតាមដានរឿងនេះយ៉ាងល្អិតល្អន់។
«បាទអញ្ចឹងគាត់នៅតែតាមដាន លើករណីរបស់ ទេព វន្នីហ្នឹង យ៉ាងដិតដល់ ទាក់ទងនឹងលិខិត ឬក៏ធ្វើការជាមួយរដ្ឋាភិបាលទៅលើករណីហ្នឹង»។
អ្នកស្រី ស្មីត បានផ្តើមកិច្ចបេសកកម្មនៅកម្ពុជាតាំងពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៧ ដោយបានជួបជាមួយមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេដឹកនាំសហជីព និងមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់ ប្រេសិតនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ នឹងបញ្ចប់ទៅនាថ្ងៃ សុក្រខាងមុខ៕