មន្ត្រី​អ.ស.ប​បន្ត​ទទូច​ឲ្យមាន​ការចរចា​នយោបាយ​វិញ​ ពេល​បក្ស​ទាំងពីរ​នៅ​ជំហរ​ផ្ទុយ​គ្នា

លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាជួបជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសប្រាក់ សុខុននៅថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

លោក​ជុំ សុន្ទរី​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​​ថា​ លោកស្រី​ រ៉ូណា ស្មីត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​យន្តការ​គោរព​សិទ្ធិមនុស្ស​បន្ថែម​ទៀត​ ​ដោយ​ហេតុ​ថា​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​កំពុងព្រួយបារម្ភ​ពីការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោកស្រី​រ៉ូណា ស្ម៊ីត (Rhona Smith) ស្នើរ​ឲ្យ​មាន​ការ​ធ្វើការ​រួមគ្នា​រវាងគណបក្ស​ធំៗពីរ​ដែល​មាន​អាសនៈនៅ​សភា​ជាតិ នៅ​ពេល​លោកស្រី​ជួបជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ប្រាក់ សុខុន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ នេះ​បើ​យោង​ទៅតាមការ​បញ្ជាក់​របស់លោក​ ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​។

​លោក​ជុំ សុន្ទរី​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីស្តីការ​ក្រសួង​ការ​បរទេសថា​ លោកស្រី​ រ៉ូណា ស្មីត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​យន្តការ​គោរព​សិទ្ធិមនុស្ស​បន្ថែម​ទៀត​ ​ដោយ​ហេតុ​ថា​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​កំពុងព្រួយបារម្ភ​ពីការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោកស្រី​ ស្មីត​ ក៏បាន​លើក​ឡើង​អំពី​លទ្ធភាព​នៃកិច្ច​សន្ទនា​នយោបាយ​រវាង​គណបក្ស​គ្រប់​គ្រងប្រទេស​ និង​គណបក្ស​ជំទាស់​ ដែល​នៅ​ប្រកាន់​ជំហរ​មិន​ចូលប្រជុំ​សភា​។​ ​

លោក​បន្ត​ថា​ ជាការឆ្លើយ​តប​ លោក​ ប្រាក់ សុខុន ​បញ្ជាក់​ថា​ការមិនមាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​នៅ​សភា​ក្នុង​ការ​ធ្វើការ​រួមគ្នា​នឹង​គណបក្ស​កាន់​អំណាច​អស់​មួយរយៈ​នេះ​មិនមែន​ជា​កំហុស​របស់​រដ្ឋាភិបាល​ទេ​។​

«​ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី​ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ឲ្យ​សារៈសំខាន់​របស់​រដ្ឋាភិបាល​កម្ពុជាទៅ​លើ​វប្បធម៌​សន្ទនា​ហើយ​ក៏បាន​គូសបញ្ជាក់​ថា​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុងសភា​នេះ​គឺ​ពុំមែន​ រដ្ឋាភិបាល​ជា​ឧបសគ្គ​នោះ​ទេ។ព្រោះ​កន្លង​មក​រយៈពេល​ចុងក្រោយ​នេះ​មាន​ការ​សម្រេច​ថា​ចូលរូម​ប៉ុន្តែ​ក្រោយ​មក​ក៏​មិន​មាន​ការចូលរួម​។​និយាយរួម​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បញ្ជាក់ថា​រាជរដ្ឋា ភិបាល​កម្ពុជា​ពុំមែន​ជា​ឧបសគ្គ​ ពុំបាន​រារាំង​ការ​ចូលរូម​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ទេ»។​

លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាជួបជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសប្រាក់ សុខុននៅថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​លោក​ ជុំ សន្ទរី ​បាន​ឲ្យ​ដឹងបន្ថែមថា លោករដ្ឋ​មន្រ្តី​ប្រាក់ សុខុន​បាន​ប្រាប់​តំណាង​អង្គការ​សហប្រជាតិជាតិ​លោកស្រីស្មីត ​ថា​រដ្ឋាភិបាល​បាន​សម្រួល​ឲ្យ​មាន​ការ​ចរចា​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កាន់​អំណាចគឺប្រជាជន​កម្ពុជានិង​គណបក្ស​ប្រឆាំងគឺគណបក្ស​សង្រ្គោះ​ជាតិ។​ តែ​លោក​ថា​គណបក្ស​ប្រឆាំង​បាន​ច្រានចោល​ការសម្រប​សម្រួលនោះ​។​

គណបក្ស​នយោបាយ​ទាំងពីរ​បាន​ចាប់​ផ្ដើមវប្បធម៌​សន្ទនា​ម្ដង​រួច​មក​ហើយ​ ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៤ រវាង​ក្រុម​មន្ត្រី​នៃគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។​ ប៉ុន្តែ​វប្បធម៌នេះ​ ​បាន​ជួប​ភាពល្អក់​កករ​ ក្រោយ​ពេល​រដ្ឋាភិបាល​សើរើ​បណ្តឹង​តាម​ច្បាប់​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​ និង​សកម្មជន​គណបក្ស​ជំទាស់​។​

VOA ​មិន​អាច​ទាក់​ទង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដល់​ការ​អធិប្បាយ​លើ​ការ​មិន​ប្រឹងប្រែង​ក្នុង​ការ​ប្រើប្រាស់​«​វប្បធម៌​សន្ទនា​»​នោះ​ទេ​ ​ដោយ​ទូរស័ព្ទ​របស់​ពួកគេ​រោទ៍ តែ​ពុំមាន​អ្នក​ទទួល​។ ​តែ​ទោះ​ជា​យ៉ាង​ណា​ កន្លង​មក​មន្រ្តី​នៃ​គណបក្ស​ប្រឆាំង​តែង​តែ​លើក​ឡើង​ថា​ ពួកគេ​សម្រេច​ចិត្ត​មិន​ទៅ​ប្រជុំ​សភា ដោយ​សារមាន​ការគំរាម​កំហែង​ទាំង​ជា​ពាក្យ​សម្ដី​ជា​បន្ត​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​។

​អ្នក​វិភាគ​សង្គម​លោក​មាស នី​ ប្រាប់​ VOAថា​ ការ​សម្រប​សម្រួល​នយោបាយ​នៅ​តែ​មិន​ទាន់អាច​ទៅមុខ​បាន​ ​ដោយ​មាន​តំណាងរាស្រ្ត​និង​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​២០​នាក់​ និង​មន្រ្តី​សង្គម​ស៊ីវិល​កំពុង​ជាប់​ពន្ធនាគារដោយ​បុព្វហេតុ​ផ្សេងៗ​តស៊ូម​តិ​ និង​កិច្ចការ​ពារ​សិទ្ធិមនុស្ស​។​ លោក​បន្តថា​គណបក្ស​ប្រឆាំង​ត្រូវ​ការការ​ផ្តល់សញ្ញា​វិជ្ជមាន​ពី​គណបក្ស​កាន់​អំណាច​ជាមុន​។​

លោក​មាស នីថ្លែង​ថា៖ «វា​ធម្មតា​ការ​មកជួប​គ្នា​លុះ​ត្រា​តែ​មានការ​ញញឹម​ ​ការហុច​នូវ​សម្តី​វិជ្ជមាន​រក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏ប៉ុន្តែ​បើ​សិន​នៅ​តែ​ផ្លោង​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក​ ប្រើពាក្យ​អសុរស​ទៅ​វិញ​ទៅ​មក​បែបនេះ​ ខ្ញុំគិតថា​ការ​ដើរ​ចូល​មក​ជួប​គ្នា​ ដើម្បី​ពិភាក្សា​របៀប​នេះ គឺ​ពិតជា​មិន​អាច​ធ្វើទៅ​បានទេ»។

កាលពី​សប្ដាហ៍​មុន​ លោក​ស្រី​ ស្មីត​ បាន​ជួប​ជាមួយលោក​ កឹម សុខា​ ​ប្រធាន​ស្តី​ទីគណ​បក្ស​សង្គ្រោះ​ជាតិ។​ អ្នក​រាយការណ៍​ពិសេស​រូបនេះ​ បាន​ជជែក​សួរនាំ​លោក​ កឹម​ សុខា​ អំពី​ដំណើរ​ក្តី​ក្តាំ​ប្រឆាំង​នឹង​លោក​កឹម​ សុខា​ និងសកម្ម​ជននយោបាយ​បក្ស​ប្រឆាំង​ ការ​បំពេញ​ការងារ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ និង​ស្ថានភាព​នៃ​ជន​ជាតិ​ដើម​ភាគតិច​ និង​ជន​បរទេស​ដែល​គ្មាន​ប្រទេស​សម្រាប់​រស់​នៅ​។​

ក្រៅ​ពី​ជួប​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​គណកម្មាការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ ក៏បានជួប​ជាមួយ​អភិបាល​ខេត្ត​កំពង់ស្ពឺ​កាលពី​អាទិត្យ​កន្លងទៅ ដើម្បី​ទទួល​បាន​ព័ត៌មាន​ដោយ​ផ្ទាល់​ ពាក់ព័ន្ធ​ទៅនឹងបញ្ហា​ដែល​ជួបប្រទះដោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ដីធ្លី​ តាមរយៈ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កំពង់​ស្ពឺ៕